រុស្ស៊ីបានក្លាយយជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបធំបំផុតមួយនៅអឺរ៉ុបទោះបីជារងនូវទណ្ឌកម្មក៏ដោយ

នៅក្នុងព្រឹត្តិការណ៍ដែលមានភាពប្រែប្រួលដ៏គួរឱ្យកត់សម្គាល់មួយគឺប្រទេសរុស្ស៊ីបានឈរជាប្រទេសដែលមាន GDP ធំបំផុតមួយនៅអឺរ៉ុប នេះបើយោងតាមរបាយការណ៍ស្តីពីGDP ចុងក្រោយបំផុតដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយធនាគារពិភពលោក។​ ថ្វីត្បិតតែប្រទេសរុស្សីទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីបណ្តាប្រទេសលោកខាងលិចដោយសារតែខ្លួនធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន តែសេដ្ឋកិច្ចរុស្សីទទួលបាននូវការរីកចំរើនមិនធ្លាប់មានពីមុនក្នុងឆមាសទី១នៃឆ្នាំ២០២៤។

លោក​ វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី។ ប្រទេសរុស្សីជាប្រទេសស្ថាបនិកក្រុមប្រទេស BRICS មួយដ៏មានឥទ្ធិពល

តាមរបាយការណ៍របស់ធនាគារពិភពលោកបានចាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីថា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅទ្វីបអឺរ៉ុប ជាសក្ខីភាពបង្ហាញពីភាពធន់និងពីសមត្ថភាពរបស់ប្រទេសនេះដែលមិនត្រឹមតែអាចទប់ទល់ទណ្ឌកម្មបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យមានការរីកចម្រើនទៀតផង។​ នៅក្នុងរបាយការណ៍ធនាគារពិភពលោកបង្ហាញថា ជនជាតិរុស្សីម្នាក់ៗមានចំណូលជាមធ្យមប្រមាណ ១៤,២៥០ ដុល្លារក្នុងមួយឆ្នាំ។

ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើនផលិតផលសរុបក្នុងស្រុក (GDP) ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនដែលបានកើនឡើង ៣.៦% ក្នុងឆ្នាំ ២០២៣។ វិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនេះ ជាមួយនឹងសកម្មភាពពាណិជ្ជកម្មកើនឡើងជិត ៧% កាលពីឆ្នាំមុន។ លើសពីនេះ វិស័យហិរញ្ញវត្ថុមានអត្រាកំណើន ៦.៦% និងសំណង់មានអត្រាកំណើន ៣.៦%។ អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានសន្មត់ថាសកម្មភាពសេដ្ឋកិច្ចនេះភាគច្រើនមានការកើនឡើងយ៉ាងខ្លាំងទៅលើសកម្មភាពទាក់ទងនឹងយោធានៅឆ្នាំ ២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចទាំងមូល។ ផលិតផលក្នុងសរុបស្រុក (GDP) របស់ប្រទេសរុស្សីក្នុងឆ្នាំ២០២៤ រំពឹងថានឹង​ទទួលបានប្រមាណ ២.០៦ ទ្រីលានដុល្លារ ដែលឈនៅលំដាប់លេខប្រាំនៅអឺរុបបន្ទាប់ អាល្លឺមង់, អង់គ្លេស, បារាំង, និងអីតាលី។

ឥទ្ធិពលនៃស្ម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ដែលរុស្ស៊ីជាសមាជិកស្ថាបនិក បានដើរតួយ៉ាងសំខាន់ក្នុងកំណើននេះផងដែរ។ បច្ចុប្បន្នប្រទេសចិនកាន់កាប់ GDP កំពូលនៅលើពិភពលោកដោយឈនៅលំដាប់លេខ១ ហើយសហរដ្ឋអាមេរិកនៅលំដាប់លេខ២។ រុស្ស៊ី និងឥណ្ឌាតាមរយៈ ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្លុក BRICS ក៏ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំនៅលើពិភពលោកសម្រាប់ផលិតផលសរុបក្នុងស្រុក (GDP)។ 

ក្រុមប្រទេស BRICS បានប្តេជ្ញាចិត្តរបស់ខ្លួនធ្វើឱ្យលូតលាស់សេដ្ឋកិច្ច និងពង្រីកឥទ្ធិពលរបស់ខ្លួនលើសង្វៀនសកលលោកចាប់តាំងពីឆ្នាំ២០០១មកម្លេះ តាមរយៈគំនិតផ្តួចផ្តើមបញ្ចូលប្រទេសអារ៉ាប់រួម (UAE) អ៊ីរ៉ង់ អេហ្ស៊ីប និងអេត្យូពី ព្រមទាំងបង្កើនស្មារតីក្នុងការកាត់បន្ថយឥទ្ធិពលរូបិយវត្ថុដុល្លារ។ ជាមួយរុស្សីជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងនៅអឺរុប ហើយប្រទេសចិនលំដាប់លេខ១និងឥណ្ឌានៅលំដាប់លេខ៣លើពិភពលោក បានធ្វើឱ្យប្លុក BRICS កំពុងតែបោះជំហានក្លាយមហាអំណាចសេដ្ឋកិច្ចយ៉ាងរឹងមាំមួយ​។ ការ​ព្យាករ​ណ៍បង្ហាញ​ពី​កំណើន​ខ្លាំងជាបន្ត​បន្តាប់សម្រាប់​សេដ្ឋកិច្ច BRICS ដូចជា ប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៨។ ការរីកលូតលាស់នៃក្រុមប្រទេស BRICS នឹងក្លាយជាគូរប្រកួតប្រជែងសេដ្ឋកិច្ចដ៏ខ្លាំងក្លាជាមួយក្រុមប្រទេស G7 ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។

ការបន្តរីកចំរើនខ្លាំងក្លារបស់រុស្សីទោះបីជាស្ថិតក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចបានបង្ហាញពីការផ្លាស់ប្តូរនៃរបត់ឥទ្ធិពលលើទិដ្ឋភាពសេដ្ឋកិច្ចរបស់សកលលោក។​ ជាមួយនឹងការវិវត្តិ នៃការរីកលូតលាស់ទាំងកម្លាំងសេដ្ឋកិច្ចនិង ឥទ្ធិពលនយោបាយរបស់ BRICS បានធ្វើឱ្យក្រុមមហាអំណាចសេដ្ឋកិច្ចពិភពលោកG7 តាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព