រឿងដ៏សោកសង្រេងគឺនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥នាសម័យនោះ មានស្ត្រីម្នាក់ឈ្មោះនាងប៊ី រស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ។ បន្ទាប់ពីប្ដីរបស់គាត់ ត្រូវបានបារាំងចាប់វាយខ្នោះ ដោយសារតែមិនមានប្រាក់៥រៀលបង់ឲ្យគេ រូបគាត់ក៏បានដើរខ្ចីបុលអ្នកភូមិបានប្រាក់៥រៀល គ្រប់ចំនួនហើយនោះ ក៏បានយកទៅបង់ឱ្យក្រុមបារាំង ដែលមកទារពន្ធសាលាឃុំ ដើម្បីឱ្យគេដោះលែងប្ដីរបស់គាត់ តែនៅពេលដែលគាត់បានប្រាក់៥រៀលបង់ទៅឲ្យគេហើយនោះ ជនជាតិបារាំងនៅតែមិនព្រមដោះលែងប្ដីរបស់គាត់ ហើយបានប្រាប់គាត់ថា មិនដោះលែងទេលុះត្រាតែអ្នកទាំងអស់គ្នាយកប្រាក់មកបង់ពន្ធឲ្យពួកគេសិន ទើបគេព្រមដោះលែង។
ព្រឹតិ្តការណ៍រុញទៅបង្កើតហិង្សាប្រឆាំងនឹងការគៀបសង្កត់ទាមទារសេរីភាពនាពេលនោះ ដែលបានបណ្តាលឲ្យជនជាតិបារាំងម្នាក់ត្រូវស្លាប់ ដែលជាតំណាងអាណានិគមបារាំងប្រចាំតំបន់ឈ្មោះ រ៉េស៊ីដង់បារដេស បានស្លាប់នៅក្នុងព្រឹត្តិការណ៍នោះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់កុង្សីសេនាបតីរបស់អាណានិគមបារាំង។ ដើម្បីការទូតទើបព្រះបាទស៊ីសុវត្ថិ បានចេញសេចក្តីប្រកាសមួយឲ្យប្ដូរឈ្មោះពីភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆានវិញ។ ក្រោយមកចេតិយព្រះកែវមរកត ត្រូវបានសាងសង់ ហើយតម្រូវឲ្យប្រជាពលរដ្ឋក្នុងភូមិក្រាំងលាវនិមន្តព្រះសង្ស១០០អង្គ ធ្វើបុណ្យនៅរៀងរាល់ថ្ងៃទី១៨ ខែមេសាជារៀងរាល់ឆ្នាំ។ មានរយៈពេល១០០ឆ្នាំហើយ រូបភាពសំណាក និងចេតិយបន្តបង្ហាញពីការឈឺចាប់បាត់បង់សាច់ញាតិទាំងអស់គ្នា។
បច្ចុប្បន្នទីកន្លែងចេតិយរបស់បារដេស គេឃើញមានរូបសំណាកនារីម្នាក់ ដែលបានកសាងឡើងពីស៊ីម៉ងត៍ មានកាន់ដំបងនៅនឹងដៃលើកយារវ៉ៃ(អប្សារាក្រាំងលាវ)ទៅក្រោយឈរដោយភាពអង់អាចក្លាហានបំផុត នៅពីមុខរូបសំណង់ចេតិយសពរេស៊ីដង់បារដេស។ រូបសំណាកនេះហើយ គឺជារូបសំណាកយាយប៊ី ឬនាងប៊ី ដែលជាស្ត្រីក្លាហានដែលហ៊ានចេញមុខតវ៉ាដំបូងប្រឆាំងតទល់ទៅនឹងសកម្មភាពរបស់រ៉េស៊ីដង់បារដេស ដែលប្រព្រឹត្តមកលើអ្នកភូមិជាកសិករនាសម័យនោះ។
សង្ខេបរឿងភូមិតិរច្ឆាន
ក្នុងសង្រ្គាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់១៩១៩ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្រ្តនៅស្រុកមុខកំពូលចំនួន៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះ។ សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្រ្ជោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវមរកត និងផ្កាយដុះកន្ទុយជាដើម។
នៅខេត្តកំពុងឆ្នាំងក៏ដូចជាខេត្តផ្សេងទៀតដែរ ប្រជារាស្រ្តមានជីវភាពក្រីក្រតោកយាកធ្វើឲ្យគ្រួសារមួយត្រូវព្រាត់បា្រសប្រពន្ធកូន។ នាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិការព្យាបាលជំងឺ។ ចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួន។
ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំគម្រោងការសម្លាប់រ៉េស៊ីដង់បារដេសដែលអនុវត្តអំពើព្រៃផ្សៃយង់ឃ្នង គ្រប់ពេលដែលពួកវាចុះទារពន្ធដារពីកសិករ។ ចលនារបស់ជួន និងនៅ ក៏មានការចូលរួមពីក្រុមអ្នកភូមិក្លាហានចំនួន ២០ នាក់ទៀត។
នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្រ្តក្នុងភូមិ គួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែងដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បារដេសបានចេញទារពន្ធដារដោយខ្លួនឯង។ លុះដល់ថ្ងៃទី១៨មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្ល ឈ្មោះបោយ ពេលនោះបារដេសមានទំនាស់ជាមួយនាងនី នាងប៊ី។ ក្នុងសភាពការណ៍នេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បារដេស ដោយឥតញញើតដៃ។ ក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំង។
ក្រោយពីសម្លាប់បារដេស និងសហការីរួចមក ក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បារដេសធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញ។ ក្រោយមកចេតិយព្រះកែវមរកតត្រូវបានសាងសង់ និងតម្រូវឱ្យធ្វើបុណ្យនៅថ្ងៃទី១៨ មេសា ជារៀងរាល់ឆ្នាំ។ ជាទីបញ្ចប់ទាហានបានកៀរអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ ចំណែកសុវណ្ណ និងនាងតន់ក៏បានមករួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូនវិញផងដែរ៕