ខ្មែរចំណាយពេល៤០ឆ្នាំប្រែព្រះត្រៃបិដកចប់មុនគេ

សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនាទាំងនោះ។ គម្ពីរទាំងឡាយ គេប្រកាន់ទុក​ជាគម្ពីរស័ក្តិសិទ្ធស្មើនឹងមេសាសនាដែរ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព)។ គម្ពីរនេះជាឯកសារចាស់បំផុតក្នុងលោក ដែលមនុស្សលោកអាចបង្កើតបាន តែមិនដែលមានការរៀបចំ(ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបជាថ្មីប្រមាណជា ៧០០ ឆ្នាំកន្លងទៅ​នេះ ។

លោក សុខ សូផាត ថតក្បែរព្រះត្រៃបិតកដែលតម្កល់នៅវត្តមួយនៅរាជធានីភ្នំពេញ។
អ្នកនិពន្ធ សុខ សូផាតបង្ហាញថា ព្រះត្រៃបិដកមាន១១០ ភាគ ដកស្រងប្រភពដោយ៥០០០ឆ្នាំ។

គម្ពីរគ្រិស្តឈ្មោះ ប៊ីប (Bible)។ គម្ពីរនេះ ក្រោយមរណកាលព្រះយេស៊ូភ្លាម គេមិនទាន់​បាន​រៀបចំចងក្រងជាគម្ពីរនៅឡើយទេ តមកយូរបន្តិច ទើបមានសាវ័ករៀបចំចងក្រងទុកជាគម្ពីរ ហើយមានការបន្ថែមមន្ថយច្រើនតាមពេលវេលានិងកាលៈទេសៈ ហើយវាមិនគង់វង្សនៅត្រង់ឯកសារដើមទាំងស្រុងទេ ។ គម្ពីរ ប៊ីប នេះ​ក៏ជា “Révélation” (ការបានឮមក)ពីព្រះអាទិទេពដែរ។

គម្ពីរឥស្លាមឈ្មោះ កូរ‑អាន (Qor An) ប្រៃថា “ការអាន” (Lecture) ។ គម្ពីរនេះ មានលក្ខណៈ​ជាច្បាប់សម្រាប់ប្រទេសជាតិច្រើនជាជាងលទ្ធិសាសនា ដោយពិសេស ជាច្បាប់សង្គមស្តីពី​គ្រួសារ ឬទ្រព្យមរតក ។ បទបញ្ញត្តិដែលមេសាសនានេះតែងតាំងឡើង បានបង្គាប់ឲ្យចារឹកទុក​លើស្លឹករឹតខ្លះ លើស្បែកសត្វខ្លះ លើឈើខ្លះ លើថ្មខ្លះ ឬសាក់លើទ្រូងមនុស្សខ្លះ ហើយមានអត្ថ​បទខ្លះ ជាពាក្យកាព្យរបស់កវីនិពន្ធដែលយកមកសូត្រយ៉ាងពិរោះ ជាភាសាអារ៉ាប់ ។ គម្ពីរលទ្ធិសាសនាជាពាហិរសាសនាទាំង៣ខាងលើនេះ ជាវចនៈនៃព្រះអាទិទេព (មហេឝ្វរ) មិនមែនជារបស់មនុស្សលោកតែងទេ ហើយមិនមែនជាគម្ពីរច្រើនសៀវភៅទេ មានចំនួនតិច​ណាស់ បើប្រៀបធៀបនឹងគម្ពីរព្រះត្រៃបិដកជារបស់ពុទ្ធសាសនា ។

អំពីព្រះត្រៃបិដក

ក្នុងព្រះពុទ្ធសាសនា គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ (Pensée du Bouddha) ដែលទ្រង់ទេសនាទូន្មានរវាង៤៥វស្សា ចាប់តាំងពីទ្រង់បានត្រាស់ដឹង​ព្រះសម្មាសម្ពោធិញ្ញាណរហូតមកដល់ទ្រង់បរិ​និព្វាន ។ វចនៈដែលទ្រង់សំដែងនេះហៅថា ធម្ម​វិ​ន័យដែលព្រះអង្គសំដែងបញ្ញត្ត (ធម្មោ ច វិនយោ ច​ ទេសិតោ បញ្ញត្តោ) ធម្មវិន័យនេះ មាន៣ ចំណែកគឺ សុត្តន្ត វិន័យ អភិធម្ម ទាំង៣ នេះ ព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀង​ផ្ទាត់) ចង​ក្រងហើយដាក់ទុកមួយក្រុមៗហៅថា តិបិដក ឬព្រះត្រៃបិដក “កញ្ជើបី” (Triple Corbeille)។ ពាក្យ​ថា “បិដក” នេះ បើប្រែថា “ទូ ឬបណ្ណាល័យ” ក៏សឹងតែបានដែរ ។ បើប្រៀបធៀបមើល ឃើញថា គម្ពីរព្រះត្រៃបិដកនេះ មានចំនួនច្រើនជាងគម្ពីរវេទច្រើនណាស់ ច្រើនជាងគម្ពីរប៊ីប១១ដង ច្រើន​ជាគម្ពីរកូរអានជាអនេក ។
គម្ពីរព្រះត្រៃបិដកនេះ បរិសុទ្ធគង់វង្សនៅដូចដើមគ្រប់ប្រការ មានលក្ខណៈជាគម្ពីរសាសនា​ពេញបរិបូណ៌ ព្រោះមិនមែនជាវចនៈអាទិទេព មិនមែនជាលទ្ធិសាសនា ឬពាហិរសាសនាទេ ។ ក្រោយពីព្រះពុទ្ធបរិនិព្វានភ្លាម មានការធ្វើសង្គាយនាផ្ទៀងផ្ទាត់ភ្លាម ធ្វើឲ្យបានគង់វង្សបរិសុទ្ធនៅដូច​ដើម មិនមានការបន្ថែមបន្ថយអត្ថន័យឬខ្លឹមសារនោះទេ ហើយអ្នកប្រាជ្ញខាងសាសនាលោកសម្រេចឱ្យប្រើគ្រប់ប្រការទៀតផង ។ គម្ពីរព្រះត្រៃបិដកមាន៣ចំណែកគឺ វិន័យបិដក (១៣ភាគ) សុត្តន្តបិដក (៦៤ភាគ) និងអភិ​ធម្មបិដក (៣៣ភាគ) ។ គម្ពីរទាំង៣នេះ មានអដ្ឋកថា ដីកា យោជនា ប្រកបទៀតផង។

សង្គាយនាខ្មែរ

នៅប្រទេសកម្ពុជាយើង តាំងពីព្រេងនាយដែលមានពុទ្ធសាសនាមកប្រតិស្ឋាននៅលើទឹកដី​យើង មិនមានប្រវត្តិស្តីទុកថា បានធ្វើសង្គាយនាព្រះត្រៃបិដកទេ ។ ក្នុងរាជ្យព្រះបាទសម្តេច​ព្រះស៊ីសុវត្ថិមុនីវង្សព្រះបរមខត្តិយកោដ្ឋ ទើបមានការសង្គាយនាព្រះត្រៃបិដកជាពុទ្ធវចនៈនេះ​លើកដំបូង ។ ការសង្គាយនាគ្រានេះ ស៊ីវេលា៣រាជ្យ គឺរាជ្យព្រះបាទសម្តេចព្រះស៊ីវត្ថិមុនីវង្ស រាជ្យ​ព្រះបាទសម្តេចព្រះនរោត្តមសីហនុ និងរាជ្យព្រះបាទសម្តេចព្រះនរោត្តមសុរាម្រឹត គឺតាំងពី​ពុទ្ធសករាជ ២៤៧៣ (គ.ស ១៩២៩) ដល់ពុទ្ធសករាជ ២៥១៣ (១៩៦៩) ស៊ីវេលាអស់ ៤០ ឆ្នាំគត់ ។ សង្គាយនានៅប្រទេសកម្ពុជានេះ លោកទុកជាឆដ្ឋសង្គាយនា ឬជាឧត្តមសង្គាយនា “សង្គាយនាដ៏ឧត្តម” ព្រោះមានក្តីពិសេសមួយ ដែលមិនដែលកើតមាននៅក្នុងប្រវត្តិពុទ្ធសាសនា​ គឺការប្រែព្រះពុទ្ធវចនៈជាភាសាបាលី ដែលមានរាប់ពាន់ឆ្នាំមកហើយទៅជាភាសាជាតិខ្មែរ គឺទំព័រ​ម្ខាងជាបាលី ម្ខាងទៀតជាខ្មែរ ។ នេះជាការពិសេសលើសសង្គាយនាទាំងពួងដែលមានមក​ហើយ។ ប្រទេសកាន់ពុទ្ធសាសនាក្តី មិនកាន់ព្រះពុទ្ធសាសនាក្តី កាលបើបានដឹងកិច្ចការដ៏​ពិសេសនេះហើយ តែងតែកោតស្ងើចក្រៃលែង ។

អំពីខ្លឹមព្រះធម៌

ការសង្គាយនាជាភាសាបាលីដោយមុខបាឋក្តី ចារឹកជាលាយលក្ខណ៍អក្សរក្តី ប្រែជាភាសា​ជាតិក្តី សុទ្ធតែជាការប្រសើរបំផុត ឈ្មោះថា ការរក្សាព្រះពុទ្ធវចនៈទុកដើម្បីឲ្យគង់នៅបរិសុទ្ធ​ដដែល ឈ្មោះថា ញ៉ាំងពុទ្ធសាសនាឲ្យឋិតថេរចីរកាលអង្វែងតទៅ ឈ្មោះថា សាងព្រះសម្ពុទ្ធ​គ្រប់កាលទាំងពួង បើព្រះពុទ្ធវចននេះ គង់វង្សនៅដរាបណា ឈ្មោះថាព្រះសម្ពុទ្ធគង់ធរមាននៅ​ដរាបនោះ សមដូចពុទ្ធភាសិតថាៈ វក្កលិ ! អ្នកណាឃើញធម៌តថាគត អ្នកនោះឈ្មោះថា ឃើញរូបតថាគត អ្នកណាឃើញរូប​តថាគត អ្នកនោះឈ្មោះថា ឃើញធម៌តថាគតដែរ ។

ការបានធ្វើសង្គាយនាព្រះពុទ្ធវចនៈតាំងពីដើមទី ជាការប្រសើរបំផុត ។ ការងារប្រសើរបែប​នេះ មិនមានក្នុងពាហិរសាសនាទេ ។ ពុទ្ធសាសនិកជនសប្បាយចិត្តណាស់ កាលបើបានឃើញ​សាសនារបស់ខ្លួនមានការងារប្រសើរ សប្បាយ​ចិត្តណាស់ កាលបើបានឃើញថា ព្រះសម្ពុទ្ធជា​បរមគ្រូរបស់ខ្លួននៅជាមួយខ្លួនគ្រប់កាលវេលា និងបានដឹកដៃនាំខ្លួនដែលខ្វាក់ឲ្យដើរត្រង់តាម​មាគ៌ាប្រសើរទៅរកក្តីសុខពិត ដោះស្រាយប្រស្នាជីវិតរបស់ខ្លួនឲ្យដល់អវសាន មិនមានភពថ្មី​តទៅទៀត សមដូចពុទ្ធភាសិតថាៈ « អានន្ទ អ្នកណាមួយ ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ប្រតិបត្តិធម៌ត្រឹមត្រូវតាមធម៌ ប្រតិបត្តិដោយភក្តីភាព ប្រតិបត្តិតាមគន្លងធម៌ អ្នកនោះឈ្មោះថា បូជាតថាគត ធ្វើសក្ការៈ គោរព​រាប់អានដោយការបូជាដ៏ប្រសើរបំផុត » ។
សេចក្តីក្នុងបច្ឆិមពុទ្ធវចនៈនេះ ប្រែថា “បើអ្នកណាមួយប្រតិបត្តិតាមពុទ្ធវចនៈដោយត្រឹមត្រូវ​ អ្នកនោះនឹងបានឃើញធម៌(លុះនិព្វាន)ឥតសង្ស័យឡើយ” ព្រោះថា អត្តាធីនភាព(Emancipation) មនុស្សលោកឋិតនៅក្នុងអភិសម័យ (Réalisation) ។ ចំណុចនេះ សំខាន់បំផុត ពាហិរសាសនាធ្វើ​ឲ្យសម្រេចដូចពុំបានឡើយ ។ ព្រះត្រៃបិដកជាពុទ្ធវចនៈនេះ អ្នកប្រាជ្ញក្នុងបច្ចុប្បន្នកាល កោតស្ងើចក្រៃលែង កោតស្ងើច​ថា ពុទ្ធវចនៈនេះប្រសើរបំផុត បើជាសីលធម៌ ជាសីលធម៌ដ៏លើស, បើជាវិទ្យាសាស្ត្រ ជាវិទ្យា​សាស្ត្រដ៏លើស, បើជាទស្សនវិជ្ជា ជាទស្សន​វិជ្ជាដ៏លើស, បើជាសាសនា ជាសាសនាដ៏លើស ។ ទស្សនវិទូ អ្នកវិទ្យាសាស្រ្ត អ្នកសីលធម៌ ដែលបានសិក្សាព្រះពុទ្ធវចនៈនេះហើយពោលថា “ការ​រកឃើញរបស់យើងសព្វថ្ងៃនេះ ព្រះសម្ពុទ្ធរកឃើញរួចហើយ ប្រមាណជា២៥១៣ឆ្នាំ មុនយើង​ទៅទៀត​​” ។

អ្នកប្រាជ្ញស្រាវជ្រាវបុរាណវត្ថុនៅប្រទេសឥណ្ឌា ដែលបានធ្វើការគាស់កកាយពុទ្ធស្ថាន មានសំវេជនីយដ្ឋានជាដើម ពោលថា “ទីឋានទាំងនេះ បើជាទីឋានមនុស្សសាមញ្ញដូចយើងគ្រប់​គ្នានុ៎ះ មិនមានប្រយោជន៍អ្វីនឹងមកធ្វើការគាស់​កកាយរកអស់ប្រាក់កាស អស់កម្លាំងទេ ព្រោះទី​ឋានទាំងនេះ សព្វថ្ងៃទៅជាទីឋានគួរឲ្យកើតសង្វេគបំផុត កាលដើមធ្លាប់រុងរឿង ឥឡូវទៅជាទី​រហោឋាន គេបោះបង់ចោល។ តែការនេះ មិនមែនដូច្នោះឡើយ ” ព្រះសម្ពុទ្ធនេះ ជាមនុស្ស​ប្លែក​ណាស់ ជាអច្ឆរិយបុគ្គល មិនមានពីរក្នុងលោកនេះទេ មើលពុទ្ធវចនៈដោយហ្មត់ចត់ ឃើញថា មិនមានលោកណា ដែលចេះនិយាយពិតប្រាកដដូចព្រះអង្គ (Objectivisme) ។ ពុទ្ធវចនៈ “ជាមេ​សីលធម៌ ជាមេវិទ្យាសាស្ត្រ ជាមេទស្សនវិជ្ជា ជាមេសេដ្ឋកិច្ច ។ល។ សម្រាប់មនុស្សលោក ” ។ ការ​ប្រើកម្លាំងទ្រព្យ កម្លាំងកាយ ក្នុងការរាវរកពុទ្ធស្ថាននេះ ជាការចំណេញ មានប្រយោជន៍ឥត​គណនា ឈ្មោះថា “ធ្វើអង្គព្រះសម្ពុទ្ធឲ្យគង់ធរមានឡើងវិញ” ។

ក្នុងពិធីបុណ្យសម្ពោធឆ្លងពុទ្ធសាសនា ២៥០០ នៅប្រទេសឥណ្ឌា លោកបណ្ឌិតនេរុ បាន​ចំណាយថវិកាជាតិ រៀបចំពុទ្ធស្ថានទាំងឡាយឲ្យបានជាទីរមណីយដ្ឋានឡើងវិញ។ ប្រជាជន​ហិណ្ឌូ បានស្តីបន្ទោសលោកយ៉ាងសន្ធឹកបន្ទោសថា “ម្តេចឡើយ ក៏ចំណាយថវិកាជាតិជារបស់​ហិណ្ឌូ ទៅតុបតែងពុទ្ធស្ថានដែលមិនមែនជាហិណ្ឌូទៅវិញ” ។លោកបណ្ឌិតនេរុ កាលនោះ លោកឆ្លើយតបខ្លីថា “ចុះព្រះពុទ្ធ ជាកូនចៅអ្នកណា? ជាជន​ជាតិអ្វី? សព្វថ្ងៃក្នុងពិភពលោកទាំងមូលនេះ លទ្ធិហិណ្ឌូ  (Hindouisme) របស់អ្នក ក្រៅពីប្រជា​ជនហិណ្ឌូ តើមាននរណាទទួលស្គាល់ដែរ ឬទេ? ឯព្រះពុទ្ធ មានគេទទួលស្គាល់ពេញសកល​លោក ។ ការចំណាយថិវការជាតិ ដើម្បីព្រះពុទ្ធជាការ​​ចំណាយដ៏ប្រសើរ ជាការបូជាដ៏ប្រសើរបំផុត គួរអស្ចារ្យប្លែកណាស់! អង្គព្រះសម្ពុទ្ធជាមនុស្សដូចយើងគ្រប់គ្នា តែទ្រង់ជាសពេជ៌្ញ ត្រាស់ទេសនាត្រឹមត្រូវ ពុទ្ធវចនៈទាំងអស់ជាសច្ចធម៌ ។ ទឹកដីលោកយើងនេះ កើតមានឡើងរាប់ហ្មឹនឆ្នាំកន្លងទៅហើយ តើមានមនុស្សលោក​ប៉ុន្មាន ដែលចេះនិយាយត្រូវប្រាកដដូចអង្គព្រះសម្ពុទ្ធ ក្នុងប្រវត្តិសាស្ត្រលោកយើងនេះ? ។ សំនួរ​នេះ មិនបានទទួលចម្លើយល្អទេ ។ ចំណុចនេះ មុខគួរឲ្យកោតស្ងើចក្រៃលៃងចំពោះព្រះពុទ្ធវចនៈ​ដែលជនជាតិខ្មែរយើងគ្រប់គ្នាស្គាល់ថា “ព្រះត្រៃបិដក” នេះ ។ អ្នកប្រាជ្ញច្រើននាក់បានសិក្សា​ពុទ្ធវចនៈ សិក្សាដោយហ្មត់ចត់ អ្នក​ប្រាជ្ញខ្លះ ពោលថា “តាមពុទ្ធវចនៈ (Pensée Bouddhique)” នេះ ព្រះពុទ្ធមិនមែនជា “អ្នកប្រាជ្ញកណ្តាលហ្វូងមនុស្ស​ល្ងង់ទេ ទ្រង់ជាអ្នកប្រាជ្ញកណ្តាលហ្វូងអ្នក​ប្រាជ្ញខ្ពស់ទាំងឡាយ”​ សម័យឧបនិស័ទ ខាងដើមសម័យពុទ្ធកាល មានអ្នកប្រាជ្ញច្រើននាក់​ណាស់ (សុទ្ធសឹងជាអ្នកគិតប្រសើរ = Grands Penseurs) ។

ក្នុងប្រវត្តិសាស្ត្រលោកនេះ លទ្ធិសាសនាទាំងអស់សុទ្ធតែជាពាហិរសាសនា (Religions ។ វចនៈគឺពាក្យរបស់មេសាសនាទាំងនោះគឺ មេគណាចារ្យ ព្រាហ្មណ៍ គ្រិស្ត មោហម័ត ឡៅត្សឹ ខុងត្សឹ សោរោអាស្ត្រ ទាំងអស់នេះ សុទ្ធតែជាវាទៈ (Doctrine), ជាទិដ្ឋិ (Dogme), ជាអន្តរវាទ (Doctrine ésotérique), ជាពាហិរវាទ (Doctrine exotérique), ទីបំផុតជាអាចរិយមុដ្ឋិ “កណ្តាប់ដៃ​អាចារ្យ = អាទេព (Dieu) ពោលគឺស្រេចហើយតែមេសាសនាថា ” ។

ធម្មវិន័យព្រះសម្ពុទ្ធប្រកបដោយហេតុផល មិនមានក្នុង មិនមានក្រៅទេ ក្នុងមហាបរិនិព្វាន​សូត្រ ព្រះអង្គទ្រង់ត្រាស់ទុកថាៈ “អានន្ទ ! ធម្មវិន័យតថាគតសំដែងទៅហើយ មិនមានក្នុង មិនមាន​ក្រៅទេ = ទេសិតោ អានន្ទ មយា ធម្មោ អនន្តរំ អពាហិរំ ​” ។ ពុទ្ធវចនៈបញ្ជាក់ច្បាស់ថា “ធម៌ព្រះអង្គ មិនមែនជាអន្តរវាទ (Doctrine ésotérique) ទេ, មិនមែនជា ពាហិរវាទ (Doctrine exotérique)ទេ។ ទីបំផុត ធម៌អង្គព្រះសម្ពុទ្ធមិនមែនជា អាចរិយមុដ្ឋិ = កណ្តាប់ដៃមេសាសនា (Dieu) ទេ។ ក្នុងប្រវ​ត្តិ​​​សាសនាសាកលលោកមិនដែលមានមេសាសនាណាអាចពោលដូចអង្គព្រះសម្ពុទ្ធដូច្នេះបាន​ឡើយ​ ។

ដើម្បីបញ្ចប់ សូមលើកយកសំដីលោក រិស ដេវិត (Rhys Dawids) មកពោល លោកនេះ​បានសិក្សាហើយបានបង្កើតសមាគមមួយឈ្មោះ “ បាលីតិក្សសូសៃយេទី (Pali Text Society) ” នៅ​ក្រុងឡុង បានបោះពុម្ពព្រះត្រៃបិដកជាពុទ្ធវចនៈផ្សាយទូទៅក្នុងសកលលោក ។ អ្នកប្រាជ្ញ​ទូ​ទៅ​​ស្គាល់សមាគមនេះ ។ លោកបញ្ចេញយោបល់របស់លោកចំពោះពុទ្ធវចនៈនេះថាៈ  “ ពាក្យសំដីមេសាសនាទាំងអស់ ទាំងតូច ទាំងធំ មិនមានមេសាសនាណាម្នាក់អាចប្រមូល​គោលធម្មបដិបត្តិ ដើម្បីកសាងមនុស្សលោកឲ្យប្រសើរស្មើដោយអដ្ឋង្គិកមគ្គរបស់ព្រះសម្ពុទ្ធបាន​ឡើយ ។    ព្រះសម្ពុទ្ធចេះប្រមូលគោលប្រតិបត្តិសម្រាប់ទូន្មានមនុស្សយ៉ាងខ្លីត្រឹមតែ៨ ម៉ាត់ ។ ធម៌​នេះ បើមនុស្សបានយកមកប្រតិ​បត្តិហ្មត់ចត់ (ធម្មានុធម្មបដិបត្តិ, អនុធម្មចារ) មនុស្សនឹងបាន​សម្រេចផលសមតាមប្រាថ្នា ឥតសង្ស័យឡើយ ។ ខ្លួន​ខ្ញុំដែល​បានឃើញធម្មវិន័យប្រសើររបស់​ ព្រះអង្គយ៉ាងនេះហើយ ខ្ញុំហ៊ានប្រកាសខ្លួនខ្ញុំនៅកណ្តាលប្រជាជនអង់ឡេសថាៈ «ខ្ញុំជាពុទ្ធ​សាសនិក» ពេញទ្រពង់មាត់ឥតកោតញញើតឡើយ ។

ដូច្នេះ ព្រះត្រៃបិដកជាពុទ្ធវចនៈ មានតម្លៃផុតគណនានឹងរាប់បាន សម្រាប់កសាង​មនុស្សលោក ឲ្យមានគុណសម្បត្តិខ្ពង់ខ្ពស់ មានអរិយធម៌ខ្ពង់ខ្ពស់ ។ ប្រស្នាទុក្ខដែលមនុស្ស​លោកខំដោះស្រាយយូរអង្វែងហើយមិនទាន់បានសម្រេចផលនោះ បានសម្រេចដោយពុទ្ធវចនៈ​នេះឯង ។ ពុទ្ធវចនៈជាមធ្យោបាយប្រសើរវិសេស ឬជាច្រកចេញឲ្យផុតពីទុក្ខមិនមានសេសសល់​ឡើយ ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព