សាធុសម្ទាយ កុំបីរាយមាយ នឹងក្តីកាមា
តែឱ្យវង្វេង ក្នុងវដ្តសង្សារ ស្លាប់ទៅកាលណា
បានសោយតែទុក្ខ ។
ហេតុតែក្សត្រី នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់
បើបុរសផង ចង់ឆ្លងនរក កុំធ្វើវីវក់
ដូចអញច្នេះណា ។
ពីព្រោះកាមេ ឥឡូវទាល់តែ ក្សិណក្ស័យមរណា
សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា សូមអស់ទេវា
ជួយជាទិព្វញ្ញាណ ។
ទើបព្រះភូមិ- ន្ទ្រាធិបតិន ទ្រង់អធិដ្ឋាន
ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន ជាព្រះពុទ្ធញ្ញាណ
នាំសត្វទាំងឡាយ ។
ឱ្យអ្នកទាំងពួង ជាទាហានហ្លួង នាំយកទៅថ្វាយ
ព្រះបិតុច្ឆា (ពូ) ទ្រង់ជ្រាបអធិប្បាយ កុំទ្រង់រាយមាយ នឹងក្តីកាមេ ។
បើយោងតាមឯកសារព្រះរាជពង្សាវតារ ទំព័រ ៣៩១-៣៩២បានបញ្ជាក់ថា លុះទ្រង់ចារបណ្តាំនេះចប់ ទ្រង់ក៏ស្រែកប្រាប់ទៅកងទ័ពទាំងនោះ ហើយក៏ត្រូវកងទ័ពបរទេសទាំងនោះបាញ់នឹងកាំភ្លើង ឯកសារខ្លះថា គ្រាប់កាំភ្លើងត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោតសោយទីវង្គតក្នុងព្រះជន្ម ២៩ ព្រះវស្សា ។ ចំណែកព្រះនាងអង្គវត្តី ក៏ត្រូវកងទ័ពព្រះឧទ័យប្រហារនៅគ្រានោះដែរ។ គុណធម៌ គុណភាព គំនិតប្រាជ្ញា ផែនការក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញពីបច្ចាមិត្រ សុទ្ធតែត្រូវបរាជ័យ និងវិនាសសាបសូន្យទាំងអស់ បន្សល់ទុកនៅតែវិនាសកម្ម និងសោកនាដកម្មប៉ុណ្ណោះ។ ទាំងនេះជាមហន្តរាយដែលកើតចេញពីកំហុសក្នុងធម៌កាមេ ។
ព្រះរាជសម្ភារ ជារាជកវីបណ្ឌិតពុទ្ធសាសនិក ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលមានខ្សែស្រឡាយជាពូជពង្សក្សត្រ ។ ព្រះអង្គទ្រង់ចេះស្ទាត់នូវព្រះត្រៃបិដក ជំនាញទាំងគតិលោក និងគតិធម៌ ហើយបានបន្សល់ទុកស្នាដៃប្រកបដោយគតិបណ្ឌិតសម្រាប់ជាតិខ្មែរ ។ ជាអកុសល ព្រះធម្មរាជបណ្ឌិតអង្គនេះបានទទួលការវិនាសអន្តរាយយ៉ាងទារុណក្រោមអំណាចនៃសេចក្តីស្នេហា ។
- លិខិតផ្ញើទៅព្រះម៉ែ យួរវតី
កំណាព្យ សរសើរហេមន្តមាស
3. កំណាព្យ កន្លង់មាសមង្គលថ្លៃ
4. កំណាព្យ ព្រលឹងមាសអើយ
5. កំណាព្យ កាព្យនិរាស្ត្រ
6.ច្បាប់ព្រះរាជសម្ភារឬច្បាប់រាជនេតិ
7. ច្បាប់ហៃសាធុជន ឬច្បាប់ត្រីនេត្រ
8. កំណាព្យ ចារឰដ៏ចុងត្នោត មុនពេលទ្រង់ចូលទីវង្គត
ព្រះរាជជីវប្រវត្តិកវីរាជសម្ភារ
អំឡុងពេលដែលព្រះបរមរាជសម្ភារ បានឡើងសោយរាជ នៅរាជធានីឧដុង្គ ទ្រង់បានខកបំណងជាខ្លាំងដែលគូណ្ដឹងរបស់ខ្លួនបានក្លាយជាអ្នកម្នាងរបស់សម្ដេចព្រះឧទ័យ ប៉ុន្តែទ្រង់នៅតែលួចទាក់ទងគ្នាជានិច្ច ក្រោយមកដែលទ្រង់យល់ឃើញថា ទ្រង់ជាស្ដេចសោយរាជមែនពិត តែទ្រង់មិនមានអំណាចត្រាសបញ្ជារលើពួកមន្ត្រីនោះទេ ការគ្រងរាជដោយគ្មានអំណាចបែបនេះ ទ្រង់ក៏សម្រេចព្រះទ័យផ្លាសរាជដំណាក់ទៅ កោះឃ្លោក (បច្ចុប្បន្ន: កោះឧកញាតី)ខេត្តកណ្តាលក្នុងឆ្នាំ ១៦៣២ នៃគ.សករាជ ដើម្បីស្វែងរកការគាំទ្រពីក្រុមមន្ត្រីផ្សេងៗទៀត អំឡុងពេលដែលទ្រង់ស្នាក់នៅឯរាជដំណាក់កោះឃ្លោក ទ្រង់បានតាក់តែងកំណាព្យ ជាច្រើន និងបានតាក់តែងច្បាប់មួយមានឈ្មោះថា “ច្បាប់រាជនេតិ” ក្រោយមកត្រូវបានគេហៅថា “ច្បាប់រាជសម្ភារ” (Les cpâp’ ou «Codes de conduite» khmers. IV. Cpâp Rajaneti ou Cpàp’ Brah Râjasambhâr) ។ ខណៈពេលដែល ព្រះរាជសម្ភារ គង់នៅរាជដំណាក់ កោះឃ្លោក អ្នកម្នាងយួរវត្តី តែងរកលេះថា ទៅធ្វើបុណ្យនៅវត្តមួយចំនួន ក្នុងខេត្តកណ្ដាល ដើម្បីលួចទៅជួបនិង ព្រះរាជសម្ភារ ដើម្បីរួមមេត្រីស្នេហា ការយាងទៅច្រើនលើកច្រើនសារ របស់អ្នកម្នាងយួរវត្តី ក្នុងបំណងទៅជួបព្រះរាជសម្ភារ បានដឹងដល់សម្ដេចព្រះឧទ័យ ទ្រង់ខ្ញាល់ (ខឹង) យ៉ាងខ្លាំង បានប្រកាសរាជសារពីទោសសាហាយស្មនរវាង អ្នកម្នាងយួរវត្តី និង រាជសម្ភារ ថាជាទង្វើរមិនគួរគប្បីដោយមានលេះគ្រប់គ្រាន់ កងកម្លាំងរបស់សម្ដេចព្រះឧទ័យបានបើកការវាយប្រហារព្រះរាជដំណាក់ ព្រះរាជសម្ភារ នៅកោះឃ្លោក ដោយសម្ភារវុធ និងកងទ័ពរបស់ព្រះឧទ័យច្រើនជាង នៅទីបំផុតកងទ័ព សម្ដេចព្រះ
ឧទ័យ បានវាយកាន់កាប់ព្រះរាជដំណាក់នៅកោះឃ្លោក ដោយមានការជ្រោមជ្រែងពីសំណាក់ពួកប៉ទុយហ្គាល់ (Portugal) ផងដែរ ។ ព្រះរាជសម្ភារ និងអ្នកម្នាងយួរវត្តី បានរត់ភៀសខ្លួនទៅដល់ស្រុកកញ្ឆរខេត្តក្រចេះ ទោះជាយ៉ាងណានៅតែមិនអាចរត់គេចខ្លួនបានឡើយ អ្នកម្នាងយួរវត្តីត្រូវបានកងកម្លាំងព្រះឧទ័យ បាញ់ដោយកាំភ្លើងចូលទីវង្គត់ក្នុងពេលនោះ ចំណែកឯ ព្រះជសម្ភារ បានឡើងទៅពួននៅលើចុងត្នោត ដោយសេចក្ដីមរណៈ ជិតមកដល់ ព្រះរាជសម្ភារ ក៏បានកាត់មែកត្នោតយកមកតាក់តែងបានជាកំណាព្យមួយមានឈ្មោះថា កំណាព្យ “ចារចុងត្នោត” កងកម្លាំងរបស់ ព្រះឧទ័យបានស្វះស្វែងរកព្រះរាជសម្ភារ ក៏ប្រទះឃើញពួននៅលើចុងត្នោត ដោយទាហ៊ាន ប៉ទុហ្គាល់ពីរនាក់ ឃើញដូចនេះ ក៏ទាញកាំភ្លើងបាញ់ប្រហារជីវិត ព្រះរាជសម្ភារ ធ្លាក់ពីលើចុងត្នោត សោយទីវង្គត់ ដោយការធ្វើរដ្ឋប្រហារយោធា ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ក្រោយទទួលបានជោគជ័យរួចរាល់ហើយ សម្ដេចព្រះឧទ័យ មិនបានលើកបុត្ររបស់ខ្លួនឱ្យឡើងសោយរាជភ្លាមៗនោះទេ ព្រោះបុត្ររបស់ខ្លួន មានព្រះជន្មក្មេងវ័យពេក ទ្រង់ក៏សម្រេចព្រះទ័យលើក អង្គពញ្ញានូរ ដែលជាបុត្រាទី២ របស់ព្រះជ័យជេស្ឋាឱ្យឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា “អង្គទងរាជាធិរាជ រាមារធិបតី” ៕