សម្តេចចៅហ្វាវាំងជួនបានផ្តាំកូនចៅត្រកូលជួនថា «កុំទុកដាក់កូនចៅ ទីមួយជាមួយស្តេច និងទីពីរជាមួយយួនឱ្យសោះ»

នេះជាការបរិយាយរបស់អ្នកនិពន្ធ ពុទ្ទ្រា ទត់ ដែលជាម្ចាស់វណ្ណកម្ម«លោកព្រឹទ្ធាចារ្យ បណ្ឌិត ជួន ម្មុម»ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ២០១៩។ ចុះហេតុអី្វបានជា សម្តេចចៅហ្វាវាំងជួន លោកមានគំនិតបែបនេះទៅវិញ?  ព្រោះគេឃើញទិដ្ឋភាពចាក់ស្តែងអ្នកនៅក្បែរស្តេចត្រូវបានគេគោរពខ្លបខ្លាចលើស្តេចទៅទៀត? តែបើយោងតាមបទពិសោធន៍គឺលោកចៅហ្វាបានភ្លក្សរសជាតិជីវិតដោយផ្ទាល់ស្គាល់រាក់ជ្រៅទើបស្តោះបណ្តាំក្រញាំនាគទៅដល់មហាជនទូទៅបែបនេះ។ ជីតារបស់លោក សម្តេចចៅហ្វាវាំង ជួន មានងារជា រដ្ឋមន្ត្រីបរមរាជវាំងផងជានាយករដ្ឋមន្ត្រីផង ក្នុងរយៈកាលចំនួន៣រាជ្យ រួមមានរាជ្យសម្តេចព្រះបាទស៊ីសុវត្ថិ រាជ្យសម្តេចព្រះបាទ មុនីវង្ស និងងរាជ្យស្តេចព្រះបាទនរោត្តមសីហនុ ។ លោកចៅហ្វាវាំង ជួន ជាមនុស្សម្នាក់ដែលចេះភាសាច្រើន ។ លោកចេះទាំងនិយាយទាំងសរសេរ ភាសាខ្មែរនិងភាសាបារាំង ហើយចេះនិយាយភាសាចិន យួន សៀម និងលាវផង។

ស្វែងយល់ពីត្រកូលសម្តេចចៅហ្វាវាំងជួន
រូបសម្តេចចៅហ្វាវាំងជូន គ្រងឯកសណ្ឋានរាជការ។

ភូមិអ្នកនិពន្ធសូមបង្ហាញជូនតួអង្គនៃកូនចៅត្រកូលជួនមួយរូប គឺបណ្ឌិតរូបវិទ្យា ជួន មុម្ម ។ កុមារ ជួន មុម្ម បានចាប់កំណើតកើតនៅ ថ្ងៃអង្គារទី៨ ខែធ្នូ ឆ្នាំ ១៩២៥ ក្នុងវង្សត្រកូលដ៏ស្តុកស្តម្ភមួយ ដែលមានឥទ្ធិពលខ្លាំងក្នុងព្រះ រាជាណាចក្រកម្ពុជា នាពាក់កណ្តាលសតវត្សន៍ទី២០។ លោកត្រូវជាកូនប្រុសរបស់សម្ដេចចៅហ្វាវាំង ជួន និងលោកយាយ ម្លិះ លើហ្វូស្ទ័រ Faucheur)។ លោក ជួន មុម្ម ជាបុត្រទីបួន ក្នុងចំណោមបងប្អូន៦រូបដែលមានឈ្មោះដូចជា ៖​ ១-លោកវេជ្ជបណ្ឌិត ជួន ជឿន ២-លោកជំទាវ ជួន ជឿម ភរិយាលោកអតីតនាយករដ្ឋមន្ត្រី ឈាន រ៉ម ៣-លោកបណ្ឌិតច្បាប់ ជួន ជុំ ៤-លោកបណ្ឌិតវិទ្យាសាស្ត្រ ជួន មុម្ម ៥-ជួន សាវភ័ណ(ប្អូនស្រីអនិច្ចកម្មនៅអាយុ៤ឆ្នាំ) និង ៦-លោកវិស្វករ ជួន ប្រាសិទ្ធ។

កាលលោក ជួន មុម្ម កាលពីនៅវ័យកុមារ ម្តាយរបស់លោកធ្លាប់នាំលោក ទៅលេងភូមិគ្រឹះរបស់ម្ចាស់ក្សត្រី កុសមៈ ជារឿយៗដែរ ។ មិត្តភាពដ៏ថ្លៃថ្លានេះ ធ្វើឲ្យម្ចាស់ក្សត្រីទ្រង់មានចិត្តចង់ចងស្ពានមេត្រីនឹងគ្រួសារជួន តែគ្រួសារនេះមិនអាចបំភ្លេចបានទេនូវ បណ្តាំរបស់ព្រឹទ្ធាចារ្យសម្ដេចចៅហ្វាវាំងជួនដែលបានផ្តាំថា«កុំទុកដាក់កូនចៅទីមួយជាមួយនឹងស្តេចទីពីរជាមួយនឹងយួនឲ្យសោះ» ។ ភាពស្និទ្ធស្នាលរវាង គ្រួសារទាំងពីរស្អិតរមួតល្អណាស់គ្រប់កាលៈទេសៈ ។ ក្នុងគ្រាសប្បាយក៏ដូចក្នុងគ្រាមានទុក្ខ។ ទោះបានឡើងគ្រងរាជ្យជាមហាក្សត្រីយានីក៏ដោយ ក៏ព្រះអង្គកុសមៈនៅតែទៅមករាប់រកជានិច្ច ។ ពេលដែលព្រះអង្គ ត្រូវជាប់ឃុំក្នុងរបប លោកលន់ នល់ ក្នុងឆ្នាំ១៩៧០ គ្រួសារជួន ក៏មិនភ្លេចព្រះអង្គដែរ គេតែងតែរៀបចំម្ហូបអាហារ ចំណីចំណុកយកទៅថ្វាយជាប្រចាំ ទោះជាមានឧបសគ្គយ៉ាងណាក្តី។

នៅឆ្នាំ១៩៤៦ រដ្ឋាភិបាលខ្មែរជ្រើសរើសសិស្ស៧នាក់ឲ្យទៅបន្តវិជ្ជានៅប្រទេសបារាំងជាមួយព្រះករុណាព្រះបាទនរោត្តមសីហនុ សិស្សប្រាំពីរនាក់ដែលមានភ័ព្វសំណាងទទួលអាហារូបកណ៍នោះមាន៖ លោក ជួន ជឿន រៀនវេជ្ជសាស្ត្រ, លោក ជួន ជុំ រៀននីតិសាស្ត្រ, និស្សិត ជួន មុម្ម រៀនគណិតសាស្ត្រ និងវិស្វករ អាស៊ី ចូវ រៀនខាងពាណិជ្ជសាស្ត្រ, យ៉ែម សារុង រៀនគណិតសាស្ត្រ និងស្ថិតិសាស្ត្រ, និស្សិត ប្លែក ឆាត រៀនគណិតសាស្ត្រនិងវិស្វករ, ញឹម ស៊ីផល រៀនខាងឱសថសាស្ត្រ ។

មុនពេលចេញដំណើរ លោកឪពុករបស់ និស្សិត មុម្ម បានផ្តាំពាក្យមួយ ម៉ាត់ថា – កូនទៅរៀន កូនត្រូវពិនិត្យមើលស្រុកគេ ថា តើហេតុអ្វីបានជាជនជាតិបារាំង តែបួនដប់នាក់ប៉ុណ្ណោះ គេអាចមកត្រួតស្រុកយើងបាន? បណ្តាំដ៏ថ្លៃថ្លានេះ ស្ថិតជាប់ក្នុងអារម្មណ៍របស់ មុម្ម ជានិច្ច ។ មុម្ម កើតធំដឹងក្តីក្នុងសម័យអាណានិគមបារាំង។ ជារឿយៗ គេតែង ឮជីតាផង ឪពុកម្តាយផង បានតំណាលប្រាប់ តាំងពីកុមារភាពមកនូវការឈឺចាប់ រងទុក្ខវេទនា របស់ប្រជាជនខ្មែរ ដោយសារតែអំពើឃោរឃៅ ភាពអយុត្តិធម៌ មើលងាយប្រមាថ ធ្វើបាបឥតត្រាប្រណីពីសំណាក់អាណានិគមបារាំង ជារឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដែលគ្រួសារត្រកូលជួនមិនអាចបំភ្លេចបាន៕

លោក ជូន មុម្ម បណ្ឌិតរូបវិទ្យា ជំនាន់ទី១ ពីប្រទេសបារាំង។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព