ក្រុមអ្នកធ្វើគោលនយោបាយរបស់ធានាគារសហព័ន្ធកាលពីថ្ងៃសុក្រទី៦ កញ្ញា បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយអត្រាការប្រាក់ នៅឯកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងរយៈពេល២សប្តាហ៍ទៀត ដោយម្នាក់ក្នុងចំណោមពួកគេនិយាយថា គាត់អាចគាំទ្រការកាត់បន្ថយជាបន្ត ឬកាត់បន្ថយកាន់តែធំ ចំពោះការចំណាយលើប្រាក់កម្ចី បើសិនជាទីផ្សារការងារដែលមានបញ្ហាត្រូវការការគាំទ្រ។
នៅឯព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងបរទេសមួយ លោក John Williams ប្រធានធនាគារកណ្តាលក្រុងញូវយ៉ក បាននិយាយថា៖ “ឥឡូវនេះ វាសមស្របក្នុងការកាត់បន្ថយកម្រិត នៃការរឹតបន្តឹង នៃគោលជំហរគោលនយោបាយ ដោយកាត់បន្ថយត្រង់រង្វង់គោលដៅ សម្រាប់អត្រាមូលនិធិសហព័ន្ធ” ថ្វីបើថា ប៉ុន្មាន និងក្នុងល្បឿនណា គឺនៅតែមិនទាន់ដឹងនៅឡើយ។
ថ្លែងនៅឯសាកលវិទ្យាល័យ Notre Dame, លោក Christopher Waller ទេសាភិបាលធនាគារកណ្តាល បានបន្ថែមតែបន្តិចប៉ុណ្ណោះ។
លោក Waller បាននិយាយថា៖ “បើសិនទិន្នន័យនោះ គាំទ្រការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នា, នោះខ្ញុំជឿថាវានឹងជាការសមស្រម ក្នុងការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នានោះ”។ “បើសិនជាទិន្នន័យន៉ បង្ហាញពីតម្រូវការសម្រាប់ការកាត់បន្ថយកាន់តែធំ, នោះខ្ញុំនឹងគាំទ្រវាផងដែរ។ ខ្ញុំក៏ជាអ្នកតស៊ូមតិដ៏ធំមួយនៃការដំឡើងអត្រាការប្រាក់ កាលដែលអតិផរណាបានកើនឡើងក្នុងឆ្នាំ ២០២២ ហើយខ្ញុំក៏នឹងក្លាយជាអ្នកតស៊ូមតិម្នាក់ ក្នុងការកាត់បន្ថយអត្រានេះ បើសិនជា នោះជាការសមរម្យ។
សុន្ទរកថានោះ បានបន្សល់ទុកនូវមន្ទិលសង្ស័យតិចតួចថា ក្រុមធនាគារិកកណ្តាលអាមេរិក បានបើកទំព័រគោលនយោបាយរូបិយវត្ថុនេះហើយ ដោយបំពេញការផ្លាស់ប្តូររបស់ពួកគេទៅកាន់ការផ្តោត១ លើការថែរក្សាការងារ ហើយផ្តោតតិចតួចលើការទម្លាក់អតិផរណា។ ពេលនេះ ធនាគារកណ្តាល ត្រូវបានរំពឹងទុកជាទូទៅថា នឹងកាត់បន្ថយអត្រាគោលនយោបាយរបស់ខ្លួន ដែលបច្ចុប្បន្នស្ថិតនៅក្នុងចន្លោះពី ៥.២៥ ទៅ ៥.៥% នៅឯកិច្ចប្រជុំរបស់ខ្លួនពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ដែលជាការរំពឹងទុកមួយ ដែលប្រធានធនាគារសហព័ន្ធ លោក Jerome Powell បានបរៀបចំកាលពី២សប្តាហ៍មុន នៅពេលដែលលោកបាននិយាយថា៖ “ពេលវេលាបានមកដល់ហើយ” ដើម្បីបន្ធូរបន្ថយគោលនយោបាយ ដោយសារតែវឌ្ឍនភាពលើអតិផរណា និងមានបញ្ហានៅក្នុងទីផ្សារការងារ។
លោក Waller បានបន្ទរពីលើឃ្លារបស់ Powell ដោយថ្លែងថា៖ “វាទំនងថា ការកាត់បន្ថយជាបន្តបន្ទាប់នឹងជាការសមស្រប”។
ទិន្នន័យដែលបានចេញផ្សាយមុននេះកាលពីថ្ងៃសុក្រ បានបង្ហាញថា កំណើនការងារប្រចាំខែ មានជាមធ្យមមាន ១១៦,០០ ក្នុងរយៈពេលពីខែមិថុនា ដល់ខែសីហា ទាបជាងអ្វីដែលក្រុមអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា ត្រូវការបំពេញតម្រូវការកំណើនការងារ ត្រូវការចំនួនប្រជាជនដែលកំពុងកើនឡើង។
ខណៈដែលទិន្នន័យបង្ហាញពីភាពទនើភ្លន់ ប៉ុន្តែមិនទ្រុឌទ្រោម ហើយសេដ្ឋកិច្ច មើលទៅមិនឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចនោះ, លោក Waller បាននិយាយថា៖ “បណ្តុំនៃទិន្នន័យបច្ចុប្បន្ន លែងត្រូវការការអត់ធ្មត់ទៀតហើយ, វាទាមទារឱ្យមានវិធានការ”។
ទាំងលោក Williams និងលោក Waller ក៏បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយអតិផរណា ផងដែរ ដោយ Waller បាននិយាយថា ពេលនេះ វាស្ថិតនៅលើ “ផ្លូវត្រូវ”ហើយ ដើម្បីទៅដល់គោលដៅ ២%របស់ ធនាគារកណ្តាលអាមេរិក៕