ខណៈនៅសល់រយៈពេល៨ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោត, អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) បានរៀបចំការជួបជុំឃោសនាមួយនៅឯទៅលាន Madison Square Garden ក្នុងទីក្រុងញូវយ៉ក ខណៈដែលអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ធ្វើយុទ្ធនាការឃោសនា ន រដ្ឋ ផិនស៊ីលវ៉ានៀ ដ៏សំខាន់។
នៅឯការជួបជុំគ្នានៅទីលាន Madison Square Garden ពីថ្ងៃអាទិត្យ លោក ត្រាំ បានវាយលុកដដែលៗអំពីផែនការក្នុងស្រុករបស់លោក ក្នុងការបញ្ឈប់អន្តោប្រវេសន៍ដែលគ្មានឯកសារ និងនិរទេសជនចំណាកស្រុកដែលលោកបានពិពណ៌នាថាជា “ឧក្រិដ្ឋជនដ៏កាចសាហាវ និងស្រេកឈាម” ។
ទន្ទឹមនឹងនេះដែរ នៅក្នុងទីក្រុង Philadelphia, អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានថ្លែងថា អ្នកណា ក៏មិនគួរតែអង្គុយនៅក្រៅរបងដែរ។ លោកស្រី បាននិយាយថា៖ “យើងផ្តោតសំខាន់លើអនាគត និងតម្រូវការរបស់ប្រជាជនអាមេរិក”។
យោងតាមការបូកសរុបដោយមន្ទីរពិសោធន៍បោះឆ្នោតនៅសាកលវិទ្យាល័យផ្លរីដា ឱ្យដឹងថា គិតត្រឹមកណ្តាលអធ្រាត្រថ្ងៃអាទិត្យ ពលរដ្ឋអាមេរិកជាង ៤១លាននាក់ បានបោះឆ្នោតរួចហើយ នៅក្នុងការបោះឆ្នោតមុនកាលកំណត់ដោយផ្ទាល់ ឬតាមរយៈសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ កាលពីឆ្នាំ ២០២០ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមអ្នកបោះឆ្នោតជាង ១០០ លាននាក់ បានទៅបោះឆ្នោតនៅមុនថ្ងៃបោះឆ្នោត។
តើមានព័ត៌មានអ្វីថ្មីបំផុតអំពីការស្ទង់មតិ?
លោកស្រី ហារីស និង លោកត្រាំ នៅតែ ទទួលបានការគាំទ្រ ប្រកៀយប្រកិតគ្នា នៅក្នុងការប្រណាំងប្រែងដ៏សែនតឹងតែងនេះ។
ការស្ទង់មតិរបស់ CBS News / YouGov ដែលបានចេញផ្សាយពីថ្ងៃអាទិត្យ បានបង្ហាញថា លោកស្រី ហារីស កំពុងនាំមុខ លោកត្រាំ ទូទាំងប្រទេស ជាមួយលទ្ធផល ៥០% ទល់នឹង ៤៩% របស់លោក ត្រាំ ប៉ុន្តែលទ្ធផលស្ទង់មតិនេះ នៅតែជាប្រធានបទនៃកំហុសឆ្គងគំលាត។
ការស្ទង់មតិនោះ ក៏បានបង្ហាញផងដែរថា មានការបែងចែកភេទដ៏ធំនៅក្នុងការប្រណាំងប្រជែងនេះ ដោយបុរសកាន់តែច្រើនចូលចិត្ត លោកត្រាំ ហើយស្ត្រីកាន់តែច្រើនចូលចិត្ត លោកស្រី ហារីស ។ ការស្ទង់មតិនេះ បង្ហាញថា លោកត្រាំ នាំមុខផ្នែកក្រុមអ្នកបោះឆ្នោតបុរសពី ៥៤% ទល់នឹង៤៥% ខណៈដែល លោកស្រី ហារីស នាំមុខផ្នែកក្រុមអ្នកបោះឆ្នោតស្ត្រីពី ៥៥%ទល់នឹង៤៣%។
យោងតាមការស្ទង់មតិនោះ ឱ្យដឹងថា បុរសទំនងជាចាត់ទុកលោក ត្រាំ ជាមេដឹកនាំខ្លាំង (៦០% ទល់នឹង ៥០%) ខណៈដែលស្ត្រីទំនងជាបង់ប្រាប់ថា លោកស្រីហារីស មាន “សុខភាពផ្លូវចិត្ត និងការយល់ដឹង” ត្រឹមត្រូវ សមនឹងធ្វើជាប្រធានាធិបតី។
