មកស្វែងយល់ពីស្នាដៃរបស់ឧកញ៉ាក្រឡាហោម សឺន ឌៀបពីអ្នកបកប្រែក្លាយជាអ្នកនិពន្ធ

ភូមិអ្នកនិពន្ធនឹងព្យាយាមគាស់កកាយរកអ្នកនិពន្ធខ្មែរកម្ពុជាក្រោមមកចុះផ្សាយបង្ហាញអំពីមរតកអក្សរសាស្រ្តខ្មែរ។ តាមរយៈនេះដែរគឺខ្មែរក្រោមគេខិតខំរក្សាប្រពៃណីខ្មែរ ក្នុងន័យជាតិសាសន៍និយម។ លោកបានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ ជាកម្រងកំណាព្យមួយនិពន្ធ ពេលលោកមកកាន់ប្រទេសបារាំងក្នុងពេលពិធីតាំងតុអន្តរជាតិនៅក្រុង ប៉ារីស មានចំណងជើងថា « ល្បើកពីស្រុកព្រៃនគរ ទៅស្រុកបារាំង» ។

ឧកញ៉ាក្រឡាហោម សឺន ឌៀប ។ jpeg

ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេប និងស្នាដៃមួយចំនួនរបស់លោក សឺន ឌៀប (Son Diep) ដែលប្រមូលបាននឹងលើកយកមក|ជំរាបជូនលោកអ្នក ដោយទទួលបានរូបថត ព្រមទាំងអត្ថបទខ្លះៗ ពី Account Facebook នាម “ជេន្ទ្រឌី” ហើយក្នុងនោះគឺឯកសាររបស់បណ្ឌិត ឃីង ហុកឌី ស្តីពីអ្នកនិពន្ធសតវត្សរ៍ទី២០ ដែលមានខ្លឹមសារដូចតទៅ៖

លោក សឺន ឌៀប (Son Diep )កើតនៅឆ្នាំ១៨៥៥ លោកជាកូនកសិករម្នាក់ ដែលមានស្រុកកំណើតនៅខេត្តឃ្លាំងខ្មែរកម្ពុជាក្រោម។ ឪពុកឈ្មោះ សឺន ល័ក្ខ (Son Lek) ម្តាយឈ្មោះ នាង ពេជ (Neang Pech) ។ លោក សឺន ឌៀបបានសិក្សារៀនសូត្រនៅវត្តពេជ្រ ស្រុកជ្រោយញ៉ ខេត្ត ពល្លាវ ហៅថាខេត្តត្រាវីញ (ខេត្តឃ្លាំង បច្ចុប្បន្ន) និងបន្តការសិក្សាភាសាបារាំង ជាមួយអ្នកបួសកាតូលិក ជាក្រុមបេសកកម្មបរទេស ហើយក្រោយមក លោកទៅសិក្សានៅមហាវិទ្យាល័យមួយនៃទីក្រុងព្រៃនគរ ឈ្មោះ collège d’Adran ។

នៅរវាងឆ្នាំ ១៨៧០ លោកបានទទួលតំណែងជាអ្នកបកប្រែភាសា ក្នុងអំណាចអាណានិគមន៍បារាំងសែស ប្រចាំនៅប្រទេសកម្ពុជា ហើយលោកមានតួនាទីសំខាន់ ទាំងផ្នែកនយោបាយ និងការស្រាវជ្រាវ ក្នុងទសវត្សរ៍ចុងក្រោយនៃសតវត្សរ៍ទី១៩។ ចាប់ពីឆ្នាំ ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា នៅក្រោមអាណាព្យាបាលប្រទេសបារាំងសែស ហើយខេត្តនានានៅ វៀតណាមខាងត្បូងសព្វថ្ងៃ (មាត់ជ្រូក ស្រុកទ្រាំង ត្រាវិញ…) ក្រោមការគ្រប់គ្រងរដ្ឋអំណាចនៅកូសាំងស៊ីន ជាហេតុឲ្យមានទំនាស់វិបត្តិរវាងហ្លួង នរោត្តម និងរដ្ឋអំណាចបារាំង។

ព្រឹត្តិការណ៍មួយ ដែលគួរតែលើកយកមកបញ្ជាក់នៅទីនេះផងដែរ គឺនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ១៨៨៤ លោកឆាលថុំសុន(Charles Thomson) ទេសាភិបាលដែនដីកូសាំងស៊ីន(ព្រៃនគរ) បានបញ្ជូនទាហានជើងទឹកមួយកងមានចំនួន ១០០នាក់ មកចតកប៉ាល់នៅចតុមុខ ហើយចូលទៅក្នុងវាំង ទាំងកណ្ដាល អធ្រាត្រ វេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់ បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រ នរោត្តម ដែលកំពុងផ្ទុំលក់ ហើយបារាំងបានបង្ខិតបង្ខំឲ្យចុះហត្ថលេខាលើអនុសញ្ញានានា។

ព្រះបាទ នរោត្តម បានប្រកែកមិនព្រមទទួលលោកទេសាភិបាល ដោយយកលេសថាព្រះអង្គប្រឈួន។ បារាំង កំញើញថា បើព្រះអង្គមិនយល់ព្រមទេ គេនឹងយកព្រះអង្គទៅដាក់នៅប្រទេសអាល់ហេ្សរី។ ព្រះអង្គបានត្រូវហ៊ុមព័ទ្ធដោយនាយទាហាន និងមន្រ្តីបារាំងជាច្រើនរូប ក្នុងនោះមានលោក “ហ្វ៊រ៉ែស” និងលោក “លូស” ផងដែរ។ ហើយគេធ្វើឱ្យព្រះអង្គអាចទតពីព្រះបរមរាជវាំងទៅឃើញកប៉ាល់ ដែលត្រៀមចាំតែដឹកយកព្រះអង្គចេញទៅ ជាហេតុធ្វើឱ្យព្រះរាជាភ័យញ័ររន្ធត់ អត់មិនបានក៏ឡាយព្រះហស្តលេខាលើអនុសញ្ញា ដែលបារាំងយកមកបង្ខំព្រះអង្គ តែម្តងទៅនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៨៨៤។

បើតាមឯកសារប្រវត្តិសាស្ត្ររបស់លោក អាដេម៉ារ ឡឺក្លែរ (Adhemard LECLERE) ដែលក្រោយមក លោកបានទទួលតំណែងជារ៉េស៊ីដង់ធំប្រចាំប្រទេសកម្ពុជា បានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងនោះ គឺដោយសារកំហុសរបស់អ្នកបកប្រែភាសាបារាំង «បកប្រែខុស» ទៅវិញទេ។ លោកថា មានព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្តាយមួយបានកើតឡើង ដែលធ្វើឱ្យព្រះរាជាទ្រង់ភិតភ័យជាខ្លាំងគឺ លោក កុលដឺម៉ុងតេរ៉ូ ដែលជាអ្នកបកប្រែរបស់ព្រះរាជាម្នាក់ទៀត បានប្រែពាក្យ «មួយម៉ាត់ខុស» ព្រោះអីពាក្យនោះមានន័យ ២យ៉ាង។ ហើយដោយសារលោក “ប៉ាវី” (ជាអ្នករុករក និងស្រាវជ្រាវជនជាតិបារាំងសម្រាប់ប្រទេសលាវ) បានកែតម្រូវលើការបកប្រែនោះវិញ ជាហេតុធ្វើឱ្យគេឃាត់ខ្លួនលោក កុលដឺម៉ុងតេរ៉ូ ហើយឱ្យទាហាន ២នាក់ ដែលឈរសង្ខាង វាយធ្វើបាបគាត់បន្តិចបន្តូចផងដែរ។ លោក កុល ដឺម៉ុងតេរ៉ូ (ហៅកុល) គឺជាកូនកាត់ ដែលមានម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិព័រទុយហ្គេស ដែលជាសាសនទូត មករស់នៅស្រុកខ្មែរ ជាយូរមកហើយ។ ព្រឹត្តិការណ៍នោះហើយដែលបណ្តាលឲ្យមានការបះបោរជាទូទៅ ដែលដឹកនាំដោយលោក ឧកញ៉ាក្រឡាហោមគង់ នៅទូទាំងប្រទេស រហូតដល់ឆ្នាំ១៨៨៦។នៅពេលដែលបារាំងបានបង្ខំឲ្យហ្លួងនរោត្តម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានានេះ បារាំងបានចាប់បង្ខាំងលោក សឺន ឌៀប ទុកដើម្បីកុំឲ្យបកប្រែ ជាភាសាខ្មែរទូលហ្លួង អំពីសេចក្តីនៃអនុសញ្ញាថ្មីនេះឡើយ។

សម្រាប់លោក សឺន ឌៀប ក្នុងតួនាទីលោក ជាអ្នកបកប្រែភាសា លោកបានជួយលោកសង្ឃកាតូលិក គ្ហេដុង (Guesdong) សរសេរ វចនានុក្រមបារាំង-ខ្មែរ និងខ្មែរ-បារាំង និងបានសហការ ក្នុងកិច្ចស្រាវជ្រាវនានារបស់លោក អៃម៉ូនីញេ (Aymonier Dictionaire Khmer-Francais Saigon, 1878) ផងដែរ។

នៅឆ្នាំ ១៨៨៧ គាត់ទទួលបានការអនុញ្ញាតពីអាជ្ញាធរបារាំង ឱ្យត្រឡប់ទៅខេត្តរបស់លោកវិញ គឺខេត្តឃ្លាំង។ លោកត្រូវបានតែងតាំងតំណែងជា”ហ្វៀន” (ពាក្យវៀតណាម មានងារស្មើនឹងចៅហ្វាយស្រុក) មន្ត្រីហ៊ូពាន់ថ្នាក់ទី១ នៅស្រុកទ្រាំងនៅកម្ពុជាក្រោម។

ក្នុងរាជ្យហ្លួងស៊ីសុវត្ថិ (១៩០៤-១៩២៧) លោក ទទួលការតែងតាំង ជាមហាមន្ត្រី ចតុស្តម្ភ ដូចជា៖
-ក្នុងឆ្នាំ ១៩០៨ គាត់ត្រូវបានតែងតាំងជាឧកញ៉ា ក្រឡាហោម (រដ្ឋមន្រ្តីនៃកងទ័ពជើងទឹក) កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។
-ឆ្នាំ ១៩២៣ គាត់ត្រូវបានតែងតាំងជា ឧកញ៉ាយមរាជ (រដ្ឋមន្រ្តីទទួលផែនយុត្តិធម៌)។ លោកជាអ្នកនិពន្ធ ហើយបានទទួលមរណភាព នៅថ្ងៃទី១២ ខែមេសាឆ្នាំ១៩៣៤ ក្នុងជន្មាយុ ៧៩ឆ្នាំ។ កូនស្រីទី២ របស់លោកឈ្មោះ នាង សាន់ណារី (Neang Sunnary) រៀបការជាមួយនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីពង្ស ដែលជាបុត្រារបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ហើយចៅស្រីលោកម្នាក់ នាម ស៊ីសុវត្ថិសុវេទវង្ស (១៩៤៥-១៩៩៤) ហៅឡូឡា ឬលីឡា បានទទួលតំណែងជាតំណាងរាស្រ្តពីឆ្នាំ១៩៧៩ ដល់១៩៩១ ក្រោមរដ្ឋាភិបាលកុម្មុយនិស្ត “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលទទួលឥទ្ធិពលអាណានិគមន៍ពីវៀតណាម។ លោកបានទុកស្នាដៃអក្សរសិល្ប៍ជាកម្រងកំណាព្យមួយ និពន្ធពេលលោកមកកាន់ប្រទេសបារាំង ក្នុងពេលពិធីតាំងតុអន្តរជាតិនៅក្រុងប៉ារីស ឆ្នាំ១៩០០ មានចំណងជើងថា “ល្បើកពីស្រុកព្រៃនគរទៅក្រុងបារាំងសែស នៅទីតាំងតុ”៕

សូមបង្ហាញកំណាព្យចម្លងតាមអក្ខរ:ដើម ដូចខាងក្រោម៖
១-យើងថ្លែងចែងច្ចាជាសង្ខេប   យ៉ាងបែបជុំម្នាងគ្រុបបូរី
ក្បូរក្បាច់រេច្នារការពីសី      ឥតប្បីនឹងត្រាប់រាប់ពុំបាន។
២-បារីស៍ អេលីសេ ឡីសំរេច   ប្រសើដ្ឋលើ្សលេចក្នុងដែនដាន
ឪដំមសាកសំមគ្រុបភីមាន    ជាស្ឋានសំរាបច្បាបរាជ្ការ។
៣-ផ្លូវធ្លាមាគាទូលាយស្អាត  ប្រកិតសុតសាតថ្មសីល៉ា
ផ្លូវខ្លះប្រកិតដើមព្រឹក្សា    សិងអារបួនជ្រុងរៀបបន្ឈរ។ មានតទៅទៀត

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព