តារាសម្តែងចិន នាង ហ្វាន ភីងភីង (Fan Bingbing) ត្រូវបានគេរាយការណ៍មកថា បានជួលអាផាតមិនមួយរស់នៅ នៅផ្លូវ Barker Road ក្នុងសង្កាត់ The Peak របស់ហុងកុង ក្នុងតម្លៃ ៦៥០,០០០ដុល្លារហុងកុង (៨៣,៤១៤ ដុល្លារ) ក្នុងមួយខែ។
យោងតាមគេហទំព័រ Dimsum Daily ឱ្យដឹងថា លំនៅដ្ឋាននេះ មានទំហំជាង ៤៦៥ ម៉ែត្រការ៉េ និងអាចមើលឃើញទេសភាព ១៨០អអ្សារ នៃតំបន់ Victoria Harbour ។ អាផាតមិននេះ មានបន្ទប់គេងចំនួន ៥, បន្ទប់ទឹកចំនួន ៤, ផ្ទៃដីសួនច្បារជាប់ ១០០០ ហ្វីតការ៉េ និងទីចំរាក់ធំទូលាយទំហំលើសពី ១០០០ ហ្វីតការ៉េ។
ប្រភពជាច្រើន បង្ហាញថា នាងហ្វាន ទទួលបានក្នុងការស្នាក់នៅហុងកុងជោគជ័យ បន្ទាប់ពីការបន្តអ្វើអន្តោប្រវេសន៍ តាមរយៈការវិនិយោគនៅទីនេះ ជិតមួយទសវត្សរ៍មក។
ផ្លូវ Barker Road មានភាពល្បីល្បាញ មិនត្រឹមតែសម្រាប់ទេសភាពដ៏អស្ចារ្យរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពផ្តាច់មុខ និងឯកជនភាពរបស់វា, គុណភាពដែលបុគ្គលល្បីឈ្មោះជាច្រើនបានឲ្យតម្លៃខ្ពស់ ។
យោងតាមកាសែត South China Morning Post ឱ្យដឹងថា លោក Martin Li Ka-shing ជាអ្នកស្នងមរតករបស់មហាសេដ្ឋីហុងកុង លោក លី សូវគី (Lee Shau Kee) បានទិញអចលនទ្រព្យលេខ 35,នៅផ្លូវ Barker Road នោះ ក្នុងតម្លៃ ១.៨២ពាន់លានដុល្លារហុងកុង ក្នុងឆ្នាំ ២០១០។ ក្នុងពេលជាមួយគ្នានេះដែរ មហាសេដ្ឋីចិន លោក ចេក ម៉ា (Jack Ma) បានចំណាយប្រាក់ចំនួន ១.៥ ពាន់លានដុល្លារហុងកុង លើផ្ទះប្រណីត លេខ 22, ទំហំ ៩៨៩០ ម៉ែត្រការ៉េ នៅផ្លូវ Barker Road នោះដែរ។
នាង ហ្វាន ដែលបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈក្នុងវ័យ១៧ ឆ្នាំ ហើយពេលនេះមានវ័យ៤៣ ឆ្នាំបានទទួលនូវការទទួលស្គាល់ជាអន្តរជាតិ ក្នុងនាមជាតារាសម្តែង, ជាម៉ូដែល, ជាផលិតករទូរទស្សន៍ និងជាតារាចម្រៀង។ នាង ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះជនមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ ២០១៧។
នាង បានរក្សាការមិនចេញមុខមាត់នោះទេ ចាប់តាំងពីត្រូវបានផាកពិន័យ ១២៨លានដុល្លារអាមេរិក ពីបទគេចពន្ធ ក្នុងឆ្នាំ ២០១៨។
ថ្មីៗនេះ នាងបាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន និងបានភ្ជាប់ទំនាក់ទំនងជាថ្មី ជាមួយក្រុមអ្នកគាំទ្រដែលតាមដាននាង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Xiaohongshu និង Douyin ជាទីដែលនាងចែករំលែកព័ត៌មានថ្មីៗ អំពីជីវិតរបស់នាងក្នុងនៅហុងកុង៕