សហភាពអឺរ៉ុបកំពុងរៀបចំដាក់ចេញនូវបទប្បញ្ញត្តិថ្មីដ៏តឹងរ៉ឹងមួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើជាសកលនៅលើពិភពលោក។ ច្បាប់នេះកំណត់ថា រាល់ទំនិញសំខាន់ៗដែលនាំចូលទៅក្នុងសហភាពអឺរ៉ុប មានដូចជាប្រេងដូង សណ្តែកសៀង សាច់គោនិងឈើជាដើម ត្រូវតែបញ្ជាក់ថា មិនមានទំនាក់ទំនងទៅឬក៏ដាំដុសលើដីដែលបានរងការកាប់បំផ្លាញព្រៃឈើ។ គោលដៅនៃច្បាប់ថ្មីនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់សហភាពអឺរ៉ុប និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឱ្យមាននិរន្តរភាពសម្រាប់ពិភពលោក។ អ្នកផ្គត់ផ្គង់ទំនិញទៅកាន់សហភាពអឺរ៉ុបឥឡូវនេះត្រូវតែផ្តល់នូវព័ត៌មានលម្អិតនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ តម្រូវការនេះមានន័យថា ក្រុមហ៊ុននាំចូលទំនិញត្រូវតែបង្ហាញថាផលិតផលរបស់ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ វិធានការនៃអនុលោមតាមច្បាប់ថ្មីនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទំនិញជាច្រើនមានតម្លៃថ្លៃ និងស្មុគស្មាញ ជាពិសេសសម្រាប់អ្នកផ្គត់ផ្គង់ដែលជាកសិករខ្នាតតូចនិងអ្នកផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។
កសិករក្នុងប្រទេសដូចជាឥណ្ឌូនេស៊ី និងហុងឌូរ៉ាស់ជាដើម ត្រូវប្រឈមនឹងឧបសគ្គយ៉ាងខ្លាំងក្នុងការបំពេញតាមលក្ខខណ្ឌថ្មីនេះ។ ដោយសារតែពួកគេខ្វះធនធាននិងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់សម្រាប់ដំណើរការតាមដាននិងវិញ្ញាបនប័ត្រលម្អិតដែលទាមទារតាមច្បាប់ថ្មីនេះ។ ហានិភ័យគឺថាកសិករទាំងនេះអាចបាត់បង់សិទ្ធិឱ្យផលិតផលរបស់ពួកគេនាំចូលទៅកាន់ទីផ្សារសហភាពអុឺរុប ដែលធ្វើឱ្យរងផលប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេ។ ប៉ុន្តែគេមើលឃើញថាភាពជឿនលឿននៃបច្ចេកវិទ្យានឹងអាចផ្តល់ជួយពួកគេបានខ្លះ ដូចជារូបភាពតាមផ្កាយរណប និងប្រព័ន្ធព័ត៌មាន ភូមិសាស្រ្ត (GIS) អាចជួយក្នុងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ការប្រើប្រាស់ដី ដែលពួកកំពុងប្រកបរបរលើ។ លើសពីនេះទៀតបច្ចេកវិទ្យា ប្លុកឈេនក៏រំពឹងថាអាចជួយផ្តល់នូវកំណត់ត្រាប្រកបដោយតម្លាភាពផងដែរលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការធានាថាទំនិញមានប្រភពច្បាស់លាស់ប្រកបហើយមាននិរន្តរភាព។
ទោះជាយ៉ាងណាក៏ច្បាប់ថ្មីនេះក្រោយចូលជាធរមាននឹងធ្វើឱ្យមានការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មជាសកល ព្រោះថាអ្នកផ្គត់ផ្គង់នឹងងាកទៅស្វែងរកទីផ្សារផ្សេងដែលមានបទប្បញ្ញត្តិមិនសូវតឹងរ៉ឹងក្រៅពីទីផ្សារអុឺរុប។ ការផ្លាស់ប្តូរនេះអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទៅសហភាពអុឺរុបដែលមានស្រាប់ និងនាំឱ្យមានការកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់ក្នុងសហភាពអឺរ៉ុបទៀតផង ដោយសារតែការចំណាយបន្ថែមកើនឡើងលើការរៀបចំឱ្យស្របតាមបទដ្ឋានថ្មី។ ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើថ្មីបង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយគឺ តុល្យភាពតម្រូវការសម្រាប់និរន្តរភាពបរិស្ថានជាមួយនឹងស្ថិរភាពសេដ្ឋកិច្ចរបស់កសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការអន្តរជាតិនិងបច្ចេកវិទ្យា នឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដើម្បីធានាថាគោលដៅគ្រប់គ្រងបរិស្ថានរបស់ច្បាប់ថ្មីនេះមិនធ្វើឱ្យប៉ះពាល់ដល់សហគមន៍ដែលងាយរងគ្រោះ។
នៅពេលដែលសហភាពអុឺរុបជំរុញច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើថ្មីរបស់ខ្លួនចេញជាធរមានក្នុងពេលខាងមុខ ទិដ្ឋភាពពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការផ្លាស់ប្តូរ។ ច្បាប់នេះមានគោលបំណងការពារបរិស្ថាន ប៉ុន្តែការអនុវត្តត្រូវតែគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នដើម្បីជៀសវាងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់កសិករ និង សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការទីផ្សារសហភាពអុឺរុប៕