ឧកញ៉ាព្រះឃ្លាំងនងជាអ្នកនិពន្ធក្រោយសម័យអង្គរ

បើបរិយាយអំពីជីវិប្រវត្តិអ្នកនិពន្ធរបស់ដូនតាយើងគឺមានច្រើនជំនាន់ឬច្រើនសម័យកាល តែពេលនេះសូមលើកយកតែអ្នកនិពន្ធក្រោយសម័យអង្គរឬអ្នកនិពន្ធសម័យលង្វែក និងឧដ្តុង្គមានកិត្តស័ព្ទនិងកិត្តយសល្បីៗ តាមលំដាប់លំដោយនិងបង្ហាញជូនអំពីស្នាដៃរបស់អ្នកនិពន្ធសម័យមុនបានចងក្រងរឿងអី្វខ្លះ។

រឿងភោគកុលកុមារ ដែលជាស្នាដៃរបស់ឧកញ៉ា ព្រះឃ្លាំងនង

 

ឧកញ៉ា ព្រះឃ្លាំងនង អ្នកនិពន្ធខ្មែរ ស.វទី១៨ (ឧកញ៉ា គឺជាស័ក ព្រះឃ្លាំង គឺជាងារ (តំណែង) និង នង គឺជាឈ្មោះលោកផ្ទាល់។ បើយោងតាមឯកសារខ្លះ មានព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា និងឯកសារបរទេសខ្លះបានពោលត្រួសៗនូវជីវប្រវត្តិនៃអ្នកនិពន្ធរូបនេះដូចជាអ្នកឧកញ៉ា ពិទូ ឈឹមក្រសេមបានឱ្យដឹងថា ឧកញ៉ាវង្សា ពេជ្ញ នង ជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះបាទនរោត្តម។

អំពីប្រវត្តិនិងការសិក្សា

ឧកញ៉ា ព្រះឃ្លាំងនង បានបួសរៀនបរិយត្តិធម៌ដែរ តែមិនឃើញមានឯកសារណានិយាយបញ្ជាក់ឲ្យច្បាស់ថាលោកបានសិក្សាដល់ថ្នាក់ណានោះទេ។ ព្រះឃ្លាំងនងដែលស្ថិតក្នុងភាពជាភិក្ខុ បានធ្វើជាចៅអធិការវត្តចតុទិសក្រុងឧត្តុង្គ។ លោកបានទទួលសមណសក្តិជា មហាព្រហ្មមុនី។ នៅពេលដែលលោកបានទទួលសមណសក្តិ លោកបានធ្វើជាព្រះរាជគ្រូនៃព្រះរាជបុត្ររបស់ សម្តេចព្រះនរាយណ៍រាមាធិបតី ៤ព្រះអង្គគឺ ព្រះអង្គចន្ទ ព្រះអង្គស្ងូន ព្រះអង្គអឹម និងព្រះអង្គឌួង។ លោកមិនត្រឹមតែជាគ្រូប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាព្រះរាជឧបជ្ឈាយ៍បំបួសព្រះអង្គឌួង ជាសាមណេរនៅឆ្នាំមមែ ត្រីស័ក គ.ស១៨១០។ នៅឆ្នាំវក ចត្វាស័ក គ.ស១៨១១ព្រះអង្គអឹម និងព្រះបាទអង្គឌួង។ ស្ថិតនៅជាព្រះសង្ឃគឺបាននិមន្តទៅបាងកក ព្រះមហាព្រហ្មមុនីនង​ បាននិមន្តជូនដំណើរព្រះរាជបុត្រា ទាំង២អង្គ ហើយគង់នៅក្រុងបាងកកជាមួយព្រះបុត្រាទាំង២រហូតដល់ត្រលប់មកវិញ លោកក៏និមន្តត្រលប់មកវិញដែរ។ លោកមកគង់នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង។ លោកមិនដឹងជាបានលាចាកសិក្ខាបទនៅឆ្នាំណានោះទេ ប៉ុន្តែនៅក្នុងពង្សាវតារក្រុងកម្ពុជាធិបតី ឃើញមានងារមហាព្រហ្មមុនី បានទៅលើភិក្ខុ១អង្គផ្សេងទៀតព្រះនាម ភិក្ខុ ម៉ា (ម៉ាង?)នៅឆ្នាំខាល ឆស័ក គ.ស១៨៥៤។ ដូចនេះ យើងអាចសន្និដ្ឋានបានថា​ ព្រះមហាព្រហ្មមុនីនង បានលាចាកសិក្ខាបទមុនឆ្នាំ១៨៥៤។ ឧកញ៉ា ព្រះឃ្លាំងនង លាចាកសិក្ខាបទមករៀបការជាមួយនាងកញ្ញាឈ្មោះ មាស ហើយបង្កើតបានកូនប្រុស ២នាក់ ស្រី៤នាក់។ លុះក្រោយមកព្រះហរិរក្សរាមា បានប្រទានអ្នកម្នាងតូចឲធើ្វជាភរិយា១ទៀត ហើយអ្នកម្នាងនេះមានកូនប្រុស ២នាក់ ស្រី១នាក់។

អំពីបេសកកម្ម

នៅឆ្នាំវក ទោស័ក គ.ស១៨៦០ សម្តេចព្រះនរោត្តម  បានចេញព្រះរាជបញ្ជាឲ្យឧកញ៉ាព្រះឃ្លាំងនង ដែលក្នុងងារជាឧកញ៉ាធិរាជមន្ត្រី។ ធើ្វជាប្រតិភូជាមួយឧកញ៉ាស្រីធម្មរាជ ហែម និងឧកញ៉ាសន្ធររចនា សៅ ទៅកាន់ទីក្រុងបាងកក ដើម្បីនាំរាជសារក្រាបបង្គំទូលព្រះចៅ ចមក្លាវ  អំពីការចូលទីវង្គតនៃព្រះបាទអង្គឌួង ។ សូមបញ្ជាក់ថា កាលនោះនៅភិក្ខុ ឧកញ៉ា ព្រះឃ្លាំងនងបានធើ្វជាចៅអធិការវត្តចតុទិសឧត្តុង្គ។ ខាងក្រោមនេះជាតំណែងនិងងារផ្សេងៗដែលលោកទទួលបានដូចជាព្រះឧបជ្ឈាយ៍បំបួសព្រះអង្គឌួងវ និងមានសមណស័កជា ព្រះមហាព្រហ្មមុនី។ លុះលាចាកសិក្ខាបទនៅជាគ្រហស្ថ លោកមានងារសកិ្តយសដូចជា ឧកញ៉ាវង្សាក្សត្រិយ ឧកញ៉ាធិរាជមន្រ្តី ឧកញ៉ាព្រះឃ្លាំង ឧកញ៉ាវង្សាពេជ្ញ។ល។  ឧកញ៉ា ព្រះឃាំ្លងនង ជាកវីឯកនៅក្នុងរាជព្រះអង្គអេង និងព្រះអង្គចន្ទ។ ពិតមែនតែលោកជាកវីនៅសម័យនោះ តែស្នាដៃរបស់លោកមានកេរ្តិ៍ឈ្មោះល្បីសុះសាយមកក្នុងរាជកាលស្តេច ហរិរក្សរាមាឥស្សារាធិបតីព្រះអង្គឌួង ។ លោកបានផ្ចិតផ្ចង់រៀបរៀងខាងអក្សរសាស្រ្តជាច្រើនរហូតដល់បានឡើងងារជាឧកញ៉ា ព្រះឃ្លាំង គឺងារជាក្រុមព្រះរាជបណ្ឌិត ហើយលោកក៏ជាកវីរបស់ស្តេចផងដែរ។ ស្នាដៃរបស់លោកដែលឆើតខាងអក្សរសាស្ត្រមានច្រើន។​ ឧកញ៉ា ព្រះឃ្លាំងនង បានបន្សល់ទុកនូវស្នាដៃរបស់លោកដែលយើងបានរកឃើញគឺ៖

-ច្បាប់សុភាសិត គ.ស១៧៩០
-លោបនេយ្យជាត៌ក គ.ស១៧៩៤
– ប៉ុញ្ញាសាសិរសារ គ.ស១៧៩៧
-ភោគកុលកុមារ គ.ស១៨០៤
-វរនុជវរនេត្រ គ.ស១៨០៦
-ព្រះសមុទ្រ គ.ស១៨០៨
-ពង្សាវតារ គ.ស១៨១៨។ សូមបញ្ជាក់ថា ស្នាដៃសម័យកាលនោះត្រូវបានចម្លងចេញ ពីសិលាចារិក សាត្រា និងក្រាំង៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព