គ្រូសារអ្នកនិពន្ធម្ចាស់ស្នាដៃ «លំនៅចុងក្រោយ»ត្រូវបានខ្មែរក្រហមសម្លាប់នៅវាលពិឃាតជើងឯកទាំងគ្រួសារ

ម្ចាស់ស្នាដៃប្រលោមលោកមួយដែលអ្នកសិក្សាអក្សរសិល្ប៍ចាប់អារម្មណ៍ជាងគេក្នុងចំណោមស្នាដៃនិពន្ធជាង១០ចំណងជើង គឺរឿង«លំនៅចុងក្រោយ»និពន្ធដោយលោក ឃុន ស្រ៊ុន ជាប្រលោមលោកអត្ថាធិប្បាយរិះគន់ចំៗពីការពិតនៃព្រឹត្តិការក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។

អ្នកនិពន្ធ ឃុន ស្រើុន ភរិយានិងកូនតូច

លោកតែងសម្ដែងការមិនពេញចិត្តរបបដឹកនាំរបបសាធារណរដ្ឋខ្មែរ។ នៅឆ្នាំ ១៩៧១ លោក ឃុន ស្រ៊ុន បានជាប់ពន្ធនាគាររយៈពេល៧ខែ ដោយសារលោកបដិសេធមិនចូលរួមនឹងរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ នៅឆ្នាំ ១៩៧៣ បន្ទាប់ពីជាប់ពន្ធនាគារជាលើកទី២ លោកបានចូលជាមួយចលនាកុម្មុនីស្តកម្ពុជា ហើយក៏បានបញ្ចប់អាជីពជាអ្នកនិពន្ធត្រឹមអាយុ២៨ឆ្នាំ។

ភូមិអ្នកនិពន្ធ បានព្យាយាមស្វែងរកសេចកី្តពិតនៃជីវិតរបស់អ្នកនិពន្ធរិះគន់តថភាពសង្គម លោកឃុន ស្រ៊ុន ជាអ្នកនិពន្ធចម្រុះ ពោលគឺលោកអាចនិពន្ធបានទាំងផ្នែកកំណាព្យ អត្ថបទពាក្យរាយ ប្រលោមលោក និងគណិតវិទ្យាផងទៀត។ ស្នាដៃរបស់លោកភាគច្រើនតែងពាក់ព័ន្ធនៅក្នុងហេតុការណ៍ពិតៗដែលកើតមានក្នុងសង្គម។ ឧទាហរណ៍រឿង«លំនៅចុងក្រោយ» បោះពុម្ពឆ្នាំ១៩៧១ ជាប្រភេទរឿងកម្រង ដែលសាច់រឿងនេះបង្ហាញពីព្រឹត្តិការណ៍សង្គមខ្មែរនាសម័យដែលអ្នកនិពន្ធផ្ទាល់បានឆ្លងកាត់ជាពិសេស បង្ហាញអំពីជីវភាពរស់នៅរបស់ប្រជារាស្ត្រតូចតាច នៅតាមជនបទស្រែចំការ ជីវភាព និងការងាររបស់គ្រូបង្រៀនតាំងពីថ្នាក់តូច រហូតដល់ថ្នាក់ធំនិង បង្ហាញពីទុក្ខវេទនារបស់ប្រជាកសិករដោយសារតែសង្គ្រាម និងការទម្លាក់គ្រាប់សម័យលន់នល់។ ចំណែកឯរឿងមួយចំនួនទៀតដូចជារឿង« ផ្ទះអន្ទិតសុក សាលាខ្ញុំ, ត្រកៀន» ជារឿងដែលនិយាយពីដំណើរជីវិត និងតថភាពនៃការរស់នៅការរៀនសូត្រនិងការប្រកបការងារ របស់អ្នកនិពន្ធ។

លោក ឃុន ស៊្រុន កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៤៥ នៅភូមិរវៀង ស្រុកសំរោងទង ខេត្តតាកែវ (សព្វថ្ងៃជាខេត្តកំពង់ស្ពឺ)។ ម្តាយឈ្មោះ ជី អេង និង ឪពុកឈ្មោះ ឃុន គឹមឆេង។ លោកជាកូនទី៤ ក្នុងចំណោមកូនទាំង៧នាក់ ។ ឆ្នាំ១៩៥៣ កុមារ ស្រ៊ុន បានចូលសិក្សានៅសាលាបឋមសិក្សាប្រាសាទនាងខ្មៅ ហើយបានបន្តការសិក្សានៅតាកែវក្រុង មុនពេលបានចូលជានិស្សិតផែ្នកគណិតសាស្ត្រ ឆ្នាំ១៩៦៤ នៅទីក្រុងភ្នំពេញ។ ចេញពីវិទ្យាស្ថានគរុកោសល្យ អនាគតអ្នកនិពន្ធ សាស្ត្រាចារ្យ រូបនេះ បានប្រឡងជាប់ចូលសាលាគរុវិជ្ជាជាន់ខ្ពស់ ។ នៅឆ្នាំ១៩៦៩ លោកបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ ។ លោក ឃុន ស្រ៊ុន ជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ មុនក្លាយជាសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិ ។

សៀវភៅអក្សរសាស្ត្រខ្មែរសតវត្សរ៍ទី២០ របស់បណ្ឌិតសាស្ត្រាចារ្យ ឃីង ហុកឌី បានអត្ថាធិប្បាយថា លោក ឃុន ស្រ៊ុន បានបំរើខេមរយានកម្មសិក្សាផ្នែកគណិតវិទ្យារហូតពីឆ្នាំ១៩៧០ មកហើយ។ លោក ឃុន ស្រ៊ុន បានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧០។ ប៉ុន្តែសៀវភៅអក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-៧៥ របស់លោក ហាក់ វ៉ាន់ដារា បានអះអាងថា លោកបានជាប់ជាសមាជិកគណៈកម្មការជាតិខេមរយានកម្មផ្នែកគណិតវិទ្យានៅឆ្នាំ១៩៦៨ ហើយបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧០ ។

សៀវភៅអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៧០-៧៥ របស់លោក ហាក់ វ៉ាន់ដារា បានកត់ចំណាំថា លោក ឃុន ស្រ៊ុន ជាមនុស្សប្រកបដោយមនសិការការងារ និងអភិវឌ្ឍន៍ខ្ពង់ខ្ពស់។ ចំណែកលោក ឃីង ហុកឌី បានអះអាងថា អ្នកនិពន្ធ ឃុន ស្រ៊ុន ជាមិត្តរួមជំនាន់ជាមួយលោក នៅសាលាគរុវិជ្ជាជាន់ខ្ពស់ និងមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ (អំឡុងឆាំ៦០) ។ លោក ឃីង ហុកឌី បានពោលសរសើមិត្តរួមជំនាន់របស់លោកថា ជាមនុស្សស្រលាញ់ការងារប្រកបដោយមនសិការជាតិពិត ប្រាកដ។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ លោក ឃុន ស្រ៊ុន ត្រូវបានចាត់តាំងឱ្យធ្វើជាវិស្វករផ្លូវរថភ្លើង។ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៧៨ លោក និងភរិយា ព្រមទាំងកូនតូចៗពីនាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់គុកទួលស្លែង ហើយប្រហែលជាត្រូវបានសម្លាប់នៅវាលពិឃាតជើងឯក ក្រៅក្រុងភ្នំពេញ ប៉ុន្មានថ្ងៃមុនការដួលរលំនៃរបបខ្មែរក្រហម ៧ មករា ឆ្នាំ ១៩៧៩។អ្នកនិពន្ធ ឃីង ហុកឌី បានស្រាវជ្រាវរកឃើញថា អ្នកនិពន្ធ ឃុន ស្រ៊ុន ជាសាស្ត្រាចារ្យផង ជាអ្នកនិពន្ធផង អាចជាយុទ្ធជនតស៊ូមួយរូបក្នុង
សមរភូមិផង។

ខាងក្រោមនេះជាស្នាដៃនិពន្ធ ដែលលោក ឃុន ស្រ៊ុនបានបន្សល់ទុកចំនួន១០គឺៈ

១- សំរស់ជីវិត ( កំណាព្យ ) ១៩៦៨ ( កែសម្រួល និងបោះពុម្ពឡើងវិញនៅឆ្នាំ១៩៧១ អត្ថបទពាក្យរាយ លាយកំណាព្យ )

២- គំហើញទី១ ( ចំណេះដឹងទូទៅ ) ១៩៧០

៣- គំហើញទី២ ( ចំណេះដឹងទូទៅ ) ១៩៧០

៤- គំហើញទី៣ ( ចំណេះដឹងទូទៅ ) ១៩៧០

៥- គំហើញជំទង់រីករាយ ( ចំណេះដឹងទូទៅ ) ១៩៧១

៦- លំនៅចុងក្រោយ ( ប្រលោមលោក ) ១៩៧១

៧- ជំទង់អំពីស្នេហា ( ចំណេះដឹងទូទៅ ) ១៩៧២

៨- ជនជាប់ចោទ ( ប្រលោមលោក ) ១៩៧៣

៩- ជំទង់អំពីចំណេះដឹង ( ចំណេះដឹងទូទៅ ) ១៩៧៣

១០- គណិតស្ត្រថ្នាក់ទី៨-៣ ១៩៧០

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព