បុរាណយើងតែងតែបង្ហាញគំនិតប្រៀបធៀបថា ភ្លើងឆេះផ្ទះវាអាចរាលដាលពីផ្ទះមួយទៅផ្ទះរហូតទាល់តែអស់បើយើងមិនបានពន្លត់ភ្លើងទេ។ យើងអាចធ្វើការប្រៀបធៀបបានថា ភ្លើងសង្គ្រាមដែលចាប់ផ្តើមឆេះលើកដំបូងនៅប្រទេស វៀត ណាម បន្ទាប់មករាលដាលដល់ប្រទេសកម្ពុជា។ អ្នកនយោបានខ្លះបានលើកឡើងថា វៀត ណាម បានទាញកម្ពុជាឳ្យចូលភ្នក់ភ្លើងឥណ្ឌូចិនទាល់តែបានក្នុងនោះមាន ប្រទេសវៀតណាម កម្ពុជា និងឡាវ។
ហេតុអី្វបានកម្ពុជាចូលខ្លួនទៅក្នុងពិភពអន្តរាយនៃភ្លើងសង្គ្រាមនៅឥណ្ឌូចិន តើជាចំណុចរួមដែរឬទេ សូមពិនិត្យមើលញាតិវង្សរវាងខ្សែស្រឡាយ នរោត្តម និង មុនីវង្ស ហាក់បីដូចជាមានទំនាស់ផ្ទៃក្នុងយូរអង្វែងមកហើយៗ ខ្សែនីមួយៗហាក់បីដូចជារង់ចាំឳកាសរៀងៗខ្លួន ជាក់ស្តែងក្នុងរដ្ឋប្រហារឆ្នាំ ១៩៧០ គឺមានខ្សែស្រឡាយ មុនីវង្ស (ឥស្សរជនល្បីៗ)ប៉ុន្មាននាក់ចូលមករួមសហការជាមួយ លន់ នល់ ដើម្បីកំចាត់សម្តេចសីហនុពីរាជបល្ល័ង្គ។ ប្រវត្តិសាស្រ្តជូរចត់នេះហើយទើបក្រោយឆ្នាំ ១៩៩៣ រដ្ឋសភាមិនបានផ្តល់អំណាចទៅឳ្យព្រះមហាក្សត្ររហូតដល់់បច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌត្រូវបានដឹកជញ្ជូនដោយលួចលាក់សម្រាប់ពួកវៀតកុងទៅឱ្យកងទ័ពវៀតណាមខាងជើង។ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំងជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថា ព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីប្រទេសបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។ ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀបផ្សេងគ្នាតែប៉ុណ្ណោះ ។
នៅទីបំផុតនៅឆ្នាំ ១៩៧៥កម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដឹកនាំដោយខ្មែរក្រហម ជាសម័យកាលមួយដែលមហាសែនវេទនា។សម័យកាលក្រោយមកគេបង្កើតនិយមន័យថា របបប្រល័យពូជសាសន៍ ព្រោះមានប្រជាជនខ្មែរជាច្រើនត្រូវបានស្លាប់និងការអត់ឃ្លានដែលយើងមិនអាចពិព័ណនាបានគ្រប់ជ្រុងជ្រោយបានឡើង។
ការស្តារវិបត្តិនយោបាយឡើងវិញគឺជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅថ្ងៃទី ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា ដោយមានវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ គូបដិបក្ខប្រយុទ្ធគ្នា ដោយកម្លាំងប្រដាប់អាវុធនៅកម្ពុជា រួមមាន៖ រដ្ឋកម្ពុជា ដឹកនាំដោយ សម្ដេច ជា ស៊ីម សម្ដច ហេង សំរិន សម្ដេច ហ៊ុន សែន ភាគីរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ (រជរបខ) ដឹកនាំដោយសម្ដេច សឺន សាន ភាគីខ្មែរក្រហម ដឹមនាំដោយ ខៀវ សំផន ស៊ិន សេន និងរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ និងសហប្រតិបត្តិ (ហ៊្វុនស៊ិនប៉ិច) ដឹកនាំដោយសម្ដចព្រះបិតាជាតិ ព្រះបាទ នរោត្ដម សីហនុ។ បីភាគីនេះ បានរួមគ្នាបង្កើតរដ្ឋាភិបាលត្រីភាគី នៅឆ្នាំ១៩៨២ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដឹកនាំសម្ដេចព្រះ នរោត្ដម សីហនុ ដោយមានអាមេរិក ចិន និងសមាគមអាស៊ានជួយ រីឯភាគីរដ្ឋកម្ពុជា ត្រូវបានជួយឧបត្ថមដោយ អតីតសហភាពសូវៀត និងអតីតប្រទេសសង្គមនិយម រួមទាំងវៀតណាមផង ដោយមានកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរំលំរបបប្រល័យពូជសាសន៍៕បើលោកអ្នកចង់ដឹងពិស្តារអំពីរបត់នយោបាយកម្ពុជាសូមរកជាវសៀវភៅរបត់នយោបាយ ។