វិនិយោគិនបរទេស បានដកប្រាក់យ៉ាងច្រើនចេញពីប្រទេសចិនកាលពីត្រីមាសមុន ដែលទំនងជាកំពុងឆ្លុះបញ្ចាំងពីភាពទុទិដ្ឋិនិយមដ៏ជ្រៅ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។
យោងតាមទិន្នន័យពីរដ្ឋបាលរដ្ឋស្តីពីការប្តូរប្រាក់បរទេសដែលបានចេញផ្សាយពីថ្ងៃសុក្រទី៩ សីហា ឲ្យដឹងថា បំណុលវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងសមតុល្យនៃការទូទាត់របស់ខ្លួន បានធ្លាក់ចុះជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយគូសបញ្ជាក់ជាលើកទីពីរដែលតួលេខនេះបានប្រែជាអវិជ្ជមាន។ ក្នុងរយៈពេល៦ខែដំបូង វាបានធ្លាក់ចុះប្រហែល ៥ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ Bloomberg ឲ្យដឹងថា បើសិនជាការធ្លាក់ចុះនៃចំនួនវិនិយោគនេះ នៅតែបន្តសម្រាប់ឆ្នាំដែលនៅសល់ វានឹងគូសបញ្ជាក់ពីលំហូរលុយសុទ្ធចេញប្រចាំឆ្នាំលើកដំបូង យ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ១៩៩០មក នៅពេលដែលទិន្នន័យប្រៀបធៀប បានចាប់ផ្តើម។
ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានមើលឃើញការវិនិយោគបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះបន្ទាប់ពីបានឡើងដល់ជាប់កំណត់ត្រា ៣៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។
តួលេខដែលបានចេញផ្សាយមុននេះដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសថ្មី (FDI) ចូលមកក្នុងប្រទេសក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ គឺទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។
- ហេតុអ្វី បានជាចិនទាក់ទាញអ្នកវិនិយោគបរទេសលែងបាន?
ក្រៅពីការធ្លាក់ចុះនៃសេដ្ឋកិច្ច, ភាពតានតឹងខាងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង បាននិងកំពុងបង្វែរចំណាប់អារម្មណ៍របស់អ្នកវិនិយោគបរទេស ចេញពីប្រទេសចិន។
លើសពីនេះ ការផ្លាស់ប្តូរភ្លាមៗទៅកាន់រថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេសចិន ក៏បានកាត់បន្ថយផលប្រយោជន៍របស់ក្រុមហ៊ុនរថយន្តបរទេសផងដែរ ដោយមានការដកថយ ឬកាត់បន្ថយការវិនិយោគរបស់ពួកគេផងដែរ។
- អ្នកវិនិយោគកាន់តែចាប់អារម្មណ៍ ទៅក្នុងប្រទេសផ្សេងទៀត
មិនតែប៉ុណ្ណោះ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន កំពុងផ្តល់អត្រាការប្រាក់ខ្ពស់មិនដូចជានៅទីក្រុងប៉េកាំង ដែលបាននឹងកំពុងបន្ទាបការប្រាក់ ដើម្បីកែលម្អសេដ្ឋកិច្ចរបស់ពួកគេ។ បញ្ហានេះបានផ្តល់ហេតុផលគ្រប់គ្រាន់មិនឲ្យបរទេសចម្រុះជាតិសាសន៍វិនិយោគនៅក្នុងប្រទេសចិន ហើយដាក់សាច់ប្រាក់របស់ពួកគេទៅកន្លែងដែលកំពុងត្រូវបានផ្តល់ផលចំណេញកាន់តែប្រសើរវិញ។
ប្រទេសចិន ដែលមានអួតថាជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ ក៏ដូចជាព្យាយាមរក្សាការវិនិយោគពីបរទេស។
រដ្ឋាភិបាលដែលដឹកនាំដោយលោក ស៊ី ជីពីង (Xi Jinping) បាននិងកំពុងពណ៌នាខ្លួនឯងថា បើកចំហ និងទាក់ទាញសម្រាប់អាជីវកម្មបរទេស ក្នុងក្តីរំពឹងថាក្រុមហ៊ុនជាច្រើនមកពីក្រៅប្រទេស នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងប្រជាជាតិដទៃទៀតដែលផ្តាច់ចេញពីប្រទេសចិន។
- ការកើនឡើង នៃការវិនិយោគចេញក្រៅប្រទេស
ជាមួយគ្នានេះ ការវិនិយោគចេញក្រៅប្រទេសរបស់ចិន បានឡើងដល់កម្រិតខ្ពស់ថ្មីមួយ នៅក្នុងត្រីមាសទីពីរនេះ ដោយក្រុមហ៊ុនទាំងនោះ កំពុងបណ្តាក់ទុនចំនួន ៧១ពាន់លានដុល្លារនៅឯបរទេស គឺកើនឡើងជាង ៨០%ពីចំនួន $៣៩ពាន់លាន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនៃការវិនិយោគចេញក្រៅនេះ ភាគច្រើនសំដៅទៅលើគម្រោងដូចជារថយន្តអគ្គិសនី និងរោងចក្រផលិតអាគុយជាដើម។
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋបាល នៃការប្តូររូបិយប័ណ្ណបរទេសរដ្ឋ ក៏បានបង្ហាញពីភាពខុសគ្នាកំពុងកើនឡើង នៅក្នុងការវាស់វែងនៃអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន ដែលបានឡើងដល់កំណត់ត្រា ៨៧ពាន់លានដុល្លារក្នុងត្រីមាសទីពីរ និងជិត ១៥០ពាន់លានដុល្លារសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។
ភាពខុសគ្នានេះ ត្រូវបានគូសបញ្ជាក់ដោយរតនាគារសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ដែលបានជំរុញឱ្យប្រទេសចិន ពន្យល់ពីភាពខុសគ្នាសំខាន់ៗនៅក្នុងតួលេខពាណិជ្ជកម្មជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យដឹងថា ភាពខុសគ្នានេះ គឺដោយសារតែ “វិធីសាស្រ្តផ្សេងគ្នាដែលត្រូវបានប្រើដើម្បីកត់ត្រាការនាំចេញ និងការនាំចូលទំនិញ”៕