ក្រុមហ៊ុនជប៉ុនជាច្រើន កំពុងបោះបង់ចោលវិធីសាស្រ្តអាជីវកម្មក្នុងប្រទេសចិន ចេះតែកើនឡើង បន្ទាប់ពីធ្លាប់តែហាក់ដូចជាមានភាពស៊ាំនឹងនយោបាយ, ជាការផ្លាស់ប្តូរដ៏គ្រោតគ្រាតមួយបន្ទាបពីអស់ពេលជា ច្រើនឆ្នាំមកហើយ ដែលពួកគេជាអ្នកវិនិយោគដ៏ធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជិតខាង ខ្លួននេះ។
នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយហានិភ័យភូមិសាស្ត្រនយោបាយ និងក្តីបារម្ភនៃកំណើនធ្លាក់ចុះរបស់ប្រទេសចិន, គណិតវិទ្យាសេដ្ឋកិច្ច ជួយលែងបានហើយ សម្រាប់ក្រុមហ៊ុនដែកថែប Nippon Steel Corp ដែលបាននិយាយកាលពីខែកក្កដាថា ខ្លួន កំពុងដកខ្លួនចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Mitsubishi Motors Corp. បានផ្អាកប្រតិបត្តិការក្នុងស្រុករបស់ខ្លួនដោយមិនកំណត់ពេលវេលា កាលពីឆ្នាំមុន ជាគ្រោះថ្នាក់នៃការលក់រថយន្តធ្លាក់ចុះ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ទៅជារថយន្តអគ្គិសនី។
ស្ទើរតែពាក់កណ្តាល នៃក្រុមហ៊ុនជប៉ុនទាំងអស់នៅក្នុងប្រទេសចិន បានស្ទង់មតិនៅក្នុងការស្ទង់មតិថ្មីៗនេះ បាននិយាយថា ពួកគេ នឹងមិនចំណាយបន្ថែមទៀត ឬនឹងកាត់បន្ថយការវិនិយោគនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនជាច្រើន បានរាយឈ្មោះបង្ហាញពីប្រាក់ឈ្នួលកើនឡើង, ការធ្លាក់ចុះតម្លៃ និងភូមិសាស្ត្រនយោបាយ គឺជាបញ្ហាធំបំផុតដែលពួកគេបានប្រឈមមុខ។
នាយកផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅទីក្រុងឡុង លោក Robert Ward បាននិយាយថា៖ “ឥឡូវនេះ វាហួសពីការចូលរួមផ្នែកសេដ្ឋកិច្ចកំពូលរបស់ជប៉ុន ជាមួយប្រទេសចិនហើយ” ។
យោងតាម Ward ឱ្យដឹងថា ឧបសគ្គទាំងនោះ មានចាប់ពីការប្រកួតប្រជែងបច្ចេកវិទ្យាអាមេរិក-ចិន រហូតដល់ភាពតានតឹងកំពុងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់។ “ភូមិសាស្ត្រនយោបាយ គឺជាកត្តាសំខាន់” នៅក្នុងអាកប្បកិរិយាដែលកំពុងផ្លាស់ប្តូរនេះ។
ការធ្លុះធ្លាយក្នុងល្បឿនយឺតនេះ គំរាមកំហែងដល់ចំណងសេដ្ឋកិច្ចដែលមានជាង៤ទសវត្សរ៍មកហើយ ដែលប្រទេសជប៉ុន បានចាប់ផ្តើមពង្រីកជំនួយអភិវឌ្ឍន៍រាប់លានយ៉េនដល់ប្រទេសចិន តាមរយៈកម្ចីការប្រាក់ទាប។ ពាណិជ្ជកម្ម និងការជួញដូរ បានក្លាយជាសសរស្តម្ភនៃទំនាក់ទំនងដ៏ចម្រូងចម្រាសមួយ រវាងប្រទេសយក្សអាស៊ីទាំងពីរ ដែលត្រូវបានក្រុមអ្នកសិក្សា សង្ខេបជាឃ្លាថា “ជំនួញក្តៅ នយោបាយត្រជាក់”។ ពេលនេះ ភាពត្រជាក់ នៃខ្យល់ភូមិសាស្ត្រនយោបាយ កំពុងតែបង្ហាញថា ពិបាកនឹងទប់។
ការវិនិយោគផ្ទាល់ពីបរទេសថ្មី កំពុងស្ថិតនៅទ្រឹង នៅជិតកម្រិតទាបនៃឆ្នាំ ២០២៣ បន្ទាប់ពីទំហំ ក្នុងត្រីមាសទី១ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៦។ នេះ គឺជាការផ្លាស់ប្តូរ សម្រាប់ក្រុមហ៊ុនជប៉ុន ដែលបានបង្កើតផ្សារភាគហ៊ុន FDI ជិត ១៣០ពាន់លានដុល្លារ នៅក្នុងប្រទេសចិន រហូតដល់ បញ្ចប់ក្នុងឆ្នាំមុន។
នេះ គឺជាការផ្លាស់ប្តូរពីអំឡុងពេលមុនភាពតានតឹងទ្វេភាគី ដែលមិនប៉ះពាល់ដល់ការវិនិយោគច្រើនទេ។ សូម្បីតែនៅក្នុងឆ្នាំ ២០១០-២០១២ នៅពេលដែលជម្លោះទឹកដីរវាងភាគីទាំង២ កាន់តែក្តៅគគុក ហើយទីក្រុងប៉េកាំង បានបិទការនាំចេញរ៉ែកម្រទៅកាន់ប្រទេសជប៉ុនជាបណ្តោះអាសន្ន, ក្រុមហ៊ុនជាច្រើន នៅតែបង្កើនភាគហ៊ុនវិនិយោគរបស់ពួកគេ ជាមធ្យម ១៣% ១ឆ្នាំៗ។
ក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏កំពុងជាប់ក្នុងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែធំផងដែរ ដោយអាមេរិក បានដាក់សម្ពាធលើទីក្រុងតូក្យូ ឱ្យរឹតបន្តឹងការដាក់កម្រិតការនាំចេញបច្ចេកវិទ្យាខ្ពស់សម្រាប់ផ្នែកបន្ទះឈីប ហើយតាមសេចក្តីរាយការណ៍ ចិន បានគំរាមសងសឹកវិញ បើសិនរឿងនេះ កើតមានឡើង។
សម្រាប់ក្រុមហ៊ុន Nippon Steel ដែលជាអ្នកវិនិយោគជប៉ុនដំបូងបំផុត នៅក្នុងប្រទេសចិន អាជីវកម្មក្នុងស្រុក បានក្លាយជាឧបសគ្គ១ ចំពោះការប៉ុនប៉ងទិញក្រុមហ៊ុន US Steel Corp. ដោយក្រុមអ្នកនយោបាយនៅអាមេរិក បានចង្អុលបង្ហាញថាវា ជាការគំរាមកំហែងខាងសន្តិសុខជាតិ។
ខណៈដែលការផ្តោតអារម្មណ៍សម្រាប់ក្រុមហ៊ុនជប៉ុន ផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ី និងហួសពីនោះ កិច្ចប្រឹងប្រែងនៃសេដ្ឋកិច្ចរបស់ចិន កំពុងទទួលការស្តីបន្ទោសជាច្រើនផងដែរ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ១,៧៦០ នៅក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅក្នុងប្រទេសចិន ៦០% បាននិយាយថា សេដ្ឋកិច្ចឥឡូវនេះ គឺអាក្រក់ជាងឆ្នាំមុន។
សារៈសំខាន់របស់ចិនសម្រាប់ក្រុមអ្នកនាំចេញរបស់ជប៉ុន គឺមិនដូចកាលពីប៉ុន្មានឆ្នាំមុនទេ ដោយសារក្រុមហ៊ុនទាំងនោះ សម្របខ្លួនទៅនឹងការហូតពន្ធរបស់អាមេរិក និងការផ្លាស់ប្តូរជាច្រើនទៀត ក្នុងនោះមានទាំងការលើកទឹកចិត្តពីទីក្រុងតូក្យូ ឱ្យផ្លាស់រោងចក្រចេញពីប្រទេសចិនផងដែរ។
ប្រទេសចិន បានទទួលយកការនាំចេញរបស់ប្រទេសជប៉ុន តិចជាង ១៨% កាលពីឆ្នាំមុន ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៥មក ដោយតម្លៃធ្លាក់ចុះជិត ៧% ប្រៀបធៀបនឹងកំណើន២ខ្ទង់របស់អាមេរិក និងសហភាពអឺរ៉ុប។ ជាលទ្ធផល អាមេរិក បានវ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងរយៈពេល ៤ ឆ្នាំ។
ក្រុមហ៊ុន Komatsu Ltd. គឺជាករណីមួយ ដែលជាក់ស្តែងបំផុត។ ក្រុមហ៊ុនផលិតគ្រឿងចក្រ និងឧបករណ៍ធុនធ្ងន់នេះ លក់បានតិចបំផុត នៅក្នុងប្រទេសចិនដោយសារសេដ្ឋកិច្ចធ្លាក់ចុះ, ការសាងសង់ធ្លាក់ចុះ និងការប្រកួតប្រជែងកាន់តែលំបាក។
ខណៈដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន Komatsu សម្រាប់គ្រឿងចក្រសំណង់ និងគ្រឿងចក្រជីកយករ៉ែ នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៥៧% ពីឆ្នាំមុន បន្ទាប់ពីឡើងដល់កម្រិតកំពូលក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូល បានកើនឡើងជិត ៤៦% នៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នានេះ។
យោងតាមក្រសួងការបរទេសជប៉ុន ឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនប្រហែល ៣១,០០ នៅចិនកាលពីឆ្នាំមុន ធ្លាក់ចុះប្រហែល ១/១០ ពីឆ្នាំ ២០២០។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុនប្រហែល ៤០០០ បានបង្កើតការិយាល័យ នៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។
អ្នកគ្រប់គ្រងទូទៅនៃសមាគមសេដ្ឋកិច្ចជប៉ុន-ចិននៅទីក្រុងប៉េកាំង លោក Masami Miyashita បាននិយាយថា៖ “ឥឡូវនេះ ក្រុមហ៊ុនជាច្រើន កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ពួកគេឡើងវិញ ដើម្បីបញ្ឈប់ការខាតបង់។ វាមិនមែនជាពេលវេលាវិនិយោគទេ”។
នៅក្នុងសន្និសិទថ្មីៗនេះនៅទីក្រុងកំពង់ផែ ឈីងតាវ (Qingdao) របស់ចិន ដែលមានគោលបំណងទាក់ទាញក្រុមហ៊ុនបរទេស, អារម្មណ៍នោះ គឺអាក្រក់ដូចគ្នា។ គ្មានប្រមុខប្រតិបត្តិជាន់ខ្ពស់ជប៉ុនកន្លះនាក់ណា ដែលបាននិយាយទៅកាន់ Bloomberg បាននិយាយថា ពួកគេមានគម្រោងពង្រីកការវិនិយោគឡើយ ដោយសម្តែងសុទិដ្ឋិនិយមតិចតួច សម្រាប់សេដ្ឋកិច្ចនៅឆ្នាំនេះ ឬឆ្នាំក្រោយ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់តែក្រុមហ៊ុនជប៉ុន ដែលថយក្រោយនោះ។
យោងតាមកាសែត Nikkei ខណៈដែល ក្រុមហ៊ុន Panasonic Holdings Corp. គ្រោងនឹងវិនិយោគជាង ៥០ពាន់លានយ៉េន (៣៥០លានដុល្លារ) តាំងពីដើមឆ្នាំមុន ដើម្បីសង់រោងចក្រផលិតឧបករណ៍ប្រើប្រាស់ថ្មី។ ក្រុមហ៊ុន Kobe Steel Ltd. ថ្មីៗនេះ បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុននៅក្នុងប្រទេសចិន។
ប៉ុន្តែ វានឹងត្រូវចំណាយពេលច្រើនទៀត ដើម្បីកែសម្រួលទំនាក់ទំនងសេដ្ឋកិច្ចទាំងនេះ។
យោងតាមលោក Kazuto Suzuki សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយពិភពលោកនៅសាកលវិទ្យាល័យតូក្យូ ឱ្យដឹងថា ក្រុមហ៊ុនចិនជាច្រើន កាន់តែមានការប្រកួតប្រជែងគ្នា ហើយការប្រកួតគ្នាខាងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន កំពុងបំភ័យក្រុមហ៊ុនជប៉ុនមិនឱ្យការវិនិយោគលើវិស័យខលះ ដូចជា បន្ទះឈីប និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ។
លោក បានបន្តថា៖ “ក្រុមហ៊ុនជប៉ុន មើលមិនឃើញការស្ទុះងើបឡើងវិញភ្លាមៗនៃសេដ្ឋកិច្ចចិនទេ ដូច្នេះវាមិនន័យអ្វីទេ ក្នុងការបង្កើនការវិនិយោគនោះ។ កត្តាផ្សេងទៀតដូចជា កង្វល់ភូមិសាស្ត្រ និងកង្វះតម្លាភាព នឹងធ្វើឱ្យមានការលំបាកក្នុងការវិនិយោគជាទ្រង់ទ្រាយធំ ដូចដែលពួកគេធ្លាប់ធ្វើ”៕