ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លា (Tesla) កំពុងកោះប្រមូលរថយន្តស្ទើរតែទាំងអស់នៅចិនដីគោក ដែលខ្លួនបានលក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដើម្បីជួសជុលបញ្ហាផ្នែកទន់ (software) ដែលវាចាប់មិនបាន នៅពេលដែលគម្របមុខ ត្រូវបានដោះសោ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋ ដើម្បីបទប្បញ្ញត្តិទីផ្សារ កាលពីថ្ងៃអង្គារ ឲ្យដឹងថា រថយន្តសរុបចំនួន ១.៦៨ លានគ្រឿងដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នឹងពាក់ព័ន្ធនឹងការប្រមូលមកវិញនេះ ជាករណីធំបំផុត របស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក នៅចិនដីគោក ។
និយតកររូបនោះ បានបន្ថែមថា គម្របម៉ាស៊ីនដែលមិនបិត អាចបាំងការមើលឃើញរបស់អ្នកបើកបរ ដែលនាំឲ្យមានហានិភ័យ នៃគ្រោះថ្នាក់។
ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបញ្ចេញការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស ដើម្បីជួសជុលបញ្ហានេះ។
រថយន្តដែលស្ថិតក្នុងបញ្ជីប្រមូលមកវិញរួមមាន Model 3 និង Model Y ដែលផលិតនៅប្រទេសចិន ក៏ដូចជា Model S និង Model X ដែលបាននាំចូលពីអាមេរិក។
លោក កៅស៊ិន (Gao Shen) អ្នកវិភាគឯករាជ្យនៅក្រុងសៀងហៃបាននិយាយថា ៖ “ចំនួនរថយន្តដែលត្រូវប្រមូលមកវិញទាំហនេះ ទំនងជាមិនប៉ះពាល់ដល់ការលក់ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Tesla នោះទេ។ អាកប្បកិរិយារបស់ក្រុមហ៊ុន Tesla លើការគ្រប់គ្រងគុណភាព គួរត្រូវបានគោរពនៅក្នុងប្រទេសចិន ដោយសារតែមានការប្រមូលមកវិញជាប្រចាំរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ”។
កាលពីខែមករា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន ១.៦ លានគ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្ត និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដើម្បីជួសជុលរាល់បញ្ហាជាមួយនឹងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ នៃការបុកគ្នា។
ការចែកចាយនៅចិនដីគោករបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣៧% គឺ ៦០៣,៦៦៤គ្រឿង កាលពីឆ្នាំមុន ដែលធ្វើឱ្យចិនក្លាយជាទីផ្សារធំបំផុតទី២របស់ក្រុមហ៊ុន បន្ទាប់ពី អាមេរិក។ នៅអាមេរិក ការលក់ចេញ ១ត្រីមាសបានកើនឡើងដល់ ៦៥៤,៨៨៨គ្រឿង ក្នុងឆ្នាំ 2023។
Tesla គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងផ្នែករយន្តអគ្គិសនី (EV) លំដាប់កំពូលរបស់ប្រទេសចិន ចាប់តាំងពីរោងចក្រ Gigafactory 3 នៅក្រុងសៀងហៃ ដែលជារោងចក្រពិភពលោកដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ បានចាប់ផ្តើមចែកចាយរថយន្ត ក្នុងខែមករា ឆ្នាំ 2020។ បច្ចុប្បន្នរោងចក្រនេះ ផលិតតែរថយន្ត Model 3 និង Model Y ប៉ុណ្ណោះ។
រោងចក្រសៀងហៃនេះ ក៏នាំចេញម៉ូដែលទាំង២នេះ ទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសជប៉ុនដែរ។
ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន Tesla មានជម្លោះជាច្រើនជាមួយនិយតករ និងអតិថិជនចិនដីគោក ទាក់ទងនឹងគុណភាព និងសុវត្ថិភាពនៃរថយន្តរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តនេះ បានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមអាជ្ញាធរដីគោក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្ថាបនិករបស់ខ្លួន លោក Elon Musk ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមេសា៕