ក្រុងម៉ូស្គូ៖ ឯកសារផ្លូវការជាច្រើន បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលបំផុតមកពីក្រុមប្រទេស BRICS មិនបានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់មួយ នៅទីក្រុងមូស្គូទេកាលពីថ្ងៃសុក្រ នៅមុនកិច្ចប្រជុំកំពូល BRICS នៅចុងខែនេះទេ ដោយបានបញ្ជូនមន្ត្រីកម្រិតទាបជាជំនួសវិញ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសអេហ្ស៊ីប និងអារ៉ាប់រួម អ៊ីមើរ៉ាត និង ប្រមុខធនាគារកណ្តាលរបស់អ៊ីរ៉ង់ មានវត្តមាន ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានព្យាយាមអំពាវនាវឱ្យបង្កើតជម្រើសមួយជំនួសឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច។
ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារមកពីប្រទេសចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បាននៅឆ្ងាយពីកិច្ចប្រជុំនេះ ដោយបានបញ្ជូនមន្ត្រីអនុ ឬមន្ត្រីជាន់ទាបច្រើននាក់មកជំនួសវិញ មួយថ្ងៃបន្ទាប់ពីទីប្រឹក្សារបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានចោទប្រកាន់លោកខាងលិច ពីបទដាក់សម្ពាធលើប្រទេសជាច្រើន មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នេះ ។
BRICS ដែលដើមឡើយមានតែ ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន បានពង្រីកខ្លួនដល់១០ប្រទេស ដោយបន្ថែមប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួមអ៊ីមើរ៉ាត និងអារ៉ាប៊ី សាអូឌីត។
កិច្ចប្រជុំនៅទីក្រុងមូស្គូនេះ ត្រូវបានយកគំរូតាមកាលវិភាគនៃក្រុមប្រទេស G20 ដែលកិច្ចប្រជុំកំពូល ត្រូវបានចាប់ផ្តើមដោយកិច្ចប្រជុំរបស់មន្ត្រីគោលនយោបាយសេដ្ឋកិច្ចកំពូល ដែលដាក់ចេញនូវសំណើដែលត្រូវពិនិត្យដោយក្រុមមេដឹកនាំ នៅឯកិច្ចប្រជុំកំពូលនោះ។
រុស្ស៊ី ដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិចជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងបានកាត់ផ្តាច់ពីទីផ្សារមូលធនអន្តរជាតិ កំពុងព្យាយាមទាក់ទាញដៃគូប្រទេស BRICS ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើតប្រព័ន្ធទូទាត់អន្តរជាតិ BRICS Bridge ដោយមិនទូរទាត់ពាណិជ្ជកម្ម ជាប្រាក់ដុល្លារអាមេរិក។
លោក Siluanov បានប្រាប់មន្ត្រីថា៖ “ការបង្កើតគំនិតផ្តួចផ្តើមការទូទាត់ឆ្លងព្រំដែន គឺជាកិច្ចការចម្បងរបស់យើង” ។ រុស្ស៊ី ក៏កំពុងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលទូរទាត់បញ្ជី BRICS, ទីភ្នាក់ងារវាយតម្លៃ ក្រុមហ៊ុនធានារ៉ាប់រងឡើងវិញ និងការផ្លាស់ប្តូរទំនិញ។
លោក Siluanov ក៏បានស្នើឱ្យបង្កើតវេទិកាវិនិយោគរួមមួយ ដោយពឹងផ្អែកលើធនាគារអភិវឌ្ឍន៍ថ្មីរបស់ក្រុមនេះ ជាស្ថាប័នហិរញ្ញវត្ថុតែមួយគត់ដែលមានមុខងាររបស់ខ្លួន។ ដោយគ្មានអធិប្បាយ លោកបាននិយាយថា វេទិកានេះ នឹងប្រើប្រាស់ទម្រង់ នៃប្រតិបត្តិការឌីជីថលថ្មី។
នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានជួបប្រទះការពន្យារពេលប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងនោះមានទាំងប្រទេសសមាជិក BRICS ដោយសារធនាគារនៅក្នុងប្រទេសទាំងនេះ ភ័យខ្លាចចំពោះវិធានការដាក់ទណ្ឌកម្ម ពីនិយតករលោកខាងលិច។
បញ្ហានៃការទូទាត់បានបង្ខំឱ្យក្រុមហ៊ុនរុស្ស៊ីជាច្រើន ប្រើកិច្ចព្រមព្រៀងដោះដូរ និងរូបិយប័ណ្ណគ្រីបតូ ដើម្បីជួយសម្រួលដល់ការទូរទាត់។
ប្រទេសចិន ត្រូវបានតំណាងនៅទីក្រុងមូស្គូ ដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liao Min និងអភិបាលរងធនាគារកណ្តាល លោក Changneng Xuan ហើយឥណ្ឌា តំណាងដោយលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Ajay Seth ។
កិច្ចប្រជុំកំពូលនេះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២-២៤ ខែតុលា នៅទីក្រុង Kazan រដ្ឋធានីនៃតំបន់ Tatarstan របស់រុស្ស៊ី។
ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន, លោក Yuri Ushakov បាននិយាយថា រដ្ឋចំនួន៩ ក្នុងចំណោមរដ្ឋ BRICS ទាំង ១០ នឹងបញ្ជូនមេដឹកនាំរបស់ពួកគេ ទោះបីជាអារ៉ាប៊ីសាអូឌីត នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក៏ដោយ។ គណៈប្រតិភូអារ៉ាប៊ី សាអូឌីត បានអវត្តមានក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។
ពាក់ព័ន្ធនឹង ប្រព័ន្ធទូទាត់អន្តរជាតិ BRICS Bridge ដោយមិនទូរទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិក ឥណ្ឌា គឺជាប្រទេសសមាជិក BRICS ដំបូង ដែលនិយាយថាខ្លួនមិនចាប់អារម្មណ៍នឹងរបៀបវារៈមិនទូរ ទាត់ជាប្រាក់ដុល្លារ។
រដ្ឋមន្ត្រីកាបរទេសលោក S. Jaishankar បានពន្យល់ថា ឥណ្ឌា នឹងប្រើប្រាក់ដុល្លារ ក្នុងទម្រង់នៃការទូរ ទាត់។ ក្នុងករណីអវត្តមានដុល្លារ ប្រទេសនេះ នឹងពឹងផ្អែកលើរូបិយ៍ប័ណ្ណក្នុងស្រុក។ ឥណ្ឌា ជឿជាក់ថា ប្រទេសខ្លះ BRICS នឹងអនុវត្តគោលនយោបាយមិនចាយប្រាក់ដុល្លារនោះ ហើយចិន កំពុងប្រើប្រទេស BRICS ជាថ្មឈ្នាន់ ដើម្បីពង្រីកឥទ្ធិលរូបិយ៍ប័ណ្ណយួន និងៃពង្រឹងការត្រួតត្រារបស់ខ្លួនជុំវញពិភពលោក ។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងគ្មានចេតនាអាក្រក់ ចំពោះប្រាក់ដុល្លារអាមេរិកនោះទេ”៕