យោងតាមលោក ខាន ថាន់ អ្នកគ្រប់គ្រងកម្មវិធីនៃបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាលើកឡើងថា «ប្រជាជនក្នុងតំបន់គោលដៅស្វែងយល់អំពីប្រធានបទជាច្រើនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ពួកគេ»។
សារព័ត៌មាន Carennews ជាភាសាបារាំងបានរៀបរាប់សរសេរថា«បណ្ណាល័យរ៉ឺម៉កកង់បី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដើម្បីទៅដល់អ្នករស់នៅក្នុងតំបន់អនាធិបតេយ្យចំនួន៧ ទីតាំងក្នុងរាជធានីភ្នំពេញ ដែលមិនងាយស្រួលធ្វើដំណើរដោយរថយន្ត។ បណ្ណាល័យចល័តនេះ រួមគ្នាបង្កើតដោយសមាគមស៊ីប៉ាក្នុងភាពជាដៃគូជាមួយ Planète Enfants& Developpement និងអង្គការពីរផ្សេងទៀត។
រ៉ឺម៉កកង់បី ឬហៅថា តុកតុក បានផ្ទុកដោយសៀវភៅអាន និងហ្គេម បណ្ណារក្ស និងជំនួយការរបស់គាត់ចេញទៅជួបក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេក្នុងសហគមដោយផ្ទាល់។ ពួកគេបានបង្កើតនៅកន្លែងដែលមានជម្រក (ជាឧទាហរណ៍មជ្ឈមណ្ឌលសង្គម) ហើយប្រមូលកុមារពី២០នាក់ទៅ ៤០នាក់ ដើម្បីចែកសៀវភៅអានតាមការចូលចិត្តរបស់ពួកគេ។
អង្គការស៊ីប៉ាបានបើកបណ្ណាល័យចល័តបណ្តែតទឹក(កាណូត)ផងដែរនៅខែមករា ឆ្នាំ២០២៤ នៅ
ឃុំផាត់សណ្តាយ ខេត្តកំពង់ធំ។ គោលបំណង គឺលើកទឹកចិត្តអ្នករស់នៅលើទឹកបឹងទន្លេសាបទទួលនូវចំណេះដឹងពីការអាសៀវភៅ ដែលមានប្រធានបទចម្រុះ។ គម្រោងនេះធ្វើឡើងតាមការផ្តួចផ្តើមគំនិតដំបូងដ៏ជោគជ័យនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ភូមិអ្នកនិពន្ធនៃសារព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន (Amazadia Education) យល់ឃើញថា តាមរយៈគម្រោងបណ្ណាល័យចល័តរបស់អង្គការនានានៅកម្ពុជា សង្ឃឹមថាមនុកុមារខ្មែរកាន់តែច្រើន
នឹងទទួលយកទម្លាប់អានដ៏ល្អ និងឈានទៅរកបង្កើតនូវវប្បធម៌អំណានជាអចិន្ទ្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។
កន្លងមកអង្គការស៊ីប៉ាបានសម្ពោធបណ្ណាល័យចល័តដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២០ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បណ្ណាល័យចល័តនេះ មានសៀវភៅចន្លោះពី៥០០ ទៅ៣០០០ ក្បាលលើប្រធានបទផ្សេងៗគ្នា សម្រាប់កុមារ និងមនុស្សពេញវ័យ។ ពួកគេអាចអានសៀវភៅនៅបណ្ណាល័យ ឬយកវាទៅផ្ទះរហូតដល់មួយសប្តាហ៍។
បច្ចុប្បន្ននេះ អង្គការស៊ីប៉ា មានបណ្ណាល័យចល័តសរុបជាង១០ទីតាំងរួមមាន បណ្ណាល័យលើរថយន្ត ដឹកទំនិញចំនួន៩គ្រឿង រ៉ឺម៉កម៉ូតូកង់បី ទូក និងម៉ូតូមួយគ្រឿង។ បណ្ណាល័យចល័តទាំងនោះបាន ធ្វើដំណើរទៅកាន់១០៦ គោលដៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៧ ហើយពលរដ្ឋកម្ពុជាជាង ១៧០០០នាក់បានទទួលអត្ថប្រយោជន៍ពីសេវាកម្មសង្គមនេះ៕