ប្រទេស១០លើពិភពលោកដែលមនុស្សធំពេញវ័យមានទ្រព្យសម្បត្តិច្រើន

ការបង្ហាញពីទិន្នន័យនៃទ្រព្យធនរបស់បណ្តាប្រជាជាតិនានាលើសកលលោកវាឆ្លុះបញ្ចាំងពីភាពខុសគ្នាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់ធៀបនឹងបណ្តាប្រទេសដែលប្រជាជនមានប្រាក់ចំណូលទាប។ ទ្រព្យធនរបស់មនុស្សធំពេញវ័យម្នាក់ៗ “Wealth per adult” របស់ប្រទេសនីមួយៗ គឺជាសូចនាករដែលគេប្រើប្រាស់ដើម្បីវាស់ពីកំរិតមាត្រដ្ឋានជីវភាពរស់នៅ និងវិបុលភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសមួយ ដែលកំរិតវិបុលភាពនេះរួមបញ្ចូលទាំងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យសម្បត្តិអចលនទ្រព្យ ចរន្តប្រាក់ចំណូលអកម្មដូចជាប្រាក់ចំណូលដែលទទួលបានពីការវិនិយោគឬប្រភពផ្សេងទៀត និងចំណូលសកម្មដែលបុគ្គលឬគ្រួសារទទួលបានតាមរយៈការងារឬសកម្មភាពអាជីវកម្ម។ សូចនាករនេះក្រៅពីបង្ហាញពីមាត្រដ្ឋានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនម្នាក់ៗ វាក៏បង្ហាញពីមោទនភាព ភាពរុងរឿងនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជននៃប្រទេសនោះផងដែរ។

ប្រទេសទាំង១០ដែលមនុស្សពេញវ័យមានទ្រព្យសម្បត្តិច្រើនលើសកលលោកក្នុងឆ្នាំ២០២៣

តើអ្វីទៅជាទ្រព្យសម្បត្តិមនុស្សធំពេញវ័យម្នាក់ៗឬ “Wealth per adult” ជាភាសាអង់គ្លេស? គឺជារូបមន្តនៃការគណនារកមធ្យមភាគនៃទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យជានិតិជនចាប់ពីអាយុ១៨ឆ្នាំឡើង ដោយយកចំនួនប្រជាជនពេញវ័យទាំងអស់ក្នុងប្រទេសមួយចែកនឹងទ្រព្យសម្បត្តិរួមដែលប្រជាជនចាប់ពីអាយុ១៨ឆ្នាំមាន ដើម្បីរកទិន្នន័យជាមធ្យមនៃចំនួនទ្រព្យសម្បត្តិដែលមនុស្សពេញវ័យម្នាក់ៗមានក្នុងប្រទេសនោះ។​ ទិន្នន័យរួមបញ្ចូលទាំងទ្រព្យដែលមានជាហិរញ្ញវត្ថុនិងមិនមែនជាហិរញ្ញវត្ថុ ដូចជា សាច់ប្រាក់ សនិ្នធិសញ្ញាប័ណ្ណអចលទ្រព្យនិងទ្រព្យផេ្សងទៀតដែលមានបន្ទាប់ពីដកបំណុលនានាចេញរួចហើយចែកជាមួយនឹងចំនួនមនុស្សពេញវ័យដែលមាននៅក្នុងប្រទេស។

ទ្រព្យសម្បត្តិនេះមិនមែនគ្រាន់តែជាតួរលេខប៉ុណ្ណោះទេ។ តែវាតំណាងឱ្យសមិទ្ធិផលសេដ្ឋកិច្ចសមូហភាពរួមរបស់ប្រជាជនក្នុងប្រទេសនោះទាំងមូល។ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់  តួលេខនៃទ្រព្យសម្បត្តិមនុស្សធំពេញវ័យជារឿយៗបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ជាតិ ភាពទូលំទូលាយនៃឱកាសសម្រាប់ការបោះទុនវិនិយោគ និងការទទួលបានធនធាននានាសម្រាប់លើកកម្ពស់ពីគុណភាពជីវិតរស់នៅរបស់ប្រជាជាតិនោះ។ ផ្ទុយទៅវិញ នៅក្នុងប្រទេសដែលតួលេខនៃទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យនៅមានកំរិតទាប វាបង្ហាញពីកំរិតជីវភាពនិងឱនភាពនៃគុណភាពរស់នៅរបស់ប្រជាជនហើយបង្ហាញពីគម្លាតខុសគ្នារវាងអ្នកមានទ្រព្យនិងអ្នកមិនសូវមានទ្រព្យ រួមទាំងកម្លាំងសេដ្ឋកិច្ចជាតិនៃប្រទេសនោះ។

ភាពខុសគ្នានៃទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យរវាងប្រជាជាតិនានាគូសបញ្ជាក់កម្រិតខុសគ្នានៃ “វិបុលភាព សេចក្តីថ្លៃថ្នូរ និងមោទនភាព” ប្រទេសទាំងមូល។ នៅក្នុងប្រទេសដែលទ្រព្យសម្បត្តិត្រូវបានចែកចាយយ៉ាងទូលំទូលាយ ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានកម្រិតជីវភាពរស់នៅកាន់តែខ្ពស់ មានប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើន មានប្រព័ន្ធសុខុមាលភាពសង្គមរឹងមាំ មានលទ្ធភាពទទួលបានការអប់រំល្អ ហើយការថែទាំសុខភាពនិងសុវត្ថិភាពកាន់តែប្រសើរ។ ផ្ទុយទៅវិញ នៅក្នុងប្រទេសដែលទ្រព្យសម្បត្តិមនុស្សធំពេញវ័យទាប វាបង្ហាញថាទ្រព្យសម្បត្តិមានការប្រមូលផ្តុំនៅក្នុងដៃរបស់មនុស្សមួយចំនួនតូច ប្រព័ន្ធសេដ្ឋកិច្ចមិនរឹងមាំ មនុស្សជាច្រើននៃប្រជាជនមានជីវភាពទាបលំបាក។

ខាងក្រោមនេះគឺជាឈ្មោះប្រទេសចំនួន១០ដែលមនុស្សធំពេញវ័យមានទ្រព្យសម្បត្តិច្រើនជាងក្នុងពិភពលោក៖

១. ប្រទេសស្វីសៈ នាំមុខគេក្នុងពិភពលោកលើទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យ
ប្រទេសស្វីសជាប្រទេសដែលកំពុងតែឈរនៅលេខមួយលើពិភពលោកជាច្រើនឆ្នាំជាប់ៗគ្នា ជាប្រទេសដែលមនុស្សពេញវ័យមានប្រាក់ចំណូលនិងទ្រព្យធនច្រើនជាងគេបំផុត។ តាមស្ថិតិឆ្នាំ២០២៣ ទ្រព្យសម្បត្តិនៃជនជាតិស្វីសពេញវ័យម្នាក់ៗមានជាមធ្យមប្រមាណជា៦៨៥,០០០ដុល្លារ។ ប្រទេសនេះជាប្រទេសដែលមានរូបិយប័ណ្ណរឹងមាំ មានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងខ្ពស់ ហើយប្រជាជនទូទៅមានវប្បធម៌សន្សំសំចៃខ្ពស់ ជាប្រទេសដែលវិស័យហរិញ្ញវត្ថុមានការជឿនលឿនហើយអភិវឌ្ឍខ្លាំងនិងមានស្ថេរភាពខ្ពស់ ជាប្រទេសដែលមានប្រព័ន្ធធនាគារលំដាប់កំពូល ដែលជាកត្តាធ្វើឱ្យប្រទេសស្វីសបន្តឈជើងនៅចំណុចកំពូលថាជាប្រទេសដែលមនុស្សធំពេញវ័យមានជាងគេបំផុតក្នុងលោក។

២. សហរដ្ឋអាមេរិកៈ មហាអំណាចនៃទ្រព្យសម្បត្តិបុគ្គល
សហរដ្ឋអាមេរិកឈនៅលំដាប់លេខពីរថាជាប្រទេសដែលមនុស្សធំពេញវ័យម្នាក់ៗ មានទ្រព្យធនប្រហែល៥៧៩,០០០ដុល្លារ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលក្តោបក្តាប់សេដ្ឋកិច្ចលើពិភពលោក ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម-ហិរញ្ញវត្ថុរបស់ទីផ្សារពីភពលោក ជាប្រទេសដែលមានមហាសេដ្ឋីប្រាក់លាននិងប្រាក់ពាន់លានច្រើនជាងគេបំផុតក្នុងពិភពលោក ហើយមានប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំនិងមានរូបិយប័ណ្ណដ៏មានឥទ្ធិពលរបស់ពិភពលោក។ ថ្វីត្បិតតែគន្លាតខុសគ្នារវាងអ្នកមាននិងអ្នកក្រនៅប្រទេសនេះមានទំហំធំបើប្រៀបធៀបនឹងបណ្តាប្រទេសអ្នកមានដ៏ទៃទៀតក្នុងពិភពលោកក្តី តែដោយសារសហរដ្ឋអាមេរិកជាអ្នកកាច់ចង្កូតសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានដែកឆក់ស្រូបទាញទុនហិរញ្ញវត្ថុហូរចូលពីគ្រប់ទីកន្លែងលើពិភពលោកចូលមកប្រទេសខ្លួន ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាជង្រុកនៃទ្រព្យសម្បត្តិ។

៣. អូស្ត្រាលីៈ ភាពលូតលាស់នៃអចលនទ្រព្យនិងមានវិបុលភាពសេដ្ឋកិច្ច
អូស្ត្រាលីជាប្រទេសឈនៅលំដាប់លេខ៣ក្នុងសកលលោកដែលប្រជាជនពេញធំវ័យម្នាក់ៗមានទ្រព្យធនប្រមាណ៥៥៤,០០០ដុល្លារ។ សេដ្ឋកិច្ចប្រទេសអូស្ត្រាលីរីកលូតលាស់ដោយសារតែទីផ្សារអចលទ្រព្យមានភាពរស់រវើកនិងមានភាពទាក់ទាញ បរិយាកាសសេដ្ឋកិច្ចមានស្ថេរភាពនិងរឹងមាំល្អ ធនធានធម្មជាតិច្រើន ដែលជាកត្តាជម្រុញឱ្យកំរិតជីវភាពរបស់ប្រជាជនខ្លួនមានកំរិតខ្ពស់ ហើយប្រទេសអូស្ត្រាលីស្ថិតនៅក្នុងលំដាប់ជាមេដឹកនាំសេដ្ឋកិច្ចសកលលោក។

៤. ទីក្រុងហុងកុងៈ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានទ្រព្យច្រើន
ទីក្រុងហុងកុងបានក្លាយជាច្រកទ្វារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ទីផ្សារហិរញ្ញវត្ថុនៅអាស៊ី និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេលំដាប់លេខ៤លើសកលលោក។ ទីក្រុងនេះក៏បានដើរតួនាទីយ៉ាងសំខាន់លើទីផ្សារហិរញ្ញអន្តរជាតិផងដែរ។ ផ្សារភាគហ៊ុននៅហុងកុង ជាផ្សារភាគហ៊ុនដែលធំបំផុតលេខ៥នៅអាស៊ីនិងលេខ៨លំដាប់អន្តរជាតិ។ ហុងកុងមានសេដ្ឋកិច្ចរឹងមាំ ជាកន្លែងដែលមានប្រាក់ចំណូលខ្ពស់។ ហុងកុងមានពន្ធទាប គ្មានបំណុលរដ្ឋាភិបាល ច្បាប់ការងារធូររលុង និងគ្មានពន្ធគយ ដែលជាលក្ខខណ្ឌដ៏មានភាពទាក់ទាញខ្លាំងសម្រាប់សហគ្រាសធុនតូចនិងធំទៅបោះទុនរកស៊ី។ តាមស្ថិតិឆ្នាំ២០២៣​ ទ្រព្យសម្បត្តិអ្នកហុងកុងត្រូវគេប៉ាន់ប្រមាណថាមាន ៥២២,០០០ដុល្លារ។

៥. នូវែលសេឡង់ៈ ទ្រព្យសម្បត្តិដែលលូតលាស់ដោយអចលនទ្រព្យនិងស្ថិរភាព
ប្រជាជននូវែលសេឡង់ធំពេញម្នាក់ៗត្រូវបានគេចាត់ទុកថា មានទ្រព្យសម្បត្តិប្រហែល៣៩៩,០០០ដុល្លារ។ ប្រទេសនេះជាប្រទេសដែលមានទីផ្សារអចលនទ្រព្យរឹងមាំល្អ ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ជំរុញដោយកសិកម្ម ទេសចរ និងហិរញ្ញវត្ថុដូចប្រទេសអូស្រ្តាលីដែរ។

៦. សិង្ហបុរីៈ ជាតារាកំពុងរះលើគំនរទ្រព្យសម្បត្តិសកល
សិង្ហបុរីជាប្រទេសដែនកោះដ៏តូចមួយត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានទ្រព្យធនច្រើនជាងគេបំផុតមួយនៅអាស៊ី និងជាប្រទេសអ្នកមានមួយលើសកលលោកដោយបានប្រែកាយ ពីប្រទេសក្រីក្រក្រោមអាណានិគមមកជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់បំផុតសម្រាប់អាស៊ី និងអន្តរជាតិ។ ទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យនៅសិង្ហបុរីក្នុងម្នាក់ៗជាមធ្យម ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៣៩០,០០០ដុល្លារក្នុងឆ្នាំ២០២៣ដែលនាំឱ្យសិង្ហបុរីជាប្រទេសមួយឈក្នុងចំណោមប្រទេសទាំង១០ដែលប្រជាជនពេញវ័យម្នាក់ៗមានទ្រព្យធនច្រើន។

៧. បែលហ្ស៊ិកៈ ជាប្រទេសដែលមានស្ថិរភាពបំផុត និងប្រជាជនមានការសន្សំខ្ពស់
ប្រទេសបែលហ្សុិកជាប្រទេសលំដាប់លេខ៧ដែលមនុស្សធំពេញវ័យមានទ្រព្រធនរហូតដល់ប្រមាណ៣៨៤,០០០ក្នុងម្នាក់ៗ ក៏ព្រោះតែប្រទេសនេះជាប្រទេសដែលមានស្ថេរភាពសេដ្ឋកិច្ចរឹងមាំហើយប្រជាជនរបស់ខ្លួនមានវប្បធម៌សន្សំសំចៃផ្ទាល់ខ្លួនខ្ពស់។ ប្រទេសមានប្រព័ន្ធសុខុមាលភាពសង្គមយ៉ាងល្អ និងមានមូលដ្ឋានឧស្សាហកម្មរឹងមាំដែលជាកត្តារួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

៨. ប្រទេសកាណាដាៈ ទ្រព្យសម្បត្តិឆ្លុះបញ្ចាំងពីស្តង់ដាររស់នៅខ្ពស់
ប្រទេសកាណាដាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសអ្នកមាននិងស្តង់ដារនៃការរស់នៅរបស់ប្រជាជនខ្ពស់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលៗនៅក្នុងសន្ទស្សន៍គុណភាពជីវិតពិភពលោក។ សេដ្ឋកិច្ចរបស់ប្រទេសកាណាដាគឺជាផ្នែកមួយដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងឧស្សាហកម្មសំខាន់ៗ រួមមានធនធានធម្មជាតិ (ប្រេង ឧស្ម័ន រ៉ែ និងឈើ) ការផលិតបច្ចេកវិទ្យានិងសេវាកម្ម។ ធនធានធម្មជាតិដ៏បរិបូរណ៍របស់ប្រទេសនេះ គឺជាកត្តាជំរុញយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ដែលទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះ បរិយាកាសសនយោបាយមានស្ថិរភាពរបស់ប្រទេសកាណាដា ក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងប្រព័ន្ធហិរញ្ញវត្ថុល្អ ក៏ជាចលកររួមចំណែកដល់កម្លាំងសេដ្ឋកិច្ចរបស់ខ្លួន។

កាណាដាបានបង្កើតប្រព័ន្ធថែទាំសុខភាពជាសកលផ្តល់ដល់ប្រជាជនខ្លួនទាំងអស់អាចទទួលបានសេវាវេជ្ជសាស្រ្តដោយមិនចាំបាច់ត្រូវចំណាយថវិការ។ ការអប់រំនៅប្រទេសកាណាដាមានគុណភាពខ្ពស់ ដោយប្រទេសនេះមានប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានបង្កើតឡើងយ៉ាងល្អ និងសាកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើន។ លើសពីនេះ ប្រព័ន្ធសុវត្ថិភាពសង្គមរបស់ប្រទេសកាណាដា រួមដូចជាអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ ប្រាក់សោធនតោនិវត្តន៍ និងកម្មវិធីសុខុមាលភាព ជួយរក្សាបាននូវគុណភាពខ្ពស់នៃជីវិតសម្រាប់ពលរដ្ឋរបស់ខ្លួន។ ប្រទេសនេះក៏សង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើនិរន្តរភាពបរិស្ថាន សមភាពសង្គម និងពហុវប្បធម៌ ដែលទាំងអស់នេះរួមចំណែកដល់សង្គមដែលបុគ្គលម្នាក់ៗអាចទទួលផលនិងរីកចម្រើនបាន។

ទាំងនេះបានរួមចំណែកធ្វើឱ្យមនុស្សធំពេញវ័យជនជាតិកាណាមានទ្រព្យធនប្រមាណ៣៦៦,០០០ដុល្លារក្នុងឆ្នាំ២០២៣ហើយឈនៅលំដាប់លេខ៨ជាប្រទេសដែលទ្រព្យមនុស្សធំលំដាប់ពិភពលោក។

៩. ប្រទេសន័រវេសៈ ទ្រព្យសម្បត្តិប្រេង និងសុខុមាលភាពសង្គម
ទ្រព្យរបស់មនុស្សធំពេញវ័យម្នាក់ៗរបស់ប្រទេសន័រវេសមាន ៣៥០,០០០ដុល្លារក្នុងឆ្នាំ២០២៣គឺលំដាប់លេខ៩ ជាប្រទេសអ្នកមានលំដាប់ពិភពលោក ដោយសារតែប្រទេសនេះមានមានធនធានប្រេងយ៉ាងមហិមាហើយមានប្រព័ន្ធសុខុមាលភាពល្អរឹងមាំ។ ប្រទេសនេះបានគ្រប់គ្រងប្រាក់ចំណូលប្រេងរបស់ខ្លួនយ៉ាងជោគជ័យនិងមានប្រសិទ្ធិភាពតាមរយៈមូលនិធិសោធននិវត្តន៍សកលរបស់រដ្ឋាភិបាល ដែលជាទូទៅគេហៅថា “មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ”។ មូលនិធិនេះ ជាមូលនិធិដ៏ធំបំផុតមួយក្នុងពិភពលោក ដោយរដ្ឋាភិបាលយកចំណូលដែលបានពីប្រេងទៅវិនិយោគលើផលប័ត្រចម្រុះ (ដូចជា សន្និធិ សញ្ញាប័ណ្ណនិងអចលទ្រព្យ) លើទីផ្សារពិភពលោក បង្កើតប្រាក់ចំណេញហើយយកប្រាក់ចំណេញទាំងនោះទៅប្រើប្រាស់អភិវឌ្ឍដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជនន័រវេសទាំងជំនាន់បច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀតប្រទេសន័រវេសបានបង្កើតឡើងនូវប្រព័ន្ធសុខុមាលភាពសង្គមដ៏រឹងមាំរួមមាន ប្រព័ន្ធថែទាំសុខភាពជាសកល ប្រព័ន្ធអប់រំ និងប្រព័ន្ធប្រាក់សោធននិវត្តន៍ជាដ់ើម បានធ្វើឱ្យប្រជាជនប្រទេសន័រវេសមិនមានក្តីបារម្ភក្នុងការសន្សំលុយផ្ទាល់ខ្លួន ដែលអនុញ្ញាតិឱ្យពួកគេប្រើប្រាស់ធនធានរបស់គេចូលរួមក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចយ៉ាងផុសផុលនិងទូលំទូលាយ។

១០. ដាណឺម៉ាកៈ តុល្យភាពនៃកម្លាំងសេដ្ឋកិច្ច និងសុខុមាលភាពសង្គម
ប្រទេសដាណឺម៉ាក ដែលមានទ្រព្យសម្បត្តិជាមធ្យមសម្រាប់មនុស្សធំពេញវ័យប្រមាណ $៣៤៨,០០០ គឺពិតជាស្ថិតក្នុងចំណោមប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយក្នុងពិភពលោក។ ប្រព័ន្ធសុខុមាលភាពដ៏ទូលំទូលាយរបស់ដាណឺម៉ាកផ្តល់នូវសន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំ និងអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍យ៉ាងទូលំទូលាយដល់ប្រជាជនខ្លួន។

អត្រាពន្ធខ្ពស់របស់ប្រទេសផ្តល់មូលនិធិដល់រដ្ឋសុខុមាលភាពនិងរួមចំណែកដល់ការ ចែកចាយទ្រព្យសម្បត្តិសម្រាប់ប្រជាជនក្នុងប្រទេស។ ប្រព័ន្ធនេះជួយកាត់បន្ថយវិសមភាពប្រាក់ចំណូល និងធានាថាមួយផ្នែកធំ នៃចំនួនប្រជាជនទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិរបស់ប្រទេសតាមរយៈការប្រមូលពន្ធ។

ប្រទេសដាណឺម៉ាកបានបង្កើតយុទ្ធសាស្រ្តដ៏ល្បីមួយឈ្មោះថា “យុទ្ធសាស្រ្ត Flexicurity” ជាម៉ូដែលពលកម្មការងារមួយដែលបង្ករភាពងាយស្រួលដល់និយោជកអាចជួលបុគ្គលិកឬបញ្ឈប់បុគ្គលិកតាមចិត្តចង់ផ្អែកតាមតម្រូវការទីផ្សារជាក់ស្តែងរបស់និយោជក ហើយនិយោជិតមានសំណាញ់សុវត្តិភាពដែលការពារពួកគេដោយ “មូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ”។

លេខរៀង

ប្រទេស

ទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យ

ប្រទេសស្វីស

$៦៨៥,០០០

សហរដ្ឋអាមេរិក

 $៥៧៩,០០០

អូស្ត្រាលី

$៥៥៤,០០០

ទីក្រុងហុងកុង

$៥២២,០០០

នូវែលសេឡង់

$៣៩៩,០០០

សិង្ហបុរី

$៣៩០,០០០

បែលហ្ស៊ិក

$៣៨៤,០០០

កាណាដា

$៣៦៦,០០០

ន័រវេស

$៣៥៣,០០០

១០

ដាណឺម៉ាក

$៣៤៨,០០០

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព