សម្តីលោកដូណាល់ ត្រាំបង្ករភាពចលាចលធ្ងន់ធ្ងរទីផ្សារហ៊ុនតៃវ៉ាន់

អតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤មកពីគណៈបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើតឱ្យមានព្រឹត្តិការណ៍ជជែកវែកញែកយ៉ាងផុសផុលនៅពេលដែលលោកថ្លែងនៅក្នុងកិច្ចសម្ភាស៍ដាច់ដោយឡែកជាមួយបណ្តាញព័ត៌មាន Bloomberg Businessweek ថាកោះតៃវ៉ាន់មិនដែលផ្តល់ផលប្រយោជន៍អ្វីសោះឡើយដល់សហរដ្ឋអារិកកន្លងមក ដូចនេះតៃវ៉ាន់គួរតែបង់មកឱ្យសហរដ្ឋអាមេរិកនូវថ្លៃការពារ​ ដោយលោកប្រដូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ជាអតិថិជននិងក្រុមហ៊ុនធានារ៉ាប់រងដែលអតិថិជនត្រូវបង់ថ្លៃសេវ៉ាធានារ៉ាប់រងប្រចាំឆ្នាំ។

ផែនទីកោះតៃវ៉ាន់

លោកបានមានប្រសាសន៍ថា “ខ្ញុំស្គាល់ពួកគេច្បាស់ណាស់ ហើយខ្ញុំគោរពពួកគេយ៉ាងខ្លាំង។ ប៉ុន្តែពួកគេបានដណ្តើមយកទីផ្សារផលិតបន្ទះឈីបពីយើង១០០ភាគរយ។ ដូចនេះសម្រាប់ខ្ញុំតៃវ៉ាន់គួរតែបង់ថ្លៃការពារមកឱ្យយើង”។ ក្រោយពីសម្តីរបស់លោកត្រូវបានផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា កន្លងទៅបានធ្វើឱ្យមានផលប៉ះពាល់ភ្លាមៗដល់ទីផ្សារភាគហ៊ុននៅតៃវ៉ាន់ ជាពិសេសប៉ះពាល់ដល់តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់តៃវ៉ាន់ឈ្មោះ Taiwan Semiconductor Manufacturing Company ដែលមានអក្សសម្គាល់ក្នុងផ្សារហ៊ុន TSMC មានការធ្លាក់ចុះប្រមាណ ២.៤%នៅថ្ងៃបន្ទាប់។ ក្រុមហ៊ុន TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំហើយជាតួអង្គផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់ឱ្យក្រុមហ៊ុនលើពិភពលោករួមទាំងក្រុម Apple និង Nvidia។ 

នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក ឆូ ជុងថៃ បានឆ្លើយតបភ្លាមៗដោយបញ្ជាក់ពីចំណងមិត្តភាពក្រៅផ្លូវការដ៏រឹងមាំរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកហើយនឹងឆន្ទះរបស់ខ្លួនក្នុងការពង្រីកទំហំថវិការការពារជាតិ។ លោកបានបញ្ជាក់ថា “ពួកយើងត្រៀមខ្លួនពង្រីកការទទួលខុសត្រូវរបស់ពួកយើងដើម្បីការពារខ្លួនយើងនិងសន្តិសុខរបស់យើង។”

សហរដ្ឋអាមេរិកនិងដែនកោះតៃវ៉ាន់មិនមានទំនាក់ទំនងជាផ្លូវការទាំងការទូតនិងយោធាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាប្រទេសការពារតៃវ៉ាន់និងផ្តល់សព្វាវុទ្ធ។ តាមច្បាប់របស់សហរដ្ឋអាមេរិក គឺរដ្ឋបាលអាមេរិកមានកតព្វកិច្ចផ្តល់ឱ្យកោះតៃវ៉ាន់នូវកិច្ចការពារទោះបីជាគ្មានកិច្ចព្រមព្រៀងការពារផ្លូវការក៏ដោយ។ ចំណែកឯកោះ តៃវ៉ាន់ខ្លួនឯងបានដាក់ការធ្វើទំនើបកម្មយោធាជាគោលនយោបាយអាទិភាព​រួមទាំងការផលិតនាវាមុជទឹកនិងពង្រីកថវិការការពារជាតិ។

ទំនាក់ទំនងរវាងប្រទេសចិននឹងដែនកោះតៃវ៉ាន់នៅតែតឹងតែង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន ហើយជារឿយៗបានបញ្ចេញសាច់ដុំពីកម្លាំងយោធាដើម្បីគំរាមថាខ្លួននឹងអាចប្រើយោធាវាយយកកោះតៃវ៉ាន់បើចាំបាច់។ លោកប្រធានាធិបតី ចូ បៃឌិន ធ្លាប់លើកឡើងថាសហរដ្ឋអាមរិកគួរតែការពារតៃវ៉ាន់ក្នុងករណីដែនកោះនេះរងការវាយប្រហារពីប្រទេសចិន ការលើកឡើងនេះធ្វើឱ្យស្ថានភាពនៅច្រកតៃវ៉ាន់កាន់តែស្មុគស្មាញនិងតានតឹង។

ប្រតិកម្មទីផ្សារហ៊ុនក្រោយពីសម្តីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីភាពងាយប៉ះពាល់និងរង្គោះរង្គើ របស់ហិរញ្ញវត្ថុតៃវ៉ាន់លើលានដ្ឋានភូមិសាស្ត្រនយោបាយនិងតួអង្គសំខាន់របស់ខ្លួនក្នុងទីផ្សារបច្ចេកវិទ្យាពិភពលោក។ លោក អាឡែន ហួង អ្នកវិភាគមកពីក្រុមហ៊ុនសេវាកម្មវិនិយោគអន្តរជាតិមេហ្គា (Mega International Investment Service) យល់ថាសម្តីរបស់លោកត្រាំគ្រាន់តែជាវោហាសាស្ត្រនយោបាយ​​ប៉ុណ្ណោះ ប៉ុន្តែទទួលស្គាល់ពីកម្លាំងប៉ះពាល់ធ្ងន់ធ្ងរលើទីផ្សាររបស់ក្រុមហ៊ុនយក្ស TMSC។

ក្រុមហ៊ុន TMSC មានយុទ្ធសាស្ត្រពង្រីកការវិនិយោគរបស់ខ្លួនដោយបង្កើតរោងចក្រថ្មីនៅរដ្ឋអារីហ្សូណាក្នុងទំហំទឹកប្រាក់៦៥ពាន់លានដុល្លារ ប៉ុន្តែនៅរក្សាការផលិតទ្រង់ទ្រាយធំនៅតៃវ៉ាន់ដដែល។ ដោយឡែកតៃវ៉ាន់បានបញ្ជារទិញសម្ភារៈសព្វាវុធក្នុងទឹកប្រាក់១៩ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ប៉ុន្តែសម្ភារៈទាំងនេះមិនទាន់បានបញ្ជូនទៅឱ្យកោះតៃវ៉ាន់នៅឡើយទេដោយសារមានការពន្យាពេលពីភាគីសហរដ្ឋអាមេរីក។ ភាគីទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការពន្លឿនការផ្គត់ផ្គង់សម្ភារៈទាំងនេះទៅតៃវ៉ាន់ឱ្យបានលឿន។

ប្រឈមមុខនឹងយុទ្ធវិធីសង្គ្រាមតំបន់ប្រផេះរបស់ប្រទេសចិនដែលព្យាយាមធ្វើគ្រប់បែបយ៉ាងឱ្យកោះតៃវ៉ាន់នឿយហត់ ខ្សោះខ្លួន ក្នុងការការពារខ្លួន ហើយប្រទេសចិនអាចដើរមកយកតៃវ៉ាន់បានដោយមិនបាច់ប្រើកំលាំង តែកោះតៃវ៉ាន់មិនព្រមរាថយចុះញមឡើយ នៅតែបន្តរការទាមទារជារដ្ឋឯករាជ្យ និងត្រៀមខ្លួនក្នុងការចរចារទោះបីជាគ្មានការអើពើពីក្រុងប៉េកាំងក៏ដោយ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-តៃវ៉ាន-ចិន ជាទំនាក់នំនងដែលពោរពេញទៅដោយភាពស្មុគស្មាញទាំងភូមិសាស្រ្តនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ចសកលលោក៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព