សៀវភៅហ្សង់ មូរ៉ាមានចំណងជើងថា De Phnom-Penh à Pursat en compagnie du Roi de Cambodge et de sa cour (ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ១៨៨២)ទាក់ទងនឹងការធ្វើដំណើរឆ្លងកាត់ខេត្ត និងជុំវិញប្រទេសកម្ពុជា។ កំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃអតីតព្រះមហាក្សត្រខ្មែរឆ្នាំ១៨៨២ បានបោះពុម្ពផ្សាយ។
នាពេលថ្មីៗនេះ សៀវភៅកំណត់ត្រារបស់អគ្គទេសាភិបាលបារាំងលោក ហ្សង់ មូរ៉ា ដែលមានចំណងជើងថា «ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ» របស់អតីតមហាក្សត្រខ្មែរព្រះបាទនរោត្តម ត្រូវបានបោះពុម្ភផ្សាយ និងលក់ជាសាធារណៈ ក្រោយពីមានការប្រែសម្រួល និងរៀបរៀង ជាភាសាខ្មែររួចរាល់មក ខណៈសៀវភៅនេះត្រូវបានលោកសរសេរជាភាសាបារាំង។
លោកស្រី ភឿង សកុណា បានបង្ហើរសារឱ្យដឹងថា៖ «សៀវភៅស្តីពីដំណើរពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារគឺជាផ្នែកមួយនៃប្រវត្តិរបស់កម្ពុជាដែលស្ថិតក្រោមអាណាព្យាបាលរបស់ប្រទេសបារាំងនាចុងសតវត្សរ៍ទី១៩។ ជីវភាពរស់នៅ ដែលស្ថិតនៅជុំវិញ ព្រះមហាក្សត្រក្តី ប្រជារាស្ត្រសាមញ្ញក្តី នាសម័យកាលនោះហាក់បានក្លាយជារឿងតំណាលតៗគ្នា ពីមាត់១ ទៅមាត់១ របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន»។
ចំពោះខ្លឹមសារភូមិអ្នកនិពន្ធបានស្រង់ពីបណ្តាញសង្គមបានសរសេរៀបរាប់ថា«នៅពីក្រោយក្រុមភ្លេង និងកងអង្គរក្ស ដំរីធំៗ៦ក្បាល តម្រៀបគ្នាជា ២ជួរ បោះជំហានស្រឹបៗធ្ងន់ៗទៅមុខ តាមក្រោយដោយដំរីរាជព្រះរាជា ដំរីព្រះមហេសី ក្សត្រី ស្រីស្នំក្រមការ ព្រះរាជបរិពារ… រួមទាំងមន្ត្រីធំ-តូចនានា ដែលចេញដំណើរ បន្តៗគ្នាទៅតាមឋានៈបុណ្យសក្តិនៃម្ចាស់ដំរីនីមួយៗ។ នៅចុងក្បួនដង្ហែ គេឃើញមានរទេះគោ និងរទេះក្របីជាច្រើនដែលបរជាបន្តបន្ទាប់ដឹកជញ្ជូនចាន ឆ្នាំង ចង្ក្រាន និងវត្ថុនានាសម្រាប់ផ្ទះបាយ រួមមានទាំងតុ តូច-ធំ ថាសមាស-ប្រាក់ និងឧបករណ៍ ផ្សេងៗ ដែលជាវត្ថុប្រើប្រាស់សម្រាប់ព្រះមហាក្សត្រ… ល។ និងល។
លោក ហ្សង់ មូរ៉ាបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំចេញដំណើរនៅពេលព្រឹកព្រលឹមក្រោយព្រះរាជាមួយថ្ងៃ ដោយជិះលើខ្នងដំរីមួយ រីឯចុងភៅ និងអ្នកបកប្រែភាសាឲ្យខ្ញុំ ក៏មានដំរីម្នាក់មួយក្បាលរៀងៗខ្លួនដែរ។ ចំណែកដំរីទីបួនមានផ្ទុកទៅដោយគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ និងចង្ក្រាន ចានឆ្នាំង មួយចំនួនទៀត…»។
តាមផ្លូវទៅកាន់ក្រុងឧដ្តុង្គ ខ្ញុំសង្កេតឃើញមានការរៀបចំ និងសំអាតដ៏មានសណ្តាប់ធ្នាប់ពិសេសមួយ។ ស្មៅទាំងឡាយត្រូវបានកាត់តម្រឹម គេចាក់ដីពង្រាបលុបថ្លុកឬជង្ហុកក្រហេងក្រហូងនានា។ ស្មៅឬបន្លាផ្សេងៗដុះតាមដងផ្លូវត្រូវបានគេសំអាតចេញ។ គេដោតបង្គោលជាហូរហែបង្ហាញទិសផ្លូវដែលត្រូវធ្វើដំណើរ ក៏ដូចជាបន្ទះក្តារធំៗមានរូបរាងដូច អណ្តាតភ្លើងបង្ហាញពីចម្ងាយផ្លូវរៀងរាល់ ៤គីឡូម៉ែត្រម្តង ជាព័ត៌មានសម្រាប់ក្បួនដំណើរ។
នៅតាមផ្លូវ ខ្ញុំបានជួបប្រទះជាហូរហែអ្នកដែលធ្វើដំណើរយឺតយ៉ាវតាមក្បួនពុំទាន់ សត្វពាហនៈមួយចំនួនដូចជា សេះ គោ ក្របី ដែលរបួសជើង រទេះគោ ឬក្របី ដែលខូចខាតឬបាក់ភ្លៅ កូបដំរីដែលទើបធ្វើឡើងថ្មីៗលាបពណ៌ស្រស់ៗដោយប្រញាប់ប្រញាល់ហើយខូចខាតរប៉ាត់រប៉ាយ និងអ្នកដំណើរដែលអស់កម្លាំងហេវហត់ អង្គុយតាមដងផ្លូវក្រោមកំដៅថ្ងៃហែង នៅឆ្ងាយពីក្បួនដែលធ្វើដំណើរទៅមុខឥតឈប់ និងកន្លែងប្រមូលផ្តុំ ២-៣ សម្រាប់ជួសជុលរទេះ ឬ យានជំនិះនានាដែលខូចខាត។ កងសេនាកម្ពុជាស្ថិតក្នុងសម្លៀកបំពាក់បែបពួកទាហានអឺរ៉ុបមានកាន់កាំភ្លើងវែង និងពាក់ស្បែកជើងទាហានក្រាស់ៗមិនមែនជាទម្លាប់របស់ពួកគេ ហេតុនេះពួកគេមិនអាចដើរតាមទាន់ហ្វូងដំរីឡើយ ម្ល៉ោះហើយពួកគេក៏អង្គុយជុំគ្នាបែបព្រងើយសម្រាកយកកម្លាំងតាមដងផ្លូវជាហូរហែ។ ពួកសេនាទាំងនោះ អ្នកខ្លះសូមគេដោយសារជិះលើរទេះគោ ឬក្របីដែលពុំសូវមានមនុស្ស តែមានអីវ៉ាន់ពោរពេញ។ ដូច្នេះហើយ នៅលើរទេះមួយចំនួនធំ គេឃើញមានការលាយឡំច្របូកច្របល់គ្នានូវគ្រឿងឧបភោគបរិភោគផង ផ្លែឈើផង លាយជាមួយស្បែកជើងទាហានក្រាស់ៗឃ្មឹក កាំភ្លើងវែងខ្លី គ្រាប់កាំភ្លើង ឬអាវុធការពារនានា…៕