ស្រ្តីមេម៉ាយម្ចាស់សិប្បកម្មផលិតប្រហិតពុះពារបង្កើតការងារឱ្យយុវជននៅស្រុកកំណើតរបស់ខ្លួន

ម៉ាស៊ីនចាប់ផ្តើមបន្លឺសំឡេងនៅម៉ោង៣ទៀបភ្លឺជារៀងរាល់ព្រឹកខណៈដែលគ្រួសារខ្លះកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នៅឡើយ។ ស្រ្តីជាម្ចាស់សិប្បកម្មនិងបុគ្គលិកប្រមាណ២៥នាក់បាននាំគ្នាម្នីម្នារចាប់ធ្វើកិច្ចការរៀងៗខ្លួន។ ចង្វាក់ផលិតកម្មនៃសិប្បកម្មផលិតប្រហិតសាច់គោយីហោ «បងម៉ានី» ត្រូវបានវេចខ្ចប់រួចរាល់និងចាប់ផ្តើមដឹកចេញទៅឱ្យអតិថិជនចាប់ពីម៉ោង៤ភ្លឺតទៅរហូតដល់ព្រឹកព្រលឹមស្រាងៗ។

លោកស្រី ទៀត​ ម៉ានី ម្ចាស់សិប្បកម្មផលិតប្រហិតឈ្មោះ បងម៉ានី នៅទីក្រុងភ្នំពេញ

ប្រហិតសាច់គោនិងប្រហិតសាច់ជ្រូកចន្លោះពី ៥០០គីឡូ ទៅ ៧០០គីឡូក្រាមត្រូវបានផលិតជារៀងរាល់ថ្ងៃ លក់ទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ជាដើម ។ល។ នេះបើតាមការប្រាប់ឱ្យដឹងពីអ្នកស្រី ទៀត ម៉ា​នី វ័យ៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយដែលមានបន្ទុកចិញ្ចឹមកូនបីនាក់និងមើលថែបុគ្គលិកសរុបចំនួន២៥ នាក់។

ជីវិតគឺជាការតស៊ូមួយដែលមិនចេះរីងស្ងួតដរាបណាមនុស្សមានជីវិតរស់នៅលើផែនពសុធានេះព្រោះត្រូវតស៊ូជាមួយនឹងធម្មជាតិផង តស៊ូជាមួយមនុស្សគ្នាឯងផង និងជាមួយហេតុការណ៍ផ្សេងៗផង។ ការស៊ូទ្រាំ ភាពអត់ធ្មត់និងការពុះពារជំនះរបស់បុគ្គលម្នាក់ៗក្នុងការប្រឈមមុខនឹងបញ្ហា គឺជាពិន្ទុដែលកំណត់នូវអត្តសញ្ញាណរបស់បុគ្គលរូបនោះ។ ការតស៊ូបង្កើតចេញជាផ្លែផ្កានៃជីវិតក្នុងការបោះជំហានឆ្ពោះទៅរកឱកាសសម្រាប់ការលូតលាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងភាពជា​ស្ត្រី​មេម៉ាយ​​រៀនចប់ត្រឹមថ្នាក់​ទី​២ អ្នកស្រីម៉ានីមានក្តីសុបិនចង់ឃើញកូនៗរបស់អ្នកស្រីទាំងបីនាក់រៀនចប់ដល់ថ្នាក់សាកលវិទ្យាល័យ ព្រោះថាការដែលកូនៗទទួលបាននូវការអប់រំខ្ពស់នេះគឺជាមោទកភាពនិងក្តីសុខរបស់គ្រួសារដ៏តូចរបស់គាត់។

អស់រយៈពេលជាងមួយទស្សវត្សរ៍មកនេះ អ្នកស្រីម៉ានី បានបើកសិប្បកម្មផលិតប្រហិតជាលក្ខណៈគ្រួសារ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ​ក្រោយពីបែកបាក់ពីស្វាមី។ ជាមួយគ្នានេះដែរអ្នកស្រីក៏បានបង្កើតការងារ ព្រមទាំងបំពាក់នូវជំនាញផលិតប្រហិតដោយប្រកាន់គោលការណ៍អនាម័យដល់យុវជននិងយុវតីមកពីខេត្តពោធិសាត់ប្រមាណ២៥នាក់ដែលជាស្រុកកំណើតរបស់អ្នកស្រី។

ដោយយកគុណធម៌ ភាពស្មោះត្រង់និងការប្រឹងប្រែងចេញពីបេះដូង សិប្បកម្មប្រហិតសាច់គោនិងជ្រូករបស់គាត់ទទួលបានការពេញចិត្តនិងគាំទ្រពីអតិថិជនទាំងក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន។

ប្រហិតសាច់គោយីហោ "បងម៉ានី"

ប្រហិតសាច់គោយីហោ “បងម៉ានី”

“ខ្ញុំធ្វើប្រហិតសាច់ទាំងនេះដោយក្តីស្រលាញ់ ហើយផ្តោតយ៉ាងយកចិត្តទុកដាក់ទៅលើគុណភាពនិងអនាម័យ។ ខ្ញុំសប្បាយចិត្តនៅពេលដែលអតិថិជនរបស់ខ្ញុំចូលចិត្តប្រហិតសាច់គោរបស់ខ្ញុំ ហើយឃើញថាវាឆ្ងាញ់និងមានអនាម័យ” នេះបើតាមប្រសាសន៍របស់អ្នកស្រីម៉ានី ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន កាលពីសប្តាហ៍មុន។

ការប្តេជ្ញាចិត្តរបស់អ្នកស្រីម៉ានី ក្នុងការលើកកម្ពស់គុណភាព ជាពិសេសសុវត្ថិភាពនិងអនាម័យ បាននាំឱ្យអ្នកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនានាជាប្រចាំ។

សុវត្ថិភាពចំណីអាហារនៅកម្ពុជាគឺជាបញ្ហាសំខាន់មួយ ដោយសារជំងឺនិងការចម្លងរោគពីចំណីអាហារ គឺជាក្តីកង្វល់របស់អ្នកប្រើប្រាស់និងរាជរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារកាលពីនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅ។ ច្បាប់នេះបង្កើតយន្តការសម្រាប់ធានាអនាម័យនិងសុចរិតភាពក្នុងការផលិតម្ហូបអាហារដើម្បីកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ កាត់បន្ថយហានិភ័យនិងជួយកម្ពុជាឱ្យទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ។

ច្បាប់បានកំណត់ថា រាល់ការផលិតចំណីអាហារនៅលើទីផ្សារត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារថែទាំត្រឹមត្រូវ មានបទដ្ឋានវេចខ្ចប់ល្អ ហើយត្រូវដាក់ព័ត៌មានស្លាកសញ្ញាឱ្យត្រឹមត្រូវនិងច្បាស់លាស់។ នេះគឺជាជំហានទៅមុខដ៏សំខាន់មួយសម្រាប់អាជីវកម្មដូចជាសិប្បកម្មបែបគ្រួសាររបស់អ្នកស្រីម៉ានី ដែលអនុញ្ញាតឱ្យពួកគាត់បន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់និងសុវត្ថិភាពដល់អតិថិជនរបស់គាត់។

ទោះបីជាទិន្នន័យជាក់លាក់ស្តីពីការប្រើប្រាស់សាច់ប្រហិតនៅក្នុងទីផ្សារកម្ពុជាមានការខ្វះខាតក៏ដោយ ក៏ការចូលចិត្តប្រហិតសាច់របស់ប្រជាជនកម្ពុជាបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ប្រហិតសាច់ដែលអាចរកបានរួមមានសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី។ ប្រជាជនកម្ពុជាចូលចិត្តបរិភោគប្រហិតជាមួយស៊ុប គុយទាវ ស្ងោរ និងអាំង ដែលធ្វើឱ្យប្រហិតក្លាយជាអាហារដ៏ឆ្ងាញ់ពេញនិយមនៅក្នុងគ្រួសារជាច្រើន។

អ្នកស្រីម៉ានី ត្រូវ​បាន​បុគ្គលិក​ជាច្រើន​​មិន​ត្រឹម​តែ​ចាត់ទុកអ្នកស្រីជាម្ដាយដ៏​ល្អ​ម្នាក់​ប៉ុណ្ណោះ​ទេថែម​ទាំង​ជាថៅកែម្នាក់ប្រកបដោយ​ព្រហ្មវិហារធម៌​ទៀត​ផង​។ អ្នកស្រី ត្រូវ​បាន​បុគ្គលិកនិង​កម្មករគោរពនិង​ស្រឡាញ់​យ៉ាង​ខ្លាំងហើយចាត់ទុកដូច​ជា​ម្ដាយ​ទីពីររបស់ពួក​គេ។ អ្នកស្រីម៉ានី តែងតែអប់រំបុគ្គលិកគ្រប់រូបឱ្យរស់នៅនិងធ្វើការងាររួមដោយសុខដុមរមនា ស្រលាញ់គ្នានិងចេះជួយគ្នាក្នុងគ្រាលំបាក។ អ្នកស្រីបាន​បង្កើតបរិយាកាសស្រស់ស្រាយសប្បាយចិត្តនៅកន្លែងធ្វើការតែបង្កប់ទៅដោយភាពហ្មត់ចត់និងមានវិន័យ ។

ហ៊ា ហាន់ បុគ្គលិកផ្នែកលក់នារីក្នុងវ័យ៣២ឆ្នាំ ដែលធ្វើការជាមួយអ្នកស្រីម៉ានីជាងដប់ឆ្នាំបានសរសើរអ្នកស្រីថា “គាត់ជាថៅកែស្មោះត្រង់ ស្រលាញ់កូនចៅទាំងអស់ គាត់តែងតែលើកទឹកចិត្ត ផ្តល់យោបល់និងដោះស្រាយបញ្ហា”។

ភាពខ្លាំងរបស់អ្នកស្រីម៉ានី ក្នុងការគ្រប់គ្រងបុគ្គលិកនិងចាត់ចែងអាជីវកម្មរបស់អ្នកស្រីឱ្យទទួលបានការរីកចំរើននិងជោគជ័យលើមុខរបរផលិតប្រហិតសាច់គឺថាអ្នកស្រីបញ្ចូលក្តីស្រលាញ់របស់អ្នកស្រីឱ្យក្លាយកំលាំងថាមពលរបស់ពួកគេ ហើយពួកគេធ្វើការឱ្យអ្នកស្រីចេញពីបេះដូង នេះជាអ្វីដែលនិយោជកភាគច្រើនមើលរំលង។

រឿងរ៉ាវរបស់អ្នកស្រី ទៀត ម៉ា​នី គឺជាសក្ខីភាពនៃភាពអំណត់អត់ធន់និងថាមពលនៃវីរភាពរបស់សហគ្រិនស្រ្តីកម្ពុជា ដែលប្រកាន់ខ្ជាប់ដោយគុណធម៌ ព្រហ្មវិហារធម៌ សេចក្តីស្មោះត្រង់ ភាពទទួលខុសត្រូវ និងការអភិវឌ្ឍខ្លួន។ ដំណើរជីវិតរបស់អ្នកស្រីពីស្ត្រីមេម៉ាយតស៊ូ ក្លាយទៅជាអ្នកជំនួញស្ត្រីរឹងមាំមួយរូប អាចចិញ្ចឹមគ្រួសារ គឺបង្ហាញឱ្យឃើញថា គ្រប់យ៉ាងកើតឡើងដោយការខិតខំប្រឹងប្រែង ការលះបង់និងការតាំងចិត្តដើម្បីឧត្តមភាពដែលមនុស្សម្នាក់ៗ អាចជម្នះនូវគ្រប់ឧបសគ្គនានាក្នុងជីវិតដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព