ព្យុះទីហ្វុង យ៉ាគី បំផ្លិចបំផ្លាញ អស់រាប់ពាន់លាន$នៅទូទាំងទ្វីបអាស៊ី, សម្លាប់មនុស្យជិត៣០០នាក់

មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំងនៅ​ក្នុងសប្តាហ៍នេះ ដោយផ្ទះសម្បែងត្រូវបានជន់លិច, ដាច់ចរន្តអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត បន្ទាប់ពីព្យុះទីហ្វុង យ៉ាគី (Yagi) ដែលជាព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់បំផ្លិចបំផ្លាញ ទូទាំងតំបន់នេះអស់រាប់ពាន់លានដុល្លារ  ខណៈចំនួនអ្នកបាត់បង់ជីវិត មានជិត៣០០ នាក់ នៅក្នុងតំបន់។ នៅវៀតណាម អ្នកស្លាប់ បានកើនឡើងដល់ ២២៣នាក់, បាត់ខ្លួន​១២៨នាក់ និងរបួស ជាង​៨០០នាក់។ នៅចិន មនុស្ស​យ៉ាងតិច​៣០នាក់ បានបាត់បង់ជីវិត, ហ្វីលីពីន ស្លាប់១៦នាក់, នៅថៃ​ស្លាប់ ៨នាក់ និង មីយ៉ាន់ម៉ា ស្លាប់១៧នាក់, ខណៈនៅឡាវ មិនទាន់មានរបាយការណ៍ប៉ះពាលដល់ជីវិតទេ។ ព្យុះទីហ្វុង យ៉ាគី ក៏បានបង្កការខូចខាតជាទូទៅដល់គោលដៅទេសចរណ៍ល្បីៗ និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសផងដែរ។ ប្រទេសវៀតណាម ព្យុះនេះ បានបោកបក់លើភាគខាងជើងវៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅទេសចរណ៍សំខាន់ៗ ដូចជាតំបន់ Bai Chay នៅក្នុងឈូងសមុទ្រហាក់ឡុង និងកោះ Cat […]

ព្យុះទីហ្វុង យ៉ាគី វាយប្រហារ​ខេត្តក្វាងនិញ នៅថ្ងៃទី៨ កញ្ញា គួរឲ្យខ្លាច

មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំងនៅ​ក្នុងសប្តាហ៍នេះ ដោយផ្ទះសម្បែងត្រូវបានជន់លិច, ដាច់ចរន្តអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត បន្ទាប់ពីព្យុះទីហ្វុង យ៉ាគី (Yagi) ដែលជាព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់បំផ្លិចបំផ្លាញ ទូទាំងតំបន់នេះអស់រាប់ពាន់លានដុល្លារ  ខណៈចំនួនអ្នកបាត់បង់ជីវិត មានជិត៣០០ នាក់ នៅក្នុងតំបន់។ នៅវៀតណាម អ្នកស្លាប់ បានកើនឡើងដល់ ២២៣នាក់, បាត់ខ្លួន​១២៨នាក់ និងរបួស ជាង​៨០០នាក់។ នៅចិន មនុស្ស​យ៉ាងតិច​៣០នាក់ បានបាត់បង់ជីវិត, ហ្វីលីពីន ស្លាប់១៦នាក់, នៅថៃ​ស្លាប់ ៨នាក់ និង មីយ៉ាន់ម៉ា ស្លាប់១៧នាក់, ខណៈនៅឡាវ មិនទាន់មានរបាយការណ៍ប៉ះពាលដល់ជីវិតទេ។

ព្យុះទីហ្វុង យ៉ាគី ក៏បានបង្កការខូចខាតជាទូទៅដល់គោលដៅទេសចរណ៍ល្បីៗ និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសផងដែរ។

ព្យុះទីហ្វុង យ៉ាគី បានបង្កការខូចខាតយ៉ាងដំណំ នៅតំបន់រម្មនីយដ្ឋានទេសចរណ៍ ឈូងសមុទ្រហាក់ឡុង និងកោះ Cat Ba ក្នុងទីក្រុង ហាយហ្វុង

ប្រទេសវៀតណាម

ព្យុះនេះ បានបោកបក់លើភាគខាងជើងវៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅទេសចរណ៍សំខាន់ៗ ដូចជាតំបន់ Bai Chay នៅក្នុងឈូងសមុទ្រហាក់ឡុង និងកោះ Cat Ba ក្នុងទីក្រុង ហាយហ្វុង ត្រូវបានបំផ្លិចបំផ្លាញ។

អគារទេសចរណ៍ជាច្រើន ដែលមានតម្លៃជាច្រើនលានដុល្លារ ដូចជាសារមន្ទីរ ក្វាងនិញ បណ្ណាល័យ និងវិមានផ្សោតក្នុងខេត្ត ក្វាងនិញ ដែលជាតំបន់១ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះអស់ដំបូល និងបង្អួចកញ្ចក់បែកខ្ទេចខ្ទី ដោយសារខ្យល់បក់ខ្លាំង។

សណ្ឋាគារ និងរមណីយដ្ឋាននានា បានរាយការណ៍ពីកញ្ចក់ខ្ទេចខ្ទី ស្លាកប៉ាណូធំៗខូច និងបន្ទះអាលុយមីញ៉ូមរហែករយ៉ៃ ដោយបង្ខំឱ្យពួកគេបិទទ្វារដើម្បីជួសជុល។

ទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះនេះ នៅតែបន្តរំខានដល់ចរាចរណ៍ និងផ្នែកទេសចរណ៍ នៅក្នុងរដូវកាលទេសចរណ៍កំពូលនេះ។

ឧស្សាហកម្មទេសចរណ៍នេះ មិនបានបង្ហាញពីទំហំ នៃការខាតបង់ពិតប្រាកដរបស់ខ្លួននោះទេ ប៉ុន្តែក្រុមប្រតិបត្តិករ បានបង្ហាញថា ការខាតបង់មានធំសម្បើម ហើយការស្តារឡើងវិញ នឹងត្រូវចំណាយពេលច្រើនណាស់។

លោក Le Manh Hiep ម្ចាស់សណ្ឋាគារនៅហាក់ឡុង បាននិយាយថា ការខូចខាតទីតាំងទេសចរណ៍ គឺ “ធំធេង” ដោយបន្ថែមថា គ្រួសាររបស់គាត់តែម្នាក់ឯង បានរងការខាតបង់ប្រមាណ ៥០០លានដុង (២០,៣០០ ដុល្លារ) ។ លោក Hiep បានប្រាប់ថា៖ “កន្លែងណា ដែលចង់ស្វាគមន៍ភ្ញៀវទេសចរ នឹងត្រូវការពេលយ៉ាងហោចណាស់ក៏១ខែដែរ ដើម្បីស្តារឡើងវិញ” ។

ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសវៀតណាម បានរាយការណ៍ថា ខ្លួនបានទទួលសំណើទាមទារសំណងបន្ទាប់ពីព្យុះទីហ្វុង យ៉ាគី យ៉ាងហោចណាស់ក៏ ២.៧៦ ពាន់ពាន់លានដុង (១១២លានដុល្លារ) ។

ក្រុមហ៊ុន PVI Insurance Corp ដែលនាំមុខទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិត បានទទួលសំណើទាមទារសំណងជាង ៥០០ ដែលមានតម្លៃ ២ពាន់ពាន់លានដុង សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានខូចខាតដោយមូលហេតុដែលទាក់ទងនឹងព្យុះទីហ្វុងនេះ។

ក្រុមសង្គ្រោះ សែងសាកសព ដែលកកាយចេញពីការរអិលបាក់ដី នៅហ្វីលីពីន ដោយសារព្យុះទីហ្វុង យ៉ាគី

ប្រទេសហ្វីលីពីន

នៅប្រទេសហ្វីលីពីន ដែលជាប្រទេសទី១ ដែលព្យុះយ៉ាហ្គី បានវាយប្រហារកាលពីថ្ងៃទី២ ខែកញ្ញា យ៉ាងហោចណាស់មនុស្ស ១៦នាក់ បានស្លាប់។

ទីភ្នាក់ងារ​សារព័ត៌មាន AP បានរាយការណ៍ថា ការធ្វើដំណើរតាមសមុទ្រ ត្រូវបានបញ្ឈប់នៅត្រឹមកំពង់ផែជាច្រើន ដោយសាឡាងអ្នកដំណើរ និងកម្មករលើកទំនិញចំនួន ២៤០០នាក់ ជាប់គាំង ហើយជើងហោះហើរក្នុងស្រុក១២ ត្រូវបានផ្អាក។ សកម្មភាពទេសចរណ៍ ក៏ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរផងដែរ។

គ្រួសារជិត ៤៥០,០០០ ដែលមានមនុស្ស ១.៧ លាននាក់ បានរងការប៉ះពាល់ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានតម្លៃ ៣៥១លានប៉េសូ (៦.២ លានដុល្លារអាមេរិក)។

កោះហៃណាន ត្រូវបានវាយប្រហារមុនគេ ពីព្យុះទីហ្វុង យ៉ាគី នេះ និងបង្កការខូចខាតផ្ទះសម្បែង និង​កសិកម្មយ៉ាងធំធេង

ប្រទេសចិន

នៅថ្ងៃទី៥ ខែកញ្ញា ព្យុះយ៉ាគី បានបង្កើនសម្ពាធទៅជាមហាព្យុះទីហ្វុង និងបានវាយប្រហារកោះ ហៃណាន របស់ប្រទេសចិននៅថ្ងៃបន្ទាប់ ដោយកម្លាំងខ្យល់បក់មានល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។ កោះហៃណាន ត្រូវបានគេស្គាល់ដោយសារ រមណីយដ្ឋានឆ្នេរ មានអាកាសធាតុត្រូពិច និងមានប្រាសាទពុទ្ធសាសនាជាច្រើន។

ព្យុះទីហ្វុងនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងទេសចរណ៍សំខាន់ៗ ក្នុងនោះមានទាំងភោជនីយដ្ឋាន Starry Sky មាត់សមុទ្រ ដែលល្បីល្បាញដោយសារទេសភាពសមុទ្រ ៣៦០ដឺក្រេ។

យោងតាមកាសែត Dimsum Daily ឱ្យដឹងថា ភោជនីយដ្ឋាននេះ ត្រូវបានទុកចោលនៅក្រោមគំនរកំទេចកម្ទីបាក់បែក ដោយផ្នែកខាងមុខរបស់វា បានបែកខ្ទេចខ្ទី និងសម្ភារៈស្ទើរតែទាំងអស់ ត្រូវបានខូចខាត។ សណ្ឋាគារលំដាប់ខ្ពស់ជាច្រើន ក្នុងនោះមានទាំងសណ្ដាគារ The Ritz-Carlton ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ ផ្នែក​ខាង​ក្រៅ​របស់​វា បាន​រង​ការប៉ះពាល់ ដោយ​ផ្នែកផ្សេងទៀត ​នៃ​ផ្នែក​ខាង​មុខ​របស់​វា ​បានខ្យល់បំប៉ើង​ខ្ទាត​ចេញ និង​បាត់​ស្លាក​សញ្ញាអស់។

នៅខេត្តឈៀងរ៉ៃ ព្យុះទីហ្វុង យ៉ាគី បាននាំយកទឹកភ្លៀងមកចាក់ពន្លិច នៅខេត្តភាគខាងជើងថៃនេះ

ប្រទេសថៃ

ទោះបីជាប្រទេសថៃ មិនស្ថិតនៅលើផ្លូវរបស់ព្យុះទីហ្វុងក៏ដោយ ក៏ប្រទេសនេះ បានទទួលរងនូវទឹកជំនន់នៅក្នុងខេត្ត និងក្រុងចំនួន៤៨ ក្នុងនោះមានទាំងតំបន់ទេសចរណ៍ល្បីៗ ដូចជាឈៀងរ៉ៃ ឈៀងម៉ៃ ផាងង៉ា ភូកេត និងរាជធានីបាងកកផងដែរ។

ប្រជាជន​ ត្រូវ​បាន​គេ​ព្រមាន​ពី​លទ្ធភាពភ្លៀង​ធ្លាក់​ខ្លាំង​ ​និង​ជំនន់ភ្លាមៗ ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​កញ្ញា។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍ថា ទឹកជំនន់ និងការបាក់ដី ដែលបង្ក ដោយព្យុះទីហ្វុងនេះ បានសម្លាប់មនុស្ស ៨ នាក់នៅភាគខាងជើង ក្នុងនោះមាន ៦នាក់ បានស្លាប់ នៅក្នុងខេត្តឈៀងម៉ៃ និង២នាក់ទៀត នៅខេត្តឈៀងរ៉ៃ ក្បែរព្រំដែនមីយ៉ាន់ម៉ា។

កាល​ពី​ថ្ងៃ​ចន្ទ ខេត្តហ្លួង ណាំថា នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ បាន​ជួប​​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ

ប្រទេសឡាវ

កាល​ពី​ថ្ងៃ​ចន្ទ ខេត្តហ្លួង ណាំថា នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ បាន​ជួប​​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើន បានបង្កការខូចខាតជាទូទៅនៅទូទាំងតំបន់ ដោយធ្វើឲ្យខូចខាតដ៏ច្រើន​លើសលុបលោកហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងនាំឱ្យមានការរំខានជាខ្លាំង ដូចដែលកាសែត Laotian Times បានរាយការណ៍។

ជើងហោះហើរជាច្រើន រវាងទីក្រុងវៀងចន្ទន៍ និងហ្លួង ណាំថា ដែលជាកន្លែងទាក់ទាញទេសចរណ៍ពេញនិយមជាច្រើន ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងបន្ថែម។

ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines និង Lao Skyway បានផ្អាកប្រតិបត្តិការកាលពីថ្ងៃទី១០ ខែកញ្ញា ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅឯអាកាសយានដ្ឋានហ្លួងណាំថា។

ក្រុមអាជ្ញាធរ ​កំពុង​ដោះស្រាយ​ស្ថានការណ៍​នេះ ហើយ​ជើង​ហោះ​ហើរជាច្រើន ​នឹងបន្ត​ដំណើរការ​ឡើង​វិញ​នៅ​ពេលដែល​អាកាសយានដ្ឋាន​នេះ ​ដំណើរការ​ពេញលេញ។

ហ្លួងព្រះបាង ជាអតីតរាជធានីនៃប្រទេសនេះ កំពុងប្រឈមមុខនឹងស្ថានការណ៍ធ្ងន់ធ្ងរ ដោយកម្រិតទឹកកំពុងឡើងខ្ពស់។

ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បង្កជាជំនន់លិច ទីប្រជុំជន Tachileik របស់មីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ា

ភ្លៀងធ្លាក់ខ្លាំងជាច្រើន បង្កឲ្យមានការជន់លិចក្នុងទីក្រុងព្រំដែនមីយ៉ាន់ម៉ា។ ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានស្រោចលើទីប្រជុំជន Tachileik របស់មីយ៉ាន់ម៉ា និងបង្កឲ្យមានទឹកជំនន់ ដោយបានផ្តាច់ចរន្តអគ្គិសនី និងបណញតាញទូរស័ព្ទ។ នេះបើតាមក្រុមអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារ ជាមួយនឹងការព្យាករថា មានភ្លៀងធ្លាក់ច្រើនបន្ថែមទៀត។

សេវាកម្មអគ្គិភ័យជាតិមីយ៉ាន់ម៉ាបានបញ្ជាក់ពីការស្លាប់ដែលទាក់ទង​នឹងព្យុះយ៉ាគីនេះ បន្ទាប់ពីមនុស្ស​១៧នាក់ ត្រូវបានគេរកឃើញក្នុងភូមិមានទឹកជំនន់នានា ក្នុងតំបន់ម៉ាដាឡេ ខណៈមនុស្ស​ជាង៥ម៉ឺននាក់ ត្រូវបានបង្ខំចិត្តចាក​ចេញពីលំនៅដ្ឋាន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព