ពលរដ្ឋរុស្សី បញ្ជាទិញ iPhone មិនខ្វល់តម្លៃខ្ពស់នោះទេ
ក្រុងមូស្គូ៖ អ្នករកស៊ីលក់បន្តម្នាក់ បានប្រាប់ Reuters កាលពីថ្ងៃសុក្រថា តម្រូវការបញ្ជាទិញជាមុនទូរស័ព្ទ iPhone ថ្មី នៅក្នុងប្រទេសរុស្ស៊ី គឺ១៥% ខ្ពស់ជាង ការបញ្ជាទិញមុន បើទោះបីជាវាមានតម្លៃថ្លៃជាងនៅលោកខាងលិចយ៉ាងហោចណាស់ ៥០%ក៏ដោយ ។
ប្រទេសរុស្សី បានធ្វើស្របច្បាប់នូវអ្វីដែលហៅថា ការនាំចូល “ប្រផេះ” ឬ “ស្រដៀងគ្នា” ដើម្បីអនុញ្ញាតឱ្យទំនិញទាំងឡាយ ចូលប្រទេសនេះដោយគ្មានការអនុញ្ញាតពីម៉ាកយីហោ បន្ទាប់ពីបណ្តាក្រុមហ៊ុនលោកខាងលិច ដូចជាក្រុមហ៊ុន Apple ដែលផលិត iPhone ដោយបានដាក់បម្រាមនាំចេញនៅឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។
អ្នកនាំពាក្យសម្រាប់អ្នកលក់រាយគ្រឿងអេឡិចត្រូនិក Restore អ្នកស្រី Lyudmila Semushina បាននិយាយថា៖ ទូរស័ព្ទ iPhones ដែលដាក់លក់កាលពីថ្ងៃទី២០ កញ្ញា បានមកដល់ប្រទេសរុស្ស៊ីពីគ្រប់ប្រទេស ដោយមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ឡើយ។
អ្នកស្រី Semushina បាននិយាយថា៖ “បើប្រៀបធៀបទៅនឹងការបញ្ជាទិញមុនកាលពីឆ្នាំមុន, តម្រូវការ គឺខ្ពស់ជាង ១៥% នៃការបញ្ជាទិញជាមុនសម្រាប់ iPhone 15” ។
ប្រទេសដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ មានដូចជាទួរគី ចិន ឥណ្ឌា កាហ្សាក់ស្ថាន និងអតីតរដ្ឋសូវៀតផ្សេងទៀត មានការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន បានចាប់ផ្តើម៕
- អត្រាអត់ការងារធ្វើរបស់យុវជនចិនកើនឡើងខ្ពស់ក្នុងឆ្នាំនេះចំពេលសេដ្ឋកិច្ច ធ្លាក់ចុះ
អត្រាអត់ការងារធ្វើរបស់យុវជនចិន បានកើនឡើងអស់រយៈពេលពីរខែជាប់គ្នាហើយ ដោយឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ខណៈទីផ្សារការងារ ប្រឈមមុខនឹងទស្សនវិស័យដ៏លំបាក ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយការិយាល័យស្ថិតិជាតិ ឱ្យដឹងថា អត្រាគ្មានការងារធ្វើក្នុងចំណោមមនុស្សដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំ បានកើនឡើងដល់ ១៨.៨% នៅក្នុងខែសីហា ។ នោះ គឺជាការកើនឡើងពី ១៧.១% ក្នុងខែកក្កដា និង ៣.៥ ដង ខ្ពស់ជាងអត្រាគ្មានការងារធ្វើសរុប។ តួលេខខែសីហានេះ ក៏ជាតួលេខខ្ពស់បំផុតចាប់តាំងពីទីក្រុងប៉េកាំង បានផ្លាស់ប្តូរវិធីសាស្រ្តគ្មានការងារធ្វើរបស់យុវជន ពីក្នុងខែមករា ដើម្បីដកនិស្សិតចេញ ដោយនិយាយថា ធ្វើដូច្នេះវាឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ អំពីទំហំនៃកម្លាំងការងារ។
ស្ថិតិចុងក្រោយនេះ បន្ថែមសម្ពាធលើអាជ្ញាធរចិន បន្ទាប់ពីសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រាប់ចាប់ពីទិន្នផលរោងចក្រ រហូតដល់ការប្រើប្រាស់ និងការវិនិយោគ ដែលសុទ្ធតែបង្ហាញពីការរំពឹងទុកក្រោមកម្រិត នៅក្នុងខែសីហា។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញទីផ្សារការងារ, ប្រទេសចិនបានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៨៕
- ការនាំចេញកៅស៊ូរបស់វៀតណាម ឡើងដល់ ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ
ទិន្នន័យគយបង្ហាញថា ប្រទេសវៀតណាមបាននាំចេញកៅស៊ូ ១,១២ លានតោន ដែលមានតម្លៃ ១,៧៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤។
យោងតាមអគ្គនាយកដ្ឋានគយ ឱ្យដឹងថា ទិន្នន័យនេះ គូសបញញជាក់ពីការធ្លាក់ចុះ ពី១ឆ្នាំទៅ១ឆ្នាំ ៧.២% ប៉ុន្តែមានកំណើនតម្លៃ ៨.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាម បាននាំចេញកៅស៊ូចំនួន ២០៩,៧២៦ តោន ដែលមានតម្លៃជិត $៣៤៥ លានដុល្លារ ក្នុងខែសីហាតែមួយ កើនឡើង ១២.៧% ជាបរិមាណ និង ១២% ជាតម្លៃ ធៀបនឹងខែមុន៕
- ក្រុមហ៊ុន Nike បានចំណាយ $104 លាន លើ លោក Donahoe មុនពេលគាត់ ត្រូវបាន បណ្តេញចេញ
ក្រុមហ៊ុន Nike បានចំណាយប្រាក់ជិត ១០៤លានដុល្លារលើប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់ អតីតប្រមុខប្រតិបត្តិ លោក John Donahoe ក្នុងអំឡុងពេលកាន់តំណែងជិត៥ឆ្នាំរបស់គាត់ លើក្រុមហ៊ុនផលិតស្បែកជើងប៉ាតានេះ មុនពេលបណ្តេញចេញ ដើម្បីស្តារម៉ាកយីហោនេះវិញ។
យោងតាមការគណនារបស់ Bloomberg News ដោយផ្អែកលើឯកសារបទប្បញ្ញត្តិ ឱ្យដឹងថា ក្នុងអំឡុងពេលនោះក្រុមហ៊ុន Nike បានបាត់បង់តម្លៃទីផ្សារជិត ៤០ពាន់លានដុល្លារ។ លោក Donahoe ទទួល ប្រាក់ខែ ប្រាក់រង្វាន់ និងភាគហ៊ុនដែលបានផ្តល់ឱ្យគាត់ចំនួន ៨៣.៦ លានដុល្លារ។
ខណៈវាជារឿងធម្មតាសម្រាប់ប្រមុខអាជីវកម្មសាធារណៈដែលមានកេរ្តិ៍ឈ្មោះខ្ពស់នោះ វាសមនឹងគាត់អាចទទួលប្រាក់ឈ្នួលខ្ពស់ដូច្នោះ ទោះបីជាក្នុងអំឡុងពេលដំណើរការដ៏ចម្រូងចម្រាស ដែលបញ្ចប់ដោយការបណ្តេញចេញក៏ដោយ។ ទឹកប្រាក់សម្រាប់ លោក Donahoe បានដល់កម្រិតនោះ ដោយសារតែក្រុមហ៊ុន Nike មួយផ្នែក បានផ្តល់ឱ្យគាត់ជារង្វាន់សមធម៌ចំនួន ៣៥ លានដុល្លារ ដើម្បីជាថ្នូរនឹងប្រាក់ខែដែលគាត់បានបាត់បង់ នៅពេលលាលែងពីនិយោជកចាស់របស់គាត់៕
- គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកបានប្តឹងអង្គភាពសុខាភិបាលបី
គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក បានប្តឹងអង្គភាពសុខាភិបាល CVS Health, Cigna និង UnitedHealth កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ឈ្មួញកណ្តាលឱសថទាំងនោះ ពីបទពាក់ព័ន្ធ ក្នុងកម្មវិធីបង្វិលប្រាក់ខុសច្បាប់ ដែលជំរុញឱ្យតម្លៃអាំងស៊ុយលីនឡើងថ្លៃ។
ទីភ្នាក់ងារនេះ បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋបាលរបស់ខ្លួន ដោយចោទប្រកាន់ថា ផ្នែក Caremark របស់ក្រុមហ៊ុន CVS, Express Scripts របស់ក្រុម Cigna និង Optum Rx របស់ ក្រុមហ៊ុន UnitedHealth បានទទួលយកប្រាក់ពីក្រុមហ៊ុនផលិតឱសថ ជាថ្នូរនឹងការធ្វើឱ្យអាំងស៊ុយលីនដែលមានតម្លៃទាបមិនមានក្នុងបញ្ជីឱសថដែលត្រូវបានអនុម័ត៕
- ក្រុមហ៊ុន Qualcomm ត្រូវបានរាយការណ៍ថា បានចរចាដើម្បីទិញយកក្រុមហ៊ុន Intel
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពដែលដឹងអំពីស្ថានភាពបាននិយាយកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Qualcomm ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានទៅជួបក្រុមហ៊ុន Intel ដើម្បីប៉ុនប៉ងទិញយកក្រុមហ៊ុនផលិតបន្ទះឈីបដែលមានបញ្ហានោះ នៅក្នុងអ្វីដែលអាចជាកិច្ចព្រមព្រៀងប្តូររូបរាងនៅក្នុងវិស័យនេះ ប៉ុន្តែប្រឈមនឹងឧបសគ្គជាច្រើន។
យោងតាមប្រភពដែលត្រូវបានបំភ្លឺអំពីបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm លោក Cristiano Amon បានចូលចរចាដោយផ្ទាល់នៅក្នុងការចរចារទិញយកក្រុមហ៊ុន Intel ដែលមានអាយុ ៥០នេះ។ ។ប្រភពម្នាក់ទៀតដែលដឹងពីស្ថានភាពនេះ បាននិយាយថា លោក Amon បានកំពុងពិនិត្យយ៉ាងសកម្មលើជម្រើសផ្សេងៗ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន។
ប្រភពទាំងនោះ បានស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះការពិភាក្សាទាំងអស់ សុទ្ធតែជាការសម្ងាត់។
ក្រុមហ៊ុន Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Qualcomm ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters សម្រាប់ការអត្ថាធិប្បាយទេ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានឡើង ៣.៣% ខណៈពេលដែលក្រុមហ៊ុន Qualcomm ធ្លាក់ចុះ ២.៨% ៕