លោកសុងស៊ីវ ជាអ្នកនិពន្ធមានរោងពុម្ព និងបណ្ណាគារផ្ទាល់ខ្លួន និងមានឧត្តម្ភគិតមិនស៊ីប្រាក់ខែរាជការ

លោកអាចារ្យសុង ស៊ីវ គឺអ្នកនិពន្ធដ៏មានទេពកោសល្យក្នុងការចងក្រងសៀវភៅបោះពុម្ពផ្សាយដែលមានរោងពុម្ពផ្ទាល់ខ្លួន និងមានបណ្ណាគារផ្ទាល់ខ្លួនដែលខុសប្លែកពីអ្នកនិពន្ធដទៃទៀត។ ចង់បញ្ជាក់ថា លោកពិតជាអ្នកនិពន្ធម្នាក់យល់ដឹងពីមុខរបរជាពិសេសការលក់សៀវភៅរបស់លោកតែម្តង។លោកមានស្នាដៃច្រើនភាគច្រើនសរសេរអំពីជំនឿនិងពុទ្ធសាសនា ។

សៀវភៅដែលជាស្នាដៃរបស់អាចារ្យ សុង ស៊ីវ បន្សល់ទុកសម្រាប់កូនថៅជំនាន់ក្រោយ ។

លោកអាចា្យ សុង ស៊ីវ កើតនៅថ្ងៃព្រហសត្បិ៍ ១៥កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៤៦៥ គ.ស.១៩២២ នៅភូមិអន្លងសំណ សង្កាត់កំពង់ជីក្រែង ខេត្តសៀមរាប។ ឪពុកឈ្មោះ អាំង ចាវ និងម្តាយឈ្មោះ តាន់ ស៊ុង។ លោក សុង ស៊ីវ មានបងស្រីម្នាក់ ឈ្មោះ អាំង លី និងប្អូនស្រីម្នាក់ឈ្មោះ អាំង ឆាយ។ តាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ញាក់ថា កុមារ សុង ស៊ីវ អាយុ៣ឆ្នាំ ត្រូវឪពុកអនិច្ចកម្មចោល ដោយរោគាពាធ បន្ទាប់មក គឺមិនយូរប៉ុន្មានម្តាយក៏បានអនិច្ចកម្មចោលទៀត។ កុមារសុង ស៊ីវ និងបងប្អូនកំព្រាទាំង៣នាក់ នេះ រស់នៅក្រោមការថែរក្សាពីជីដូនជីតាខាងម្តាយនៅភូមិស្រុកដដែល។ អាយុ៧ឆ្នាំ កុមារ សុង ស៊ីវ ត្រូវបានជីដូនជីតានាំទៅសិក្សាអក្សរសាស្ត្រខ្មែរ បារាំងក្នុងសាលាបឋមសិក្សាកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង។

កុមារនេះ រៀនចប់ថ្នាក់មជ្ឈិមដ្ឋាន ត្រូវបន្តទៅសិក្សានៅខេត្ត តែត្រូវបានអាក់ខានដោយពេលនោះបារាំងច្បាំងជាមួយនឹងសៀម។ ម្លោះហើយ ជីដូននាំទៅកុមារស៊ីវ ទៅបួសជាសាមណេរ ក្នុងវត្តបុព្វទិសារាម (កំពង់ក្តី) ក្រោយមកបានបំពេញជាភិក្ខុ ក្នុងវត្តអន្លង់សំណ ហើយបានប្រឡងយកវិញ្ញាបនបត្រ សាលាបាលីរងក្នុងវត្តដំណាក់ ខេត្តសៀមរាប ជាប់លេខ១។ មកដល់ ព.ស.២៤៨៧ គ.ស.១៩៤៤ ភិក្ខុសុងស៊ីវ ប្រឡងចូលសាលាបាលីជាន់ខ្ពស់នៅភ្នំពេញ គឺពេលប្រឡងជាប់ ហើយនិមន្តមកស្នាក់អាស្រ័យនៅកុដិសម្តេចធម្មលិខិត ល្វី ឯម ក្នុង
វត្តលង្ការ។ ក្នុងឆ្នាំនេះដែរ ខណៈកំពុងរៀនថ្នាក់ទី១ សាលាបាលី ជាន់ខ្ពស់ ភិក្ខុសុង ស៊ីវ ត្រូវបានសម្តេចធម្មលិខិត ល្វី ឯម តែងតាំងជាបាឡាត់ឧត្តមលិខិតសម្រាប់ទទួលភារៈកិច្ចទាក់ទងជាមួយនឹងក្រសួងធម្មការ និងក្រសួងព្រះសង្ឃនាយក តាមបញ្ជាសម្តេច។ បួនឆ្នាំក្រោយមក ប្រឡងបានសញ្ញាបត្រ សាលាបាលីជាន់ខ្ពស់ ផុតថ្នាក់សិក្សាវិជ្ជាពុទ្ធសាសនាសម័យនោះ។

ពេលប្រឡងចេញជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ភិក្ខុ សុង ស៊ីវ ត្រូវសម្តេចធម្មលិខិត និមន្តឱ្យធ្វើគ្រូបង្រៀនសាលាបាលីរងវត្តលង្កា និងភិក្ខុសង្ឃប្រគល់សិទ្ធិឱ្យរៀបចំការសិក្សារក្នុងសាលាបាលីវត្តសង្កា ឱ្យមានរបៀបទាន់សម័យ ដែលមានសមណសិស្សភិក្ខុ សាមណេររាប់ពាន់អង្គ។ លក្ខណៈពិសេសរបស់អាចារ្យសុង ស៊ីវ គឺមានតុល្យភាពខាងការនិយាយ និងការសរសេរដូចគ្នា ហើយក្រោយមកលោកបានលាចាកសិក្សាបទនៅចុងឆ្នាំ១៩៥២។

ជាមួយគ្នានេះដែរ ក្នុងសៀវភៅដដែលបានបញ្ជាក់ទៀតថា លោកអាចារ្យស៊ីវ មានឧត្តមគតិធ្ងន់ទៅលើរបរពាណិជ្ជកម្ម ឧស្សាហកម្មផ្សំនឹងសមត្ថភាពខាងសំណេរផងក៏បានក្លាយទៅជាកូនឧស្សាហករមួយរូបក្នុងសម័យសង្គមរាស្រ្តនិយម មិនយកជីវិតខ្លួន និងជីវិតគ្រួសារទៅប្រជ្រៀតផ្ញើនឹងថវិកាជាតិឡើយ មិនបានបង់ខាតក្រដាស់មួយសន្លឹកធ្វើដឺម៉ង្ត សុំប្រឡងប្រជែងដណ្តើមកៅអីក្នុងតំណែងរាជការណាមួយឡើយ។ ព្រោះតែហេតុដូចនេះ ទើបនៅដើមឆ្នាំ១៩៥៣ លោកបានដាក់ខ្លួន ធ្វើជាបុគ្គលិកស៊ីឈ្នួលកែវិញ្ញាសារ ក្នុងរោងពុម្ពជនបទបរទេស ហ្វឹកហាត់កាយវាចាចិត្តជាឧស្សាហករ ឱ្យមានបច្ចេកទេស ក្នុងការទិញ និងលក់ ការគិតបញ្ជី (គណនេយ្យករ) បង់ពន្ធដារ ការប្រើកម្មករ ការប្រើគ្រឿងម៉ាស៊ីន។ល។ ដែលត្រូវផលិត ចេញពីរោងពុម្ពទៅកាន់ទីផ្សារ។

លោកធ្វើការបានមួយឆ្នាំ នៅឆ្នាំ១៩៥៤ លោកមានសមត្ថភាពគ្រប់គ្រាន់ជាផលិតករ ផ្នែករោងពុម្ពហើយ ពេលនោះក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាង យឹម ស៊ី ដែលមានលំនៅឋានក្នុងក្រុងភ្នំពេញ ហើយបានបើករោងពុម្ពមួយ ឈ្មោះ រោងពុម្ពជាតិ ក្នុងឆ្នាំ១៩៥៥។ លោកអាចា្យ ស៊ីវ មានជីវភាពតាមសមត្ថភាព តាំងពីឆ្នាំ១៩៥៥ រហូតដល់ចុង ឆ្នាំ១៩៦៦ បើកបណ្ណាគារមួយទៀតឈ្មោះ បណ្ណាគារប្រជាប្រិយ។

លោក សុង ស៊ីវ ប្រហែលជាអនិច្ចធម្មក្នុងឆ្នាំ១៩៧៥ រវាងជន្មាយុ ៥៣ឆ្នាំ។ លោកបានបន្សល់ទុកនូវស្នាដៃ គឺបានសាងសង់តូបមួយខ្នងក្នុងវត្តលង្កា ឧទ្ទិសចំពោះព្រះសង្ឃ។ ការតែងនិពន្ធសៀវភៅ មានពីរចំណែក គឺតែងនិពន្ធកាលនៅជាបព្វជិត និងការតែងនិពន្ធក្នុងពេលមកជាគ្រហស្ថ។ សៀវភៅដែលបាននិពន្ធ ក្នុងពេលជាបុព្វជិត គឺរួមមាន៖

-វចនប្រទីប ,  ត្រៃកូដធម៌, ល្បើកប្រែតភាគ១ដល់ភាគ២(កាព្យ), ប្រជុំនិទានជាតក ភាគ១ដល់ភាគ៧,ទាយកបរិហារ ៦ កប្បកថា ៧ ប្រស្នាចតុប្បសរិសុទ្ធិសីល,សុភាសិតសង្គ្រោះ,ទូរេនិទានប្បញ្ហា,អរិយមគ្គាធិប្បាយ,ធម្មប្រទីប,ប្រជុំកងវិន័យ,សំយោគវិភាគ,ប្រជុំពុទ្ធប្បវត្តិ។

ចំណែកសៀវភៅដែលតែងនិពន្ធក្នុងពេលគ្រហស្ថ គឺរួមមាន៖

-ដំណឹងពាក់កណ្តាលសាសនា, មធុរទេសនា, សាសនប្រវត្តិ,ប្រជុំរឿងព្រេងនិងភាសិតភាគ ១-២, ប្រស្នាសាសនប្រតិបត្តិ,អនុបុព្វកថាធិប្បាយ, អបាយមុខ ទំនើប(កាព្យ),ភាសាវិរុទ្ធ,ប្រវត្តិព្រះនាងឥសិកាសីថេរី, តម្រាឱ្យឈ្មោះកូន,វែកញែកទម្លាប់ទំនៀមឈា បនកិច្ច,ព្រះរស់,សុជី  វធម៌ប្រចាំសង្គមប្រចាំគ្រួសារ,ជំនឿចាស់មនុស្សថ្មី,គិហិបដិបត្តិពិស្តារ,ប្រមូលភាសិត,ប្រជុំបុញ្ញប្រវត្តិ,សង្គហធម៌,ធម្មាទាសកថា,ឃរាវាសធម៌,មិត្តកថា,សតិសម្បជញ្ញកថា,ប្រវត្តិចៅ អធិការវត្តលង្កា,មនុស្សលោក,ជីវិតបដិវត្តន៍,រឿងព្រេងខ្មែរ,ចលនាអារ្យធម៌ភាគ១-២ និងសាធារណរដ្ឋថ្មី វិថីចិត្តចាស់៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព