ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រាយការណ៍ពីការខាតដើមជាបន្តបន្ទាប់
យោងតាមឯកសារផ្សារហ៊ុនរបស់ខ្លួន ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានរាយការណ៍កាលពីថ្ងៃសុក្រអំពីការខាតបង់ក្នុងត្រីមាសទី២នេះ កាន់តែច្រើនទៅ ដែលបង្កដោយការចំណាយថ្លៃដើមកើនឡើង ដែលទាក់ទងទៅនឹងការពង្រីកនៅតំបន់អាស៊ីដ៏មានមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលរបស់ខ្លួននៅតែមានទំនោរកើនឡើងក៏ដោយ ។
VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុន បានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១ លានដុល្លារ នៅក្នុងត្រីមាសមុន៕
ក្រុមហ៊ុន GM នឹងកោះហៅរថយន្តភីកអាបជិត៤៥០,000 គ្រឿង និងរថយន្ត SUV នៅអាមេរិក
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រនេះថា ក្រុមហ៊ុន General Motors កំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤៤៩,៦៧២ គ្រឿងនៅអាមេរិក មកវិញ ដោយសារតែការព្រមានអំពីប្រេងហ្វ្រាំងទាបដែលមិនដំណើរការ។
ការប្រមូលមកវិញនោះ រួមមានរថយន្ត Chevrolet Silverado 1500 ស៊េរីឆ្នាំ ២០២៣, GMC Sierra 1500, Chevrolet Tahoe ឆ្នាំ២០២៣-២០២៤, Suburban, GMC Yukon, Yukon XL, Cadillac Escalade និងម៉ូដែល Escalade ESV។
រដ្ឋបាល NHTSA បាននិយាយថា កម្មវិធីផ្នែកម៉ូឌុលទន់គ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិចនៅលើយានយន្តដែលមានបញ្ហាអាច នឹងមិនបង្ហាញពន្លឺព្រមាន នៅពេលការបាត់បង់ប្រេងហ្វ្រាំង កើតឡើង៕
- ការងាររបស់ប្រទេសអូស្ត្រាលី កំពុងដើរនាំមុខ ចំពោះការកាត់បន្ថយអត្រាការប្រាក់មុន។
ការងារអូស្ត្រាលី បានដើរហួសទៅមុខហួសពីការព្យាករសម្រាប់រយៈពេលបីខែជាប់ៗគ្នាហើយ មកដល់ខែសីហា ប៉ុន្តែអត្រាគ្មានការងារ នៅរក្សាបានស្ថិរភាព ខណៈកម្លាំងការងារ ក៏បានកើនឡើងក្នុងអត្រាមួយ ឆាប់រហ័ស ដោយពង្រឹងទស្សនៈថា ទីផ្សារការងារនៅតែតឹងរ៉ឹង។
យោងតាមការិយាល័យស្ថិតិអូស្ត្រាលី ឱ្យដឹងថា ការងារសុទ្ធ បានកើនឡើងចំនួន ៤៧,៥០០ ពីខែកក្កដា ដល់ខែសីហា ។ ចំនួននោះ គឺលើសពីចំនួនដែលការព្យាកររបស់ទីផ្សារថា កើនឡើង ២៥,០០០ ថ្វីបើការកើនឡើងទាំងនោះ គឺជាការងារក្រៅម៉ោងក៏ដោយ។
ប្រាក់ដុល្លារអូស្រ្តាលី បានខាតបង់ពីដំបូងជាមួយការធ្លាក់ចុះ ០.២% គឺ ក្នុង១ដុល្លារអូស្ត្រាលី ដូរបាន ០.៦៧៨១ដុល្លារអាមេរិក ខណៈដែលប័ណ្ណបំណុលអនាគត បានបន្តធ្លាក់ចុះ រយៈពេលបីឆ្នាំ ដោយធ្លាក់ចុះ ១១ ពិន្ទុ មក ៩៦.៥៣ ៕
- សិង្ហបុរី រក្សាតំណែងជាទីក្រុងថ្លៃបំផុត សម្រាប់អ្នកមាន
ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមទីក្រុងទាក់ទងនឹងតម្លៃនៃការរស់នៅ ហើយក្រុងនេះ ក៏មានប្រជាប្រិយភាពខ្លាំងជាមួយក្រុមអ្នកមានផងដែរ។
ដោយប្រើទិន្នន័យពី New World Wealth, របាយការណ៍មួយរបស់ Henley & Partners ដែលចេញផ្សាយកាលពីដើមសប្តាហ៍ បានចាត់ចំណាត់ថ្នាក់ទីក្រុង-រដ្ឋទី ក្នុងលំដាប់ទី៦ នៅក្នុងបញ្ជីនៃទីក្រុងកំពូលទាំង៥០ សម្រាប់ ‘មហាសេដ្ឋីរយលាន’ ។ ក្រុមហ៊ុ Henley & Partners និយាយថា មានបុគ្គលបែបនេះចំនួន ២៩,៣៥០ នាក់ នៅទូទាំងពិភពលោក ហើយប្រទេសសិង្ហបុរី គឺជាលំនៅដ្ឋានរបស់បុគ្គល ចំនួន 336 នាក់ ក្នុងចំណោមពួកគេ៕
- ប្រធានធនាគារថៃ ជំរុញឱ្យស្វ័យភាព មិនរងសម្ពាធពីរដ្ឋាភិបាល
ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋភុត ស៊ធីវ៉ាត់ណារុភុត (Sethaput Suthiwartnaruput) បាននិយាយថា វាជារឿងសំខាន់សម្រាប់ធនាគារកណ្តាល ត្រូវមានឯករាជ្យភាពក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ បន្ទាប់ពីរដ្ឋាភិបាលបន្តការអំពាវនាវឱ្យកាត់បន្ថយអត្រាការប្រាក់ និងអន្តរាគមន៍រូបិយប័ណ្ណអស់រយៈពេលមួយសប្តាហ៍មកហើយ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រនៅក្នុងទីក្រុងបាងកក លោក សេដ្ឋភុត បាននិយាយ ថា៖ “កាតព្វកិច្ចរបស់ធនាគារកណ្តាល ដើម្បីពិនិត្យមើលទស្សនវិស័យរយៈពេលវែង ត្រូវតែមានភាពឯករាជ្យ នៃប្រតិបត្តិការ” ៕
- ប្រាក់រូព្យះរបស់ឥណ្ឌូណេស៊ី ដ៏ល្អបំផុតអស់ពេល១សប្តាហ៍ហើយ
ប្រាក់រូព្យះរបស់ឥណ្ឌូណេស៊ី កំពុងត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏ល្អបំផុតរបស់ខ្លួន ចាប់តាំងពីខែមករាមក ខណៈដែលមូលបត្របំណុលរបស់ប្រទេសនេះ មានលំហូរចូលកើនឡើង។
រូបិយប័ណ្ណនេះ បានកើនឡើងច្រើនរហូតដល់ ១% ដល់ ១៥,០៨៩រូព្យៈ ក្នុងមួយដុល្លារ កាលពីថ្ងៃសុក្រ ដោយកំពុងនាំមកនូវការចំណេញក្នុងសប្តាហ៍នេះ ដល់ ២% ។ កំណើននោះ បានរុញឲ្យរូបិយប័ណ្ណនោះ ទៅដល់ចំណាត់ថ្នាក់កំពូលក្នុងទីផ្សារដែលកំពុងរីកចម្រើន។ ជាមួយគ្នានេះ ផលចំណេញនៅលើមូលបត្របំណុលរយៈពេល ១០ ឆ្នាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងមួយឆ្នាំ៕
- ម៉ាឡេស៊ី មិនយកពន្ធ សម្រាប់ការិយាល័យគ្រួសារក្នុងការអភិវឌ្ឍន៍ទីក្រុងព្រៃឈើ ១០០ពាន់លានដុល្លារ
ប្រទេសម៉ាឡេស៊ី កំពុងផ្តល់អត្រាពន្ធ 0% សម្រាប់បណញតាការិយាល័យរបស់គ្រួសារ ដើម្បីបង្កើតហាងនៅក្នុងគម្រោងធំ Forest City ដែលកំពុងជួបការលំបាករបស់ខ្លួន ខណៈប្រទេសនេះ សម្លឹងទៅស្តារចំណាប់អារម្មណ៍របស់វិនិយោគិន ក្នុងការអភិវឌ្ឍន៍ក្នុងទឹកប្រាក់ ១០០ពាន់លានដុល្លារ នៅជិតព្រំដែនរបស់ខ្លួន ជាមួយប្រទេសសិង្ហបុរីនោះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីររបស់ម៉ាឡេស៊ី លោក Amir Hamzah Azizan បាននិយាយនៅក្នុងរដ្ឋ Johor កាលពីថ្ងៃសុក្រថា រដ្ឋាភិបាល ក៏កំពុងផ្តល់អត្រាពន្ធសាជីវកម្មសម្បទានចន្លោះពី 0% ទៅ 5% និងអត្រាពន្ធលើប្រាក់ចំណូលបុគ្គល ១៥% សម្រាប់កម្មករមានចំណេះដឹង និងប្រជាជនម៉ាឡេស៊ី ដែលកំពុងធ្វើការនៅទីនោះ៕
- ផែនការធនាគារពិភពលោកចំនួន ៩០ពាន់លានដុល្លារដើម្បីផ្តល់អគ្គិសនីនៅទ្វីបអាហ្រ្វិកកំពុងដំណើរការ
ផែនការនាំយកអគ្គិសនីទៅដល់ប្រជាជនអាហ្វ្រិកចំនួន ៣០០លាននាក់ ក្នុងឆ្នាំ ២០២៣ ដែលគាំទ្រដោយការសន្យាជំហានដំបូងចំនួន ៣០ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាហ្រ្វិក បានចាប់ផ្តើមអនុវត្តហើយ ជាមួយនឹងការវាយតម្លៃអំពីអ្នកទទួលផលសក្តានុពលដំបូង។
អង្គការអាកាសធាតុលេចធ្លោបំផុតខ្លះ របស់ពិភពលោក ដូចជាមូលនិធិ Rockefeller, សម្ព័ន្ធសកលដើម្បីមនុស្ស និងភពផែនដី, និងអង្គការផែនដី និងថាមពលប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា កាលពីថ្ងៃសុក្រ បានប្រកាសពីការបង្កើតទីតាំងជំនួយបច្ចេកទេសដើម្បីពិនិត្យគម្រោង និងជួយធានាការផ្តល់មូលនិធិ សម្រាប់ក្រុមអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីដែលគេស្គាល់ថា ជាបេសកកម្ម 300។ បំណងចុងក្រោយ គឺដើម្បីរៃអង្គាសប្រាក់បាន ៩០ពាន់លានដុល្លារ ឬច្រើនជាងនេះពីប្រភពជាច្រើន៕