លោកស្រី យ៉ាង ឈីវម៉ី (Yang Qiumei) នាយកគ្រប់គ្រងនៅផ្សារហ៊ុនហុងកុង បានទទួលមរតកភាគហ៊ុនដែលមានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន យក្ស AI របស់ចិន SenseTime Group Inc. ពីប្តីស្លាប់ទៅហើយរបស់នាង ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុននេះ។
ដោយស្រង់ឯកសារបទប្បញ្ញត្តិនៅក្នុងខែសីហា Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រី យ៉ាង បានទទួល ៦.៩ ពាន់លានភាគហ៊ុនថ្នាក់ A ដែលមិនចុះបញ្ជីនៅក្នុងខែសីហា ហើយក្រោយមកបានបំប្លែងហ៊ុនទាំងនោះទៅជាភាគហ៊ុនចុះបញ្ជីនៅហុងកុងថ្នាក់ B ស្មើនឹងប្រមាណ ២០% នៃភាគហ៊ុនសរុប ដែលបានចេញប្រកាសសម្រាប់ហ៊ុន ទាំងពីរថ្នាក់។
ភាគហ៊ុនដែលនាងបានទទួលមរតកពីសពប្តីរបស់នាង ធ្វើឱ្យនាងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្តនេះ។
យោងតាមការប្រកាសនៅលើគេហទំព័ររបស់ក្រុមហ៊ុន Hong Kong Exchanges (HKEX) លោកស្រី Yang គឺជានាយកគ្រប់គ្រង និងជាទីប្រឹក្សារបស់ក្រុមនាយកប្រតិបត្តិ នៅក្រុមហ៊ុន HKEX និងក្រុមហ៊ុន Clearing Limited ដែលជាតួនាទីដែលនាងបានកាន់នៅក្នុងខែឧសភា ឆ្នាំ ២០២២។
មុននោះទៀត លោកស្រី បានបម្រើការជាប្រមុខប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ICI Global ដែលជាសមាគមតំណាងឱ្យមូលនិធិគ្រប់គ្រងទូទាំងពិភពលោកពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ និងជាប្រមុខផ្នែកអភិវឌ្ឍន៍ចិនដីគោក និងជាអនុប្រធានផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ HKEX ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ ។
SenseTime ត្រូវបានសហការបង្កើតឡើងដោយសពប្តីរបស់លោកស្រី Yang គឺ លោក Tang Xiao’ou ក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានក្លាយជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំបំផុតមួយរបស់ប្រទេសចិន។
ក្រុមហ៊ុននេះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្តីរំពឹងខ្ពស់ នៅលើផ្សារហ៊ុនហុងកុងក្នុងឆ្នាំ ២០២១ និងបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣.៤ ពាន់លានយួន (៤៨៣ លានដុល្លារអាមេរិក) ពីឆ្នាំមុន។
ដោយដកស្រង់ព័ត៌មានដែលបង្ហាញដោយ SenseTime, ទស្សនាវដ្តី Fortune បានរាយការណ៍ថា លោក Tang ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន ជាមួយភាគហ៊ុន ២១% បានទទួលមរណភាពកាលពីខែធ្នូឆ្នាំមុន ដោយសារតែជំងឺដែលមិនត្រូវបានបង្ហាញ ។
លោក បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងជាសាស្រ្តាចារ្យម្នាក់ នៅហុងកុង ដែលត្រូវបានទទួលស្គាល់ថា ជាអ្នកត្រួសត្រាយក្នុងវិស័យ AI របស់ប្រទេសចិន។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រូវបានប៉ាន់ប្រមាណជាចុងក្រោយថា មាន ១.១ ពាន់លានដុល្លារ មុនពេលលោកស្លាប់ដោយសារជំងឺដែលត្រូវបានគេលាក់បាំង៕