ស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមរឿង «ក្រុងសុភមិត្រ» 

​​      ​​រឿងក្រុងសុភមិត្រ ជាស្នាដៃប្រលោមលោកពាក្យកាព្យដែលឧកញ៉ា កោសា ធិបតី កៅ បានតាក់តែងឡើងតាំងពីឆ្នាំ១៧៩៨។ អ្នកនិពន្ធបាន ឱ្យយើងដឹងថា រឿងនេះលោកបានតាក់តែងជាថ្មីជា ភាសាខ្មែរ លាយបាលី ជាពាក្យកាព្យ ដោយប្រើកាព្យមាត្រផេ្សងៗ តាមខ្លឹមសារដំណើររឿង។

រូបក្របសៀវភៅ រឿងក្រុងសុភមិត្រ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលយល់ថា រឿងនេះអាចចាត់ទុកជាស្នាដៃសំខាន់មួយក្នុងប្រវត្ដិអក្សរសិល្ប៍ខ្មែរ ក៏បានចាត់ឱ្យចម្លងចេញពីសាស្ដ្រាស្លឹករឹត ហើយបោះពុម្ពផ្សាយជាសៀវភៅទុកជាមត៌កអក្សរសិល្ប៍ខ្មែរ ដោយមានបទានុក្រមសម្រាប់ពន្យល់ពាក្យពិបាកៗ ក្នុងស្នាដៃរឿងនោះផង។

    នៅសម័យសង្គមនិយមស្នាដៃនេះត្រូវគេហាមមិនឱ្យសិក្សានិងបំភេ្លចចោលទើបតែពេលថ្មីៗនេះពេលដែលរបបនយោបាយ បើកទូលាយដល់ការសិក្សាអក្សរសិល្ប៍ទើបយើងស្រាវជ្រាវរករឿង នេះមកសិក្សាឡើងវិញ។ ស្នាដៃដែលយើងរកឃើញគឺជាសៀវភៅដែលបោះពុម្ពលើកទី៨ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ឆ្នាំ ១៩៧២ ។

       លក្ខណៈពិសេសមួយរបស់រឿង« ក្រុងសុភមិត្រ» គឺការដែលវា មានឥទ្ធិពលអាចធ្វើឱ្យអ្នកអានរំជួលចិត្ដដោយ ទុក្ខព្រួយនៅដើមរឿងរួច រីករាយនិងមានសង្ឃឹមនៅទីបពា្ចប់។ ម្យ៉ាងទៀត ទាំងការបង្កើតទុក្ខព្រួយ ទាំងការបង្កើតសេចក្ដីរីករាយ ដល់អ្នកអាន វាស្ថិតនៅក្នុងបំណងតែមួយ គឺបណ្ដុះជំនឿលើពុទ្ធសាសនា។ ដូចេ្នះហើយ ទើបយើងចាត់ទុកថា រឿង នេះជាគំរូនៃស្នាដៃពុទ្ធនិយមសម័យកណ្ដាល ហើយលើកយកមកសិក្សា បង្ហាញលក្ខណៈពុទ្ធនិយម ទុកជាគោលសម្រាប់ ប្រៀបធៀបនឹងស្នាដៃ ដទៃដែល មាននិន្នាការប្រហាក់ប្រហែល¤ងាកចេញពីចលនានេះ។

១-.អ្នកនិពន្ធ និងសម័យកាលតែងរឿង

            ឧកញ៉ា កោសា ធិបតី កៅ ជាអ្នកនិពន្ធ ក្នុងរជ្ជកាលព្រះបាទ អង្គច័ន្ទ។ លោកបានរៀនសូត្រចេះស្ទាត់ភាសាខ្មែរ និងបាលីព្រមទាំងបានចេះចាំច្បាប់រាជការល្មមបម្រើការងាររដ្ឋបាល។ លោកត្រូវបានមហាក្សត្រ តែងតាំងជាចៅហ្វាយឃ្លាំងមណីរតន៍ ក្នុងព្រះរាជវាំង និងបានជាទីប្រឹក្សារបស់ព្រះអង្គខាងច្បាប់ទៀតផង។ អ្នកនិពន្ធរូបនេះបានតាក់តែងរឿង« ក្រុងសុភមិត្រ» ក្នុងសម័យកាលមួយ ដែលប្រទេសខ្មែរកំពុងធ្លាក់ក្នុងមហន្ដរាយយ៉ាងធ្ងន់ធ្ងរ ប្រជាជនរស់ក្នុងទុក្ខលំបាកវេទនា រកទីបំផុតគ្មាន ដោយការកៀបសង្កត់ពីប្រទេសជិតខាង និងដោយការហែកហួរដណ្ដើមអំណាចក្នុងរាជវង្សានុវង្ស។

២.សងេ្ខបរឿង ក្រុងសុភមិត្រ

         មានព្រះអង្គមួយព្រះអង្គព្រះនាម ក្រុងសុភមិត្រ សោយរាជ្យនៅ នគរពារាណាសី។ ព្រះអង្គមានអគ្គមហេសី ព្រះនាមនាង កេសនី និងរាជបុត្រពីរអង្គព្រះនាម ជ័យសែនរាជកុមារ និងជ័យទត្ដរាជកុមារ។ ថ្ងៃមួយ ព្រះអនុជព្រះអង្គព្រះនាម អសុភមិត្របានប៉ងធ្វើឃាតព្រះអង្គ ដើម្បីដណ្ដើមរាជសម្បត្ដិ។ ពេលដឹងហេតុការណ៍នេះព្រះអង្គបាននាំអគ្គមហេសី និងបុត្រភៀសព្រះអង្គចេញពីព្រះនគរ ព្រោះមិនចង់ឱ្យមានសង្គ្រាមនាំ ឱ្យស្លាប់ប្រជាជន។ ទ្រង់យាងកាត់ព្រៃភ្នំក្រំថ្ម សោយតែផ្លែឈើដែលមាននៅក្នុងព្រៃព្រឹក្សា។ ពេលភៀសព្រះកាយដល់មាត់សមុទ្រ ព្រះទតឃើញក្រុងសុភមិត្រ ដោយសមេ្រចទុកបុត្រទាំងពីរនៅត្រើយខាងអាយ ហើយពរមហេសី ហែលឆ្លងទៅត្រើយម្ខាងទៀត។ ពេលកុមារទាំងពីរនៅឆ្ងាយពីមាតាបិតា មានអ្នកនេសាទពីរនាក់ប្ដីប្រពន្ធ មកជួបហើយរើសយកទៅចិញ្ចឹមទុកដូចជាកូន។ ព្រះរាជាពេលហែលចម្លងមហេសីដល់ត្រើយម្ខាងហើយក៏ ហែលត្រឡប់វិញដើម្បីចម្លងបុត្រទៅទៀត។ ពេលមហេសីនៅម្នាក់ឯង មានសំពៅជំនួញមួយមកដល់ ហើយនាយសំពៅនោះក៏នាំគ្នាចាប់ព្រះនាងដាក់សំពៅយកទៅ។ ព្រះបាទក្រុងសុភមិត្រហែលមករកបុត្រទាំងពីរ ពុំឃើញក៏មានទុក្ខព្រួយយ៉ាងខ្លាំងហើយហែលត្រឡប់ទៅរកមហេសីវិញ ទៅដល់រកមហេសីមិនឃើញទៀតរឹតតែមានទុក្ខជាទម្ងន់ហើយធ្វើដំណើរ តែម្នាក់ឯងរហូតដល់នគរមួយទៀតឈ្មោះ តក្កសិលា។

            នៅនគរតក្កសិលា ព្រះរាជាទើបនឹងសោយទីវង្គត់ទៅដោយគ្មានរាជបុត្រសោយរាជស្នង។ ពេលនោះមន្ដ្រីទាំងឡាយ បានរៀបចំក្បួនដំរីផ្សងរកអ្នកមានបុណ្យ ដើម្បីគ្រប់គ្រងនគរ។ ដំរីនោះបានទៅលុតជង្គង់ចំពោះមុខព្រះបាទក្រុងសុភមិត្រ ដែលកំពុងសំរាកលើផ្ទាំងថ្ម។ គេក៏បានដង្ហែព្រះអង្គមកសោយរាជ្យនៅនគរតក្កសិលា។ ក្រោយមកអស់ពេលដ៏យូរ អ្នកនេសាទបាននាំកុមារ ទាំងពីរទៅថ្វាយព្រះអង្គធ្វើជាមហាតលិក តែព្រះអង្គពុំស្គាល់ថា ជាព្រះរាជបុត្រឡើយ។ ក្រោយមកទៀតនាយសំពៅបាននាំបណ្ណាការមកថ្វាយ ព្រះអង្គហើយព្រះអង្គបានឃាត់នាយនោះឱ្យនៅសំណេះសំណាលលេងរួចចាត់ឱ្យមហាតលិកកេ្មងទាំងពីរទៅចាំសំពៅជំនួស។ នៅលើសំពៅ កុមារទាំងពីរបានសួរនាំគ្នាអំពីមាតាបិតារបស់ខ្លួន។ ពេលនោះនាងកេសនី បានស្ដាប់ឭ ហើយដឹងជាក់ជាបុត្ររបស់ខ្លួន ក៏ស្ទុះមកឱបបុត្រទាំងពីរ ជាហេតុនាំឱ្យពួកកម្មករសំពៅយល់ច្រឡំថា កេ្មងនោះបំពានលើមនុស្សស្រី ហើយយករឿងនោះទៅជម្រាបព្រះរាជា។ ព្រះអង្គបានឱ្យគេនាំមហាតលិកទាំងពីរទៅសួរក៏បានដឹងការពិត ហើយចុះសំពៅមកដង្ហែនាងកេសនី ចូលរាជវាំងវិញ។ ព្រះបាទក្រុងសុភមិត្របានជួបជុំមហេសី និងរាជបុត្រទាំងពីរវិញហើយគ្រងរាជ្យសម្បត្ដិ ជាសុខសាន្ដរៀងរហូតទៅ ។

៣.ចំណុចពុទ្ធនិយមក្នុងស្នាដៃ

      យើងអាចដឹងបានថា រឿង« ក្រុងសុភមិត្រ» ជាស្នាដៃអក្សរសិល្ប៍ បែបពុទ្ធនិយមដោយមិនចាំបាច់បង្ហាញ ចំណុចពុទ្ធនិយមទាំងឡាយក្នុងស្នាដៃនោះឡើយ ព្រោះនេះជារឿងមួយដែលដកស្រង់ពីគម្ពីរពុទ្ធសាសនា គឺបញ្ញាសជាតក។ តែដោយជាតកនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងចំណុចពុទ្ធនិយមផេ្សងៗគ្នាទៅតាមកំណើតពោធិសត្វក្នុងជាតិនីមួយៗហើយម្យ៉ាងទៀត ការដែលអ្នកនិពន្ធ បានជ្រើសរើសជាតក នេះមកតែងនិពន្ធ ពិតជាផ្ដើមចេញ មកពីទស្សនៈផ្ទាល់របស់លោកអំពីបញ្ហាជីវិតនិងបបញ្ហាសង្គមដែលលោករស់នៅនោះទើបយើងត្រូវបង្ហាញចំណុចពុទ្ធនិយមនៃ រឿង« ក្រុងសុភមិត្រ »នេះ។

