ប្រភពពីរុស្ស៊ីដែលដឹងបញ្ហានេះផ្ទាល់ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនរុស្ស៊ីខ្លះ កំពុងប្រឈមមុខនឹងការពន្យារពេលចេះតែកើនឡើង និងការចំណាយកើនឡើងក្នុងការទូទាត់ជាមួយដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសចិន ដោយធ្វើឱ្យប្រតិបត្តិការដែលមានតម្លៃរាប់សិបពាន់លានយួន ស្ថិតក្នុងការជាប់គាំង។
បណ្តាក្រុមហ៊ុន និងក្រុមមន្ត្រីរុស្ស៊ីអស់រយៈពេល១-២ខែហើយ បានចង្អុលទៅកាន់ការពន្យារពេលក្នុងប្រតិបត្តិការបន្ទាប់ពីធនាគារចិនជាច្រើន បានរឹតបន្តឹងការអនុវត្តបន្ទាប់ពីការគំរាមកំហែងទណ្ឌកម្មទី២របស់លោកខាងលិច ឌើម្បីទបើទល់ជាមួយប្រទេសរុស្ស៊ី។ ប្រភពជាច្រើន បានឲ្យដឹងថា បញ្ហានោះ កាន់តែតឹងតែងឡើង តាំងពីខែសីហាមក។
ប្រភពមួួដែលស្និទ្ធនឹងរដ្ឋាភិបាលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ធនាគាររដ្ឋចិន កំពុងបិទរាល់ប្រតិបត្តិការជាមួយរុស្ស៊ី ជាទ្រង់ទ្រាយ”ដ៏ធំ” ហើយការបង់ប្រាក់រាប់ពាន់លានយួន ត្រូវបានផ្អាក។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង១/៣ នៃការធ្វើពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីកាលពីឆ្នាំមុន និងកំពុងផ្គត់ផ្គង់ទំនិញ ដូចជាគករឿងបំពាក់ឧស្សាហកម្មសំខាន់ៗ និងទំនិញប្រើប្រាស់ដែលជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។ ការធ្វើពាណិជជកម្មនោះ ក៏ផ្តល់នូវទីផ្សាររកធំសម្បើម សម្រាប់ការនាំចេញរបស់រុស្ស៊ីជាច្រើន ដែលចិនពឹងផ្អែកលើ ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ផលិតផលកសិកម្មជាច្រើន។
ប្រភពមួយនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនាំមុខគេមួយរបស់រុស្ស៊ី បាននិយាយថា ក្រោយពីរតនាគារ អាមេរិកកាលពីខែមិថុនា បានគំរាមដាក់ទណ្ឌកម្មទី២លើធនាគារក្នុងប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ី, ធនាគារចិនជាច្រើន បានចាប់ផ្តើមប្រកាន់ជំហរតឹងរ៉ឹងខ្លាំង១ លើប្រតិបត្តិការនានា។ រុស្ស៊ី មានលក់ទំនិញប្រើប្រាស់ជាច្រើនប្រភេទដែលនាំចូលពីប្រទេសចិន។
ប្រភពនោះ បាននិយាយថា៖ “នៅពេលនោះ ការទូទាត់ប្រាក់ឆ្លងព្រំដែនទាំងអស់ទៅប្រទេសចិន បានឈប់។ យើងបានរកឃើញដំណោះស្រាយជាច្រើន ប៉ុន្តែវាបានចំណាយពេលប្រហែល ៣សប្តាហ៍ ដែលជារយៈពេលដ៏យូរណាស់ ហើយទំហំពាណិជ្ជកម្ម បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងពេលនោះ” ។
មនុស្សដដែលនោះ បាននិយាយថា ដំណោះស្រាយកំពុងដំណើរការ១ គឺត្រូវទិញមាស ផ្លាស់ទីវាទៅហុងកុង និងលក់វានៅទីនោះ ដោយដាក់ប្រាក់នៅក្នុងគណនីធនាគារក្នុងតំបន់១។
ប្រភពជាច្រើន បានប្រាប់រ៉យទ័រថា អាជីវកម្មរុស្ស៊ីខ្លះ បាននិងកំពុងប្រើប្រាស់ខ្សែសង្វាក់អន្តរការី នៅក្នុងប្រទេសទី៣ ដើម្បីចាត់ចែងប្រតិបត្តិការរបស់ពួកគេ និងទទួលបានការត្រួតពិនិត្យអនុលោមភាព ដែលគ្រប់គ្រងដោយធនាគារចិន។ ពួកគេ បាននិយាយថា ជាលទ្ធផល ការចំណាយលើដំណើរការប្រតិបត្តិការបានកើនឡើងពីស្ទើរសូន្យពីមុន មកច្រើនរហូតដល់ ៦% នៃការទូទាត់ប្រតិបត្តិការ។
ប្រភពទាំនេះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហានេះមានភាពរសើប។
ប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយថា៖ “សម្រាប់ក្រុមហ៊ុនតូចៗជាច្រើន ទង្វើនេះមានន័យថា ជាការបិទចោលទាំងស្រុង”។
វិមានក្រឹមឡាំង បានទទួលស្គាល់បញ្ហានេះ ប៉ុន្តែបាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺមានសារៈសំខាន់សម្រាប់ប្រទេសទាំង២ ហើយដំណោះស្រាយនានា គេនឹងរកឃើញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ “ជាមួយនឹងបរិមាណបែបនេះ និងក្នុងបរិយាកាសដែលមិនរាក់ទាក់បែបនេះ ការចៀសវាងស្ថានភាពមានបញ្ហា វាជារឿងមិនអាចទៅរួចទេ” ។
លោក បានមានប្រសាសន៍ថា៖ “ទោះជាយ៉ាងណាក៏ដោយ ស្មារតីភាពជាដៃគូពិតប្រាកដនៃទំនាក់ទំនងរបស់យើង អាចឱ្យយើងពិភាក្សាគ្នា និងដោះស្រាយរាល់បញ្ហានាពេលបច្ចុប្បន្នបានប្រកបដោយការស្ថាបនា”។
ប្រភពធនាគារ១ បានប្រាប់រ៉យទ័រថា ប្រតិបត្តិការជាមួយប្រទេសចិន មិនមែនជាក្តីព្រួយបារម្ភខ្លាំង ចំពោះថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ីនោះទេ ពីព្រោះការទូទាត់នៅក្នុងតំបន់អាទិភាពនៅតែដំណើរការដោយរលូន និងមានឆន្ទៈនយោបាយពីភាគីទាំងពីរ។ ប្រភពជាច្រើន បាននិយាយថា៖ ការចាត់ចែងទ្វេរភាគី សម្រាប់ក្រុមហ៊ុនធំៗ ដូចជាក្រុមអ្នកនាំចេញទំនិញរបស់រស្ស៊ី និងក្រុមអ្នកនាំចេញបច្ចេកវិទ្យាសំខាន់ៗរបស់ចិន នៅតែដំណើរការយ៉ាងល្អ ចំណែកឯក្រុមហ៊ុនតូចៗដែលធ្វើពាណិជ្ជកម្មលើទំនិញប្រើប្រាស់ ជួបប្រទះបញ្ហាច្រើន។
ប្រភព១ទៀតដែលស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី បានប្រាប់រ៉យទ័រថា ក្រុមអ្នកនាំចេញរុស្ស៊ី មិនជួបប្រទះការលំបាកក្នុងការទទួលការទូទាត់សម្រាប់ទំនិញដែលចិននាំចូល ដូចជាប្រេង ឬគ្រាប់ធញ្ញជាតិនោះទេ។
យោងតាមទិន្នន័យគយផ្លូវការរបស់ ន បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិន បានកើនឡើង ១.៦% គឺចំនួន ១៣៧ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ ២០២៤ បន្ទាប់ពីបានឡោះងដល់កម្រិតជាប់កំណត់ត្រាចំនួន ២៤០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់រ៉យទ័រថា៖ “ពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី គឺស្របតាមច្បាប់របស់ WTO និងគោលការណ៍ទីផ្សារ, មិនត្រូវបានដឹកនាំប្រឆាំងនឹងភាគីទី៣ និងមិនទទួលរងនូវការជ្រៀតជ្រែក ឬការបង្ខិតបង្ខំពីភាគីទី៣” ។
អ្នកនាំពាក្យរូបនោះ បានបន្ថែមថា៖ “យើងប្រឆាំងដាច់ខាតនូវការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និង “យុត្តាធិការអាវុធវែង” ហើយនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង” ។
យោងតាមស្ថិតិផ្លូវការរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលរុស្ស៊ីពីប្រទេសចិន បានធ្លាក់ចុះជាង ១% មកនៅត្រឹម ៦២ពាន់លានដុល្លារពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ ដោយសារបញ្ហាការទូទាត់នេះ។
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានព្យាករថា ការនាំចូលសរុបរបស់ខ្លួន ពីជុំវិញពិភពលោក នឹងធ្លាក់ចុះដល់ទៅ ៣% នៅឆ្នាំនេះ។
ធនាគារកណ្តាលនោះ បាននិយាយថា៖ “ការនាំចូលនឹងថយចុះនៅឆ្នាំ ២០២៤ ដោយសារតែការពង្រឹងរបាំងទណ្ឌកម្ម ទាក់ទងនឹងការទូទាត់ និងការដឹកជញ្ជូន” ទោះបីជាធនាគារ កណ្តាលនោះ បានព្យាករថាស្ថានភាពនឹងប្រសើរឡើងត្រីមាសកណ្តាលក៏ដោយ ។ នេះបើយោងតាមសេចក្តីព្រាងគោលការណ៍ណែនាំគោលនយោបាយរូបិយវត្ថុដែលបានចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនកាលពីខែឧសភា, ធនាគារចិនក្នុងស្រុកខ្លះដែលមិនមានអាជីវកម្មសកល បានចូលខ្លួនចាត់ចែងការទូទាត់ទ្វេភាគី។ ពួកគេ នឹងនៅក្រៅកណ្តាប់ដៃរបស់ក្រុមអ្នកអនុវត្តទណ្ឌកម្មលោកខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាច្រើន បានចង្អុលបង្ហាញថា ធនាគារទាំងនេះជារឿយៗ មានប្រព័ន្ធ IT ហួសសម័យ និងខ្វះបុគ្គលិកដែលមានជំនាញចាំបាច់។
ប្រភពផ្នែកធនាគារនោះ បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនឆ្លងដែន កំពុងបញញជូនទៅមករាល់ឯកសារផ្ទេរប្រាក់ឆ្លងកាត់ព្រំដែនរុស្ស៊ី-ចិន ដើម្បីឲ្យក្រុមធនាគារិកចិន បោះត្រា និងចុះហត្ថលេខាដោយផ្ទាល់ដៃ។
ប្រមុខវិទ្យាស្ថានចិននៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Kirill Babaev បាននិយាយថា៖ “រហូតដល់បញ្ហាជាមួយនឹងការទូទាត់ប្រាក់ ត្រូវបានដោះស្រាយនៅកម្រិតរដ្ឋ, យើងមិនអាចរំពឹងថា នឹងមានលំហូរសកម្ម១ នៃការវិនិយោគពីប្រទេសចិននោះទេ” ។
ការស្រាវជ្រាវដែលសហការនិពន្ធដោយ Babaev និងបានចេញផ្សាយក្នុងខែនេះ បង្ហាញពីហានិភ័យដែលចោទចំពោះវិស័យឧស្សាហកម្មរបស់រុស្ស៊ី ដែលប្រទេសចិនបានក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេ។
ឯកសារស្រាវជ្រាវនោះ បាននិយាយថា៖ “នៅក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ បញ្ហាទូទាត់ជាមួយបណ្តាធនាគារចិន ធ្វើឱ្យបញ្ហាប្រឈមនេះកាន់តែអាក្រក់ជាពិសេស ព្រោះថាមិនមានគ្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារឧស្សាហ៍កម្មធំណាផ្សេងទៀត ក្រៅពីប្រទេសចិនទេ នាពេលបច្ចុប្បន្ននេះ “។
នៅក្នុងសន្និសីទនៅទីក្រុងមូស្គូកាលពីថ្ងៃទី១៦ ខែសីហា លោក Dmitry Birichevski ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៅក្រសួងការបរទេសរុស្ស៊ី បាននិយាយ ថាក្រុមហ៊ុនធំ ៗ នៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារអាមេរិក និងអឺរ៉ុប។
លោក បាននិយាយថា៖ “ហើយពួកគេត្រូវបានគេប្រាប់ថា “បើសិនជាអ្នកបន្តធ្វើការជាមួយប្រទេសរុស្ស៊ី យើងនឹងកាត់ផ្តាច់ការមិនឲ្យចូលទៅកាន់ទីផ្សាររបស់យើង និងបិទមិនឱ្យអ្នកមានអុកស៊ីសែនដកទៀត” ៕