យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា រឿងចន្ទគោរពត្រូវបានដកស្រង់ចេញមកអំពីគម្ពីរ ឯកសារ អំពីអត្ថបទដើម សិលាចារឹក អត្ថបទភាសាបាលីក្តី សំស្ក្រឹតក្តី ឬភាសាបរទេសទៀតក្តីចំពោះបញ្ហាប្រភពរឿង ព្រះចន្ទគោរព មានដូចតទៅ ៖
លោក ឃីង ហុកឌី ដែល បោះពុម្ពផ្សាយនៅឆ្នាំ២០០៣ បានសរសេរថា ៖ “បណ្ឌិតសំអាត ឬស្អាត បានតែងកំណាព្យរឿងល្បែងមួយមានចំណងជើងថា ព្រះចន្ទគោរព ឬនាងមុចលិន្ទ ។ ពុទ្ធសាសនបណ្ឌិត្យបានរក្សាទុក រហូតមកដល់ឆ្នាំ១៩៧៥ សាស្ត្រាស្លឹករឹតមួយចប់ ចុះលេខ ៥៧៧ ដែលអ្នកនិពន្ធ ញ៉ុក ថែម លោកបានយកមកធ្វើកំណត់សិក្សា ហើយនៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេសមានរក្សាឯកសារជា ច្រើននៃរឿងល្បែងនេះ គឺមានឯកសារសាស្ត្រាស្លឹករឹតលេខ៥០ មាន៧ខ្សែ ជុំជាតក ឯកសារលើក្រដាសមានលេខ P.60, P.87 និងលេខ ៣៣៣ និងឯកសារបោះពុម្ពមួយទៀតតែមិនចប់ ។ ចំពោះ ឯកសារលេខ P.87 មាន១ចប់ ។ សំណេរទាំងនេះបង្ហាញកាលបរិច្ឆេទតែមួយគឺនៅថ្ងៃសុក្រ ទី៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៤៧៦ គឺត្រូវនឹង គ.ស.១៨៣៣ ។ តែចំពោះនាមអ្នកនិពន្ធមាន បញ្ហាបន្តិចព្រោះមានលក្ខណៈខុសគ្នាខ្លះលើតួអក្សរប្រកប គឺឈ្មោះ បណ្ឌិតសំស្អាត ឬសំអាត, សំ សាង, សំស្អាង, សំសាង ។
-កាលបរិច្ឆេទ៖ ថ្ងៃសុក្រទី៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៣៥៦ ត្រូវនឹងគ.ស .១៨៣៣
-របៀបនិពន្ធ ៖ ពាក្យកាព្យ រួមមាន បទកាកគតិ ពំនោល ព្រហ្មគិត ភុជង្គលីលា ។
-ប្រភពរឿង៖បញ្ញាសជាតកឬហាសិបជាតកលក្ខណៈឯកសារ ៖ សាស្ត្រាស្លឹករឹត មាន ៧ខ្សែចប់ ។
សូមសង្ខេបតែចំណុចសំខាន់ៗប៉ុណ្ណោះ។ បន្ទាប់ពីបានរៀនសិល្បសាស្ត្រចប់សព្វគ្រប់ហើយ ឥសីជាគ្រូបានប្រគល់ដណ្តាប់មួយទៅឱ្យចៅព្រះចន្ទគោរព មុននឹងត្រឡប់ទៅលំនៅភូមិឋានវិញ។ ប៉ុន្តែឥសីបានផ្តាំថាមិនត្រូវបើកដណ្តាប់នោះនៅពេលធ្វើដំណើរទេប៉ុន្តែដោយចង់ដឹងពេក ចន្ទគោរពក៏បើកដណ្តាប់នោះ ហើយស្រាប់តែឃើញស្រីរូបស្អាតម្នាក់ចេញពីដណ្តាប់នោះមក។ នាងមានឈ្មោះថា ម៉ោរ៉ា ហើយសុំដើរតាមចន្ទគោរពក្នុងការធ្វើដំណើរអ្នកទាំងពីរបានជួបនឹងចោរមួយក្រុមដោយមានសិល្បសាស្ត្រពូកែ ចន្ទគោរពបានសម្លាប់ចោរព្រៃអស់លើកលែងតែមេរបស់ពួកវាដែលនាងម៉ោរ៉ាចាប់ចិត្តស្នេហាមួយរំពេចបន្ទាប់ពីបានឃើញមេចោរនោះភ្លាម។ ចន្ទគោរពហៅនាងឱ្យហុចដាវមកឱ្យខ្លួនដើម្បីប្រល័យជីវិតមេចោរនោះ ប៉ុន្តែនាងម៉ោរ៉ាបែរជាហុចផ្លែដាវទៅឱ្យចន្ទគោរពគឺបង្វែរដងដាវទុកឱ្យមេចោរទៅវិញ។ ឆ្លៀតឱកាសដ៏ល្អនេះ មេចោរក៏សម្លាប់ចន្ទគោរពស្លាប់តែម្តងទៅ។ រីឯនាងម៉ោរ៉ានាងក៏រត់ទៅជាមួយមេចោរបាត់ទៅ។ អ្នកទាំងពីររួមរក្សស្នេហាគ្នាយ៉ាងសប្បាយ។ បន្ទាប់ពីបានរួមរក្សស្នេហាជាមួយនាងម៉ោរ៉ាហើយទើបមេចោរក៏ដោះដៃចេញពីនាងម៉ោរ៉ា នៅពេលឆ្លងស្ទឹងមួយ គឺទុកឱ្យនាងនៅត្រើយម្ខាងទៀតពុំព្រមចម្លងទៅជាមួយទេ។ នៅពេលនោះព្រះឥន្ទបានប្រស់ចៅចន្ទគោរពឱ្យរស់ឡើងវិញហើយប្រាប់ថា គូព្រេងរបស់ចន្ទគោរពស្ថិតនៅក្នុងព្រះនគរមួយ គឺនាងមុច្ចលិនបុត្រីរបស់ស្តេចនាគរាជ។ មកដល់ត្រង់នេះអ្នកនិពន្ធថ្លែងពីនាងបុត្រីរបស់ស្តេចនាគរាជនោះដូច្នេះថា តាំងពីនាងកើតឡើងមកកាលណានាងមុច្ចលិនធ្វើឱ្យព្រះរាជនគរធ្លាក់ទៅក្នុងអស្ថេរភាពហោរាបានធ្វើការទស្សន៍ទាយទៅឃើញថា ទាល់តែនាងទៅឋានមនុស្សលោកទើបព្រះនគរអាចរកស្ថេរភាពឃើញវិញ។ ស្តេចនាគធ្វើតាមហោរា ក្រោយមកនាងមុច្ចលិនបានជួបនឹងចន្ទគោរពហើយក៏យកគ្នាធ្វើជាប្តីប្រពន្ធទៅហោង៕