៤.តំណែងនិពន្ធតាមគំរូរឿងជាតក

       ក្នុងការតែងនិពន្ធ ឧកញ៉ា កោសា ធិបតី កៅ បានអនុវត្ដតាមគំរូតំណែងនិពន្ធនៃរឿងជាតកទាំងស្រុងទាំងក្នុងការផ្ដើមរឿងទាំងក្នុងការបពា្ចប់រឿង។ នៅដើមរឿងបន្ទាប់ពីបទនមស្សការរំលឹកដល់គុណព្រះរតនៈត្រ័យ និងការប្រាប់កាលបរិចេ្ឆទព្រមទាំងឈ្មោះអ្នកនិពន្ធលោកបានបញ្ចាក់ថា រឿងនេះនិទានអំពីដំណើរជីវិតពោធិសត្វ កាលដែលព្រាត់ប្រាស់ប្រពន្ធ កូន ដោយសារតែបាបកម្មពីអតីតជាតិ(ឧកញ៉ាកោសាធិបតីកៅក្រុងសុភមិត្រ រាជធានីភំ្នពេញ ការផ្សាយរបស់ពុទ្ធសាសនបណិ្ឌត្យ បោះពុម្ពលើកទី៨ឆ្នាំ១៩៧២ទំព័រ៣)។ នៅទីបពា្ចប់នៃរឿង បន្ទាប់ពីបពា្ចប់ដោយការជួបជុំគ្នាវិញនៃក្សត្រទាំងបួនក្នុងសម័យកាលនោះ អ្នកនិពន្ធបានបញ្ចាក់នូវរសជាតិជីវិតរបស់តួអង្គសំខាន់ៗទាំងអស់នាសម័យពុទ្ធកាលដូចជា ៈ

      – ព្រះបាទក្រុងសុភមិត្រ គឺ អង្គតថាគត (ព្រះពុទ្ធ)

      – នាងកេសនី គឺ កន្សៃសពេជ្រ (មហេសីព្រះពុទ្ធ)

      – ជ័យសែនកុមារ គឺ រាហ៊ុលកុមារ (បុត្រព្រះពុទ្ធ)

      – ជ័យទត្ដកុមារ គឺ មហាអនន្ទ (សាវ័កព្រះពុទ្ធ)

   -ព្រះបាទក្រុងអសុភមិត្រគឺទេវទត្ដនៅស្ថាននរក(ឧកញ៉ាកោសាធិបតីកៅ ក្រុងសុភមិត្រ បោះពុម្ពលើកទី៨ឆ្នាំ១៩៧២ទំព័រ៩៣)។

៥.ការឆ្លុះបញ្ចាំងទ្រឹស្ដីនៃពុទ្ធសាសនា

       ដំណើររឿងក្រុងសុភមិត្រ បានបង្ហាញឱ្យយើងឃើញទាំង វាសនា ល្អ ទាំងវាសនាអាក្រក់របស់តួអង្គ។ យើងសងេ្កតឃើញថា អ្នកនិពន្ធបាន យោងទាំងស្រុងលើទ្រឹស្ដីកម្មផលក្នុងពុទ្ធលទ្ធិក្នុងការបង្ហាញដំណើរជីវិត តួអង្គសំខាន់ៗទាំងនោះ។ ជាទូទៅពេលតួអង្គជួបទុក្ខវេទនា ឬជួបការព្រាត់ប្រាស់គ្រួសារអ្នកនិពន្ធបានបញ្ជាក់ថា នោះបណ្ដាលមកពីកម្មអាក្រក់ដែលតួអង្គបានសាងពីជាតិមុនមក ហើយសំខាន់បំផុត គឺកម្មអាក្រក់នោះហុចផលរហូតដល់៥០០ជាតិ។ ឧទាហរណ៍ ក្រុងសុភមិត្រព្រាត់ប្រពន្ធកូន ដោយសារពីជាតិមុនបានចាប់កូនបក្សីមកលេង ហើយបោចរោមអស់បី ឱ្យមានហូរឈាម។ សូម្បីតែពេលក្រុងសុភមិត្រជួបបុត្រាទាំងពីរហើយតែ មិនស្គាល់ថា ជាបុត្រក៏អ្នកនិពន្ធបញ្ចាក់ថា បណ្ដាលមកពីបាបកម្មពីជាតិមុនដែរ។ ផ្ទុយទៅវិញ ពេលជួបវាសនាល្អ នោះអ្នកនិពន្ធបញ្ជាក់ថា វាបណ្ដាលមកពីកុសលកម្មដែលគេបានសាង។ ដូចជាពេលដែលនាង កេសនីរស់នៅលើសំពៅឆ្ងាយពីស្វាមី គ្មាននរណាហ៊ានប៉ះពាល់ខ្លួននាងបានឡើយ ព្រោះនាងមានបុណ្យបារមី ដែលជាផលនៃអំពើល្អរបស់នាង តាមជួយ។

            តាមរយៈការបង្ហាញតួអង្គក៏យើងអាចឃើញថា អ្នកនិពន្ធបានសង្កត់ធ្ងន់ លើទ្រឹស្ដីកម្មផលនេះដែរ។ តួអង្គឯកបុរស គឺព្រះបាទក្រុងសុភមិត្របាន បណ្ដោយជីវិតក្នុងស្ថានភាពលំបាកវេទនា និងក្នុងការព្រាត់ប្រាស់ដោយមិនរកវិធីអ្វីដោះស្រាយ ដោយគិតក្នុងចិត្ដថា នេះជាផលអាក្រក់ដែលខ្លួន ត្រូវតែទទួលដោយជៀសមិនផុតលុះដល់ពេលជួបវាសនាល្អដោយបានគេដង្ហែយកទៅឱ្យធ្វើសេ្ដចនៅតក្កសិលា ក៏មិនភ្ញាក់ផ្អើលគិតថា អស្ចារ្យ ព្រោះដូចជាដឹងថា នេះជាផលនៃកុសលកម្មរបស់ខ្លួន។

     ម្យ៉ាងទៀត ដើម្បីដោះស្រាយនូវរាល់បបញ្ហទាល់ច្រកទាំងឡាយអ្នកនិពន្ធបានបង្ហាញលក្ខណៈអស្ចារ្យរបស់តួអង្គ ក្នុងន័យថា តួអង្គនោះជា មនុស្សមានបុណ្យបារមីព្រោះបានសាងអំពើល្អពីជាតិមុនៗមកច្រើន។ ដូចជាពេលត្រូវធ្វើដំណើរឆ្លងសមុទ្រ អ្នកនិពន្ធបានបង្ហាញពីសមត្ថភាព ដ៏អស្ចារ្យរបស់ព្រះបាទក្រុងសុភមិត្រ ដែលអាចពរមហេសីហែលឆ្លងសមុទ្របាន ដោយគ្មានគ្រោះថ្នាក់ បើទោះបីសមុទ្រមានរលកធំមាន ត្រីធំ និងមានឆ្លាមកាចសាហាវជាច្រើន ជាឧបសគ្គក៏ដោយ។

      ដូចេ្នះយើងឃើញថា កម្មផលក្នុងរឿង« ក្រុងសុភមិត្រ» ជាកម្មផល ដែលទាក់ទងតាំងពីអតីតជាតិ។ បានន័យថា ដំណើរជីវិតតួអងទាំងអស់ មិនមែនសមេ្រច ដោយតួអង្គខ្លួនឯងក្នុងសម័យកាលដែលខ្លួនរស់នៅនោះទេ តែវាកំណត់ដោយអំពើដែលតួអង្គទាំងនោះបានសាងតាំងពីជាតិមុនមក។ ក្រៅពីនេះអំពើល្អនិង អំពើអាក្រក់នោះមិនអាចយកទៅទូទាត់ គ្នាបានឡើយ ពោលគឺបើបានធ្វើអាក្រក់ផង និងបាន
ធ្វើ្វល្អផងនោះ ត្រូវទទួលទាំងផលអាក្រក់ទាំងផលល្អ។ ដូចេ្នះហើយទើបព្រះបាទក្រុងសុភមិត្រដែលជាពោធិសត្វហៀបនឹងបានត្រាស់ជាព្រះពុទ្ធទៅហើយនោះ នៅតែជួបវាសនាអាក្រក់ក្នុងដំណើរជីវិតរបស់ខ្លួន។

       សរុបមកទាំងដំណើររឿងកំសត់ ទាំងដំណើររឿងរីករាយនៃរឿង« ក្រុងសុភមិត្រ» សុទ្ធសឹងផ្អែកលើទស្សនៈកម្មផលទាំងអស់ៈអ្នកនិពន្ធ បានបង្ហាញលក្ខណៈកំសត់ដោយផ្អែកលើបាបកម្ម រួចបង្ហាញលក្ខណៈ រីករាយដោយផ្អែកលើកុសលកម្ម។ ការបង្ហាញដំណើររឿងបែបនេះគឺជា ការបណ្ដុះជំនឿដល់ប្រជាជនលើពុទ្ធលទ្ធិពិសេសលើទ្រឹស្ដីកម្មផលដោយ ធ្វើឱ្យប្រជាជនខ្លាចរអារ ក្នុងការប្រព្រឹត្ដអំពើអាក្រក់ ហើយចូលចិត្ដ សន្សំកុសលបុណ្យដោយសាងតែអំពើល្អ។ តែម្យ៉ាងទៀត ការបង្ហាញរ បៀបនេះក៏អាចធ្វើឱ្យប្រជាជនអសកម្មក្នុងដំណោះស្រាយបពា្ហាជីវិត ហើយព្រមរស់ក្នុងការលំបាកវេទនា ដោយគិតថា នេះជាផលកម្មដែល ខ្លួនបានសាង ផលកម្មនេះគ្មាននរណា ម្នាក់អាចជៀសរួចឡើយ ទោះបីជា សេ្ដចផែនដីក៏ដោយ។

៦.ដំណោះស្រាយបញ្ហាតាមពុទ្ធឱវាទ

     ការចាប់ផ្ដើមរបស់រឿង« ក្រុងសុភមិត្រ»បង្ហាញទំនាស់មួយយ៉ាង សំខាន់គឺការក្បត់ដណ្ដើមរាជ្យសម្បត្ដិក្នុងរាជវង្សានុវង្ស។ ក្នុងសច្ចភាព សង្គមខ្មែរពិសេសក្នុងសម័យកាលខ្លះតែងមានរឿងរបៀបនេះជាទំនាស់ ស្រួចស្រាវបំផុត ព្រោះក្នុងប្រវត្ដិសាស្ដ្រខ្មែរយើង មិនឃើញមានសេ្ដចអង្គណា ព្រមលះបង់អំណាចឱ្យអ្នកដទៃឡើយ រួចដើម្បីការពារអំណាចនោះ គេបានកែនប្រជាជនធ្វើសង្គ្រាមបង្ហូរឈាមឬរត់ទៅពឹងពាក់បរទេសជិតខាង។ តែនៅក្នុងរឿង« ក្រុងសុភមិត្រ» យើងឃើញបញ្ហានេះត្រូវបានដោះស្រាយយ៉ាងងាយស្រួល ពេលដឹងអំពីផែនការក្បត់របស់ប្អូនប្រុសព្រះបាទក្រុង សុភមិត្របានសមេ្រចចិត្ដលះបង់អំណាច រួចនាំប្រពន្ធកូនរត់ភៀសខ្លួន ចេញពីនគរ ទោះដឹងថានឹងត្រូវលំបាកវេទនាក៏ដោយ។

      ការដែលព្រះបាទក្រុងសុភមិត្រលះបង់អំណាច និងការព្រមទទួល យកវាសនាអាក្រក់ក្នុងដំណើររឿងនោះ មិនមែនស្ថិតនៅលើតែជំនឿ កម្មផលប៉ុណ្ណោះទេ តែវាស្ថិតលើឧត្ដមគតិមួយ ដែលជាគុណធម៌សំខាន់ បំផុតរបស់ពោធិសត្វ នោះគឺការគិតដល់អ្នកដទៃជាងការគិតដល់ខ្លួនឯង។ តាមការបង្ហាញរបស់អ្នកនិពន្ធយើងឃើញថា ព្រះបាទក្រុងសុភមិត្រ ជាអ្នកស្រឡាញ់ប្រពន្ធកូនយ៉ាងខ្លាំងតែទ្រង់បានសមេ្រច
ចិត្ដភៀសខ្លួនចោលប្រពន្ធកូន ព្រោះមិនចង់ឱ្យមានសង្គ្រាមដែលនាំឱ្យប្រជាជន លំបាកវេទនា (ឧកញ៉ាកោសាធិបតីកៅ ក្រុងសុភមិត្រ.ដឯ.មទំព័រ១៣)។ លុះនាងកេសនីទាមទារភៀសទៅជាមួយក៏ព្រះអង្គ នៅតែរក្សាគំនិតមិនធ្វើសង្គ្រាមគឺ សុខចិត្ដឱ្យក្រុមគ្រួសារខ្លួនលំបាកវេទនាឱ្យតែប្រជាជនទូទៅបានសេចក្ដីសុខ។

            ដោយសារដំណោះស្រាយនេះ អ្នកនិពន្ធបានធ្វើឱ្យតួអង្គក្រុងសុភមិត្រក្លាយជាតួអង្គពុទ្ធនិយម ព្រោះតាមពុទ្ធឱវាទការគិតដល់សេចក្ដីសុខអ្នកដទៃ និងការមិនព្យាបាទ មិនបៀតបៀនចំពោះមនុស្សទូទៅនោះ ជាការពិចារណាត្រឹមត្រូវ ហើយវាជាមតិមួយនាំមនុស្សឆ្ពោះ ទៅរកនិព្វានទៀតផង។

សេចក្ដីសន្និដ្ឋាន

   សរុបមកយើងអាចសន្និដ្ឋានបានថា រឿងក្រុងសុភមិត្រជាស្នាដៃដែលមានលក្ខណៈពុទ្ធនិយមយ៉ាងជ្រាលជ្រៅ។ ទាំងការបង្ហាញការសជាតិរបស់តួអង្គទាំងការឆ្លុះបញ្ចាំងទស្សនៈកម្មផល និងការដោះស្រាយបញ្ហា ដោយសន្ដិវិធីសុទ្ធតែជាមធ្យោបាយអប់រំមនុស្ស ឱ្យលុះក្នុងគន្លងចរិយា សាស្ដ្រពុទ្ធសាសនា។ ក្នុងពេលដែល ប្រទេសជាតិធ្លាក់ក្នុងភាពអួរអាប់ ដោយបាត់បង់សីលធម៌ ការប្រើប្រាស់ទ្រឹស្ដីសាសនា អាចជួយកសាង ស្មារតីមនុស្សឡើងវិញ តែវាក៏នាំឱ្យមនុស្ស ឃ្លាតឆ្ងាយពីជីវភាពជាក់ស្ដែងដែរ ព្រោះដើម្បីអះអាងទ្រឹស្ដីដែលផ្ទុយពីសកម្មភាពក្នុងសង្គម គេមិនអាចយកឧទាហរណ៍ពីសង្គមនោះបានឡើយ។
ដូច្នេះហើយទើបស្នាដៃ ពុទ្ធនិយមភាគច្រើន ច្រើនតែជារឿងរ៉ាវដែលមិនទាក់ទង អ្វីទាំង អស់ជាមួយជីវភាពសង្គម ហើយសូម្បីទីកន្លែងនិងពេលវេលារឿងក៏យើង មិនដឹងថាជាកន្លែងណា ពេលណាពិតប្រាកដដែរ៕ ដកស្រង់«វិវត្តន៍អក្សរសិល្ប៍ខ្មែរ»

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព