ភិក្ខុ ងួន សោម ឬព្រះភិក្ខុបទុមត្ថេរ កើតនៅឆ្នាំ១៨៥២ នៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង ជាបុត្ររបស់អ្នកស្រីយិន និងលោកងួន ។ កាលនៅកុមារភាព កុមារសោមបានសិក្សានៅសាលាវត្តរហូតអាយុ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្តឥន្ទកាលារាមហៅវត្តកំព្រៅ ។ ជន្មាយុបាន២១វស្សា សាមណេរ សោម បានបំពេញឧបសម្បទាជាភិក្ខុ ហើយទទួលបាននាមបញ្ញត្តិថាបទុមត្ថេរ ។ ព្រះភិក្ខុបទុមត្ថេរសោម បានបន្តការសិក្សាផ្នែកបរិយត្តិធម៌ជាច្រើនឆ្នាំនៅភ្នំពេញ ប៉ុន្តែពុំមានឯកសារណាបញ្ជាក់ថា លោកសិក្សានៅទីណា និងក្នុងសំណាក់អាចារ្យណាជាក់លាក់ឡើយ។អ្នកស្រាវជ្រាវគេយល់ស្របគ្នាថាព្រះបទុមត្ថេរសោម បានអនិច្ចធម្ម នៅឆ្នាំ១៩៣២ ពោលគឺក្នុងព្រះជន្មាយុ៨០វស្សាគត់ ។
រឿងទុំទាវគឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា។ រឿងទុំទាវកវីសោមបានរចនាជាអត្ថបទពាក្យកាព្យបទពាក្យប្រាំពីរ មានកម្រាស់ ១១៨ទំព័រហើយជាស្នាដៃរបស់ព្រះបុទមត្ថេរសោម(ភិក្ខុ សោម)វណ្ណកម្មមាសត្រូវបាន គេយកទៅច្រៀងយីកេ ផលិតជាវីដេអូនិងផលិតមាតិការរឿងផុះតាមបណ្តាញសង្គមកាន់តែរីកសុះសាយឡើង។
ភិក្ខុសោមមានស្នាដៃនិពន្ធតែពីរ រឿងនេះទេ ហើយសុទ្ធតែជារឿងប្រលោមលោកដូចជា៖
– រឿងផ្ការាំទឹករាំ និពន្ធក្នុងឆ្នាំ១៩១១និងរឿងទុំទាវ និពន្ធក្នុងឆ្នាំ១៩១៥
បើគិតតាមការរៀបរាប់របស់ភិក្ខុសោម បានឱ្យយើងដឹងថា ដំណើររឿងទុំទាវបានប្រព្រឹត្តទៅនៅក្នុងសម័យកាលលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃកំឡុងឆ្នាំ១៥៩១–១៥៩៦។ ប៉ុន្តែបើយើងនិយាយពីសង្គមបរិយាកាសក្នុងការតែងនិពន្ធវិញគឺស្ថិតនៅសម័យអាណានិគមន៍បារាំងសែស។
រឿងទុំទាវតែងឡើងនៅថ្ងៃច័ន្ច ទី១៤ ខែភទ្របទ ត្រូវនិង ព.ស ២៤៥៨ ត្រូវនិង គ.ស១៩១៥ នាសម័យអាណានិគមន៍បារាំង។ ដំណើររឿងទុំទាវទាំងមូលបានបញ្ជាក់ពីទីកន្លែងយ៉ាងច្បាស់ដូចជាវត្តវិហារធំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និងនៅក្រោមដើមពោធិជើងខាល ។
នៅក្នុងសៀវភៅ«ខ្មែររស់ឡើងវិញ (Le Reveil du people Khmer»ឳ្យដឹងថាឆ្នាំ១៩៣៥លោក អៃម៉ូនីញេ (Aymonier) អ្នកវិទូបុរាណវិទ្យានិងលោក ហង់រីហ្រ្គោក្លូដ (Henri Le Gruaclude) អ្នកនិពន្ធសៀវភៅនេះបានទៅជ្រកក្រោមដើមពោធ៍ជើងខាល។ លោក អៃម៉ូនីញេ និយាយថា រឿងទំទាវល្បីល្បាញណាស់ សូម្បីតែជនជាតិបារាំងក៏នាំគ្នាដំណាលតៗគ្នាដូចជនជាតិខ្មែរដែរ។ លោក ហង់រីហ្គ្រោក្លូដបានធ្វើការវិភាគថា វីរភាពស្នេហាក្នុងអក្សរសិល្ប៍ពួកអណ្ណាមគឺនៅក្នុងរឿង គៀវ ។ ជីវិតគៀវ សែនវេទនានាងត្រូវបានគេបកស្រាយជាកំណាព្យកាព្យឃ្លោង (យុវនារិដ៏អស្ចារ្យ) គឹមវ៉ាន់គៀវ។ នៅពេលដែលសៀវភៅបានចេញផ្សាយគឺមានគេកាន់អានសឹងគ្រប់ដៃ។ មិនខុសពីរឿងទំទាវទេគេចូលចិត្តអានណាស់។
នាងគៀវឈឺចុកចាប់ ត្អួញត្អែ តែនាងរ៉ាប់រងវាសនាធ្វើជាស្រ្តីពេស្យាចារជាដដែល។ ខុសពីទាវ ក្រោមការលួងលោមថ្នាក់ថ្នមពីមនុស្សម្នាក់នាងសុខចិត្តជ្រើសរើសយកផ្លូវស្លាប់ដើម្បីបញ្ជាក់ភាពស្មោះត្រង់។ ពូជសាសន៍ពីរផ្សេងគ្នាពិតជាមានផ្នត់គំនិតពីរ ដោយមានជ្រោះវប្បធម៌ចែកដាច់ពីគ្នាស្រឡះ។
បើតាមអ្នកស្រាវជ្រាវអក្សរសាស្រ្ត គឺជារឿងពិតដែលកើតមានឡើងនៅសម័យលង្វែកគឺនៅស.វ ទី១៦ ។ ទោះបីជារឿងនេះត្រូវបានហាមឃាត់មិនឱ្យយកមកនិយាយនៅខេត្តត្បូងឃ្មុំ តាំងពីសម័យនោះមកក្ដី ក៏នៅឆ្នាំ១៩១៥ គឺនៅក្នុងរាជហ្លួងស៊ីសុវត្តិ លោកគ្រូព្រះបុទមត្ថេរសោមចៅអធិការវត្តកំព្រៅ ស្រុកស្រីស៊ីធរកណ្ដាល ខេត្តព្រៃវែងបានយកមករៀបរៀងទុកជាកេរ្តិ៍តំណែលដែរ។ វាជាវណ្ណកម្មអក្សរសិល្ប៍មួយដ៏ល្អប្រណិតសរសេរជាកាព្យពាក្យ ៧ ពីដើមរហូតដល់ចប់ ។
រឿងទុំទាវនេះជារឿងនៃសេចក្ដីស្នេហាដ៏បរិសុទ្ធរវាងកម្លោះទុំ ក្រមុំទាវ ព្រោះនៅពេលដែលទុំត្រូវពួកអរជូន ម៉ឺនងួន យកទៅសម្លាប់ចោល នាងទាវក៏សម្លាប់ខ្លួនទៅជាមួយដែរ ។ ដូច្នេះឃើញថា សេចក្ដីស្មោះត្រង់របស់នាងទាវចំពោះទុំជាការមួយដែលគេពុំអាចប្រកែកបាន។ មានបញ្ហាដែលគេអាចចោទសួរគឺថា តើនារីម្នាក់ដែលមានសេចក្ដីស្នេហាដ៏ធំធេងចំពោះបុរស់ម្នាក់អាចរក្សាបាននូវស្មារតីគ្រប់គ្រាន់ ដើម្បីបំពេញចិត្តម្ដាយ ហើយបោះបង់បុរសជាទីស្នេហារបស់គេបានទេ ? ជាទូទៅសេចក្ដីស្នេហាតែងតែគ្របដណ្ដប់ទៅលើអ្វីៗទៀតទាំងអស់ ប៉ុន្តែនៅក្នុងអារ្យធម៌ខ្មែរ ទោះស្នេហានោះមានទំហំធំប៉ុនណាក៏ដោយ ក៏គេពុំអាចឬមិនហ៊ានប្រឆាំងនឹងឪពុកម្ដាយបានដែរ ។
ជាការពិតហើយដែលថា សេចក្ដីស្នេហារបស់ទាវចំពោះទុំ ជាសេចក្ដីស្នេហាដ៏ធំ ព្រោះនាងទាវហ៊ានរួមរ័ក្សជាមួយទុំដោយមិនឱ្យម្ដាយដឹង ហើយនៅពេលនោះទុំទើបនិងលាចាកសិក្ខាបទ ដោយចិត្តឯងទៀតផង ។ តាមការពិតចំណុចសំខាន់ដែលគេពុំបានកត់សម្គាល់គឺថា នៅពេលនោះឯង ជាពិសេសនៅពេលដែលនាងទាវបានឃើញនេនទុំជាលើកដំបូងបង្អស់ សេចក្ដីស្នេហារវាងអ្នកទាំងពីរនេះពិតជាមាន លក្ខណៈខ្លាំងអស្ចារ្យមែន គឺលែងគិតពីអ្វីទៀតទាំងអស់ ប៉ុន្តែក្រោយមក គឺក្រោយពេលដែលអ្នកទាំងពីរត្រូវបានព្រះរាជារៀបការឱ្យ សេចក្តីស្នេហានោះក៏បាត់ឥទ្ធិពលបន្ដិចម្ដងៗដោយមិនដឹងខ្លួនដែរ។ នៅក្នុងក្របខណ្ឌនៃការវិភាគមួយតាមលក្ខណៈវិទ្យាសាស្រ្ត ហើយដោយយោងជានិច្ចទៅតាមអត្ថបទ គេសង្កេតឃើញថានៅពេលទុំបានជួបនាងទាវម្ដងទៀតនៅរាជវាំង នាងទាវមានការប្រែប្រួលចិត្តបន្តិចហើយទុំក៏ទំនងជាច្រៀងដាក់ផ្លែផ្កាឱ្យនាងទាវបន្ដិចផង។ រីឯព្រះរាជាវិញ ព្រះអង្គក៏ពុំអាចដាក់ខ្លួនធ្វើជាគូរប្រជែងជាមួយនឹងទុំបានដែរ ប៉ុន្ដែនៅទីបំផុត នាងទាវក៏សុខចិត្តតម្រូវតាមចិត្តម្ដាយដោយរៀបការជាមួយម៉ឺនងួន ពោលគឺបោះបង់ទុំចោលតែម្ដង។ រីឯបញ្ហាដែលគេត្រូវចោទសួរបន្ទាប់ពីរឿងនេះ គឺថាហេតុដូចម្ដេចបានជានាងទាវសុខចិត្តផ្ដាច់ខ្លួនចេញពីទុំផង ពីព្រះរាជាផងដូច្នេះ ពីព្រោះថាទាវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឱ្យព្រះរាជាជួយ រីឯទុំវិញនៅពេលដែលបានជួបនាងទាវក្នុងពេលដែលនាងកំពុងរៀបមង្គលការជាមួយម៉ឺនងួន ក៏មានលទ្ធភាពគ្រប់គ្រាន់ដែរដើម្បីស្ដារស្ថានការណ៍ ប៉ុន្តែគេសង្កេតឃើញថាសូម្បីតែព្រះរាជសង្ហាក៏ទុំមិនខ្ចីនិងប្រើផងទៀត។ តើនៅផ្ទះអរជូនម៉ឺនងួនទុំបានសង្កេតឃើញអ្វីខ្លះចំពោះឥរិយាបថរបស់នាងទាវនៅពេលនោះ បានជាទុំលែងរវល់រឿងអ្វីទៀតទាំងអស់ដូច្នេះគឺរហូតដល់បណ្ដោយឱ្យគេយកទៅសម្លាប់ចោលទៀតផង។
ចូលរួមវិភាគអំពីម្តាយទាវ
ការវិភាគផ្នែកអក្សរសិល្ប៍រឿង «កម្លោះទុំក្រមុំទាវ» ហាក់បីដូចជាគេនាំគ្នាទម្លាក់កំហុសទៅម្តាយទាវ រួមទាំងអក្ខរាដៀលត្មេះទៅលើម្តាយខ្លាំងណាស់។ តែយើងត្រូវគិតថា គ្មានអ្នកម្តាយណាចង់ឳ្យកូនអាក្រក់នោះទេ ហើយការអប់រំគឺទៅតាមសម័យកាលព្រោះពេលនោះយើងគ្មានសៀវភៅអប់រំសម្រាប់អានទេ ដូច្នោះការអប់រំគឺចេះតៗគ្នា។ តែអិ្វដែលយើងពិចារណាគឺម្តាយទាវជាស្រ្តីមេម៉ាយមានទ្រព្យស្តុកស្តម្ភគឺចង់បញ្ជាក់ថា ជាស្រ្តីវៃឆ្លាតណាស់។ ឈានចូលដល់យុគឌីជីថលហើយក៏មានស្រ្តីជាច្រើនមិនបានអប់រំកូនបានល្អដែរ ៕