នៅក្នុងការវិភាគដាច់ដោយឡែកមួយ របស់ការស្ទង់មតិតាមដានការបោះឆ្នោតប្រចាំថ្ងៃ FiveThirtyEight បង្ហាញថា លោកស្រី ហារីស បាននាំមុខបន្តិចប្តួច ក្នុងការស្ទង់មតិថ្នាក់ជាតិ គិតត្រឹមថ្ងៃអាទិត្យ ដោយនាំមុខលោកត្រាំចំនួន១.៤%។ ទោះជាយ៉ាងណាក៏ដោយ និន្នាការរយៈពេលវែងបង្ហាញថា ការប្រណាំងប្រជែងនេះ កាន់តែប្រកៀកប្រកិត ជាមួយគម្លាតកំពុងរួមតូចពី ១.៧ ពិន្ទុកាលពីសប្តាហ៍មុន។
រដ្ឋប្រទាញប្រទង់(មិនគាំទ្របក្សទាំង២)ទាំង៧ របស់សហរដ្ឋអាមេរិក ទំនងជាកំណត់លទ្ធផលនៃការបោះឆ្នោត។
យោងតាមការស្ទង់មតិនៃក្រុមអ្នកតាមដានប្រចាំថ្ងៃ FiveThirtyEight ឱ្យដឹងថា លោកស្រីហារីស នៅតែរក្សាការនាំមុខដ៏ចង្អៀត នៅក្នុងរដ្ឋ មីឈីហ្គែន និង វីស្កុនស៊ីន។ ចំណែកឯ លោក ត្រាំ មានប្រៀបបន្តិចលើ លោកស្រីហារីស នៅរដ្ឋ ផិនស៊ីលវ៉ានៀ និង រដ្ឋណេវ៉ាដា និងរីករាយនឹងការនាំមុខដ៏ច្រើននៅ រដ្ឋ ខារ៉ូឡៃណា ខាងជើង, រដ្ឋអារីហ្សូណា និងរដ្ឋ ចចចៀរ ។
ទោះយ៉ាងនេះក្តី នៅក្នុងរដ្ឋទាំង៧ បេក្ខជន ស្ថិតក្នុងគំលាតពីរចំណុចពីគ្នា គឺស្ថិតនៅនៅក្នុងចន្លោះនៃការស្ទង់មតិដែលមានកំហុស ធ្វើឱ្យរដ្ឋនីមួយៗមានឱកាសរៀងៗខ្លួននៅក្នុងប៉ុន្មានថ្ងៃមុនការបោះឆ្នោតចុងក្រោយ។
តើ លោកស្រីហារីស ធ្វើអ្វីកាលពីថ្ងៃថ្ងៃអាទិត្យ?
កាលពីថ្ងៃអាទិត្យ បេក្ខជនគណបក្សប្រជាធិបតេយ្យរូបនេះ បានថ្លែងនៅព្រះវិហារនៃក្តីស្រឡាញ់គ្រីស្ទានមួយ របស់ក្រុង Philadelphia ជាទីដែលលោកស្រីបានសង្កត់ធ្ងន់លើការបោះឆ្នោត ដោយពណ៌នាថា វាគឺជាការបោះឆ្នោតដែលសំខាន់បំផុត ក្នុងមួយជីវិតរបស់យើង។
ក្នុងសម្តីដែលទូរទស្សន៍ CBS Philadelphia បានផ្សាយយ លោក ស្រី ហារីស បាននិយាយថា៖ “នៅសល់ពេលត្រឹមតែ៩ថ្ងៃទៀត យើងមានអំណាច ដើម្បីសម្រេចលើជោគវាសនារបស់ប្រទេសជាតិរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ” ។
លោកស្រី បានថ្លែងបន្តថា៖ “នៅទីនេះ ក្នុងរដ្ឋផិនស៊ីលវ៉ានៀ ពេលនេះយើងម្នាក់ៗមានឱកាសបង្កើតភាពខុសគ្នា ។ រឿងដ៏អស្ចារ្យនៃការរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ គឺយើង ប្រជាជនមានជម្រើសក្នុងការឆ្លើយសំណួរនោះ។ ដូច្នេះ ចូរយើងឆ្លើយ, មិនត្រឹមតែដោយពាក្យសម្តីយើងប៉ុណ្ណោះទេ ប៉ុន្តែដោយទង្វើរបស់យើង”។
លោកស្រី ហារីស ក៏បានថ្លែងទៅកាន់ក្រុមអ្នកបោះឆ្នោតវ័យក្មេង ដោយហៅពួកគេថា “មិនចេះអត់ធ្មត់ឲ្យត្រឹមត្រូវដើម្បីការផ្លាស់ប្តូរ” ។
កាលពីថ្ងៃអាទិត្យ លោកស្រី ហារីស ត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មានថា តើលោកស្រីមានការព្រួយបារម្ភចំពោះការសន្ទនានាពេលថ្មីៗនេះរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីញ៉ាហ៊ូ ដែរឬទេ? អ្នកទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ក្នុងអំឡុងពេលលោក ត្រាំ ស្ថិតក្នុងតំណែងជាប្រធានាធិបតី។
នៅពេលត្រូវបានសួរថា តើកិច្ចពិភាក្សាទាំងនេះ អាចធ្វើឲ្យអន្តរាយដល់គោលបំណងរបស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ដែរឬទេ លោកស្រី បានឆ្លើយថា “អត់ទេ”។
លោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំជឿថា វាពិតជាមានសារៈសំខាន់ណាស់ ដែលយើង ក្នុងនាមជាសហរដ្ឋអាមេរិក គឺជាអ្នកចូលរួមយ៉ាងសកម្មមួយ ក្នុងការលើកទឹកចិត្តមួយ ដើម្បីបញ្ចប់សង្រ្គាមនេះ ដែលយើងមិនត្រឹមតែរំដោះចំណាប់ខ្មាំងទេ ប៉ុន្តែថែមទាំងមានការប្តេជ្ញាចិត្តដ៏ពិតប្រាកដ ក្នុងចំណោមប្រទេសទាំងពីរ ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ហើយនៅថ្ងៃបន្ទាប់ [នៅហ្គាហ្សា]” ។
ការស្ទង់មតិរបស់ Arab News/YouGov នាពេលថ្មីៗនេះ បានរកឃើញថា ការគាំទ្ររបស់ពលរដ្ឋអារ៉ាប-អាមេរិក ចំពោះលោក ត្រាំ (៤៥%) លើសបន្តិចលើលោកស្រី ហារីស (៤៣%) ដោយមានអ្នកឆ្លើយតបកាន់តែច្រើន មើលឃើញថា លោក ត្រាំ ទំនងជាចង់ដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
តើលោកត្រាំ បានធ្វើអ្វីខ្លះកាលពីថ្ងៃអាទិត្យ?
បេក្ខជនមកពីគណបក្សសាធារណរដ្ឋរុបនេះ បានប្រមូលផ្តុំគ្នាលើមូលដ្ឋាន Make America Great Again (MAGA) របស់លោក នៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉ក ដោយសន្យាថានឹងបង្ក្រាបការធ្វើចំណាកស្រុក និងយកលោកស្រី ហារីស ជាគោលដៅនៅ។
អតីតប្រធានាធិបតី ដែលបានធ្វើឱ្យប្រទេសនេះដែលញាំញីដោយវិបត្តិសេដ្ឋកិច្ច និងសង្គម បាននិយាយថា៖ “ថ្ងៃទី៥ ខែវិច្ឆិកា នឹងក្លាយជាកាលបរិច្ឆេទដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសរបស់យើង ហើយរួមគ្នា យើងនឹងធ្វើឱ្យអាមេរិកមានអំណាចខ្លាំងម្តងទៀត” ។
លោក ត្រា ក៏បានស្តីបន្ទោសលោកស្រី ហារីស ដោយលោកបានពិពណ៌នាថា ជា “ជនម៉ាកស៊ីសឆ្វេងនិយម” ដែលមិនឈ្លាសវៃ និង “មិនស័ក្តិសម” នឹងធ្វើជាប្រធានាធិបតី សម្រាបបញ្ហាទាំងឡាយដែលប្រទេសប្រឈមមុខ។ ដោយសំដៅទៅលើអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនោះ លោកត្រាំ បាននិយាយថា៖ “អ្នកបានកម្ទេចប្រទេសរបស់យើង”៕