មកស្គាល់លោកហ្សក គ្រូលីយេជាបិតាស្ថាបនិកសារមន្ទីរជាតិកម្ពុជា

លោកហ្សក គ្រូលីយេ(George Groslier ) ចន្លោះឆ្នាំ1887-1945 ជាប្រវត្តិវិទូ និងជាអ្នកនិពន្ធដ៏លេចធ្លោរដែលជាអ្នកផ្តល់កម្លាំងជំរុញទឹកចិត្តនៅពីក្រោយការរស់ឡើងវិញនៃសិល្បៈ វប្បធម៌ប្រពៃណីខ្មែរ​​​​​​​​​ក្រោមការដឹកនាំរបស់អាណាព្យាបាលបារាំង។ លោកគ្រូលីយេនេះហើយ គឺជាអ្នករចនាអគារសារមន្ទីរជាតិដ៏មានតម្លៃរបស់ខ្មែរមួយនេះ ដែលសព្វថ្ងៃ ត្រូវបានចាត់ទុកជាស្ថាបត្យកម្ម 'បែបខ្មែរ' ព្រោះអគារនេះ​ត្រូវបានចម្លង​ពី​គំរូ​នៃប្រាសាទបុរាណ​របស់​ខ្មែរ ​ ហើយ​ត្រូវ​បានរចនា​ឡើង​វិញ​តាមចក្ខុវិស័យនៃអាណានិគមបារាំង។

លោកហ្សក គ្រូលីយេ(George Groslier ) ចន្លោះឆ្នាំ 1887-1945

សារមន្ទីរជាតិ ដែលរចនាដោយលោកគ្រូលីយេត្រូវបានផ្សារភ្ជាប់ជាមួយនឹងសាលាវិចិត្រសិល្បៈ Ecole des Arts Cambodgiens (១៩១៧) ហើយក្រោយមកត្រូវបានគេស្គាល់ថាជាសារមន្ទីរកម្ពុជា( Musée du Cambodge) ក្នុងឆ្នាំ ១៩១៩។ នៅឆ្នាំ ១៩២០ សារមន្ទីរជាតិនេះត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជា Musée Albert Sarraut តាមឈ្មោះរបស់លោកទេសាភិបាលនៃតំបន់ឥណ្ឌូចិនឈ្មោះ Albert Sarraut នាពេលនោះ។

សារមន្ទីរថ្មីនេះ បានបុកគ្រឹះសាងសង់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩១៧។ ពីរឆ្នាំកន្លះក្រោយមក សារមន្ទីរដែលបានបញ្ចប់រួចរាល់ហើយ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី ១៣ខែមេសា ឆ្នាំ ១៩២០ ក្រោមអធិបតីភាពសម្តេច ស៊ីសុវត្ថិ ហ្វ្រង់ស្វ័រ ព្រមទាំងទេសាភិបាលជាន់ខ្ពស់ លោក Marius Baudoin, និង លោក M. Groslier នាយកសិល្បៈខ្មែរ និងជានាយកគ្រប់គ្រងសារមន្ទីរ។ សូមបញ្ជាក់ថា រចនាបទដើមនៃអាគារសារមន្ទីរនេះ ត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងឆ្នាំ ១៩២៤ ដោយបន្ថែមស្លាបនៅចុងម្ខាងនៃផ្នែកខាងមុខដែលធ្វើឱ្យអាគារនេះកាន់តែមានរចនាបទខ្មែរ។

នាយកដំបូងនៃសារមន្ទីរពីទសវត្សរ៍ឆ្នាំ ១៩២០-១៩៤០ បានរួមចំណែកយ៉ាងច្រើនដល់ចំណេះដឹង និងមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈរការយកចិត្តទុកដាក់ពីលោកគ្រូលីយេ។ ការគ្រប់គ្រងសារមន្ទីរជាតិ និងសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ត្រូវបានបារាំងផ្ទេរការគ្រប់គ្រងឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៥១ ពីរឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។

ចាប់ពីថ្ងៃទី៧ខែវិច្ឆិកា ១៩៥៦-១៩៦៦ សារមន្ទីរជាតិខ្មែរបានបន្តរីកចម្រើនក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងជាតិបារាំងដដែលគឺ Madeleine Giteau ជានាយកសារមន្ទីរជាតិនាពេលនោះ។ ឆ្នាំ ១៩៦៦ មានការតែងតាំងលោក ជា ថាយសេង ជាប្រធានសារមន្ទីរជាតិកម្ពុជាដំបូងគេ និងជាព្រឹទ្ធបុរសនៃនាយកដ្ឋានបុរាណវិទ្យាដែលទើបបង្កើតថ្មីនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សាកលវិទ្យាល័យនេះ មានឈ្មោះជាភាសាបារាំង «Ecole des Arts Cambodgiens» ក្នុងឆ្នាំ ១៩២០ ត្រូវបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយសិស្ស សិប្បករ និងគ្រូបង្រៀន ដែលធ្វើការដើម្បីអភិរក្សប្រពៃណីវប្បធម៌ខ្មែរ នៅសាលាវិចិត្រសិល្បៈស្ថិតនៅខាងក្រោយសារមន្ទីរជាតិតែម្តង។សារមន្ទីជាតិនៃកម្ពុជា ជាកន្លែងប្រមូលផ្តុំនូវវត្ថុវប្បធម៌ខ្មែរដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោក រួមមានចម្លាក់ សេរ៉ាមិច និងវត្ថុជនជាតិភាគតិចពីសម័យបុរេប្រវត្តិ បុរេអង្គរ អង្គរ និងក្រោយអង្គរ។ សារមន្ទីរជាតិកម្ពុជា មានគោលបំណងអប់រំ និងបំផុសគំនិតអ្នកទស្សនារបស់ខ្លួន ក្នុងការលើកកម្ពស់ការយល់ដឹង និងការឱ្យតម្លៃដល់បេតិកភណ្ឌរបស់ខ្មែរ តាមរយៈការបង្ហាញ ការអភិរក្ស ការបកស្រាយ និងការទទួលបាននូវការយល់ដឹងពីសង្គមកម្ពុជាតាមរយៈសម្ភារវប្បធម៌បុរាណខ្មែរ។

នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មានការតាំងពិព័រណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ត្រូវបានរៀបចំឡើង ដោយចាប់ផ្តើមជាមួយការតាំងពិព័រណ៍នៅវិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩៩២។ ការតាំងពិព័រណ៍ជាបន្តបន្ទាប់បានធ្វើឡើងនៅប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់។ល។ ការតាំងពិព័រណ៍នៅប្រទេសអូស្ត្រាលី និងបារាំងបាននាំមកនូវជំនួយផ្នែកវិជ្ជាជីវៈ និងរចនាសម្ព័ន្ធដ៏សំខាន់ដល់សារមន្ទីរពីរដ្ឋាភិបាលនៃប្រទេសទាំងនោះ ហើយគេសង្ឃឹមថា ពិព័រណ៍អន្តរជាតិធំៗនឹងមានជាបន្តដើម្បីទាក់ទាញការគាំទ្រពីសហគមអន្តរជាតិ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព