ធម្មជាតិបានតាក់តែងមនុស្សលោក កើត ចាស់ ឈឺ ស្លាប់ រីឯរុក្ខជាតិក៏ដើរតាមតែមួយដូចមនុស្សដែរ។ តែរឿងរ៉ាវស្នេហារបស់ម្ចាស់កវីស្ទឹងសង្កែ ឬទឹកខ្មៅដងស្ទឹងសង្កែមានសភាពផ្ទុយពីធម្មជាតិ។ កវីយើងបានបកស្រាយការឈឺចាប់អំពីស្នេហាយុវវ័យរបស់លោកតាមរយៈបទចំរៀង «ម្លប់ដូងទី១០» គឺជារឿងពិតរបស់អតីតវីរៈកវី គង្គ ប៊ុនឈឿន។
លោកមានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានបន្សល់ទុកនូវវណ្ណកម្មប្រវត្តិសាស្រ្ត និងកម្រងអនុស្សាពិតៗជាច្រើនតាមរយៈរឿងភាពយន្ត បទចំរៀងសៀវភៅប្រលោមលោក និងកាសែតទស្សនាវដ្តីនិងការងារជាច្រើនទៀត។
កវីដងស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន មានប្រវត្តិសង្ខេបខ្លះៗដូចតទៅ។ លោកបានកើតនៅថ្ងៃទី១៨ខែតុលាឆ្នាំ១៩៣៩ នៅភូមិ-ឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង។ ឪពុករបស់លោកឈ្មោះគង្គ ឈិន មានដើមកំណើតមកពីខេត្តតាកែវ រីឯអ្នកម្តាយឈ្មោះ ម៉រ ភឹង ជាអ្នកឃុំព្រែកហ្លួង ស្រុកសង្កែខេត្តបាត់ដំបង ។ កាលពីកុមារភាពរៀនវត្តពោធិវាល និងចូលសាលាឧត្តមដ្ឋានមជ្ឈឹមសាលា និងបន្តចូលវិទ្យាល័យព្រះមុនីវង្ស ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាអកុសលស្ថានភាពគ្រួសារទីទ័លក្រពេកទើបសម្រេចចិត្តទាំងបង្ខំចិត្តឈប់រៀននៅឆ្នាំ១៩៥៧។ លោកមានបងប្រុសម្នាក់គត់ឈ្មោះគង្គប៊ុនឆោម
ក៏មិនអាចចូលរួមជ្រោមជ្រែង គ្រួសារបានឡើយ ។
បន្ទាប់ពីបោះបង់ការសិក្សាក៏ងាកមករៀនគំនូរវិញ គឺចេះគូររូបនៅតាមរោងកុន អេដែន និងហាប់ ឈុន នៅផ្សារបាត់ដំបង។ ជានិស្ស័យទេពតាបានចារទុកមក គឺពេលទំនេរបានឆ្លៀតរៀនសរសេរកំណាព្យ និងហាត់លេងភ្លេង (ចេះកាន់ម៉ង់ដូលីន)សម្រាប់កំដរអារម្មណ៍បំភ្លេចរឿងស្នេហារបស់ខ្លួន។ ពិសេសពេលទំនេរទម្លាប់មកអង្គុយលេងមាត់ស្ទឹងសង្កែដើម្បីប្តូរបរិយាកាសក្នុងស្ថានភាពដែលកំពុងក្រលំបាក។ លោកបានកំព្រាឪពុកតាំងពីកុមារភាពរស់នៅក្រោមបន្ទុកម្តាយជាស្រ្តីមេម៉ាយ។ ចំណេះដឹងពីសាលា ដែលមានខ្លះៗលោកចាប់ផ្តើមសរសេរសៀវភៅប្រលោមលោក តែងកំណាព្យ យកទៅជួលគេបោះពុម្ភបានចេញផ្សាយលក់ខ្លះ និងមិនបានចេញខ្លះរកផ្លូវរស់នៅក្នុងអាជីពទឹកខ្មៅស្ទឹងសង្កែ។ សេចកី្តព្យាយាម លើវិថីប៉ាកាឬការសេរសរនោះមិនទទួលការនិយមអ្នកខ្លះថែមទាំងចំអកឳ្យលោកទៀតផង។
នៅទីបំផុតឆ្នាំ១៩៧២ លោកសម្រចចិត្តចូលក្រុងភ្នំពេញ (ក្នុងរបបសាធារណរដ្ឋខ្មែរ)ចាប់យកមុខ របរដូចជាកម្មករសំណង់ ឆ្នាំនោះក៏ស្រាប់លោក ឱ ឌុំ បានមករកជួបលោកដោយប្រាប់ថា មានក្រុមហ៊ុនថតភាពយន្តមួយសុំជួបជាមួយលោកដើម្បីសុំទិញរឿងប្រលោមលោក «រឿងពេជ្ឈឃាតក្រមុំ» ដែលលោកបានសរសេរលក់នៅបាត់ដំបងមកផលិតជាខ្សែភាពយន្តវិញដោយមានកុងត្រាច្បាស់លាស់ត្រឹមត្រូវហើយត្រូវទទួលយករូបលោកជាបុគ្គលិកក្នុងក្រុមហ៊ុននឹងមានប្រាក់ខែទៀតផង ។
កី្តសង្ឃឹមចាប់ផ្តើមមានពីពេលនោះមក ចំពោះបទចំរៀងដែលលោកបានសរសេរទាំងប៉ុន្មាននៅពេលទំនេរមិនទាន់បានផ្សាយទាំងកំណាព្យក្នុងនោះមានទាំងបទចំរៀង ហើយមានវាសនាជួប លោកស៊ិន ស៊ីសាមុត ទទួលច្រៀងយកបទចំរៀង កែសម្រួលសាច់ភ្លេង របស់លោកទៀត ទើបពេលនោះមានច្រើនសុទ្ធតែបទចំរៀងបាត់ដំបងមានច្រើនដោយសារលោកបានខិតខំចងក្រងរក្សាទុកទោះជាគ្មានទីផ្សារក៏ដោយ។ ទឹកខ្មៅស្ទឹងបានជនឡើងគឺបទចំរៀង «ម្លប់ដូងទី១០» គឺជារឿងពិតរបស់លោកផ្ទាល់ដែលកើតឡើងក្នុងឆ្នាំ១៩៦៩ វាជាស្នេហាគ្រាដំបូងដោយលោកបានស្រឡាញ់គ្នាជាមួយនារីម្នាក់នៅផ្ទះភូមិផង របងជាមួយគ្នាថែមបានសច្ចាស្បថស្បែរ ហើយបានណាត់ជួបគ្នានៅក្រោមដើមដូងមាត់ស្ទឹងសង្កែ ដែលមានកៅអីបង់ថ្ម នៅក្រោមដើមដូងនៅចំពីមុខវត្តពោធិវាលត្រើយខាងលិចហើយទីកន្លែងថ្លាថ្លែងរឿងបេះដូងបង្កើតឳ្យមានការណាត់ជួបជាហូរហែរ។
ភ្លើងស្នេហាចាប់ផ្តើមឆេះហុយៗ ព្រោះតែក្នុងជីវភាពរបស់លោកដុនដាបកោកយ៉ាកសូម្បីតែម្តាយបង្កើតក៏ត្រូវស្លាប់ចោលនៅក្រោមផ្ទះគេទៀតខ្លួនឯងគ្មានការងារធ្វើ ការសរសេរនិពន្ធបោះពុម្ភចេញផ្សាយទៅមុខមិនរួចទើបលោកដឹងសាច់រឿងដោយខ្លួនឯងថានារីនោះបានក្បត់ចិត្ត(សូមស្តាប់បទចំរៀងម្លប់ដូងទី១០) ហើយបានសរសេរទុកជាសាច់រឿងពិត ហើយទើបតែមកទម្លាយផ្សាយនៅឆ្នាំ១៩៧២ ដែលមានលោក ស៊ិន ស៊ីសាមុត (អធិរាជសម្លេងមាស) បានបន្ថែមសម្លេងរបៀបដង្ហក់ខ្សឹកខ្សួលអួលដើមកផងដើម្បីចូលរួមសោកស្តាយ គូរស្នេហ៌របស់លោកដែលមានដើមកំណើតនៅក្រោមដើមដូងមាត់ស្ទឹងសង្កែ ហើីយក៏ត្រូវរលាយទៅវិញក៏នៅកន្លែងដដែលកំសត់តាមសាច់រឿងទៀតទើបចាប់ល្បីតាំងពីពេលនោះមកឱ្យលោកផ្លាស់ប្តូរមុខមាត់។
ទឹកស្ទឹងសង្កែជោរនាចប្រាំងវស្សាតែរឿងស្នេហាដែលបាត់បង់ទៅហើយនោះ គ្មានថ្ងៃវិលវិញទេ ដើមដូង ដល់ពេលត្រូវដូរតែនិមិត្តរូបដើមដូងទី១០បានឈរបង្ហួតអ្នកនៅក្រុងបាត់ដំបងដដែលតាមរយៈកិច្ចការរដ្ឋបាលខេត្តបាត់ដំបងគឺនៅឆ្នាំ២០១៦ លោក ច័ន្ទ សុផល អតីតអភិបាលខេត្តបាត់ដំបង បានរំលឹកឡើងវិញចំពោះអនុស្សាវរីយ៍នៅបាត់ដំបងដែលល្បីតាមបទចំរៀង ម្លប់ដូងទី១០ បាននាំយកដើមដូងមកដាំនៅក្បាលស្ពានប៉ែកខាងកើតមុខវត្តកណ្តាលដែលជានិមិត្តរូបតាមសាច់រឿងនៃបទចំរៀងស្នេហារបស់កវីស្ទឹងសង្កែ។ បន្ទាប់ពី វីរៈកវីយើងបានទទួលមរណៈភាពនៅប្រទេសណ័រវ៉ែស ត្រូវបានក្រុមគ្រួសារសុំអាជ្ញាធរដើម្បីបញ្ចុះសពរបស់លោកនៅវត្តកណ្តាលនេះផងព្រោះអ្វីៗត្រូវធ្វើទៅតាមបណ្តាំរបស់លោក គង្គ ប៊ុនឈឿនឳ្យសកិ្តសមជាកវីម្ចាស់ដងស្ទឹងសង្កែដែលលោកមានដើមកំណើតនៅខេត្តបាត់ដំបង ហើយបានបន្សល់ទុករឿងរ៉ាវប្រវត្តិប្រចាំខេត្តដ៏អស្ចារ្យគ្មានគូប្រៀបឡើយ។
សូមបញ្ជាក់ថា នេះក៏ដើម្បីរំលឹកអនុស្សាវរីយ៍នៃម្ចាស់ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់កវីម្ចាស់ ស្ទឹងសង្កែគឺលោកគង្គ ប៊ុនឈឿន ជាតួឯកផងដែរ។ បទចម្រៀង ម្លប់ដូងទី១០ បានសម្រួលតន្រ្តីដោយ លោក ហាស់ សាឡន និងច្រៀងដោយលោក ស៊ីន ស៊ីសាមុត អំឡុងឆ្នាំ១៩៧៣។
តើអី្វជាមរតកស្ទឹងទឹកខ្មៅ គឺភរិយាលោក គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ប្រកាសផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុក ច្រៀង ដោយស្វាមីរបស់ខ្លួនចំនួន ៤បទបន្ថែមទៀត គឺបទស្ពានកំពង់លួង បទម្លប់ស្នេហ៍ដើមស្រឡៅ បទសែនឈឺចិត្ត និងបទប្រពន្ធខាំញិច៕