សមាជិកសភាសំខាន់ៗរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងការរឹតបន្តឹងលើការលក់ឧបករណ៍ផលិតបន្ទះសៀគ្វីទៅឱ្យប្រទេសចិន ដោយព្រមានថា ប្រសិនបើទីក្រុងតូក្យូមិនចាត់វិធានការទេ, ទីក្រុងវ៉ាស៊ីនតោន អាចដាក់ការហាមឃាត់ផ្ទាល់ខ្លួនលើក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបដែលលក់ទៅឱ្យប្រទេសចិន ដោយសហរដ្ឋអាមេរិកមិនផ្តល់ប្រាក់ឧបត្ថម្ភធនបន្ទះឈីបឡើយ។
តំណាងរាស្ត្របក្សសាធារណរដ្ឋ និបក្សប្រជាធិបតេយ្យកំពូល ក្នុងគណៈកម្មាធិការជ្រើសរើសចិន នៃសភាអាមេរិក បានលើកឡើងអំពីកង្វល់របស់ពួកគេ នៅក្នុងលិខិតមួយចុះថ្ងៃទី ១៥ ខែតុលា ទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក Shigeo Yamada ដែលត្រូវបានពិនិត្យឡើងវិញដោយ Bloomberg ។
តំណាងរាសត្រទាំងនេះ បានច្រានចោលនូវអំណះអំណាងដែលថា ការរឹតបន្តឹងទាំងនោះ និងមិនជះឥទ្ធិពលអវិជ្ជមានខាងសំភារៈ ចំពោះក្រុមហ៊ុនឧបករណ៍បន្ទះឈីបទាំងឡាយ ដូចជា ក្រុមហ៊ុន Tokyo Electron Ltd.នោះទេ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង អាមេរិក ជប៉ុន និងហូឡង់ ដែលជាទីតាំងក្រុមហ៊ុនផលិតឧបករណ៍ ផលិតបន្ទះឈីបដ៏សំខាន់បំផុតទាំង៥ ក្នុងការកាត់បន្ថយមហិច្ឆតាបន្ទះឈីបរបស់ប្រទេសចិន។ .
ប្រធានគណៈកម្មាធិការនេះ លោក John Moolenaar មកពីគណបក្សសាធារណរដ្ឋ និងមន្ត្រីកំពូលបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi បានសរសេរថា ការស្នើយោបល់ថា ក្រុមហ៊ុនដែលបានរងការប៉ះពាល់ដោយសារការរឹតបន្តឹងដែលមានស្រាប់ទាំងនោះ “ហាក់ដូចជាមិនភ្ញាក់រលឹក ពិនិត្យនោះទេ” ។ ពេលសុំការអត្ថាធិប្បាយលើលិខិតនោះ អ្នកនាំពាក្យគណៈកម្មាធិការ បានប្រាប់ឲ្យពិនិត្យមើលសេចក្តីក្នុង លិខិតនោះចុះ។ ស្ថានទូតជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លិខិតនោះ បានលើកឡើងពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tokyo Electron, ASML Holding NV, Lam Research Corp. និងក្រុមហ៊ុន Applied Materials Inc. ក៏ដូចជាកម្មវិធីឧបត្ថម្ភធនបន្ទះឈីបពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថាជាភស្តុតាងនៃផលប៉ះពាល់មានក្រិត លើការគ្រប់គ្រងការនាំចេញរបស់ពួកគេ។
ក្រុមហ៊ុនទាំងនោះ ជាទូទៅទទួលរង្វាន់ពីការរីកចំរើននៃបញ្ញាសិប្បនិម្មិត (AI)នេះ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ក្នុងចំណោមពួកគេបានទទួលជំនួយពីគម្រោងរដ្ឋាភិបាលដោយផ្ទាល់ពីច្បាប់ បន្ទះឈីប និងវិទ្យាស្ត្រអាមេរិកនោះទេ ប៉ុន្តែអតិថិជនរបស់ពួកគេ មានក្រុមហ៊ុនផលិតបន្ទះឈីប ដូចជា ក្រុមហ៊ុន Intel Corp. ឬក្រុមហ៊ុន Samsung Electronics Co. អាចប្រើប្រាស់ពន្ធឥណទាន ២៥% ដើម្បីទិញឧបករណ៍បំពាក់របស់ពួកគេសម្រាប់រោងចក្រនៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់ និងកាក់កកមួយ សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបទាំងអស់ ហើយក្រុមមន្ត្រីនៅទីក្រុងតូក្យូ និងទីក្រុងឡាអេ មានការប្រុងប្រយ័ត្នចំពោះការដាក់កម្រិតបន្ថែមទៀតទាំងនេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាមេរិកជាច្រើនបានអះអាងថា វិធានការទប់ស្កាត់កាន់តែតឹងរ៉ឹងពីទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យដៃគូប្រកួតប្រជែងបរទេសរបស់ពួកគេ នូវភាពអយុត្តិធម៌។ ពួកគេនិយាយថា ការគ្រប់គ្រងឯកតោភាគីបន្ថែម នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មអាមេរិកដោយមិនចាំបាច់មានវិធានការដែលអាចប្រៀបធៀបបានពីសម្ព័ន្ធមិត្តឡើយ។
រដ្ឋបាល លោកបៃដិន បានដាក់សម្ពាធដល់ប្រទេសជប៉ុន និងហូឡង់ ឱ្យពង្រឹងការគ្រប់គ្រងបន្ទះឈីបរបស់ពួកគេ ជាផ្នែកមួយនៃយុទ្ធនាការរយៈពេលពេញ១ឆ្នាំ ដើម្បីរារាំងទីក្រុងប៉េកាំងពីការមានសិទ្ធិចូលប្រើ AI ដែលជាប្រយោជន៍ដល់យោធារបស់ពួកគេ។ ជាពិសេស ក្រុមមន្ត្រីអាមេរិក កំពុងស្វែងរកការហាមប្រាមលើបុគ្គលជនជាតិជប៉ុន និងបុគ្គលជនជាតិហូឡង់ ដែលកំពុងថែទាំនិងជួសជុលឧបករណ៍ទំនើបៗនៅក្នុងប្រទេសចិន អនុលោមទៅតាមច្បាប់ដែលទីក្រុងវ៉ាស៊ីនតោន ដែលបានចេញជាធរមានសម្រាប់ប្រជាជនអាមេរិករួចហើយ។ ពួកគេ ក៏ចង់ឱ្យសម្ព័ន្ធមិត្តទប់ស្កាត់ការលក់ឧបករណ៍បន្ថែមទាំងឡាយ ឲ្យដូចទៅនឹងកញ្ចប់កាន់តែធំ នៃបទប្បញ្ញត្តិថ្មីរបស់សហរដ្ឋអាមេរិក ដែលនៅតែស្ថិតក្រោមការពិភាក្សា។
វា គឺជាការលក់ដ៏លំបាក។ ក្រុមសម្ព័ន្ធមិត្ត បានទប់ទល់នឹងការអនុវត្តច្បាប់ថ្មី មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ ជាពិសេសប្រទេសជប៉ុន មានការព្រួយបារម្ភអំពីផលប៉ះពាល់ជាអវិជ្ជមាន មិនត្រឹមតែទៅលើក្រុមហ៊ុន Tokyo Electron ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ ផងដែរ ប្រសិនបើប្រទេសចិន ឆ្លើយតបទៅនឹងការទប់ស្កាត់ថ្មី ដោយការរឹតបន្តឹងការមានសិទ្ធិប្រើប្រាស់សារធាតុរ៉ែសំខាន់ៗរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ។ Bloomberg បានរាយការណ៍កាលពីខែកញ្ញាថា ក្រុមមន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង បានគំរាមសងសឹកម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំជាមួយសមភាគីទីក្រុងតូក្យូរបស់ពួកគេ។
រហូតមកដល់ពេលនេះ កិច្ចពិភាក្សាត្រួតពិនិត្យការនាំចេញ បានផ្តោតសំខាន់ទៅលើសមត្ថភាពរបស់ចិនក្នុងការផលិតបន្ទះឈូបទំនើប។ ប៉ុន្តែលិខិតរបស់ក្រុមសមាជិកសភា ទៅកាន់លោក Yamada ក៏បានលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពរបស់ចិនក្នុងការផលិតឧបករណ៍ដំណើរការដែលមិនសូវជឿនលឿនផងដែរ ជាផ្នែកសំខាន់សម្រាប់ការផ្តោតរបស់ទីក្រុងប៉េកាំង ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានកាត់ផ្តាច់ការលក់ឧបករណ៍កម្រិតខ្ពស់បំផុត។ ដើម្បីទប់ទល់នឹងការប្រញាប់ប្រញាល់នោះ រដ្ឋបាល លោកបៃដិន បានបង្កើនពន្ធលើបន្ទះសៀគ្វី(ឈីប)របស់ចិនដល់ ៥០% ចាប់ពីឆ្នាំ ២០២៥។ លិខិតនោះ បានលើកឡើងថានឹងមានការតិបន្តឹងបន្ថែមទៀត។
លោក Moolenaar និង លោក Krishnamoorthi បានសរសេរថា បន្ទះសៀគ្វីនៅកម្រិតដែលប្រទេសចិនកំពុងស្វែងរក ដើម្បីត្រួតត្រាពិភពលោកគឺជា “ឈាមជីវិត នៃសេដ្ឋកិច្ចទំនើប និងយោធាទំនើប” ។
លិខិតនោះ បាននិយាយថា បើសិនជាគ្មានកិច្ចប្រឹងប្រែងពហុភាគី ដើម្បីដោះស្រាយកង្វល់ទាំងនោះទេ ការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបរបស់អាមេរិក ជប៉ុន និងហូឡង់ នឹងផ្តល់ឱ្យទីក្រុងប៉េកាំងនូវ “សិទ្ធិវេតូមុខងារមួយ លើសមត្ថភាពរបស់ប្រទេសរបស់យើង មិនឱ្យផលិតប្រព័ន្ធអាវុធរបស់យើង និងទំនិញប្រើប្រាស់ទំនើបក្នុងកម្រិតចាំបាច់ឡោះយ”។
ខណៈដែលក្រុមសមាជិកសភា ពេញចិត្តដំណោះស្រាយពហុភាគីច្រើនជាង, ពួកគេបានសង្កត់ធ្ងន់ថា អាមេរិកមានជម្រើសជាច្រើនផ្សេងទៀត។ មួយ គឺកំពុងស្នើសុំអ្វីដែលហៅថា ច្បាប់ផលិតផលផ្ទាល់ពីបរទេស ឬ FDPR ដែលអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងទំនិញដែលផលិតនៅបរទេស ដោយឲ្យប្រើបច្ចេកវិទ្យាអាមេរិកចំនួនតិចបំផុត។ មន្ត្រីរដ្ឋបាល លោកបៃដិន បានព្រលយពីលទ្ធភាព ក្នុងការចរចារគ្រប់គ្រងការនាំចេញនៅរដូវក្តៅ ប៉ុន្តែនៅទីបំផុត បានជ្រើសរើសដោយលើកលែងសម្ព័ន្ធមិត្តសំខាន់ៗពីច្បាប់ FDPR នៅក្នុងសំណើរចុងក្រោយរបស់ពួកគេ។
លិខិតដដែលនោះ ក៏បានចង្អុលទៅក្រុមអាជ្ញាធរនៃក្រសួងរតនាគារ ឬលទ្ធភាពនៃរបាំងការពារបន្ថែមលើការផ្តល់មូលនិធិដល់ច្បាប់បន្ទះឈីប “ក្នុងនោះមានទាំងថា តើមូលនិធិ គួរតែត្រូវបានដាក់កម្រិតចំពោះក្រុមហ៊ុន ឬប្រទេសដែលដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបទំនើប” ទៅកាន់ចិនដែរឬយ៉ាងណា។
នេះមិនមែនជាលើកទីមួយទេ ដែលសភាអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្ថែមច្បាប់បន្ថែមច្បាប់ជាច្រើនទៀតលើច្បាប់បន្ទះឈីប (Chips Act) ដែលប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។ សំណើរមួយកាលពីដើមឆ្នាំនេះ នឹងរារាំងក្រុមអ្នកទទួលមូលនិធិ មិនឱ្យទិញឧបករណ៍របស់ចិន សម្រាប់ការងាររោងចក្រអាមេរិកដែលទទួលបានមូលនិធិពីរដ្ឋាភិបាលឡើយ៕