លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងគាំទ្រយ៉ាងខ្លាំង និងស្នើអ្នកសារព័ត៌មានសេដ្ឋកិច្ចពិចារណាសរសេរព័ត៌មានឱ្យស្របតាមដំណើរវិវឌ្ឍនៃសេដ្ឋកិច្ចជាតិតាមយុទ្ធសាស្ត្របញ្ចកោណ (សរសរស្តម្ភទាំង៥) ក្នុងជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋកមន្ត្រីមានប្រសាសន៍ថា «គ្រប់ជ្រុងទំាងអស់នៃយុទ្ធសាស្ត្រត្រីកោណក្តី ចតុកោណក្តី និងបញ្ចកោណក្តី សុទ្ធសឹងតែទាក់ទិននឹងគោលដៅនៃការរីកលូតលាស់សេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសខ្ពស់នៅឆ្នាំ២០៥០»។
យោងតាមទិន្នន័យស្ថាប័នជាតិ និងបរទេស ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗសម្រាប់ឆ្នាំ ២០២២ គឺ $១,៧៦០ កើនឡើង ៨.២៧% ធៀបនឹងឆ្នាំ ២០២១ហើយប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗសម្រាប់ឆ្នាំ ២០២១ គឺ $១,៦២៥ កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២០។
លោករដ្ឋមន្ត្រី ក៏បានសារទរផងដែរ ចំពោះការលើកយកប្រធានបទអំពីពន្ធដារ ដែលមានសារៈប្រយោជន៍ដល់អ្នកអានទូទៅ ពិសេសម្ចាស់អាជីវកម្មដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
«រឿងពីរដែលយើងគ្រប់គ្នាមិនអាចគេចវេសបាន គឺសេចក្តីស្លាប់ និងការបង់ពន្ធ» នេះជាប្រសាសន៍លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) និងអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។ លោកបានបន្ថែមថា «ម្ចាស់អាជីវកម្មនឹងមិនខ្លាច ឬស្អប់មន្ត្រីពន្ធដារទៀតទេ ប្រសិនបើម្ចាស់អាជីវកម្មទាំងឡាយបានដឹងពីកាតព្វកិច្ចរបស់ខ្លួន និងច្បាប់ពន្ធដារ»។
លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ថា ច្បាប់ពន្ធដារនៅកម្ពុជាមិនតឹងតែងដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងទេនាពេលបច្ចុប្បន្ន ប៉ុន្តែបញ្ហានៅត្រង់ថា ម្ចាស់អាជីវកម្មភាគច្រើននៅមិនទាន់យល់ពីច្បាប់ និងរបៀបធ្វើបញ្ជីស្នាម កត់ត្រា និងរបៀបរបបនៃការបង់ពន្ធ។
“ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសឧក្រិដ្ឋ” លោក សារ៉ាវុធ បញ្ចាក់។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)បានជំរុញ និងលើកទឹកចិត្តសិក្ខាកាមទាំងចាប់ផ្តើមអនុវត្តសរសេរអត្ថបទអំពីដំណើរវិវឌ្ឍសេដ្ឋកិច្ចពីពេលនេះតទៅ។
លោកយិន លាងគង់ បានថ្លែងថា សមាគមបង្កើតឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឱ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា សមាគមចង់ផ្សព្វផ្សាយ ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។
ជាការលើកទឹកចិត្តដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាល លោក លាងគង់ សមាគម CEMEA នឹងផ្តល់ប្រាក់រង្វាន់ជូនសិក្ខាកាមណាដែលសរសេរបានចំណាត់ថ្នាក់លេខ១ នូវទឹកប្រាក់ចំនួន២០០ដុល្លារ លេខ២ចំនួន១០០ដុល្លារ និងលេខ៣ ចំនួន៥០ដុល្លារ។
វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ធភ្នាក់ងារសេវាពន្ធដារកម្ពុជា (CTAFA)ដែលវាគ្មិនមកពីសមាគមធនាគារកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានអញ្ចើញមកចែករំលែក និងធ្វើបច្ចុប្បន្នភាពជូនដល់អ្នកសារព័ត៌មានជាង៨០នាក់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលមានលោក គី សុខលីម ឧត្តមទីប្រឹក្សាសមាគម CEMEA ជាគ្រូបង្គោល៕