ការពង្រីកខ្លួនរបស់ BRICS និងការប្រកួតប្រជែងរបស់ខ្លួនចំពោះការគ្រប់គ្រងពិភពលោកដែលដឹកនាំដោយលោកខាងលិច

នៅពេលដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្រុមដែលហៅថា BRICS (ដែលរួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង) កំពុងតែពង្រីកខ្លួនហើយនិងដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ។

ក្រុមប្រទេសសមាជិកស្ថាបនិកប្លុក BRICS ទាំងប្រាំនិងប្រទេសជាសមាជិកថ្មី។

អត្ថបទនេះស្វែងយល់ពីការដែលការពង្រីកខ្លួនរបស់សម្ព័ន្ធ BRICS ធ្វើឱ្យប៉ះពាល់អំណាចរបស់អង្គការដែលដឹកនាំដោយមហាអំណាចលោកខាងលិចដូចជាធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើមហើយថាតើបច្ច័យទាំងនេះវាអត្ថន័យយ៉ាងណាដល់ក្រុមប្រទេសទាំងប្រាំពីរ (G7)និងសណ្តាប់ធ្នាប់ពិភពលោក។

ការកកើតនិងការវិវត្តន៍នៃសម្ព័ន្ធ BRICS។ ពាក្យ BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយសេដ្ឋវិទូ ឈ្មោះ Jim O’Neill។ គាត់បានប្រើពាក្យនេះ ដោយសំដៅទៅលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិក ខាងត្បូង ដែលប្រទេសទាំងនេះត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឈានមុខគេក្នុងពិភពលោកនាសតវត្សទី ២១នេះ ដោយសារតែចំនួនប្រជាជន សក្តានុពលសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយរបស់ពួកគេ។ ក្រុមសម្ព័ន្ធ BRICS នេះបបានង្កើតជាផ្លូវការក្នុងឆ្នាំ ២០០៩ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ ដែលក្នុងក្របខ័ណ្ឌដាច់ដោយឡែកមួយពីលោកខាងលិច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ BRICS បានវិវត្តន៍ពីក្រុមសេដ្ឋកិច្ចសុទ្ធសាធទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលដោះស្រាយលើវិសាលភាពនៃបញ្ហាពិភពលោក រួមទាំងពាណិជ្ជកម្ម សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំក្រុមសម្ព័ន្ធ BRICS ជួបប្រជំុគ្នាជារៀងរាល់ឆ្នាំហើយក៏បានព្រមព្រៀងគ្នាបង្កើតស្ថាប័នដូចជាធនាគារអភិវឌ្ឍន៍ថ្មី (NDB) និងទុនបំរុង (CRA)ដែលបង្ហាញពីឆន្ទះរបស់ក្រុមប្រទេស BRICS ក្នុងការបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីមួយផ្សេងទៀត។

ការពង្រីក BRICS៖ ការប្រកួតប្រជែងចំពោះអនុត្តរភាពលោកខាងលិចសម្ព័ន្ធ BRICS ដែលកើតចេញពីទិសដៅសេដ្ឋកិច្ចបានធ្វើការពង្រីកខ្លួនដោយការបញ្ចូលសមាជិកថ្មីមកពីបណ្តប្រទេស ដែលកំពុងអភិវឌ្ឍ កាលពីខែមករា ឆ្នាំ២០២៤កន្លងមក រួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ហើយប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីតក៏បានក្លាយជាប្រទេសសមាជិកបំរុងដែរ។ ការពង្រីកនេះមិនមែនគ្រាន់តែជាការបង្កើនចំនួនសមាជិកតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាចេតនានៃមហិច្ចតានយោបាយក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។ BRICS+ ឥឡូវនេះ មានប្រជាជនជិតពាក់កណ្តាលនៃពិភពលោកទាំងមូល និងក្តោបក្តាប់ផ្នែកដ៏ច្រើននៃពាណិជ្ជកម្មពិភពលោក។ ការពង្រីកនេះបានធ្វើឱ្យប៉ះពាល់ឥទ្ធិពលរបស់ស្ថាប័នដឹកនាំដោយប្រទេសលោកខាងលិចដូចជា ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ដែលស្ថាប័នទាំងពីរនេះជាស្ថាប័នមានរិទ្ធិអំណាចយ៉ាងខ្លាំងក្នុងការចាត់ចែងរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ ហើយការពង្រីកខ្លួនរបស់ BRICS+ ក៏កំពុងតែកាត់បន្ថយអំណាច និងឥទ្ធិពលរបស់ស្ថាប័នទាំងពីរនេះ តាមរយៈយន្តការបង្កើតប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីដើម្បីការពារផលប្រយោជន៍នៃសមាជិក BRICS+ ។

ឥទ្ធិពលសេដ្ឋកិច្ចគឺជាទិសដៅចម្បងក្នុងការពង្រីកខ្លួនរបស់ក្រុមសម្ព័ន្ធ BRICS ក្នុងបំណងបង្កើតឱ្យមានតុល្យភាពនៃការចាត់ចែងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។ ក្រុមសម្ព័ន្ធនេះរួមគ្នាមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណមួយភាគបីនៃចំនួនផលិតផលសរុបក្នុងស្រុករបស់ពិភពលោកទាំងមូល ហើយការធ្វើពាណិជ្ជកម្ម របស់ពួកគេលើទីផ្សារពិភលោកក៏មានកំណើនកើនឡើងជាលំដាប់។ ម្យ៉ាងវិញទៀតធនាគារអភិវឌ្ឍន៍ថ្មីដែលពួកគេបានបង្កើតក្នុងឆ្នាំ២០១៤ មានទុនប្រមាណ១០០ ពាន់លានដុល្លារសម្រាប់ផ្តល់ជាហិរញ្ញប្បទាន អភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈចីរភាពដល់ប្រទេសជាសមាជិកនិងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត។  ធនាគារអភិវឌ្ឍន៍ថ្មីបានប្រែក្លាយខ្លួនជាជម្រើសថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងការកាត់បន្ថយការពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសមហាអំណាចលោកខាងលិច។

លើសពីនេះបណ្តាប្រទេសក្នុងសម្ព័ន្ធ BRICS បានទាមទាឱ្យមានកំណែរទម្រង់រចនាសម្ព័ន្ធលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសកលដែលមានបច្ចុប្បន្នដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្លាស់ប្តូរនៃសេដ្ឋកិច្ចសកលដោយទាមទាឱ្យបញ្ចូលតំណាងជាច្រើនបន្ថែមទៀតនិងអំណាចនៅក្នុងការបោះឆ្នោតនៅក្នុងស្ថាប័នដ៏មានឥទ្ធិពលទាំងពីរគឺ ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិដល់ប្រទេសដែលកំពុងអភិវឌ្ឍជាច្រើនដែលបច្ចុប្បន្នមិនត្រូវបានផ្តល់តម្លៃហើយគ្មានសម្លេង។ 

ផលប៉ះពាល់សម្រាប់ឥទ្ធិពលរបស់ G7 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតរបស់ពិភពលោកជាបណ្តាប្រទេសដែលមានឥទ្ធិពលជាប្រវត្តិសាស្ត្រលើគោលនយោបាយនិងហើយ មានអំណាចក្នុងការគូសវាសលើជោគវាសនាសេដ្ឋកិច្ចរបស់ពិភពលោក។ ប៉ុន្តែការកើនឡើងនូវកម្លាំងរបស់ប្រទេសនៃប្លុក BRICS+ ដែលជាប្លុកដ៏សម្បើមមួយធ្វើឱ្យមានការប៉ះទង្កិចដោយផ្ទាល់នឹងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកផ្តាច់មុខរបស់ក្រុមប្រទេសG7 ហើយសម្លេងនៃបណ្តាប្រទេស BRICS+ បានស្រែកកាន់តែឮឡើងៗនៅក្នុងវេទិការអន្តរជាតិក្នុងការព្យាយាមកាត់បន្ថយអំណាចសម្រេចចិត្តជាឯកតោភាគីរបស់ក្រុមប្រទេសG7  ក្នុងការកាច់ចង្កូតសេដ្ឋកិច្ចសកល។

ថាមវន្តភូមិសាស្ត្រនយោបាយ

ការពង្រីកខ្លួនរបស់ប្លុក BRICS បានបង្កើតឱ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងដល់ភូមិសាស្រ្តនយោបាយ ហើយម្យ៉ាងទៀតប្លុកនេះបានផ្តល់ជាវេទិការដល់រដ្ឋជាសមាជិកនូវឱកាសក្នុងការចូលរួមយ៉ាងសកម្មលើបញ្ហាអន្តរជាតិនានារាប់តាំងពីបញ្ហាការបំរែបំរួលអាកាសរហូតដល់សន្តិសុខតាមអ៊ីនធឺណិត។ ជាមួយ នឹងជំហរ សមូហភាពនេះផងដែរបាន ធ្វើឱ្យ BRICS ដើរតួជាអ្នកធ្វើឱ្យមានតុល្យភាពទៅគំនិតផ្តួចផ្តើមនានានិងគោលនយោបាយផ្សេងដឹកនាំដោយលោកខាងលិចតាមរយៈការជំរុញឱ្យមានសណ្តាប់ធ្នាប់ពិភពលោកបែបពហុប៉ូល។

លោក​ វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី។ ប្រទេសរុស្សីជាប្រទេសស្ថាបនិកក្រុមប្រទេស BRICS មួយដ៏មានឥទ្ធិពល

ដោយឡែកប្រទេសចិននិងរុស្សុីបានប្រើប្រាស់ប្លុក  BRICS ដើម្បីជំរុញផលប្រយោជន៍ភូមិសាស្ត្រចនយោបាយរបស់ពួកគេផងដែរ។ ប្រទេសចិនបានបង្កើត ផ្លូវមួយខ្សែក្រវាត់មួយ (BRI) នៅឆ្នាំ២០១៣ក្នុងទិសដៅចតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងឥទ្ធិពលនយោបាយរបស់ចិនទៅកាន់ទ្វីបអាស៊ីអឺរុប អាមេរិកឡាទីន និងទ្វីបអាហ្រ្វីក។ ចំណែកឯប្រទេសរុស្សុី ដោយសារតែខ្លួនជាប្រទេសដែលផលិតប្រេងនិងឧស្ម័នដ៏ធំជាងគេលើសកលលោក ប្រទេសរុស្សុីបានប្រើប្រាស់នយោបាយថាមពលនេះជាឧបករណ៍នយោបាយការទូតរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងអន្តរជាតិដើម្បីទាញការគាំទ្រការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក។ 

ប្រទេសឥណ្ឌាក៏ប្រើ  BRICS ជាដៃគូយុទ្ធសាស្រ្តក្នុងការកាច់ចង្កូតទំនាក់ទំនងដ៏ស្មុគស្មាញរបស់ខ្លួនជាមួយប្រទេសចិនដើម្បីរក្សាឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយតុល្យភាពក្នុងភាពជាដៃគូប្រកួតប្រជែង។

ទោះបីជាប្លុក BRICS មានសក្តានុពលទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដោយ ក៏ប្លុកនេះកំពុងតែប្រឈមនឹងបញ្ហាជា ច្រើនដែលធ្វើឱ្យមានភាពរាំងស្ទះដល់ការអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យមានប្រសិទ្ធភាពក្នុងការបំប្លែងខ្លួនឱ្យក្លាយដៃគូរលើសង្វៀនប្រកួតប្រជែងជាមួយប្លុកក្រុមមហាអំណាចលោកខាងលិចដែរ ព្រោះថាសមាជិកនីមួយៗក្នុងប្លុកនៅមានភាពខុសគ្នាទាំងកម្លាំង ប្រព័ន្ធនយោបាយនិងទំហំសេដ្ឋកិច្ច។ ប្រព័ន្ធដឹកនាំនយោបាយខុសគ្នារវាងចិននិងឥណ្ឌាអាចជាឧបសគ្គ ក្នុងការធ្វើការជាមួយគ្នាក្នុងរយៈពេលវែង ម្យ៉ាងវិញទៀហើយភាពមិនទាន់ចុះសម្រុងគ្នារ​បស់សមាជិកលើការកំណត់យុទ្ធសាស្រ្តអតិភាពក៏នៅជាបញ្ហាចំបងរបស់ក្រុមដែរ។ លើសពីនេះទៅទៀតប្រសិទ្ធភាពស្ថាប័នដែលដឹកនាំដោយ BRICS ដូចជា ធនាគារអភិវឌ្ឍន៍ថ្មី (NDB) និងកងទុនបំរុង (CRA) ស្ថិតនៅក្នុងដំណើរការនៃការសាកល្បងនៅឡើយបើប្រៀបធៀបទៅនឹងបទពិសោធន៍យូរឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺស្ថិតនៅត្រង់ថាការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់ប្លុក BRICS បានបង្កើតនូវជម្រើសថ្មីឱ្យដល់ប្រទេសកំពុងអភិវឌ្ឍ ដែលគ្មានសម្លេងក្នុងស្ថាប័នគ្រប់គ្រងដោយប្រទេសលោកខាងលិចមានឱកាសបានចូលរួមយ៉ាងសកម្មជាដៃគូអភិវឌ្ឍ

ការពង្រីកខ្លួនរបស់ក្រុម BRICS ដោយបញ្ចូលប្រទេសផលិតប្រេងធំៗក្នុងពិភពលោក នឹងធ្វើឱ្យប្លុកនេះមានទំងន់ក្នុងការជះឥទ្ធិពលរបស់ខ្លួនលើការធ្វើពាណិជ្ជកម្មប្រេងលើទីផ្សារពិភពលោក ដែលអាចនឹងនាំទៅដល់ការបង្កើតបទដ្ឋានអនុវត្តថ្មីប្រាស់ចាកពីទំរង់បទដ្ឋានដែលកំពុងគ្រប់គ្រងនិងអនុវត្តបច្ចុប្បន្នដោយប្រទេសG7   រួមទាំងបង្កើតយន្តការហិរញ្ញវត្ថុអន្តរជាតិថ្មីលើការទូទាត់ដែលឯករាជ្យពីប្រព័ន្ធហិរញ្ញវត្ថុគ្រប់គ្រងដោយលោកខាងលិច។

សេចក្តីសន្និដ្ឋាន៖ ពិភពពហុប៉ូលក្នុងការបង្កើតការពង្រីកខ្លួនរបស់ BRICS បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រកួតប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នដែលកំពុងដឹកនាំដោយលោកខាងលិចនិងលើកកម្ពស់ពិភពលោកឱ្យមានបរិយាប័ន្ននិងពហុប៉ូល។ ការពង្រីកសមាជិកភាពរបស់ខ្លួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការសម្របសម្រួលយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយធ្វើឱ្យ BRICS មានសក្តានុពលក្នុងការកែប្រែបែបបទនៃទំនាក់ទំនងអន្តរជាតិនិងចូលរួមក្នុងបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដើម្បីតុល្យភាព។ 

ប៉ុន្តែដើម្បីសម្រេចឱ្យបានពេញលេញនូវមហិច្ឆតារបស់ខ្លួន ក្រុមប្លុកនេះត្រូវតែធ្វើការរួមគ្នាយ៉ាងច្រើនក្នុងការដោះស្រាយភាពខុសគ្នាផ្ទៃក្នុងរបស់ខ្លួន និងបង្ហាញពីប្រសិទ្ធភាពនៃស្ថាប័នរបស់ខ្លួនហើយ BRICS នឹងដើរតួនាទីសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកបែបពហុប៉ូលដែលប្រទេសកំពុង អភិវឌ្ឍជាច្រើនមាន សម្លេងកាន់ច្បាស់ក្នុងការរៀបចំអនាគតប្រទេស៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព