ឧកញ៉ាសុត្តន្តប្រីជាឥន្ទ កើតនៅថ្ងៃចន្ទ ២២ កក្កដា ១៨៥៩ នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ មាតាឈ្មោះមុំ បិតាឈ្មោះបញ្ចង់កែ។ កាលពីអាយុ១០ឆ្នាំ គេបានចូលសិក្សាអក្សរខ្មែរនៅវត្ត។ អាយុ១៥ឆ្នាំ កុមារារូបនេះ បានចេញរៀនប្រែធម៌បួសជាសាមណេរនៅវត្តព្រែកពោធិ៍។ បួសបាន១វស្សា ក៏បានចាកភេទជាសាមណេរ រួចទៅរៀនវិជ្ជាពីលោកអាចារ្យពេជ្រ នាស្រុកព្រះត្រពាំង។ អាយុ ១៨ឆ្នាំ យុវជនសុត្តន្តប្រីជាឥន្ទ ទៅរៀនជាមួយលោកគ្រូព្រះពុទ្ធ ឃោសាចារ្យ ប្រាក់ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ អាយុ១៩ឆ្នាំ រៀនជាមួយលោកគ្រូព្រះអាចារ្យសុខ វត្តកែវ នៅខេត្តបាត់ដំបង។ ឈានដល់ អាយុ ២០ឆ្នាំ បានបួសជាភិក្ខុនៅវត្តកែវ ១ វស្សា ទើបលាព្រះឧបជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកកប្រទេសថៃ។
រៀនបាន ៧វស្សាក៏វិលមកស្រុកខ្មែរវិញក្នុងអំណាចលោកព្រះយ៉ាកថាថន ញ៉ុញនៅវត្តកណ្តាលក្នុងខេត្តបាត់ដំបង រួមបាន១០វស្សា លាចាកសិក្ខាបទ សឹកមកមានបុត្រភរិយានៅ ភូមិជ្វាធំ លោកកថាថនឈុំ ចិញ្ចឹមជាទីហ្លួងវិចិត្រវោហារ បានតែងបានប្រែបាលី ជាសម្រាយមានចំនួន៤៤ចំណងជើង។មានចំណងជើងសៀវភៅខ្លះជា ចារស្លឹករឹតខ្លះ លុះអាយុបាន ៥៥ឆ្នាំ រាជការក្រុងភ្នំពេញឲ្យយកមកតាំងទីជាឧកញ៉ាសុត្តន្តប្រីជា ប្រោសឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរនៅក្នុងសាលាបាលី ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ បានលារាជការវិលមកនៅបាត់ដំបងដើមវិញ។
លុះនៅថ្ងៃទី១០ កើត ខែអស្សុជ ឆ្នាំ ជូត ឆស័ក មានរោគក្អក បណ្តាកូនចៅ ទាំងអស់នាំគ្នាខិតខំរកថ្នាំនិងគ្រូហ្មរក្សាពុំបានជាសះស្បើយឡើយ។ លុះ ដល់ថ្ងៃអាទិត្យ ១២ កើត ខែកត្តិក ឆ្នាំជូត ឆស័ក អ្នកប្រាជ្ញយើងកំពុងមានឈ្មោះល្បីល្បាញបានទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹកគឺថ្ងៃ៨វិច្ឆិកាឆ្នាំ១៩២៤។
ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ជាគម្រូអ្នកប្រាជ្ញទំនៀមនៅសម័យនោះ លោកចេះដឹងយ៉ាងច្បាស់លាស់នូវពុទ្ធសាសនាចេះស្ទាត់នូវភាសាថៃ និងភាសាបាលីដំបូងគេថែមទៀត។ លោកដើរតាមគន្លងអ្នកប្រាជ្ញរៀមច្បងរបស់លោកនៅសតវត្សទី១៨-១៩ដូចជាព្រះឃ្លាំងនង សម្តេចអង្គឌួង និងសន្ធរម៉ុកជាដើម។
ខាងក្រោមនេះជាស្នាដៃសំខាន់ៗរបស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានបន្សល់ទុកស្នាដៃសំខាន់ៗដូចតទៅនេះ ៖
-គតិលោកជាពាក្យរាយ ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ ១៩៧០ មាន១០ ភាគ។
-និរាសនគរវត្ត កំណាព្យពាក្យ៨ ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៩។
-សុភាសិតច្បាប់ស្រី កំណាព្យ កម្ពុជសុរិយា ១៩៣៤។
-អំបែងបែក រឿងល្បែង ភ្នំពេញ បណ្ណាគារជឹងងួនហួត ១៩៥៣ចំនួន ២ ភាគ។
-លោកនីតិបករណ៍កំណាព្យជាភាសាបាលីអធិប្បាយជាភាសាខ្មែរភ្នំពេញពុទ្ធសាសនបណ្ឌិត្យ១៩៥៣។
-ព្រះរាជពង្សាវតារខ្មែរច្បាប់ចម្លងដៃរក្សាទុកនៅបណ្ណាល័យសង្គមបេសកកម្មបរទេសនៅក្រុងប៉ារីសបកប្រែជាភាសាបារាំងដោយម៉ាទីនព្យ៉ាត។
-បឋមសម្ពោធិ (ជាក្រាំង)
-រូបគំនូរស្អាតគួរជាទីចាប់អារម្មណ៍ក្នុងក្រាំងចាស់របស់ខ្មែរយើងលោក នីតិបករណ៍ (ពាក្យកាព្យ)
-ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមទាំងអស់មានចំនួន ៤៤ចំណងជើងសៀវភៅ។ មរតកមាស ផ្នត់គំនិតអប់រំតាមបែប ពុទ្ធចក្រនិងអណាចក្រគឺពិតជាសម្បូរបែប។ ដូច្នោះយើងខេមរបត្រត្រូវទទួលស្គាល់តម្លៃអ្នកនិពន្ធឧកញ៉ា សុត្តន្តប្រីជាឥន្ទ ដែលឥស្សរជនក្នុងសមរភូមិប៉ាកានៅក្នុងព្រះរាជា ណាចក្រកម្ពុជា សូមឧទិ្ទកុសលបុណ្យចំពោះមិត្តអ្នកអានទាំងអស់ទទួលបានចំណេះដឹងរៀងៗខ្លួន៕