ក្រុមប្រទេស អ្នកមានទាំង២០ (G-20) បានឯកភាពគ្នាដើម្បីជំរុញឱ្យមានការរុះរើ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគី នៅក្នុងការទម្លាញភាពទាល់ច្រកមួយបន្ទាប់ពីមានការចរចាអស់រយៈពេលមួយខែកន្លះ។
យោងតាមសេចក្តីព្រៀងសេចក្តីប្រកាសដែល Bloomberg News បានឃើញ ឱ្យដឹងថា ការអំពាវនាវឱ្យមានកំណែទម្រង់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G-20 ដែលបានស្នើឡើងដោយប្រទេសប្រេស៊ីល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ។
នេះគឺជាលើកទីមួយហើយដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២០ របស់ពិភពលោក យល់ព្រមជាផ្លូវការដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីធ្វើទំនើបកម្មលើបណ្តាស្ថាប័នអភិបាលកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងប្រមាណជា៨០ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការតថភាពក្រោយសង្គ្រាមលោកលើកទីពីរ។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ដែលនឹងបើកទូលាយដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានសេចក្តីថា៖ “មានការយល់ឃើញកំពុងកើនឡើងថា អង្គការសហប្រជាជាតិ, ស្ថាប័ន Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក គឺត្រូវការកំណែទម្រង់ជាបន្ទាន់”។
យោងតាមសេច្ហតីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “វាចាំបាច់ណាស់ដែលស្ថាប័នទាំងនេះ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់ខ្លួន ដើម្បីធ្វើជាតំណាងសមាជិកភាពចម្រុះជាតិសាសន៍របស់ពួកគេឱ្យកាន់តែប្រសើរ និងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ”។
កំណែទម្រង់នៃស្ថាប័នពិភពលោកនេះ គឺជាការតស៊ូតវ៉ាជាយូរមកហើយ របស់លោក Luiz Inacio Lula da Silva នៃប្រទេសប្រេស៊ីល ដែលជាប្រធានប្តូរវេននៃក្រុម G-20 នៅឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួមដែលត្រូវបោះពុម្ពក្រោមការដឹកនាំរបស់លោកនេះ គឺជាជំហានមួយក្នុងទិសដៅនៃកំណែទម្រង់នោះ ទោះបីជាមានប្រទេសជាច្រើន មិនទាន់បានយល់ព្រមតាមពេលវេលាកំណត់ សម្រាប់ការផ្លាស់ប្តូរដើម្បីអនុវត្តក៏ដោយ។
ឯកសារដែលមាន៣ទំព័រនេះ រៀបរាប់លម្អិតអំពីកំណែទម្រង់ដែលបានព្រមព្រៀងគ្នាដោយ G-20 លើមុខព្រួញ៣ផ្សេងគ្នា៖ អង្គការសហប្រជាជាតិ, ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ក្នុងចំណោមការកែប្រែ ដែលបានស្នើទៅអង្គការសហប្រជាជាតិ គឺការអំពាវនាវរបស់ G-20 ឱ្យមានការកំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹងរនាសម្ព័ន្ធដែលបានពង្រីក ដែលធ្វើអោយប្រសើរឡើងនូវភាពតំណាង នៃតំបន់ និងក្រុមដែលមានតំណាងមិនសមរម្យ និងអត់មានតំណាង។ ឯកសារនោះ ក៏ទាមទារឱ្យមានតំណាងច្រើនថែមទៀតនៅក្នុងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយមានតម្លាភាព, ការបែងចែកភូមិសាស្ត្រសមធម៌ គុណតម្លៃ និងសមតុល្យយេនឌ័រ។
នៅលើកំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ, ក្រុមប្រទេស G-20 ស្នើសុំឱ្យមានការផ្តល់ ហិរញ្ញប្បទានច្រើនថែមទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងនោះមានទាំងការប្រែប្រួលអាកាសធាតុផងដែរ។ ឯកសារនោះ ក៏អំពាវនាវឱ្យមានការលើកកម្ពស់ការតំណាង និងសំឡេងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើការសម្រេចចិត្ត។
ជាចុងក្រោយ ប្រទេស G-20 ពិពណ៌នាអំពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ជាស្ថាប័ន “មិនអាចខ្វះបាន” ចំពោះប្រព័ន្ធដំណើរការបានល្អ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម និងអំពាវនាវឱ្យមានគោលនយោបាយច្រើន ដែលអាចជួយឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្លាយជាម៉ាស៊ីន នៃកំណើន និងវិបុលភាព៕