មកស្គាល់ជីវប្រវត្តិហ្មឺនភក្ដីអក្សរតន់ម្ចាស់រឿងសព្វសិទ្ធិ

ពលរដ្ឋខ្មែរចាស់ក្មេង ស្រីប្រុសនាសម័យមុនប្រទេសធ្លាក់ចូលក្នុងសង្គ្រាមអាចចេះចាំរឿង សព្វសិទ្ធិ តាមរយៈការនិទានតៗគ្នាតាមបែបការអប់រំហើយត្រូវបានគេផលិតជាខ្សែភាពយន្ត ល្ខោន​ និងចាប៉ី តែក៏គេមិនបានស្គាល់មុខមាត់អ្នកនិពន្ធនោះទេ។ តាមការស្រាវជ្រាវទើបយល់ពីគោរមងារ ហ្មឺនភក្ដីអក្សរតន់ យើងស្វែងរកជីវិប្រវត្តិពីអ្នកនិពន្ធនេះ បានតិចតួចណាស់ ពិសេសតាមរយៈស្នាដៃនិពន្ធរបស់លោកតែម្តង គឺរឿងសព្វសិទ្ធិនេះឯង ត្រង់ទំព័រ៣ បន្ទាត់១៣ ដែលបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យថា៖«ខ្ញុំហ្មឺនភក្ដីអក្សរតន់ រិះគន់កែកុនតាមយោបល់ ។ ហ្មឺនភក្ដីអក្សរ ជាងាររបស់មន្ត្រី តន់ជាឈ្មោះអ្នកនិពន្ធ ។ ពីសម័យបុរាណបណ្តាសក្តិរបស់មន្ត្រី គេរាប់ពីថ្នាក់ក្រោមបំផុត ឡើងរៀងទៅថ្នាក់លើគឺ ម៉ឺន ឬហ្មឺន, ឃុន ហ្លួង ព្រះ, ឧកញ៉ា ។ តាមបវេណីរាជ្យក្នុងជំនាន់បុរាណ កូនប្រុសសេនាបតី ឬរបស់ស្ដេចត្រាញ់ ត្រូវហៅម៉ឺនតាំងពីកំណើតពុំចាំបាច់តែងតាំងឡើយ(វចនានុក្រមខ្មែរភាគទី១ទំព័រ៨៩៣)»។

ផ្ទាំងប៉ាណូផ្សព្វផ្សាយភាពយន្តនៅរោងភាពយន្ត វិមានទិព្វ រឿង សព្វសិទ្ធិ ។

ប៉ុន្តែ ម៉ឺន ក្នុងអត្ថបទនេះពុំមែនសម្គាល់ថា ជាកូនរបស់សេនាបតី ឬ ស្ដេចត្រាញ់ទេ បើរាប់ថាជាងារសក្តិត្រឹមត្រូវជាងព្រោះមន្តភ្ជាប់ជាមួយពាក្យភក្តីនិងអក្សរទៀត ។ ដូច្នេះម៉ឺន ភក្តីអក្សរ ពិតជាងារសក្តិរបស់អ្នកនិពន្ធ ឈ្មោះ តន់ ។ ម៉ឺនភក្ដីអក្សរតន់ ចេះភាសាសៀម (ថៃ) យ៉ាងជ្រៅជ្រះ អាចប្រែរឿងបានដូចក្នុងឃ្លារបស់រឿងសព្វសិទ្ធិ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ទំព័រ៣ បន្ទាត់១៣ថា «សៀមប្រែមកជាភាសាខេមរា គឺកម្ពុជាជាតិ» ។ ចំពោះទីកំណើតរបស់លោកនិងទីកន្លែងរស់នៅរបស់គ្រួសារលោកវិញ យើងពុំអាចដឹងតាមរយស្នាដៃលោកបានឡើយយើងគ្រាន់តែស្គាល់ជីវភាពសិក្សាសម័យអាណានិគម។

ឯការនិពន្ធរឿងសព្វសិទ្ធិ លោកបាននិពន្ធនៅការិយាល័យរបស់លោក នៅក្នុងព្រះ រាជវាំងព្រោះមួយឃ្លានៅក្នុងរឿង បានសរសេរថា ៖ «តែងក្នុងលេខពីរទីប៊ុយរ៉ូ នៅឃ្លាំងត្រីសូល៍ប្រសើរថ្លៃថ្ងៃ…។ ពាក្យ «ឃ្លាំងត្រីសូល៍» គឺប្រាសាទកំពូលបីនៅក្នុងរាជវាំង ។ នេះជាសេចក្តីបញ្ជាក់អះអាងរបស់ លោក ឱម ណាគ្រី ក្នុងសៀវភៅរឿងសព្វសិទ្ធិ ។ ដូច្នេះ ម៉ឺនភក្តី អក្សរតន់ ជាក្រុមព្រះរាជនិពន្ធ ព្រោះតែរឿងក្នុងការិយាល័យរបស់លោក មានកន្លែងធ្វើការ ក្នុងរាជវាំង ។ យើងពុំអាចសម្រេចបានថា អ្នកនិពន្ធនេះមានស្នាដៃតែរឿងសព្វសិទ្ធិមួយទេ ព្រោះលោកសន្ធរម៉ុកបានសង្ស័យថា លោកបានជំនុំប្រឹក្សាអំពីវិជ្ជាផ្សេងៗ ទៀតជាច្រើន និងជារឿយៗ ជាមួយអ្នកប្រាជ្ញបណ្ឌិតជាច្រើនក្នុងរាជធានី ហើយបានតែងសាស្ត្រា ប្រលោមលោកជាច្រើនតែយើងពុំអាចរៀបរាប់ឈ្មោះឱ្យប្រាកដក្នុងនេះបានទេ គ្រាន់តែ ប្រហាក់ប្រហែលគឺសាស្ត្រាវិមានចន្ទ ទិព្វសង្វារ (អត្ថបទលោក រឹម គិន ក្នុងទស្សនាវដ្តីមិត្ត សាលាបាលីទំព័រ ១២០) ។ ឯកសារលោក លី ធាម តេង (អក្សរសាស្ត្រ ទំព័រ១២០) បង្ហាញ ពីឈ្មោះរឿងជាច្រើនមាន៖ ហង្សយន្ត សុវណ្ណក្តាមាស ទឹករាំផ្ការាំង ទិព្វសង្វារ លិន្ទថោង ។ល។ តែងក្នុងរវាងសតវត្សរ៍ទី១៨ ១៩ ហើយពុំដែលស្គាល់ឈ្មោះអ្នកនិពន្ធ តើរឿងទាំង នោះ មានរឿងណាដែលជាស្នាដៃរបស់ ម៉ឺនភក្ដីអក្សរតន់ ឬទេ? នេះកំពុងស្ថិតនៅក្នុងការ សិក្សាប្រៀបធៀបនិងឈ្វេងយល់បំពេញបន្ថែមនូវឡើយ ។

រឿងសព្វសិទ្ធិ និពន្ធ ដោយ ហ្មឺនភក្ដីអក្សរ តន់ នៅគ.ស. ១៨៩៩ ខ្លឹមសារចម្លងចេញ ពីសាស្ត្រាស្លឹករឹត កាព្យពាក្យ៧។ រឿងសព្វសិទ្ធិ ជាប្រភេទអក្សរសិល្ប៍ពុទ្ធនិយម ជាស្នាដៃអក្សរសិល្ប៍មួយបែបជាសាស្ត្រាល្បែងឬហៅ ថារឿងល្បែង ក៏បានដែរដែលពុំមែនជា រឿងទសជាតក និងពុំមែនជារឿងបញ្ញាសជាតកឡើយ ។ ជាស្នាដៃអក្សរសិល្ប៍ខ្មែរដែលកើតឡើងនៅសម័យកណ្តាល (លង្វែក និងឧដុង្គ) ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ថេរវាទ ។ អក្សរសិល្ប៍ប្រភេទនេះ ជាស្នាដៃអក្សរសាស្ត្រមួយដែលច្នៃប្រតិដ្ឋសម្រាប់ប្រលោមលួងលោមអារម្មណ៍អ្នកអានក្នុងកម្រងភាសាកំណាព្យដ៏ប្រណិត ពោលគឺកម្រង អត្ថបទរឿងរ៉ាវបែបប្រពៃណីដែលតាក់តែងជាកំណាព្យឃ្លោងឡើងនៅរវាងសតវត្សរ៍ទី១៨ ១៩ ។ កម្មវណ្ណអក្សរសាស្ត្រកំណាព្យមានទំហំវែងអន្លាយចំនួនជាមធ្យមនៃរឿងល្បែងនីមួយៗមានប្រហែល៨ពាន់ឃ្លា។
 

សង្ខេបរឿងសព្វសិទិ្ធ
នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូ រស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក ។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឱ្យចាបញីនៅ ក្រុងរក្សាកូន ។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូក រីកនោះ ហើយត្រូវផ្កាឈូកក្ដោបរំរកច្រកចេញពុំរួច ។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ ក៏កើតក្តីប្រចណ្ឌខឹងនឹងប្តីថា រវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិននិយាយស្តីនឹង ប្រុសណាឡើយ ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។

កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេ មារី ក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណរាសី ដោយមាននាមថា «ចៅសព្វសិទ្ធិ»។ កាលសព្វសិទ្ធិប្រសូត្រនោះមានកុមារ១០០១នាក់កើតឡើងដែរជាបរិវារ ។ ចំណែកឯនាងសុកណី កាលស្លាប់ទៅ បានយោងយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា«សុវណ្ណកេសរ» នៃក្រុងពារាណសី ដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា ។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយ ទៅរៀនវេទនឹងលោកអាចារ្យ ទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង ១០០១ ទៅរៀនជាមួយគ្នា ព្រមទាំង មានភីលៀងជំនិតម្នាក់ផងដែរ បានរៀនចេះដឹងដូចសព្វសិទ្ធិដែរ ។ ក្នុងចំណោម សិស្សទាំងអស់ សព្វសិទ្ធិ គឺជាសិស្សដែលពូកែនិងឆ្លាតជាងគេ ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រលប់មកមាតុភូមិវិញ។

ថ្លែងឯនាងកញ្ញា សុវណ្ឌកេសរ វិញពុំដែលនិយាយរកប្រុសណាសោះរាប់ទាំងបិតាព្រះនាងផង ។ ការណ៍នេះធ្វើឱ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំង ក៏សួរទៅនាងកុសមាជា មហេសីឱ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថា ការណ៍នេះគឺបណ្តាលមកពីកម្មនិងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទណទត្ត ក៏ប៉ាវគងឱ្យក្សត្រគ្រប់នគរ នាម៉ឺនមន្ត្រី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឱ្យនាងសុវណ្ណកេសរ ព្រមនិយាយជាមួយ នឹងលើកព្រះនាងឱ្យជាមហេសី ។ តែគ្រប់បុត្រាក្សត្រ និងបុរសជាច្រើនមិនបានធ្វើឱ្យព្រះនាងនិយាយ ជាមួយនោះទេ ។ ព័ត៌មាននេះបានលេចឮដល់សព្វសិទ្ធិៗក៏បាននាំភីលៀងមកនគរពារាណសី ដើម្បីល្បងនិយាយទៅរកនាងសុវណ្ណកេសរ ដោយបានប្រើសិល្បសាស្ត្រដកដួងព្រលឹងភីលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់បួនដង ។ លើកទីមួយ សព្វសិទ្ធិបានដកដួងវិញាណរបស់ភីលៀងទៅដាក់នឹងទ្វារ ។ លើកទី ពីរដាក់នឹងចង្កៀង លើកទីបីដាក់នៅពានព្រះស្រី លើកទីបួនដាក់នៅនឹងវាំងនន ។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឱ្យសុវណ្ណកេសរនិយាយតបដោយមានសូរសព្ទភ្លេងជាសក្ខីភាព ។ សព្វសិទ្ធិនិងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឱ្យនាពេលនោះ ។

សម័យក្រោមមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយភីលៀង ។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិដកដួងចិត្តពីរូបខ្លួនទៅក្នុងសាកសពនោះដោយបានផ្តាំភីលៀងឱ្យមើលថែរូបកាយខ្លួនឱ្យបានល្អ ។ សព្វសិទ្ធិក្នុងរូបរាងជាប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ ។ ឱកាសល្អភីលៀងបានដកដួងជីវិរបស់ខ្លួនចូលទៅក្នុង រូបសព្វសិទ្ធិហើយដុតរូបរបស់ខ្លួនចោលទៅ ។ សព្វសិទ្ធិត្រលប់មកវិញដឹងថាភីលៀងក្បត់ យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ ។ ចៃដន្យល្អមានសត្វសារិកាមួយ ស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដាក់ដួងជីវិតចូលទៅក្នុងរូបសត្វនោះហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់ ។ សុវណ្ណកេសរក៏លួងលោមភីលៀងឱ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ ។

ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទិវង្គត ។ អស់ចតុរុង្គជំនុំគ្នា ស្តេច យាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរ ឱ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្ម មួយរយម្ភៃព្រះវស្សា ទើបសោយវិលាល័យទៅកើតនៅឋានតុសិត ។ សព្វសិទ្ធិសរជាតិជា ព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភីលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្ត ជាអានាថបណ្ឌិតមហាសេដ្ឋីកុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរិមហាមាយា ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព