យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន New World Development Co. ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋី ឆឹង កំពុងពិចារណាជំនួសអ្នកស្នងជំនាន់ទី ៣ របស់ក្រុមហ៊ុន លោក អេដ្រៀន ឆឹង (Adrian Cheng) ជានាយកប្រតិបត្តិ បន្ទាប់ពីការធ្លាក់ចុះដែលនាំទៅដល់ការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ទសវត្សរ៍។
ក្រុមហ៊ុនអចលនទ្រព្យនេះ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីព្រលឹមថ្ងៃព្រហស្បតិ៍ ប្រមុខប្រតិបត្តិលោក Adrian Cheng ត្រៀមនឹងចុះចេញពីតំណែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ បាននិយាយថា ការលក់ភាគហ៊ុនរបស់យើង ត្រូវបានផ្អាកដោយរង់ចាំការប្រកាសព័ត៌មានពីខាងក្នុង។ភាគហ៊ុនរបស់ក្រុមហ៊ុន New World Department Store China Ltd. ដែលលោក ឆឹង ជាប្រធានក៏បានផ្អាកការជួញដូរផងដែរ។
ដោយសុំមិនបញ្ចេញអត្តសញ្ញាណខណៈកំពុងពិភាក្សាអំពីរឿងឯកជន, មនុស្សម្នាក់ ក្នុងចំណោមប្រភពទាំងនោះបាននិយាយថា លោក ឆឹង ត្រៀមនឹងត្រូវដកចេញ ហើយជំនួសដោយប្រមុខប្រតិបត្តិការបច្ចុប្បន្ន លោក Ma Siu-Cheung។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី ហិនរី ឆឹង នឹងរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុន New World មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ទង្វើបែបនេះ កម្រនឹងកើតមានណាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ហុងកុង ជាទីដែលក្រុមអ្នកដើរតួនាទីដ៏ធំបំផុត ត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារ ដែលរៀបចំផែនការស្នងរបស់ពួកគេដោយប្រុងប្រយ័ត្ន។ ដោយត្រូវបានគេសន្មត់ថាជាសំណព្វចិត្ត របស់សពបុព្វបុរសឆឹង យូទឹង (Cheng Yu-Tung) លោក អេដ្រៀន រហូតមកដល់ពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា ជាអ្នកស្នងមរតកនៃក្រុមហ៊ុនរបស់ត្រកូលនេះ ដែលគ្របដណ្តប់ឧស្សាហកម្មជាច្រើនតាំងពីអចលនទ្រព្យ រហូតដល់គ្រឿងអលង្ការ និងដឹកជញ្ជូនភស្តុភារ។
លោក ឆឹង វ័យក្មេង បានចូលរួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីរបស់គ្រួសារក្នុងឆ្នាំ ២០០៧ ជានាយកប្រតិបត្តិម្នាក់ ហើយភ្លាមៗ ក៏បានជួយដឹកនាំក្រុមហ៊ុន មុនពេលពង្រឹងតួនាទីរបស់គាត់ជាប្រមុខប្រតិបត្តិ CEO នៅក្នុងឆ្នាំ ២០២០។
ជានិស្សិតម្នាក់បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ជាមួយជំនាញ នៅក្រុមហ៊ុន Goldman Sachs Group Inc. ក្នុងនាមជាអ្នកវិនិយោគធនាគារម្នាក់ លោក ឆឹង បានប្រែក្លាយក្រុមហ៊ុនអចលនទ្រព្យបែបប្រពៃណី ទៅជាម៉ាកយីហោមួយ ជាមួយនឹងប្លុកអាផាតមិនមហាវិចិត្រ និងគម្រោងប្រកបដោយមហិច្ឆតា ខណៈកំពុងជំពាក់បំណុលគេយ៉ាងច្រើន។
កម្រិតបំណុលរបស់ក្រុមហ៊ុន New World ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាក្តីកង្វល់សម្រាប់វិនិយោគិន ចំពេលមានការចំណាយលើប្រាក់កម្ចីខ្ពស់ និងទីផ្សារអចលនទ្រព្យខ្សោយ។ យោងតាម Bloomberg Intelligence ឱ្យដឹងថា បំណុលសុទ្ធរបស់ខ្លួនចំពោះភាគហ៊ុនគឺ ៨២.៧% នៅដំណាច់ឆ្នាំមុន ធៀបនឹង ៤១.៤% នៃសមក្រុមហ៊ុន Henderson Land Development Co. និង ២១.២% នៃក្រុមហ៊ុន Sun Hung Kai Properties Ltd. ។
បុរសអាយុ ៤៤ឆ្នាំរូបនេះ បានមើលការខុសត្រូវលើគម្រោងពាណិជ្ជកម្មខ្នាតធំជាច្រើននៅ New World ។ លោក បានបង្កើតម៉ាកយីហោ K11 ដែលបញ្ចូលធាតុសិល្បៈទៅក្នុងផ្សារទំនើប និងការិយាល័យជាច្រើន។
ទោះយ៉ាងណាក៏ដោយ គម្រោងខ្លះ បានចាប់ផ្តើមដំណើរការក្នុងអំឡុងពេលមិនសមរម្យ។ ផ្សារទំនើប K11 MUSEA ដែលឥឡូវនេះជាគោលដៅលក់រាយកំពូល សម្រាប់អ្នកក្នុងស្រុក និងក្រុមអ្នកទេសចរ បានបើកទ្វារនៅឆ្នាំ ២០១៩ ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ទីក្រុងនេះ មុនពេលមានជំងឺរាតត្បាតកូវីដ បានបិទព្រំដែន។
គម្រោងយក្សមួយទៀត ដែលជាអគារទិញទំនិញ និងការកម្សាន្តចំនួន ២០ពាន់លានដុល្លារហុងកុង (២.៦ ពាន់លានដុល្លារ) នៅឯព្រលានយន្តហោះ បានចាប់ផ្តើមបើកដំណើរការជាដំណាក់កាលចាប់តាំងពីឆ្នាំមុន។ ទីតាំងការិយាល័យ និងផ្សារទំនើបរបស់ខ្លួន ដែលធំបំផុតក្នុងទីក្រុងហុងកុង អាចនឹងពិបាកនឹងធ្វើជាការិយាល័យរបស់ក្រុង ហើយផ្នែកលក់រាយរបស់ទីក្រុង ជួបប្រទះនឹងការធ្លាក់ចុះរយៈពេលវែង។
នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននេះ បានរកឃើញការឆកល្វែងនៅក្នុងរចនាសម្ព័ន្ធនៃអគារប៉មលំនៅដ្ឋានចំនួនពីរ ហើយក៏កម្ទេចអគារនោះចោល ខណៈពេលកំពុងផ្តល់សំណងដល់ក្រុមអ្នកទិញ ដែលធ្វើអោយហិរញ្ញវត្ថុរបស់ New World កាន់តែតានតឹង។
ការចាកចេញជាសក្ដានុពលរបស់ លោកអេដ្រៀន ធ្វឱ្យគេនឹកឃើញដល់បំណែកនៃប្រវត្តិសាស្ត្រពីមុនមួយ នៅឯក្រុមហ៊ុននោះ។ កាលពីឆ្នាំ ១៩៨៩ នៅពេលដែលឪពុករបស់គាត់ គឺលោកហិនរី ជាមនុស្សថ្មីក្នុងតំណែងការងារកំពូលនេះ គាត់បានធ្វើការពង្រីកក្រុមហ៊ុន New World យ៉ាងខ្លាំងក្លា ដែលបានធ្វើឱ្យក្រុមហ៊ុននេះ ញាំញីដោយបំណុល។ លោក ឆឹង យូទឹង (Cheng Yu-Tung) ត្រូវតែឈានជើងចូលក្នុងការលក់ទ្រព្យសកម្មជាបន្តបន្ទាប់ ដើម្បីបង្កើតដើមទុនដែលត្រូវការច្រើន។
កេរ្ដិ៍ឈ្មោះរបស់លោកឆឹង ជាកូន លាតសន្ធឹងវែងជាងតំណែងរបស់គាត់នៅក្នុងក្រុមហ៊ុន New World ។ ជាមហាសេដ្ឋីលំដាប់ខ្ពស់នៅហុងកុង គាត់ក៏សកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកតាមដានជាង ១៣ម៉ឺននាក់នៅលើ Instagram ។ កម្រងប្រូហ្វាលព័ត៌មានរបស់គាត់ ជាញឹកញាប់បង្ហាញថា គាត់មានទំនាក់ទំនងជាមួយតារាល្បីៗ ក្នុងនោះមានលោក Pharrell Williams និងក្រុមចម្រៀងស្រីកូរ៉េ Blackpink។
លោក ក៏បានកាន់តួនាទីសេវាសាធារណៈបន្ថែមទៀតថ្មីៗនេះ។ លោក ដឹកនាំមូលនិធិ Mega Arts and Cultural Events របស់រដ្ឋាភិបាល ដែលមានបំណងទាក់ទាញព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ ក៏ដូចជាបណ្ឌិតសភា Hong Kong Academy for Wealth Legacy ដែលជួយអភិវឌ្ឍ និងផ្សព្វផ្សាយក្រុងហុងកុង ជាមជ្ឈមណ្ឌលសកលសម្រាប់មហាសេដ្ឋី។ .
ផែនការស្នងតំណែងរបស់គ្រួសារ ឆឹង ត្រូវបានបង្ហាញឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង កាលពីឆ្នាំមុន បន្ទាប់ពី លោកហិនរី បាននិយាយថា លោកនៅតែកំពុងសំឡឹងរកអ្នកស្នងតំណែង ក្រុមហ៊ុនរបស់គ្រួសារនេះ ដោយបំបែកការសន្មត់ពីមុននៅក្នុងពិភពជំនួញនេះ ដែលរំពឹង លោកអេដ្រៀន នឹងកាន់ដំបងសីល្ប៍។ ត្រកួលឆឹង ដែលមានទ្រព្យតម្លៃ ២៣.៦ ពាន់លានដុល្លារ គឺជាត្រកូលអ្នកមានបំផុតនៅទ្វីបអាស៊ី៕