ការ​ធ្លាក់​ចុះ​ប្រាក់​យ៉េន​ជា​ប្រវត្តិសាស្ត្របាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុនធ្វើការផ្លាស់ប្តូរមន្ត្រីការទូតរូបិយប័ណ្ណ​កំពូល​

មេដឹកនាំក្រសួងហិរញ្ញវត្ថុថ្មីរបស់ជប៉ុន គឺ លោក Atsushi Mimura សម្រេចដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការកែប្រែស្ថានភាពអាក្រក់ផ្នែករូបិយប័ណ្ណកំពូលថ្មីរបស់ប្រទេស។

រូបិយប័ណ្ណយ៉េនរបស់ជប៉ុនមានការធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុជប៉ុនក្នុងរយៈកាល៣៨ឆ្នាំ

ក្រសួងហិរញ្ញវត្ថុជប៉ុន បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរអ្នកដឹកនាំដ៏សំខាន់មួយរូបដោយជំនួសលោក Masato Kanda ជាមួយនឹងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ប្រទេស។ ការ​សម្រេច​ចិត្ត​នេះ​ បានធ្វើ​ឡើង​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ស្ថានភាពដ៏អាក្រក់នៃការបន្តធ្លាក់​ចុះ​ប្រាក់​យ៉េន​ជប៉ុនដែលបានធ្លាក់ ដល់កំរិតទាបបំផុត​ក្នុង​រយៈ​កាលជាង៣៨ ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់គឺប្រមាណ ១៦០.៨៨ យ៉េន ក្នុងមួយដុល្លារអាមេរិក​ ដែលជាការធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុជប៉ុនក្នុងរយៈកាល៣៨ឆ្នាំ។

ខាងក្រោមនេះជាគោលនយោបាយសំខាន់ៗ៖

  • គោលនយោបាយរូបិយវត្ថុខុសគ្នា៖ ការធ្លាក់ចុះនៃប្រាក់យ៉េនត្រូវបានជំរុញដោយភាពផ្ទុយគ្នារវាងគោលនយោបាយរូបិយវត្ថុដ៏ធូររលុងបំផុតរបស់ប្រទេសជប៉ុន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រាក់យ៉េនមិនសូវទាក់ទាញដល់អ្នកវិនិយោគ។
  • ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច៖ ប្រាក់យ៉េនដែលធ្លាក់ចុះនាំឱ្យមានសម្ពាធអតិផរណា ប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃការនាំចេញ និងប៉ះពាល់ដល់សក្ដានុពលនៃការវិនិយោគបរទេសនៅក្នុងប្រទេសជប៉ុន។
  • ការផ្លាស់ប្តូរមន្ត្រីការទូតរូបិយប័ណ្ណ​កំពូល​៖ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ប្រទេសជប៉ុនបានតែងតាំងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ខ្លួនជំនួសលោក Masato Kanda ។ Mimura បច្ចុប្បន្នមានតួនាទីជាអគ្គនាយកនៃការិយាល័យអន្តរជាតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន។ លោក​ Mimura នឹងមានតួនាទីគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុន ត្រួតពិនិត្យនិងផ្តល់កិច្ចអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ធ្វើជាតំណាងប្រទេសជប៉ុនក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ សម្របសម្រួលជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗលើគោលនយោបាយរូបិយវត្ថុ វិភាគនិន្នាការសេដ្ឋកិច្ចពិភពលោក និងការគ្រប់គ្រងឆ្លើយតបចំពោះវិបត្តិហិរញ្ញវត្ថុ។

ការ​ធ្លាក់​ថ្លៃ​ប្រាក់​យ៉េន​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​មួយ​ចំនួន​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុនរួមមាន៖

  • ការកើនឡើងថ្លៃដើមនៃការនាំចូល៖ ប្រាក់យ៉េនខ្សោយបានធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃ ដែលរួមចំណែកធ្វើឱ្យអតិផរណាខ្ពស់នៅក្នុងប្រទេសជប៉ុន។
  • ផលប៉ះពាល់អ្នកប្រើប្រាស់៖ ការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មបានវាយបំផ្លាញអំណាចទិញហើយបង្ករផល ប៉ះពាល់ដល់ថវិកាគ្រួសារ។
  • ភាពប្រកួតប្រជែងនៃការនាំចេញ៖ ថ្វីត្បិតតែប្រាក់យ៉េនទន់ខ្សោយបានជួយឱ្យជប៉ុនមានកំណើនលើការនាំ ចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែបានបង្ករឱ្យមានភាពតានតឹងសេដ្ឋកិច្ចយ៉ាងខ្លាំង។

តួនាទីរបស់ Atsushi Mimura គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្តារស្ថានភាពនិងពង្រឹងប្រាក់យ៉េន ។ វិធីសាស្រ្តរបស់លោកត្រូវបានគេរំពឹងថានឹងមានការកែប្រែគោលនយោបាយរូបិយវត្ថុ ហើយនិងការធ្វើអន្តរាគមន៍ទីផ្សារដើម្បីធ្វើឱ្យរូបិយប័ណ្ណនេះមានស្ថេរភាព។ សហគមន៍ហិរញ្ញវត្ថុនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់លោក Mimura ដើម្បីនឹងវាយតម្លៃពីប្រសិទ្ធភាពនៃគោលនយោបាយស្តាររូបិយយប័ណ្ណយ៉េន។

ការផ្លាស់ប្តូរ អ្នកដឹកនាំក្នុងពេលវេលាដ៏ស្មុគស្មាញនេះបានឆ្លុះបញ្ចាំងពីការឆ្លើយតបជាបន្ទាន់របស់ប្រទេសជប៉ុនចំពោះវិបត្តិរូបិយប័ណ្ណរបស់ខ្លួន ដែលជាកត្តាចំបាច់ក្នុងការធ្វើឱ្យមាន ស្ថិរភាពប្រាក់យ៉េន បង្កើតទំនុកចិត្តនិងស្តារសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះគឺជាពេលវេលាដ៏សំខាន់បំផុតរបស់ លោក Mimura ក្នុងការធ្វើឱ្យគេឃើញថា តើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់លោកនឹងទទួលបានជោគជ័យដែរឬទេ៕

អត្រាប្តូរប្រាក់គិតត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព