គ្រួសារភារីជាគ្រួសារអ្នកចំការដែលរស់នៅក្នុងជីវភាពដ៏សាមញ្ញ ។ ប៉ុន្តែភាពសាមញ្ញត្រូវបានផ្លាស់ប្តូរពេលដែលប្អូនស្រីរបស់ភារីធ្លាក់ខ្លួនមានជំងឺមហារីកបេះដូង ព្រោះគ្រួសារត្រូវមានបន្ទុកចំណាយទាំងថវិកានិងកម្លាំងកាយចិត្តដើម្បីព្យាបាលជំងឺប្អូនស្រី តែជាអកុសលប្អូនស្រីភារីក៏បានលាចាកលោកនៅឆ្នាំ ២០០០។ ដោយសារតែគ្រួសារបានចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលប្អូនស្រី បានធ្វើឱ្យគ្រួសារធ្លាក់ក្នុងស្ថានភាពលំបាកខ្វះខាតហើយប្រឹងប្រែងរស់បានព្រឹកខ្វះល្ងាច។
តាំងតែពីកុមារភាពមក ភារីឱ្យតម្លៃលើការខិតខំប្រែងប្រែងរៀនសូត្រនិងការងារ។ ភារីប្រឹងរៀនបណ្តើរនិងជួយគ្រួសារធ្វើការដាំដុះបណ្តើរក្រោមកម្តៅព្រះអាទិត្យ ព្រោះថាការដាំដុះលើដីគឺជាប្រភពនៃជីវិតរបស់គ្រួសារ។ ប៉ុន្តែជីវភាពជាអ្នកចំការនេះ ហាក់ដូចជាមិនបានហុចផលឱ្យគ្រួសាររស់នៅបានគ្រប់គ្រាន់ឡើយ។ ដោយឃើញពីភាពលំបាក ភារីបានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី១០ ដើម្បីចេញទៅរកលុយមកជួយផ្គត់ផ្គង់គ្រួសារ ព្រោះថា បើខ្លួននៅបន្តធ្វើចំការទៀតមិនអាចរស់បានទេ។
«ខ្ញុំមានក្តីស្រមៃចង់ក្លាយជាអ្នកជំនួញម្នាក់ ដូចនេះពេលឈប់រៀនភ្លាម ខ្ញុំបានប្រឡូកចូលក្នុងមុខរបររកស៊ីដូចជា ដើរទិញ-លក់ជ្រូក ដូង ចង្រិត ដំឡូងមី ស្វាយចន្ទី និងបិតស្រាសព្វបែបយ៉ាង ដោយសង្ឃឹមថា បានចំណូលមកឱ្យគ្រួសារ។ តែចំណូលបានពីរបរទាំងនោះនៅតែមិនបានផលច្រើននិងនឿយហត់ខ្លាំង» ភារីបញ្ចាក់។
ថ្វីត្បិតតែភារីបានខកបំណងម្តងហើយម្តងទៀត ក្នុងការប្រកបរបររកស៊ី តែយុវជនរូបនេះមិនព្រមបោះបង់ក្តីសង្ឃឹម និងការតស៊ូឡើយ។ ភារីយល់ថាខ្លួនមិនមានចំណេះដឹងជ្រៅជ្រះ ដូចនេះខ្លួនត្រូវតែលួចរៀន និងសង្កេតពីរបៀបរកស៊ីរបស់ឈ្មួញដែលមានបទពិសោធរួមទាំងឈ្មួញខ្មែរនិងវៀតណាមដែលរកស៊ីក្នុងតំបន់ដែលគាត់រស់នៅ ដោយរៀនសង្កេតពីរបៀបចរចា ពីរបៀបទិញដូររបស់ពួកគេ របៀបរកម៉ូយ របៀបវេចខ្ចប់និងដឹកជញ្ជូនជាដើម។ រៀនបណ្តើរអនុវត្តបណ្តើរនិងបង្កើតកំហុសរាប់មិនអស់បណ្តើរ។
នៅឆ្នាំ២០១៥ ក្នុងវ័យ២៧ឆ្នាំ ភារីបានរៀបការជាមួយភរិយាឈ្មោះ លឹម ស៊ីមួយ វ័យ១៧ឆ្នាំ។ កាលនោះភារីនៅមិនទាន់មានមុខរបរច្បាស់លាស់នៅឡើយទេ ថែមទាំងត្រូវចាប់ផ្តើមជីវីតថ្មីមួយទៀតក្នុងការរស់នៅជាលក្ខណៈប្តីប្រពន្ធ។ ក្រោយរៀបការរួចភារី និងភរិយាបានមករស់នៅជាមួយឪពុកបង្កើតរបស់ភារីនៅក្នុងឃុំសេដា ខេត្តត្បូងឃ្មុំ ដោយឪពុកភារីមានចំការកៅស៊ូចំនួន៣ហិចតា។ នៅទីនោះភារីបានឃើញមានឈ្មួញដើរទិញគ្រាប់ស្វាយចន្ទី ហើយគិតក្នុងចិត្តថាខ្លួនក៏មានបទពិសោធនឹងមុខជំនួញនេះដែរ ដោយគ្មានមុខរបរផ្សេងផងក៏សម្រេចចិត្តជួញដូរគ្រាប់ស្វាយចន្ទី បានប្រាក់មួយចំនួន។ តែលោកមើលឃើញថា មុខរបរនេះមិនមានស្ថេរភាពទេ ព្រោះក្នុងមួយឆ្នាំហុចផលបានតែ៤ខែប៉ុណ្ណោះ។
ដោយមានការលើកទឹកចិត្តពីឪពុកនិងជម្រុញពីអ្នកភូមិផង ពាណិជ្ជករវ័យក្មេងរូបនេះបានងាកមកជួញដូរជ័រកៅស៊ូម្តងនៅចុងឆ្នាំ ២០១៥ ព្រោះគាត់មើលឃើញថា ជ័រកៅស៊ូអាចជួញដូរបានរាល់ថ្ងៃនិងម្យ៉ាងទៀតអ្នកភូមិពិបាករកអ្នកទិញ។
ភារី និយាយថា «ដើម្បីចាប់ផ្តើមជំនួញនេះខ្ញុំបានលក់ម៉ូតូដែលម្តាយក្មេកចងដៃក្នុងតម្លៃ១៥០០ដុល្លារ ហើយពឹងឪពុកបង្កើតឱ្យជួយខ្ចីបុល៨០០០ដុល្លារពីធនាគារ ដោយចាប់ផ្តើមជាលក្ខណៈគ្រួសារតូចមានគ្នាបួននាក់ ក្នុងក្តីសង្ឃឹមត្រឹមតែអាចរកបានចំណូលសមល្មមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ។»
ការរកស៊ីមុខរបរនេះពាណិជ្ជករវ័យក្មេងបានជួបប្រទះផលវិបាកយ៉ាងច្រើន រួមទាំងការទិញកៅស៊ូ ការខ្វះខាតចំណេះដឹងមើលគុណភាពជ័រ ការស្វែងរកទីផ្សារ ការកេងបន្លំ ការដឹកជញ្ជូននិងការខាតបង់ជាដើម ធ្វើឱ្យរូបគេនឿយហត់ខ្លាំង បាក់ទឹកចិត្តខ្លាំង ហើយចង់បង់បោះចោលជាច្រើនលើកនៅក្នុងឆ្នាំ២០១៨។
ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ អ្នកជំនួញជើងថ្មី បានឃើញឃ្លីបវីដេអូបង្រៀនរបស់លោកគ្រូ ឃីម សុខហេង ដោយចៃដន្យនៅលើបណ្តាញហ្វេសប៊ុក ជាវីដេអូដែលបង្រៀនពីរបៀបគិត របៀបធ្វើអាជីវកម្ម។ ភ្លាមនោះភារីក៏បានចុះឈ្មោះចូលរៀន ពេលនោះហើយជាពេលដែលអ្វីៗគ្រប់យ៉ាង បានផ្លាស់ប្តូរឱ្យគេក្លាយជាបុគ្គលមួយផ្សេង ទាំងរបៀបគិត និងរបៀបរស់នៅ ហើយធ្វើឱ្យភារីមានក្តីសង្ឃឹមជាថ្មីឡើងវិញ។ ស្វាមីនិងភរិយាមួយគូនេះ បានអភិវឌ្ឍន៍យកចំណេះជាទុន និងបានក្លាយជាកម្លាំងថាមពល ដូចពាក្យចាស់ពោលថា «សំណាបយោងដីស្រីយោងបុរស» ហើយគេចាប់ដៃគ្នាយ៉ាងរឹងមាំកសាងគ្រួសារនិងអាជីវកម្ម យ៉ាងស្វាហាប់ក្លៀវក្លារហូតដល់បានពង្រឹងនិងពង្រីកខ្លួនបានយ៉ាងល្អ។
ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ភារីនិងភរិយាបានប្រឹងប្រែងកសាងក្រុមហ៊ុនទិញលក់ជ័រកៅស៊ូឈ្មោះថា «ភារីស៊ីមួយ» ចេញពីចំណុចសូន្យរហូតដល់ទទួលបានផ្លែផ្កាយ៉ាងល្អដោយមានចំការកៅស៊ូរបស់ខ្លួនចំនួន៦០ហិចតាជាទ្រព្យ បង្កើតឱ្យមានលំហូរចរន្តសាច់ប្រាក់ប្រតិបត្តិការរឹងមាំ និងចាត់ចែងរៀបចំឱ្យមានចរន្តសាច់ប្រាក់វិនិយោគ ព្រមទាំងមានលំហូរចរន្តសាច់ប្រាក់សម្រាប់ទូទាត់បំណុល មានទុនបំរុង និងមានសេ្ថរភាពប្រាក់ចំណូលដែលអាចឱ្យពួកគេឈរជើងបានយូរអង្វែង។ ស្វាមី-ភរិយាមួយគូនេះក៏បានបង្កើតនូវមហិច្ចតានាពេលអនាគតចង់ពង្រីកការទិញនិងជួញដូរជ័រកៅស៊ូទូទាំងប្រទេស ហើយផ្គត់ផ្គង់ទៅក្រៅដូចជា ចិន ជប៉ុន កូរ៉េនិងអឺរុបជាដើម។
ករណីភារីគឺជារឿងពិតរបស់យុវជននៅជនបទដាច់ស្រយាល ដែលបានរំដោះខ្លួនពីភាពក្រលំបាក តាមរយៈឥទ្ធិពលនៃការខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូអំណត់ព្យាយាម និងអភិវឌ្ឍន៍ខ្លួន។ ទោះបីត្រូវប្រឈមមុខនឹងការខាតបង់ ភាពបរាជ័យ ការនឿយហត់ និងការបាក់ទឹកចិត្តក្តី តែភារីបានជំនះមិនបោះបង់ការរៀនសូត្រទេ គឺរៀនសូត្រតាមរយៈការងារ ការសង្កេត ការអនុវត្ត និងការស្វះស្វែងរកជំនួយប្រឹក្សា ជាពិសេសរៀនសូត្រពីមនុស្សជុំវិញខ្លួនដែលភារីប្រាស្រ័យទាក់ទង។ រាល់បរាជ័យគឺជាមេរៀន ហើយរាល់កំហុសគឺជាឱកាសដែលនាំទៅរកការសម្រេចផល។ តែមាគ៌ាឆ្ពោះទៅរកការ សម្រេចផលរបស់បុគ្គលម្នាក់ៗ ជារឿយៗត្រូវបានក្រាលដោយឧបសគ្គនិងបញ្ហាប្រឈមជាច្រើនដែលមើលមិនឃើញជាមុន ប៉ុន្តែតាមរយៈការជំនះ ការស៊ូទ្រាំនឹងការលំបាក ការអត់ធ្មត់ ជាមួយនឹងការបន្តរៀនសូត្រ គឺជាកម្លាំងចលករដែលជម្រុញឱ្យធ្វើដំណើរទៅកាន់គោលដៅពោរពេញដោយក្តីសង្ឃឹមនិងលទ្ធផល៕