«ខ្ញុំឯកភាពជាគោលការណ៍គាំទ្របេសកកម្មរបស់សមាគម(CEMEA)នេះ ដោយដំបូងអនុញ្ញាតឱ្យប្រើប្រាស់ការិយាល័យ ស.ស.ស.ក ដោយមិនគិតថ្លៃសម្រាប់ការបណ្តុះបណ្តាលតូចឬធំ» នេះបើតាមប្រសាសន៍ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលបានបញ្ជាក់ពេលជំនួបពិភាក្សានារសៀលថ្ងៃពុធ ៧ សីហា នេះ។
ជាការពិតណាស់ ផែនការសកម្មភាពសំខាន់ៗខាងលើអាចប្រឈមកង្វះហិរញ្ញវត្ថុគាំទ្រ ប៉ុន្តែដោយមានការសហការគាំទ្រ ទាំងស្មារតី និងលទ្ធភាពពីសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដំណើរការជំរុញបេសកកម្មរបស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាអាចទៅមុខបាន។ «គ្រប់យ៉ាងតែងមានការលំបាកនៅពេលចាប់ផ្តើម ប៉ុន្តែទោះជារូងភ្នំងងឹតប៉ុណ្ណា ក៏គង់តែមានពន្លឺបន្តិចបន្តួចដែរ» ប្រសាសន៍ឯកឧត្តម ហ៊ុយ វណ្ណៈ។
ទាក់ទិននឹងលទ្ធភាពរក្សាបាននូវនិរន្តរភាពស្ថាប័ន ឯកឧត្តម ហ៊ុយ វណ្ណៈ បានចែករំលែកបទបទពិសោធន៏របស់លោកថា «កម្មវិធីរាត្រីស្រមោលសមួយ» គួររួមគ្នារៀបចំដើម្បីកៀងគរថវិការពីសប្បុរសជន ក្នុងគោលបំណងប្រើប្រាស់សម្រាប់គោលដៅបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សសរសេរព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។ ភាគីទាំងពីរសង្ឃឹមថា នឹងសិក្សាគំនិតផ្តួចផ្តើមនេះ។
បើតាមលោក យិន លាងគង់ ប្រធានសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា សមាគម CEMEA និងសមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) កំពុងរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសេដ្ឋកិច្ច ជាង ១០០ នាក់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែសីហា ក្រោមការជ្រោមជ្រែងពីក្រសួងព័ត៌មាន។ តាមផែនការសកម្មភាពរបស់សមាគម CEMEA មានគម្រោងបណ្តុះបណ្តាលអ្នកសារព័ត៌សេដ្ឋកិច្ចចំនួន ៣ វគ្គ ចន្លោះពីខែ សីហា ដល់ខែ ធ្នូ ២០២៤ ហើយគ្រោងរៀបចំកម្មវិធីជជែកដេញដោល (Dialogue) ចំនួន ១២ ដងនៅក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក សយ សុភា អនុប្រធានសមាគម CEMEA។
លោក អ៊ំ សារ៉ាវុធ ប្រធានសមាគម CTAFA បានមានប្រសាសន៍ថា លោករីករាយសហការបណ្តុះបណ្តាលអ្នកសារព័ត៌មានកម្ពុជា ឱ្យមានការយល់ដឹងស៊ីជម្រៅអំពីកាតព្វកិច្ចសម្រាប់អាជីវកម្ម។ លោកថ្លែងថា អ្នកសារព័ត៌មានគប្បីយល់និងសរសេរពន្យល់អំពីចំណេះដឹងហិរញ្ញវត្ថ និងពន្ធដារ។ លោកថ្លែងថា «ខ្ញុំយល់ថា ម្ចាស់អាជីវកម្ម នឹងមិនភ័យខ្លាចទៀតទេ នៅពេលដែលពួកគាត់យល់ពីច្បាប់ និងកាតព្វកិច្ច»។
ក្នុងក្របខណ្ឌវិស័យសារព័ត៌មានក្នុងពិភពលោក តំបន់ និយាយជារួម និងវិស័យសារព័ត៌នៅកម្ពុជានិយាយដោយឡែក បានឈានចូលក្នុងយុគថ្មីមួយដែលធ្លាក់គុណតម្លៃ និងមានឱនភាពខាងហិរញ្ញវត្ថុ។ លោក វណ្ណៈ បានមានប្រសាស៍ថា ស្ថាប័នរដ្ឋ និងឯកជនហាក់មានតម្រូវតិចតួចក្នុងការចំណាយប្រាក់ឱ្យសារព័ត៌មានផ្សាយ។ ប៉ុន្តែទោះជាយ៉ាងណា លោកមានសុទិដ្ឋិនិយមថា «ដរាបណាយើងខ្លាំង គេនឹងមករកយើង ជាធម្មតាគេមិនប្រើប្រាស់ស្ថាប័នដែលខ្សោយឡើយ»៕