លោក ហង្ស ធុនហាក់ជា ពីសាស្រ្តាចារ្យ ល្ខោននិងរបាំ បានក្លាយជានាយករដ្ឋមន្ត្រី

ជាករណីពិសេសបំផុតសម្រាប់ឥស្សរជនខ្មែរមួយរូបជាអ្នកអភិវឌ្ឍនិងអភិរក្សសិល្បៈបុរាណ បានក្លាយទៅជាលោកជានាយករដ្ឋមន្ត្រីខ្មែរ នាសម័យសាធារណរដ្ឋខ្មែរគួរឱ្យភ្ញាក់ផ្អើល។ លោកធុនហាក់ គឺជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ក្នុងរបបសង្គមរាស្រ្តនិយមមួយរូប មានទេពកោសល្យខ្ពស់បំផុតក្នុងវិស័យសិល្បៈ។ លោកធ្លាប់ទទួលតំណែងសំខាន់ៗក្នុងឆាកជីវិតដើម្បីបុព្វហេតុបំរើជាតិ សាសនា និងជាបញ្ញវន្តមានឧត្តម្ភគតិ ជាតិនិយម ទេព្យកោសល្ស និងប្រកបដោយសមត្ថភាព ។ លោក ធុនហាក់ បាន​​បង្រៀន​នៅ​សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ចាប់​ពី​ឆ្នាំ ១៩៦៥ ។ គាត់​​បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៣ ។

លោក ហង្ស ធុនហាក់ជា ពីសាស្រ្តាចារ្យ ល្ខោននិងរបាំ បានក្លាយជានាយករដ្ឋមន្ត្រីសម័យលន់ នល់ ។

លោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ លោក​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ លោក ហង្ស ធុនហាក់បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា (កំឡុង​ឆ្នាំ ៥០) ដែល​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​
នឹងម្ចាស់​ក្សត្រិយានី កុសុមៈ រឿង​ល្ខោន​ទាំងនេះ​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។ លោក​​បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ​ នៅ​ពេល​ដែល​គាត់
​​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ក្នុង​ការ​ប្រលង​ប្រជែង​លើក​ទី១ ​នៃ​សមាគម​​អ្នក​និពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ ១៩៦០ – ១៩៦១ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ គាត់​បាន​ដឹក​នាំ​ គណបក្ស​ប្រជាជន (គណបក្ស​សង្គម​និយម) ប៉ុន្តែ​បាន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សង្គម​សាធារណរដ្ឋ​ របស់ លោក​ លន់ នល់ វិញ ។ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ លោកបាន​ព្យាយាម​ទាក់ទង​ជា​មួយ​នឹង​សម្ដេច​សីហនុ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ហើយ​ក៏​បាន​ទាក់ទង​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម​​តាម​រយៈ​ លោក ហ៊ូ យន់ ផង​ដែរ ។ លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​ដែល​គាត់​​ព្យាយាម​ការពារ ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់ក្រុង​ប៉េកាំង នៅ​ឆ្នាំ១៩៧៣ ។ គាត់​​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ ថ្ងៃ​ទី១៨ មេសា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​​ទៅ​ក្រៅ​ប្រទេស ទោះ​ជា​យ៉ាង​ណា​ ភរិយា និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង​ដោយ​សុវត្ថិភាព ។

ទស្សនៈផ្ទាល់របស់លោក ហង្ស ធុនហាក់ អំពីសិល្បៈរបាំនានានៅប្រទេសកម្ពុជាមានសិល្បៈខាងស្ថាបនកម្មជាភស្តុតាងជាក់ស្តែង សុទ្ធតែមានទំរង់បែបរូបនិយម។
ប្រាង្គប្រាសាទដែលសង់ឡើង រូបចម្លាក់នីមួយៗព្រមទាំងចម្លាក់មួយផ្ទាំងៗសុទ្ធសឹងតែមានអត្ថន័យគួរឱ្យចាប់អារម្មណ៍ ព្រោះជារូបនិយមនៃដំណើររឿងយ៉ាងណាមួយជាមិនខាន។ ជម្រៅន័យនេះ សុទ្ធសឹងយោងទៅលើជំនឿសាសនា មានជាអាថ៌ ព្រាហ្មណ៍សាសនា និង ព្រះពុទ្ធសាសនា ។ សិល្បៈរបាំខ្មែរក៏ប្រកបដោយលក្ខណៈពីរយ៉ាងនេះដែរ គឺជាសិល្បៈរូបនិយមដែលកើតអំពីការជំនឿសាសនា ម្ល៉ោះហើយកាយវិការសុទ្ធតែសំដែងន័យមួយៈ ប្រណម្យ – យំ – សើច ច្បាំង – លួងលោម ។ល។ ថែមទាំងមានសភាពស្ងួតបូតសមជាទីគោរពដល់ព្រះសាសនា។ រាជបល្ល័ង្គដែលការពារសាសនាក៏រក្សារបាំនេះឡើង ព្រោះរបាំនេះទុកដូចជាពិធីមួយនៃបទគោរពសាសនា។

ដើមកំណើតជាក់លាក់នៃរបាំនេះ រលត់បាត់ក្នុងអន្លង់នៃស្រមោលអតីតកាលទៅហើយ នៅមានតែការដំណាលខ្លះៗថា៖ ពួកទេពអប្សរចុះពីស្ថានត្រៃត្រឹងរួចមករាំថ្វាយព្រះកេតុមាលាជំនាន់សាងប្រាសាទអង្គរ។ ខ្លះទៀតនិយាយថារបាំរនេះ អាចនាំមកពីប្រទេសឥណ្ឌា តែជាតិខ្មែរយើងយកមកឆ្នៃឲ្យទៅជារបាំពិសេសរបស់ខ្មែរ
ប្លែកពីរបាំឥណ្ឌា ខ្លះទៀតថា គ្រូរបាំដំបូងចង់ពត់ចលនាកាយវិការអវៈយវៈរបស់ខ្លួនដោយរកតុល្យភាពនឹងកាយវិការទន់ភ្លន់។

តៗក្រោយមកទៀត ដោយរបាំបានរកឃើញរបៀបសំដែងមនោសញ្ចេតនាដោយជាក់លាក់ សិល្បករល្ខោនក៏ខ្ចីរបាំនេះយកមកប្រើដើម្បីស្ដែងជារឿងល្ខោន ដូចរឿងរាមកេរ្តិ៍ រឿងព្រះវេស្សន្តរជាដើម ។ តួរឿងល្ខោននេះដែលមានតួអង្គ ស្តេច នាង យក្ស ឥសី ស្វា និងត្រី ជាដើមសុទ្ធតែសំដែងប្រកមដោយមនោសញ្ចេតនានឹងនាទីខ្លួនដោយប្រើក្បាច់របាំទាំងអស់ ។ សិល្បៈរបាំខ្មែរ បានបែកជាខ្នែងចេញទៅរបាំផ្សេងទៀត ដូចជារបាំមាន់ របាំមេអំបៅ រហូតដល់ក្រោយៗមក ប្រជាពលរដ្ឋសាមញ្ញ នាំគ្នារាំលេងត ។ ទោះបើល្ខោនសម័យថ្មីក៏ដោយ គេគង់សង្កេត ឃើញថា នាដករខ្មែរម្នាក់ៗ មានកប់និស្ស័យរបាំក្បាច់ ម្ល៉ោះហើយកាយវិការដែលនាដករនោះ បានធ្វើឡើងមានទំរង់ជារបាំក្បាច់ខ្លះៗ មិនខាន ។

របាំក្បាច់ត្រូវបានរាជបល្ល័ង្គរក្សាទុករដោយផ្ចិតផ្ចង់ដើម្បីកុំឲ្យក្លាយទម្រង់សិល្បៈបុរាណនេះ ទៅតាមពេលវេលា  កាលៈទេសៈ ឬការវិវត្តន៍នៃគំនិតឡើយ ព្រោះជាតិខ្មែរយល់ថា របាំក្បាច់ខ្មែរជាមរតកដ៏ខ្ពង់ខ្ពស់បំផុត ដែលដូនតា ខ្មែរទុកឲ្យកូនចៅ ។ លោក ហង្ស​ធុនហាក់ ផលិតបានស្នាដៃមួយចំនួនដូចខាងក្រោមនេះ ៖

រឿង​ ថ្ម​រាំ ល្ខោន ១៩៥៤ (ភ្នំពេញ)
រឿង​ កញ្ញា​ចរិយា ល្ខោន ១៩៥ ? (ភ្នំពេញ)
រឿង​ ពិសោធន៍​ស្នេហា ល្ខោន ១៩៦៤ (ភ្នំពេញ)
រឿង​ ចោល​សំបុក​ឥត​មេបា ល្ខោន ១៩៦៥ (ភ្នំពេញ)
រឿង ព្រះអាទិត្យ​រះ​ហើយ ល្ខោន ១៩៦៦ (ភ្នំពេញ)
រឿង ចិញ្ចៀន​បញ្ចាំ​ចិត្ត ល្ខោន ១៩៦៩ (ភ្នំពេញ)
រឿង បង​ពុក​ឲ្យ​ហៅ ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង វាសនា ឬ​ការ​កសាង ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង រាត្រី​និម្មិត​នៃ​វស្សាន​រដូវ (A Midsummer Night’s Dream) ប្រលោម​លោក​​បក​ប្រែ ១៩៦៨ និពន្ធ​ដោយ William Shakespeare
រឿង អម្ចាស់ (Le Cid) ប្រលោម​លោក​​បក​ប្រែ ១៩៦៩ និពន្ធ​ដោយ​ Pierre Corneille
រឿង ប៉ូលវីហ្សានី (Paul et Virginie) ប្រលោម​លោក​​បក​ប្រែ ??? និពន្ធ​ដោយ Jacques-Henri Bernardin de Saint-Pierre
រឿង រ៉ូមីអូ និងស៊ូលីយែត (Romeo and Juliette) ប្រលោម​លោក​​បក​ប្រែ ១៩៧១ និពន្ធ​ដោយ William Shakespeare

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព