គេបានស្គាល់រឿងចៅស្រទបចេកតែមិនសូវស្គាល់ឈ្មោះអ្នកនិពន្ធ ប៉ុន្តែមិត្តអ្នកអាននឹងបានដឹងពេលអានអត្ថបទនេះ

សព្វថ្ងៃ​ ចម្រៀង​ក្នុង​ខ្សែភាពយន្តរឿង​ទេវ​វង្ស​កុមារ ឬ ចៅ​ស្រទបចេក​នោះ នៅតែ​ជា​ចម្រៀង​ដ៏​ពេញនិយម​សម្រាប់​ខ្មែរ​នៅ​ឡើយ។ តែបើនិប្បរិយាយរឿងស្រទបចេកឬចៅស្រទបចេកជាវណ្ណកម្មលោក យស ងិន គឺបានចម្លងចេញពីសាស្រ្តាស្លឹករឹត។ មើលទៅស្នាដៃអ្នកនិពន្ធ យស ងិន គឺចំណងជើងមានការផ្លាស់ប្តូរថា លៃលកយ៉ាងណាដើម្បីរំលេចវណ្ណកម្មឱ្យខ្ពស់ឡើង។ តាមរយៈភាពយន្តគឺគេចាប់អារម្មណ៍ត្រង់ក្មេងម្នាក់ម្នាក់សៀកស្រទបចេកវាស្របជាសាច់រឿង ស្របជាមួយអ្នកទស្សនាចូលចិត្តរឿងកំសត់។

ក្រុមមន្ត្រីរាជវាំងដឹកដំរីស្វែងរកអ្នកមានបុណ្យ។

រឿង ចៅ​ស្រទបចេក យើង​ដឹង​ថា អ្នកនិពន្ធ​ឈ្មោះ ងិន​, បិតាលោក​ឈ្មោះ យស មាន​ងារ​ជាឧកញ៉ា​ភក្តី​ភាសា សក្តិបី​ហ៊ូពាន់ ជា​គោរមងារ ឬ​ជា​អាជ្ញា​ហ្លួង ឯ​មាតា​ឈ្មោះ ម៉ី ។ សេចក្តី​ផ្តើម​នៃ​រឿង ទេវ​វង្ស​កុមារ ឬ ចៅ​ស្រទបចេក​នេះ អ្នកនិពន្ធ​ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​កំណើត​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បាន​អះអាងថា លោក​កើត​នៅ​ភូមិ​កំព្រៅ ស្រុកស៊ីធរ​កណ្តាល នា​ខេត្តព្រៃវែង​សព្វថ្ងៃនេះ ។ វឌ្ឍបាការនៃ កវី យស ងិន បាន​បួស​រៀន​នៅ​វត្ត​កោះ​ឫស្សីស្រុក ដែល​សព្វថ្ងៃ​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។ លុះ​លាចាក​សិក្ខាបទ​មក ឪពុក​របស់​លោក​បាន​នាំ​លោក​ទៅ​ថ្វាយខ្លួន​ចំពោះ​ព្រះករុណា នរោត្តម (​ព្រះនាម​ដើម ព្រះអង្គ​ច្រឡឹង​) ដើម្បី​ធ្វើ​ជា​មហាត​លឹក ។ ពេល​នោះ​ដោយ​ទ្រង់​យល់​ឃើញ​ថា លោក យស ងិន មានចំណេះខាង​ឆ្លាក់​ក្បាច់ ចេះ​ការ​ជាង​ទង ក៏​ប្រទាន​ជាជាង​រចនា​នៅក្រោម​ឱវាទ​ព្រះ​កាញ្ជ​នា ជា​មេជាង​ធំ​ក្នុង​ព្រះបរមរាជវាំង ។​

​ ​រឿងកំសត់ស្លៀកធាងចេក​ចៅ​ស្រទបចេក​ដឹង​ទៀតថា រឿង​នេះ​បាន​និពន្ធ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ផល្គុន ហេមន្ត​រដូវ ឆ្នាំ​ជូត សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៤៣១ ត្រូវ​នឹង​គ្រិស្ដ​សករាជ ១៨៨៩ ។ ឯ​ទី​កន្លែង​ពិតជា​នៅ​ភ្នំពេញ ជា​ទី​ដែល​លោក​បំពេញ​មុខងារ​រាជការ​នៅ​រវាង​ពុទ្ធ​សករាជ ២៤៣១ ដែល​ត្រូវ​នឹង​គ្រិស្ដសករាជ ១៨៨៩ ដែល​រាជធានី​បាន​លើក​មក​តាំង​នៅ​ភ្នំពេញ។ ដោយហេតុនេះពួក​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំងឡាយបាន​សន្និដ្ឋានថា អ្នកនិពន្ធ​យើង​កើត​នៅរ​វាង​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩ ប៉ុន្តែ​គេ​ពុំបាន​ដឹង​អំពី​មរណសម័យ​របស់លោក​ឡើយ ។

​ តាម​សេចក្តី​ផ្តើម​នៃ​រឿង​ទេវ​វង្ស​កុមារ ឬ ចៅ​ស្រទបចេក​នេះដែរ អ្នកនិពន្ធ​បានបញ្ជាក់​ថា លោក​បាន​ចេះ​ចាំ​រឿងនេះ​តាម​ការនិទាន​ប្រាប់​របស់​លោក​បណ្ឌិត មហា ម៉ៅ ដែលជា​អ្នក​ចេះ​ចាំ​អត្ថ​ប្រែ​ប្រាយ​សម្រាយ​សេចក្តី​ជ្រាលជ្រៅ ហើយ​ថា​រឿង​នេះ​មាន​នៅក្នុង​គម្ពីរ​ទុក​និបាត ។ ប៉ុន្តែ​ពួក​លោក​អ្នកស្រាវជ្រាវ នៃវិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យបាន​ស្រាវជ្រាវ​នៅក្នុង​គម្ពីរ​ទុក​និបាតទៅ ក៏​ពុំ​ឃើញ​មាន​រឿង​នេះ​ឡើយ ។ ហេតុ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​គម្ពីរ​ទុក​និបាត ឯ​ណា​ផ្សេង​ពី​អដ្ឋកថា​ជា​តក និង បញ្ញា​ស​ជាតក​ទៅទៀត ។ រឿង​នេះ​និពន្ធ​ជា​កំណាព្យ​បទ​កាកគតិ​, ព្រហ្មគីតិ​, ពំនោល​, ភុជង្គ​លីលា​, និងបទ​ពាក្យ​៧ ។​

បើ​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា កវី​យស ងិ​ន បាន​រចនា​រឿង «​ទេវ​វង្ស​កុមារ​» ឬ​«​ចៅ​ស្រទបចេក​» នៅ​ពុទ្ធសករាជ​២៤៣១ ត្រូវ​នឹង​គ្រឹ​ស្គ​សករាជ​១៨៨៩ ហើយ​រឿង​នេះនៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ផ្នត់គំនិត​ខ្មែរ​នៅឡើយ ។ សព្វ​ថ្ងៃនេះ​ប្រសិនបើ​គេ​ឃើញ​បុគ្គល​ណា​ម្នាក់​ក្រីក្រ កម្សត់ ទុរគត​នោះ គេ​តែង​ហៅ​បុគ្គល​នោះ​ថា «​អា​ស្រទបចេក​» គឺ​គេ​ប្រដូច​បុគ្គល​នោះ​ទៅ​នឹង​ចៅ​ស្រទបចេក ក្នុង​រឿង​«​ទេវ​វង្ស​កុមារ​» ជា​តួអង្គ​ក្នុង​រឿង​នោះ​ដែល​កម្សត់ រហូត​រក​សម្លៀក​បំពាក់​ស្លៀកពាក់​មិន​បាន ក៏​យក​ស្រទបចេក​មក​រុំ​រាង​កាយ​ធ្វើ​ជា​សម្លៀក​បំពាក់ ។ ទោះ​យ៉ាងនេះ​ក្តី មនុស្ស​មួយ​ចំនួន​ធំ​ពុំ​ស្គាល់​រឿង​«​ទេវ​វង្ស​កុមារ​»​ទេ ប៉ុន្តែ​គេ​ស្គាល់​ច្បាស់​ថា រឿង​«​ចៅ​ស្រទប​ចេក​» ។

សង្ខេបរឿង
រឿងនេះមានលក្ខណៈជាធម្មទេសនាហើយបានលើកឡើងតាំងពីសម័យពុទ្ធអង្គគង់នៅវត្ត​ជេតុពន នៅស្រុកនិគមគ្រាម នានគរហង្សាវត្ថី មានមហាក្សត្រមួយអង្គព្រះនាមមធុររាជា។ នៅ​ស្រុកនោះមានសេដ្ឋីម្នាក់ ឈ្មោះធនសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៨០កោដិឃ្លាំង។ នៅស្រុកមួយទៀតក្នុងនគរដដែល គឺស្រុកបច្ចន្តគ្រាមមានសេដ្ឋីម្នាក់ទៀតឈ្មោះថា ភោគ​សេដ្ឋី គឺ​ជាអ្នកមានស្តុកស្តម្ភដូចគ្នា តែអភ័ព្វត្រង់គ្មានកូនស្នងត្រកូល។ ក្រោយមកលឺដំណឹងថានៅវត្តព្រះ​ធាតុសក្តិសិទ្ធិ អ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្ត។ សេដ្ឋីទាំងពីរបានទៅដល់ទីនោះដំណាល​គ្នាដើម្បីបន់ស្រន់សុំបុត្រហើយក៏បានសុំគ្នាធ្វើជាក្លើម្រាក់ដោយសន្យាថា បើម្នាក់មានកូនប្រុស​ ម្នាក់ទៀតមានកូនស្រីនឹងធ្វើជាដន្លងនឹងគ្នា តែបើប្រុស ឬស្រីដូចគ្នានឹងធ្វើជាក្លើម្រាក់នឹងគ្នា។ ក្រោយមកធនសេដ្ឋីមានកូនប្រុសមួយដែលជាតួអង្គពោធិសត្វ។ ចំណេកឯនាងដែលជាកន្សៃសារ​ពេជ្ញក៏មកចាប់កំណើតនឹងភោគសេដ្ឋី។ ពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រ។ ដោយ​ហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាធនសេដ្ឋីជាអនាគតនៃអង្គពោធិសត្វបាន​បណ្តាលឲ្យធនសេដ្ឋីកើតមានសេចក្តីជ្រះថ្លា ហើយក៏បានបរិច្ចាគទ្រព្យធនដែលខ្លួនមានទៅដល់​ជនក្រីក្រស្មូមយាចក។

ចំណេរកាលក្រោយមកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់ គាប់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញធន​សេដ្ឋីឡើងទៅសោយរាជ្យនៅឋានលើ។ នៅពេលធនសេដ្ឋីស្លាប់ទៅ នាងជាប្រពន្ធគ្មានសល់​ទ្រព្យ​សម្បត្តិអ្វីធ្វើបុណ្យ ហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយ។​ ដោយជីវភាព​ ក្រ​លំបាកខ្លាំងពេក នាងជាម្តាយក៏នឹកឃើញអតីតក្លើម្រាក់របស់សេដ្ឋីជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះ​លោកភោគសេដ្ឋីជួបនឹងអ្នកយាម អ្នកយាមក៏ទៅប្រាប់ភោគសេដ្ឋី ភោគសេដ្ឋីគិតថាពីមុនវាមិនអី​ទេ តែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើម្តេចកើតក៏ឲ្យអ្នកយាមទៅប្រាប់ថា គាត់មិនស្គាល់ មិន​ដែលដឹងអ្វីទេ។ ដោយសារតែនាងចេះតែចចេសចង់ជួបមុខសេដ្ឋី លោកសេដ្ឋីក៏បានឲ្យអ្នកយាម​វាយធ្វើបាបទៅលើនាងជាម្តាយជាទម្ងន់ ហើយក្រោយមកក៏ត្រូវស្លាប់នៅស្លាប់ក្នុងព្រៃ។

ចៅស្រ​ទបចេកអស់ទីពឹងពាក់។ ដោយចង់រកលុយដើម្បីទិញក្តារមឈូស និងជួលគេឲ្យជួយបញ្ចុះសព​ម្តាយ។ ដោយចង់រកលុយដើម្បីបញ្ចុះសពម្តាយ ចៅស្រទបចេកក៏បានយកបន្តោងដែលនៅជាប់​នឹងកទៅលក់ដើម្បីទិញក្តារមឈូស និងជួលគេឲ្យបញ្ចុះសពម្តាយ។ ដោយគ្មានអ្វីទ្រាប់បាត​មឈូសវាក៏ដោះសម្លៀកបំពាក់របស់វាយកទៅទ្រាប់បាតមឈូសឲ្យម្តាយទៀត ហើយវាយក​ស្រ​ទបចេកមកចងដើម្បីបិទបាំងរាងកាយ។ ចៅស្រទាប់ចេកបានដេកចាំផ្នូររបស់ម្តាយ ហើយនៅថ្ងៃ​មួយវាបាននឹកឃើញដល់បណ្តាំម្តាយផ្តាំថា សុំឲ្យវាទៅរកគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យទិសាបាមោក្ខដើម្បីធ្វើជាអ្នកបម្រើ​គេ ដំបូងឥតបានរៀនសូត្រអ្វីទេ។ និយាយពីបុត្រីរបស់ភោគសេដ្ឋីឈ្មោះនាងកេសរមាលា នៅ​ពេលដែលនាងឃើញឪពុកឲ្យអ្នកយាមវាយធ្វើបាបទៅលើអ្នកទាំងនោះ នាងមានចិត្តអាណិត​អាសូរ ហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដូចម្តេច ហើយការអាណិតអាសូរពីមួយ​ថ្ងៃទៅមួយថ្ងៃកើនឡើង ក្រោយមកនាងក៏មានជំងឺ។ លោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនខ្លួនជាសះ​ស្បើយឡើយ។ នៅថ្ងៃមួយនាងនឹកឃើញថា បើនាងទៅនៅឯផ្សារ ប្រហែលជានាងមានឱកាស ជួបចៅស្រទបចេកម្តងទៀត។ នាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារ ហើយលោក​ភោគសេដ្ឋីក៏បានអនុញ្ញាតដែរ។ តាមពិតទៅគឺនាងមានបំណងដើម្បីស៊ើបរកចៅស្រទបចេកនេះ​ឯង។​ ក្រោយមកនាងក៏បានស៊ើបនឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យ ហើយនាងក៏ឲ្យ​សិស្សម្នាក់នោះហៅចៅស្រទបចេកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់។ លឺដល់លោក​អាចារ្យ គាត់ក៏ដេញចៅស្រទបចេកឲ្យទៅ។ តែចៅស្រទបចេកពុំហ៊ានចូលទេព្រោះពេលឃើញ​នាងកេសរមាលា វាក៏នឹកឃើញដល់លោកភោគសេដ្ឋីចិត្តមារ ក៏រត់គេចទៅសាលាវិញ លោកអា​ចារ្យក៏ស្តីបន្ទោសឲ្យវា។ វាក៏ដោះស្រាយថាសម្លៀកបំពាក់មិនសក្តិសមនឹងខ្លួន ហើយវាក៏នឹងមាន​គ្រោះថ្នាក់។ ក្រោយមកនាងកេសរមាលាក៏បានប្រើឲ្យទាសីរបស់នាងទៅហៅដល់សាលា តែចៅ​ស្រទបចេកនៅតែមិនព្រមទៅ។ ដល់ពេលរដូវចូលឆ្នាំមកដល់ លោកអាចារ្យក៏មានចិត្តធម៌មេត្តា​ឲ្យ​លុយ១កាក់ទៅដើរលេងសប្បាយនឹងគេ។ ពេលបានលុយចៅចេកក៏នឹកឃើញចង់ទៅទិញនំទៅ​សែនផ្នូរម្តាយតែខ្លាចជួបនាងកេសរមាលា។ នាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្រទបចេកនៅ​កន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេ។ ពេលចាប់ចៅស្រទប​ចេកចូលដល់ក្នុងផ្ទះ នាងបានលត់ជង្គង់ ហើយសំពះតាមអាការៈជាស្រីគ្រប់លក្ខណ៍ និងអង្វរករ​ឲ្យ​ចៅស្រទបចេកទទួលយកនំចំណីសម្លៀកបំពាក់ពីនាង។ ត្រឡប់មកផ្ទះវិញចៅស្រទបចេកក៏សុំលោកអាចារ្យចេញរកស៊ី លោកអាចារ្យក៏ឲ្យចៅចេក​លក់នំអាកោរ។ ក្រោយមកក៏ឲ្យចៅចេកបានរៀនសូត្រនឹងគេ។ ដោយហេតុថា ចៅស្រទបចេកជា​តួអង្គពោធិសត្វ វាក៏រៀនពូកែជាងសិស្សឯទៀតៗ។

សម័យថ្ងៃមួយព្រះរាជាឈាងចូលដល់វ័យចំណាស់ ទ្រង់កើតមានគំនិតរកអ្នកស្នងរាជ្យ ទ្រង់​ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យដោយផ្សងដំរីមកដល់ស្រុកដែលចៅស្រទបចេករស់នៅ។ តាអាចារ្យបាននាំសិស្សទាំងអស់ទៅគាល់ស្តេចដើម្បីធ្វើការជ្រើសរើស។ ចៅស្រទបចេកក៏ត្រូវទៅ​ដែរ។ ទៅដល់ជិតដល់រាជដំណាក់ លោកអាចារ្យបានឃាត់ចៅចេកឲ្យនៅមើលអីវ៉ាន់ឲ្យគេ។ និយាយពីព្រះឥន្ទ្រាធិរាជថ្មី នៅពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជាតា ទ្រង់នឹកគិតទៅ​ដល់បុត្ររបស់ព្រះអង្គ ហើយនៅពេលទតឃើញថាបុត្រកំសត់ខ្លាំងពេក ទ្រង់បានកាឡាខ្លួនជាតា​ចាស់ម្នាក់ចុះមកយកបង្វិចមកផ្ញើចៅស្រទបចេកផងដែរ។ នៅពេលមានហ្វូងដំរីសេះចូលមកនិង​ដោយមានអីវ៉ាន់ច្រើនផង ពិបាកកាន់ហើយខ្លាចបាត់ ចៅចេកក៏រើសយកបង្វិចរបស់តាចាស់មក​ពាក់តាមបណ្តាំ។ ស្លៀកពាក់រួចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់នៅចំពោះមុខចៅស្រទប​ចេក។ ចៅស្រទបចេកក៏ត្រូវបានអភិសេកជាស្តេចយ៉ាងគគ្រឹកគគ្រេងក្រោមការបាចផ្កាជូនពរ​ជ័យ​ពីទេវតាផង ដោយមាននាមថា ទេវវង្សកុមារ។ ពេលចប់ព្រះរាជពិធីទៅ ចៅស្រទបចេកនៅតែកើត​ទុក្ខនឹកដល់នាងកេសរមាលា ពុំមានសោយអ្វី និយាយអ្វី។ ព្រះនាងកេសរបុប្ឆាជាមហេសីក៏​ដណ្តឹង​សួរព្រះស្វាមី យល់សេចក្តីសព្វគ្រប់ប្រការ។ ទេវវង្សកុមារនិងមហេសីក៏ធ្វើដំណើរទៅស្រុកបច្ចន្ត​គ្រាមជាស្រុកភោគសេដ្ឋី ទ្រង់កើតឈឺចិត្តចង់រកយុត្តិធម៌ឲ្យមាតា ពេលនោះទ្រង់ក្លែងខ្លួនធ្វើជា​ប្រជារាស្ត្រសាមញ្ញ ហើយបានពឹងមេស្រុកទៅស្តីដណ្តឹងកូនសេដ្ឋី។ ថ្ងៃទី១ លោកសេដ្ឋីយល់មុខ​ដល់ចៅហ្វាយស្រុក គេឲ្យមកវិញ។ ថ្ងៃទី២ទៅម្តងទៀត ត្រូវគេជេរប្រទេច។ ថ្ងៃទី៣ទៅទៀត ចង់​ប៉ើងទាំងមេស្រុក ហើយចង់ទិញក្បាលដែលចង់ដណ្តឹងកូនគាត់កាប់ចោល។ ទ្រង់ក៏ចេះតែកត់​បណ្តើរៗបានភ័ស្តុតាងសព្វគ្រប់ ក៏បើកសវនាការបញ្ជាឲ្យគេនាំខ្លួនភោគសេដ្ឋីមក។ នៅពេលអ្នក​ទាំងនោះទៅដល់ផ្ទះសេដ្ឋី សេដ្ឋីក៏សុំជូន៥ណែន ក្រោយមក១ពែងហាបប្រាក់តែឥតមាននរណា​ហ៊ានទទួល។ សេដ្ឋីទាមទារសាក្សី ពេលនោះគេក៏យកនាងកេសរមាលាមកធ្វើជាសាក្សី ប្រសិន​បើ​នាងឆ្លើយថាមិនដឹងទ្រង់នឹងឲ្យគេកាត់សិរសាដោតលើឈើ។ ពេលនោះសេដ្ឋីត្រេកអរណាស់​ព្រោះគេយកកូនស្រីមកធ្វើជាសាក្សី។ នាងកេសរមាលាចូលដល់ទីសវនការ នាងអត់មានមាត់ក​អ្វី​ទាំងអស់ព្រោះបើនាងនិយាយច្បាស់ជាមាននរណាម្នាក់ស្លាប់ជាមិនខាន។ ក្រោយមកនាងក៏សុំ​ឲ្យ​ព្រះអង្គប្រទានពរ នាងសុំតែមួយគឺសត្វដែលត្រូវបាត់បង់ជីវិតត្រូវលើកលែងទោស ហើយនាងក៏​បានប្រាប់តាមត្រង់នូវអ្វីដែលនាងបានដឹង។

ភោគសេដ្ឋីចាញ់ក្តី ក៏ត្រូវធ្វើទារុណកម្ម តែមិនឲ្យស្លាប់ទេ ហើយបណ្តើរតាមផ្សារមិនឲ្យអ្នក​ស្រុកយកតម្រាប់តាម។ ក្រោយមកចៅស្រទបចេកទ្រង់ព្រះភស្តាជាព្រះមហាក្សត្រ ហើយក៏ចាត់​អភិសេកយ៉ាងអធិកអធមសមរម្យតាមប្រពៃណី។ ដើម្បីស្រោចស្រង់កិត្តិយសឪពុក នាងក៏សំណូម​ពរឲ្យទ្រង់ដោះលែង។ រីឯលោកមេស្រុកក៏បានឡើងធ្វើជាមហាតលឹក ហើយឪពុកក្មេកឡើងជា​មេ​ស្រុក រួចទ្រង់ក៏វិលចូលព្រះរាជដំណាក់វិញ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព