ភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរគឺសហរដ្ឋអាមេរិកនិងចិនបង្កើតឱ្យមានសង្គ្រាមរូបិយប័ណ្ណ

នៅក្នុងពិភពលោកបច្ចុប្បន្នសហរដ្ឋអាមេរិកនិងចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេហើយទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹងរវាងសេដ្ឋកិច្ចយក្សទាំងពីរនេះបាននាំឱ្យកើតមានសង្រ្គាមរូបិយប័ណ្ណសម័យទំនើប។ ដើម្បីយល់ពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិននាពេលបច្ចុប្បន្ន យើងត្រូវក្រឡេកមើលទៅកាលពី ពីរ-បី ទសវត្សរ៍កន្លងទៅ។

នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសចិនបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោកក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យប្រទេសចិន ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកដោយប្រែក្លាយប្រទេសនេះទៅជាមហាអំណាចខាងផលិតកម្ម។ រយៈពេលប៉ុន្មានឆ្នាំមកនេះសេដ្ឋកិច្ចរបស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មដ៏ធំជាពិសេសជាមួយសហរដ្ឋអាមេរិក។

នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រទេសចិនបានប្រមូលទុកទុនបំរុងជារូបិយប័ណ្ណបរទេសយ៉ាងច្រើន ដែលភាគច្រើនជា ប្រាក់ដុល្លារអាមេរិកនេះក៏ព្រោះតែចិននាំចេញទៅអាមេរិកច្រើនជាងការនាំចូល។ ការកើនឡើងនូវឱនភាពពាណិជ្ជកម្ម រវាសហរដ្ឋអាមេរិកនិងចិន បានក្លាយជាកង្វល់ដ៏សំខាន់សម្រាប់ អ្នកបង្កើតគោលនយោបាយ និងអ្នកធុរកិច្ចអាមេរិកដែលបានចោទប្រកាន់ចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

ចំណុចមួយក្នុងចំណោមចំណុចធំបំផុតនៃការឈ្លោះប្រកែកគ្នានៅក្នុងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគឺការចោទប្រកាន់របស់សហរដ្ឋអាមេរិកទៅលើប្រទេសចិន ថាប្រើប្រាស់ ឧបាយកលរូបិយប័ណ្ណ។ សហរដ្ឋអាមេរិកបានអះអាងជាយូរមកហើយថា ប្រទេសចិនមានចេតនារក្សារូបិយប័ណ្ណប្រាក់យន់(ឬ renminbi) របស់ខ្លួនឱ្យ មានតម្លៃទាបក្រោមតម្លៃទីផ្សារ ដើម្បីធ្វើឱ្យការនាំចេញរបស់ខ្លួនមានតម្លៃថោកនិងមានភាពទាក់ទាញនៅក្នុងទីផ្សារ ពិភពលោក។

កាលណាតម្លៃប្រាក់យន់ថោក មានន័យថា ផលិតផលដែលផលិតដោយប្រទេសចិនមានតម្លៃថោកសម្រាប់អ្នកទិញនៅក្នុងប្រទេសផ្សេងទៀត ដែលធ្វើឱ្យប្រទេសចិនមានលក្ខណៈសម្បត្តិក្នុងការប្រកួតប្រជែងខ្ពស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រទេសចិនបានអះអាងថា គោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណរបស់ខ្លួន គឺមានគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច។

រដ្ឋាភិបាលចិនបានប្រើប្រាស់យន្តការជាច្រើនដើម្បីគ្រប់គ្រងតម្លៃប្រាក់យន់ រួមទាំងការទិញ-លក់រូបិយប័ណ្ណបរទេសនិងការដាក់កំហិតលើលំហូរមូលធន។ ការប្រើប្រាស់វិធានការទាំងនេះបានជួយ ធ្វើឱ្យសេដ្ឋកិច្ច របស់ ប្រទេសចិនមានស្ថិរភាពល្អហើយរីកចម្រើន ប៉ុន្តែប្រទេសចិនបានរងការចោទប្រកាន់យ៉ាងខ្លាំងក្លា ពីសំណាក់សហរដ្ឋអាមេរិកថាបានធ្វើពាណិជ្ជកម្មដើរខ្សែលើ។

ការកើនឡើងនៃពន្ធពាណិជ្ជកម្ម

ភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងខ្លាំងក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Donald Trump។ ក្នុងឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់កំរិតពន្ធលើមុខទំនិញចិន ជាច្រើនប្រភេទ ក្រោមហេតុផលថាជា វិធានការចាំបាច់ដើម្បីការពារឧស្សាហកម្មអាមេរិក និងឆ្លើយ តបទៅនឹងការអនុវត្ត ពាណិជ្ជកម្មដើរខ្សែលើរបស់ចិន។ ចិនបានឆ្លើយតបវិញ ដោយការដាក់កំរិតពន្ធ​​លើផលិតផលអាមេរិក ដែលនាំចូលប្រទេសចិន ដែលនាំឱ្យកើតមាន សង្រ្គាមពាណិជ្ជកម្មរវាងប្រទេស មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

ការដាក់ពន្ធគយលើមុខទំនិញបានបង្ករឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗតែម្តង។ ជាឧទាហរណ៍កសិករអាមេរិក ប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលការនាំចេញ របស់ពួកគេទៅកាន់ ប្រទេសចិនត្រូវបាន ប៉ះពាល់ ជាមួយនឹងពន្ធសងសឹកពីប្រទេសចិន។ ហើយ អ្នក ប្រើប្រាស់ និង
ធុរកិច្ចអាមេរិកក៏បានជួបប្រទះនឹងការចំណាយខ្ពស់ សម្រាប់ទំនិញដែលនាំចូល ពីប្រទេសចិនផងដែរ។ សង្រ្គាមពាណិជ្ជកម្មនេះបានបង្កើតភាពមិនប្រាកដប្រជា និងរំខាន ដល់ខ្សែ សង្វាក់ផ្គត់ផ្គង់សកលដែលធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទាំងរងផលប៉ះពាល់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១

នៅខែមករាឆ្នាំ ២០២០  សហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ បន្ទាប់ពីការចរចាជាច្រើនខែ។ កិច្ចព្រមព្រៀងនេះមានគោលបំណងបន្ធូរ បន្ថយភាពតានតឹងពាណិជ្ជកម្ម និងដោះស្រាយ បញ្ហាសំខាន់ៗមួយចំនួន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេស ចិនបានប្តេជ្ញាចិត្តក្នុងការទិញទំនិញ និងសេវាកម្មរបស់អាមេរិកដែលមានតម្លៃ ២០០ ពាន់លាន ដុល្លារបន្ថែមទៀតក្នុងរយៈពេល ២ ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណ។

ថ្វីត្បិតតែកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាជំហានបោះឆ្ពោះទៅរកការកាត់បន្ថយកម្តៅនៃជម្លោះពាណិជ្ជកម្ម តែវាមិនបានដោះស្រាយបញ្ហាជាមូលដ្ឋាននៃវិបត្តិនោះឡើយ ដូចជាទម្រង់សេដ្ឋកិច្ចដឹកនាំដោយរដ្ឋរបស់ ប្រទេសចិន និងការឧបត្ថម្ភធនដល់ឧស្សាហកម្មក្នុងស្រុក មិនត្រូវបានដោះស្រាយទេ។ បន្ថែមពីលើនេះទៀត ការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ នៅដើមឆ្នាំ២០២០ បានបន្ថែមភាពស្មុគ្រស្មាញថែមទៀតដល់ទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ខណះប្រទេសទាំងពីរប្រឈមមុខដោះស្រាយរៀងៗខ្លួននឹងផលប៉ះពាល់ទាំងសុខភាពនិងសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងប្រទេសពីជំងឺរាត ត្បាតកូវីដ។

ឥទ្ធិពលភូមិសាស្ត្រនយោបាយ ៖ 

ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនមែនគ្រាន់តែអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគេក៏មានផលប៉ះពាល់លើភូមិសាស្ត្រនយោបាយសំខាន់ៗផងដែរ។ ការកើនឡើងនូវឥទ្ធិពល របស់ប្រទេសចិនក្នុងនាមជាមហាអំណាចពិភពលោកបានធ្វើឱ្យមានការផ្លាស់អំណាច ហើយការផ្លាស់ប្តូរ អំណាចនេះហើយដែលនាំឱ្យមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរទៅលើវិស័យបច្ចេកវិទ្យាយោធានិងការទូត ក៏ដូចជាប្រជែងគ្នាលើសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ និងកំពុងគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ 

សង្គ្រាមពាណិជ្ជកម្មគឺជាទិដ្ឋភាពមួយនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ នៃប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនតាមរយៈការរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនចូលទៅកាន់ទីផ្សារអាមេរិក និងពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំណែកប្រទេសចិនវិញក៏ខិតខំពង្រីកឥទ្ធិពលរបស់ ខ្លួនតាមការផ្តួចផ្តើមបង្កើតផ្លូវមួយខ្សែក្រវាត់មួយ ដើម្បីពង្រឹងនិងពង្រីកទាំងឥទ្ធិពលនយោបាយនិងអំណាចខាងការទូត។

ផលប៉ះពាល់សេដ្ឋកិច្ចសកល  

ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យមានផលប៉ះពាល់ យ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក។ ភាពមិនប្រាកដប្រជា និងភាពប្រែប្រួលដែលបង្កឡើង ដោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិង សហរដ្ឋអាមេរិក បានធ្វើឱ្យរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការកើនឡើងថ្លៃដើមសម្រាប់អាជីវកម្ម និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បានទទួលរងផលប៉ះពាល់ យ៉ាងខ្លាំង។ ម្យ៉ាងទៀតជំងឺរាតត្បាត COVID-១៩ បានចូលមកបង្ករឱ្យប្រព័ន្ធ សេដ្ឋកិច្ច កាន់ តែទទួលរងនូវហានិភ័យបន្ថែមទៀត។  ប្រទេសទាំងឡាយដែលពឹងផ្អែកទៅលើការផ្គត់ ផ្គង់សំខាន់ៗពីខាងក្រៅ ត្រូវជាប់គាំង ហើយធ្វើឱ្យពាណិជ្ជកម្ម ឆ្លងដែនអន្តរជាតិ ធ្លាក់យ៉ាងគំហុក។

បច្ចេកវិទ្យា និងការច្នៃប្រឌិត

បច្ចេកវិទ្យានិងនវានុវត្តគឺជាចំណុចកណ្តាលនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនឹងចិន។ ការប្រកួត ប្រជែងរវាងប្រទេសទាំងពីរបានបំលែងខ្លួនពីឧស្សាហកម្មប្រពៃណី ទៅកាន់បច្ចេកវិទ្យា ដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា5G និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។
ទាំងសហរដ្ឋអាមេរិក ទាំងចិនទទួលស្គាល់ថា បើ ប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរ ក្លាយជាអ្នកឈានមុខគេលើវិស័យទាំងនេះ ប្រទេសនោះនឹងក្លាយជា ប្រទេសដឹកនាំគ្រប់គ្រងលើសេដ្ឋកិច្ច និងយោធានាពេលអនាគតទាំងក្នុងតំបន់និងពិភពលោកទាំងមូល។

ហេតុនេះ ហើយទើបគេមើលឃើញ សហរដ្ឋអាមេរិកបានចាត់វិធានការជាច្រើន ដើម្បីរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន ប្រើប្រាស់បច្ចេកវិទ្យាអាមិកនិងកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ព្រមទាំងដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនឈ្មោះ Huawei ក្នុងបញ្ជីខ្មៅទៀតផង។  រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់សន្តិសុខជាតិ ដោយធ្វើការចោទ ប្រកាន់ថាក្រុមហ៊ុននេះ អាចប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេដើម្បីធ្វើចារកម្ម។ ជាការឆ្លើយតបប្រទេសចិនបានពន្លឿន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ដើម្បីកាត់បន្ថយ ការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។

គិតត្រឹមឆ្នាំ ២០២៤ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនឹងចិននៅតែមានភាពស្មុគស្មាញ និងកំពុងតែមាន វិវឌ្ឍនាការ។ ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១បានផ្តល់ដំណោះ ស្រាយរយៈពេលខ្លីក៏ដោយ ក៏បញ្ហាធំៗមិនត្រូវបានដោះស្រាយ និងការប្រកួតប្រជែងរវាង ប្រទេសទាំង ពីរនៅតែបន្តយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសទាំងពីរកំពុង តែព្យាយាមរកដំណោះ ស្រាយ ប៉ុន្តែការស្វែងរកដំណោះស្រាយយូរអង្វែងនឹង ត្រូវការឱ្យពួកគេជជែកគ្នាលប់បំបាត់នូវភាពខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។

រដ្ឋបាលលោក Biden បានព្យាយាមបង្ហាញពីវិធីសាស្រ្តពហុភាគី ចំពោះគោលនយោបាយ ពាណិជ្ជកម្មនិងការបរទេស ដោយស្វែងរកការពង្រឹងសម្ព័ន្ធភាព និងធ្វើការជាមួយដៃគូអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ វិធីសាស្រ្តនេះអាចផ្តល់ឱកាសសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ 

សេចក្តីសន្និដ្ឋាន

ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបង្ហាញពីការផ្លាស់ប្តូរក្នុងទិដ្ឋភាព សេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយពិភពលោក។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ រាល់សកម្មភាពនិងការរៀបចំ គោលនយោបាយរបស់សហរដ្ឋអាមេរិកនិងចិន នឹងធ្វើឱ្យមាន ផលប៉ះពាល់យ៉ាងទូលំទូលាយចំពោះស្ថិរភាព និងវិបុលភាពពិភពលោក។ រាល់ការដោះស្រាយភាពតានតឹងទាំងនេះនឹងតម្រូវឱ្យ ពួកគេថ្លឹងថ្លែងប្រកប តុល្យភាពយ៉ាង ប្រុងប្រយ័ត្នលើផលប្រយោជន៍សេដ្ឋកិច្ច  យុទ្ធសាស្ត្រអាទិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រោះថាសង្គ្រាមរូបិយប័ណ្ណនិងវិវាទពាណិជ្ជកម្មនាសម័យទំនើបនេះនឹងបង្ករហានិភ័យខ្ពស់ណាស់។

លទ្ធផលនៃទំនាក់ទំនងពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិកនិងចិន នឹងកំណត់ជោគវាសនាអនាគត នៃនយោបាយសកលភាវូបនីយកម្ម ការវិវត្តនៃនវានុវត្តបច្ចេកវិទ្យា និងទំនាក់ទំនងអន្តរជាតិ។ ពិភពលោកកំពុងតែឃ្លាំមើលប្រកបដោយក្តីសង្ឃឹមថា ប្រទេសទាំងពីរអាចស្វែងរកផ្លូវឆ្ពោះ ទៅរកការចុះសម្រុងនឹងគ្នា ការយល់ដឹងពីគ្នាទៅវិញទៅមក និងការចូលរួមក្នុងន័យស្ថាបនាដែលជំរុញសេដ្ឋកិច្ច ពិភពលោកកាន់តែមានស្ថិរភាពនិងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់គ្នា៕ 

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព