នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍និងកីឡាប្រទេសថៃបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកាន់ប្រទេសថៃមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៤។ ក្នុងអំឡុងពេលនេះ ភ្ញៀវអន្តរជាតិចំនួន ១៤,៧៦០,៩១១ នាក់បានមកដល់ប្រទេសថៃ ដែលជាការកើនឡើង ៣៧.៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់លេខ១ចំនួន ២,៩១១,៧៣០ នាក់ដែលបានមកលេងប្រទេសថៃ បន្ទាប់មកអ្នកទេសចរមកពីប្រទេសម៉ាឡេស៊ីឈរនៅលំដាប់លេខពីរ ចំនួន ២,០១២,៤០៦ ។ ភ្ញៀវទេសចររុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ហើយភ្ញៀវឥណ្ឌា និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤ និងទី៥។
ទីក្រុងបាងកក ដែលជារាជធានីដ៏មមាញឹករបស់ប្រទេសថៃ នៅតែជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងដ៏សំបូរបែប រួមមានប្រវត្តិសាស្រ្ត និងភាពចម្រុះនៃវប្បធម៌ ជាមួយនឹងអគារខ្ពស់ៗ ប្រាសាទបុរាណ ផ្សារទំនើបប្រណីត ទីផ្សារតាមផ្លូវដ៏មមាញឹក និងទីផ្សារបណ្តែតទឹកជាដើម។ ហើយក៏ជាទីក្រុងដែលមានអាហារឆ្ងាញ់ៗ និងការកម្សាន្តពេលរាត្រីដ៏រស់រវើក ដែលទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។
រដ្ឋាភិបាលថៃរំពឹងថា នឹងធ្វើការទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៣៦.៧ លាននាក់នៅឆ្នាំ ២០២៤ នឹងនាំមកនូវប្រាក់ចំណូលជាង ៣ ទ្រីលានបាត (ប្រហែល ៨១ ពាន់លានដុល្លារ) ។ ការជំរុញពីវិស័យទេសចរណ៍នេះមានសារៈសំខាន់សម្រាប់ប្រទេសថៃ ដោយសារប្រទេសនេះសម្លឹងមើលកំណើនទេសចរនឹងជួយយឹងយោងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ការផ្តោតសំខាន់របស់ប្រទេសថៃលើការបង្កើនចំនួនភ្ញៀវទេសចរ តាមរយៈគោលនយោបាយមួយចំនួន បង្ហាញពីសារៈសំខាន់នៃវិស័យទេសចរណ៍សម្រាប់សុខភាពសេដ្ឋកិច្ចរបស់ប្រទេស។ តាមរយៈការបន្តអភិវឌ្ឍភាពទាក់ទាញ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រទេសថៃមានគោលបំណងផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ និងពង្រឹងជំហររបស់ខ្លួនជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។
គោលដៅរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៤ គឺប្រើប្រាស់វិស័យទេសចរណ៍ ដើម្បីជួយជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច។ ជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ភាពទាក់ទាញចម្រុះ និងការខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ប្រទេសថៃកំពុងត្រៀមខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន និងលើកកំពស់ឋានៈរបស់ខ្លួនជាគោលដៅទេសចរណ៍ឈានមុខគេ៕