ប្រទេសឥណ្ឌូណេស៊ី មានបំណងទាក់ទាញវិនិយោគិនដែលមានទ្រព្យសម្បត្តិ ជាមួយនឹងកម្មវិធីទិដ្ឋាការមាសថ្មីរបស់ខ្លួន ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា គោលនយោបាយនេះ អាចទាញយកការលាងលុយកខ្វក់ឆ្លងព្រំដែន និងជំរុញឱ្យលំនៅដ្ឋានឡើងថ្លៃ។
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា គម្រោងទិដ្ឋាការនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនបរទេសក្នុងការវិនិយោគ និងរួមចំណែកទ្រព្យសម្បត្តិ បំណិន ឬភាពជំនាញរបស់ពួកគេ ដល់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមវិនិយោគិនជាបុគ្គល ត្រូវតែបង្កើតក្រុមហ៊ុនមួយ ដែលមានតម្លៃ 2.5 លានដុល្លារអាមេរិក ដើម្បីទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ ឬ 5 លានដុល្លារទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំ។
ជាជម្រើស ពួកគេអាចធានាបាននូវការអនុញ្ញាតរយៈពេល 5 ឆ្នាំ ឬ 10 ឆ្នាំ ដោយដាក់ប្រាក់យ៉ាងហោចណាស់ 35ម៉ឺនដុល្លារ និង 70ម៉ឺន ដុល្លារតាមចំនួនឆ្នាំទាំងនេះ។ ប្រាក់នេះ អាចត្រូវបានដាក់ជាប្រាក់បញ្ញើ ឬប្រាក់ដែលប្រើដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី និងភាគហ៊ុនក្រុមហ៊ុនរដ្ឋ។
ទិដ្ឋាការមាសប្រភេទមួយផ្សេងទៀត អនុញ្ញាតឱ្យបុគ្គលទាំងឡាយស្នាក់នៅ៥ឆ្នាំ ដោយដាក់ប្រាក់បញ្ញើចំនួន 13ម៉ឺន ដុល្លារនៅក្នុងធនាគារដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងទិញអាផាតមិន១ ដែលមានតម្លៃចាប់ពី 1លានដុល្លារឡើងទៅ។
សម្រាប់វិនិយោគិនសាជីវកម្ម តម្រូវឲ្យធ្វើការវិនិយោគ 25លានដុល្លារ ទើបទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ និងតម្រូវឲ្យធ្វើការវិនិយោគចំនួន 50លានដុល្លារ ទើបទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំ ដោយអាចធ្វើទៅបានដែក្រុមនាយក និងក្រុមស្នងការរបស់ពួកគេប៉ុណ្ណោះ។
សារព័ត៌មាន Asia News Network បានស្រង់សម្តីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលបានថ្លែង ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា កម្មវិធីនេះនឹងមានឥទ្ធិពលច្រើនណាស់លើប្រទេសនេះ ដោយបង្កើនការចំណេញដើមទុន ការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា។
ប្រមុខទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសនេះ លោក Silmy Karim បាននិយាយថា ទិដ្ឋាការថ្មីនេះ នឹងបង្កើតឱកាសជាច្រើនសម្រាប់ក្រុមហ៊ុនបរទេស ដែលបានបង្កើតនៅក្នុងប្រទេសឥណ្ឌូនេស៊ីរួចហើយ។
ពួកគេក៏ នឹងកាត់បន្ថយវត្តមានរបស់អ្នកដំណើរឌីជីថល និងអ្នកទេសចររយៈពេលវែង ដែលរួមចំណែកតិចតួច ចំពោះសេដ្ឋកិច្ចក្នុងស្រុក ខណៈដែលកំពុងរស់នៅក្នុងគោលដៅទេសចរណ៍នានា ដូចជាកោះបាលី ដោយប្រើទិដ្ឋាការទេសចរណ៍។
ចាប់តាំងពីការចាប់ផ្តើមកម្មវិធីសាកល្បងនេះ សម្រាប់ការអនុញ្ញាតពីឆ្នាំមុន ឥណ្ឌូនេស៊ី បានចេញទិដ្ឋាការមាសជិត 300ទិដ្ឋាការ ដែលទទួលបានការវិនិយោគចំនួន 123លានដុល្លារ។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ បានលើកឡើងពីការព្រួយបារម្ភជុំវិញការគំរាមកំហែងជាសក្តានុពលនៃការលាងលុយកខ្វក់ឆ្លងដែន និងសកម្មភាពឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀត ក៏ដូចជាអតិផរណាតម្លៃលំនៅឋាន។
ប្រទេសជាច្រើនដូចជា កាណាដា ចក្រភពអង់គ្លេស និងសិង្ហបុរី បានបញ្ឈប់រាល់កម្មវិធីទិដ្ឋាការវិនិយោគស្រដៀងគ្នានេះ បន្ទាប់ពីកំណត់ថា ពួកគេមិនបានបង្កើតការងារ និងអាចប្រើជាមធ្យោបាយមួយ ដើម្បី សំចតប្រាក់ដែលគ្មានសុវត្ថិភាព ដូចដែលទីភ្នាក់ងារ Reuters បានរាយការណ៍កន្លងមក។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និង ច្បាប់ ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា លោក Bhima Yudhistira បានប្រាប់កាសែត សៅឆាយណាម៉រនីងផុស និយាយថា៖ “ប្រទេសដែលបានលុបចោលគោលនយោបាយទិដ្ឋការមាស គឺមានវិធានការប្រឆាំងនឹងការលាងលុយកខ្វក់ ដែលតឹងរ៉ឹងជាងប្រទេសឥណ្ឌូនេស៊ី ហើយពួកគេថែមទាំងគិតថា ទិដ្ឋការមាស នឹងអនុញ្ញាតឱ្យមានការលាងលុយកខ្វក់ឆ្លងព្រំដែន និងការវិនិយោគខុសច្បាប់ទៀតផង”។
លោក បានបន្ថែមថា ទិដ្ឋាការមាសតែមួយ មិនអាចមានផលប៉ះពាល់ភ្លាមៗនោះទេ ព្រោះតែអ្នកវិនិយោគកំពុងអនុវត្តវិធីសាស្រ្ត “រង់ចាំមើល” ក្នុងអំឡុងពេលអន្តរកាលរបស់រដ្ឋាភិបាល ដោយប្រធានាធិបតីបច្ចុប្បន្ន នឹងត្រូវចុះចេញពីតំណែងនៅក្នុងខែតុលាខាងមុខ។
កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្កាល់ដែលពីមុន បានអនុញ្ញាតឱ្យជនបរទេសទទួលបានសិទ្ធិរស់នៅ ដោយការទិញអចលនទ្រព្យ ដែលនាំឱ្យមានការកើនឡើងនៃអចលនទ្រព្យ និងតម្លៃជួល។ គេបានធ្វើវិសោធនកម្មគោលនយោបាយរបស់ខ្លួនកាលពីដើមឆ្នាំនេះ ដោយដកចេញនូវការវិនិយោគអចលនទ្រព្យដើម្បីមានផ្លូវរស់នៅ។
សេដ្ឋវិទូ Nailul Huda នៃ មជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និង ច្បាប់ បានប្រាប់ សៅឆាយណាម៉រនីងផុស ថា៖ “ប្រសិនបើអ្នកកាន់ទិដ្ឋាការមាស អាចកាន់កាប់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី, នោះវាអាចជាការគំរាមកំហែងចំពោះសពលរដ្ឋឥណ្ឌូនេស៊ី។ កម្មសិទ្ធិដីធ្លី នៅទីបំផុត អាចផ្លាស់ប្តូរពីប្រជាជនឥណ្ឌូនេស៊ី ទៅជាជនបរទេសទាំងអស់ ហើយវាអាចនាំឱ្យមានការតវ៉ាពីក្រុមអ្នកស្រុក។ ”
ទាក់ទិននឹងកង្វល់ទាំងនេះ លោកប្រធានាធិបតី Widodo បានសង្កត់ធ្ងន់ថា ទិដ្ឋាការទាំងនេះ មានគោលបំណងសម្រាប់ “ក្រុមអ្នកធ្វើដំណើរដែលមានគុណភាពល្អ” ដែលរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ច និងមិនមែនសម្រាប់ក្រុមអ្នកដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិនោះទេ។
បណ្តាញព័ត៌មានអាស៊ី បានដកស្រង់សម្តីគាត់ ដូចបាននិយាយថា៖ “ក្រុមអាជ្ញាធរ ត្រូវតែជ្រើសរើស និងវាយតម្លៃដោយប្រុងប្រយ័ត្ន អំពីការរួមចំណែករបស់ក្រុមអ្នកដាក់ពាក្យសុំម្នាក់ៗ”។
ជាការឆ្លើយតប លោក Silmy Karim បាននិយាយថា ការិយាល័យរបស់លោក នឹងអនុវត្តដំណើរការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការមាសទាំងអស់ ដែលនឹងរាប់បញ្ចូលទាំងការសម្របសម្រួលជាមួយក្រុមប៉ូលិស Interpol និងមជ្ឈមណ្ឌលរបាយការណ៍និង វិភាគប្រតិបត្តិការ ហិរញ្ញវត្ថុផងដែរ៕