ភូមិអ្នកនិពន្ធសូមដំណាលពីបោះពុម្ពផ្សាយរឿង សូផាត។ រឿង សូផាត សរសេរក្នុងឆ្នាំ ១៩៣៨ ហើយគ្មានលទ្ធភាពបោះពុម្ពទាល់តែសោះ ពីព្រោះសម័យនោះគ្មានរោងពុម្ព លុះនៅឆ្នាំ១៩៤២ទើប ស្នាដៃនេះបានចេញផ្សាយ។ ការចេញផ្សាយបានគឺលោក រីមគីនសុំជំនួយពីសមាគមសិស្សចាស់អនុវិទ្យាល័យ និងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្ញើជាមួយសំណៅរឿង ដែលសុំច្បាប់អនុញ្ញាតិពីរាជការអាណាព្យាបាលបានហើយនោះក៏យកទៅបោះពុម្ពនៅផ្សារចឺឡឺង (ផ្សារធំ) ទីក្រុងព្រៃនគរ។ ការបោះគឺចំនួន២០០០ច្បាប់ហើយក៏ទទួលការគាំទ្រពីមិត្តអ្នកអានទូទាំងប្រទសហើយថែមទាំងនិយាយតៗគ្នាកាន់តែល្បីល្បាញឡើង។ នៅឆ្នាំ ១៩៥០បានដាក់ទៅក្នុងកម្មវិធីសិក្សាផ្នែកបថមសិក្សា។
លោករីម គីន ជាអ្នកនិពន្ធមួយរូបក្នុងសម័យអក្សរសាស្ត្របច្ចុប្បន្ននាសតវត្សទី២០។ អ្នកនិពន្ធរូបនេះមានស្រុកកំណើតនៅក្រុងភ្នំពេញ ក្នុងសង្កាត់លេខ៤ ។ លោកកើត ពីឆ្នាំ ១៩១១ បិតានាម គីម មាតានាម រសា ដែលជាគ្រួសារសាមញ្ញមួយ គឺបិតាលោក ធ្វើជាភ្នាក់ងារត្រួតត្រាការក្នុងក្រុមសាធារណការ ដែលមាននាទីដើរត្រួតត្រា មើលការ ងារកម្មករធ្វើផ្លូវពីស្រុកមួយទៅស្រុកមួយ ពីកន្លែងមួយទៅកន្លែងមួយ ពុំសូវទៀងទាត់ ទីកន្លែងឡើយ ។ ដោយសារលោកឪពុកលោកមានភារៈនាំគ្រួសារទៅប្រកបមុខងារ នៅតាមស្រុកភូមិជាច្រើនដូច្នេះហើយ បានជាពីកុមារអ្នកនិពន្ធ រីម គីន បានជួបប្រសព្វ និងជីវភាពអ្នកស្រុកស្រែចំការជាច្រើនកន្លែង ។
ជួនកាលឪពុកលោកពុំនៅ លោកនៅកំសត់តែពីរនាក់នឹងម្តាយតាមស្រុកភូមិនានានោះ ឬ នៅនឹងផ្ទះកំណើតនាក្រុងភ្នំពេញ ដែលជាហេតុនាំអោយលោកកើតបាន នូវមនោសញ្ចេតនា ស្រឡាញ់យ៉ាងលើសលប់ ព្រមទាំងជាប់ចិត្ត និងជីវភាពអ្នកស្រែចំការ តាំងពីកុមារតូចមក ។ ជាអកុសលលោក គីម ជាបិតាបានទទួលមរណភាព ដោយការប្រយុទ្ធ និងពួក ចោរប្លន់មួយក្រុម នៅក្នុងភូមិកំពង់កន្ទួត គឺពេលដែលកុមារ រីម គីន ទើបតែអាយុបាន ៧ឆ្នាំ ។ ដូចនេះហើយកុមារនេះ ត្រូវរស់នៅកំសត់
តែពីរនាក់នឹងម្តាយនៅទីក្រុង ភ្នំពេញ ប៉ុន្តែមិនលំបាកប៉ុន្មានទេ ព្រោះមានប្រាក់និវត្តន៍ពីខ្មោចឪពុកនិងមាតាលោកមាន ចំណេះខាងហោរាសាស្ត្រដែលត្រានោះ មានអ្នកស្រុកអ្នកភូមិឡើងចុះជាញឹកញាប់ ។
១. ឈ្មោះកំណើតមែនទែនគឺ “ រឹម-កាំង” ប៉ុន្តែដោយសរសេរជាអក្សរបារាំង RIM-KIN យូៗក៏ក្លាយទៅជា RIM ឯ KIN ក៏ក្លាយទៅជាគីន ។ លោកមានបងប្អូនច្រើននាក់ដែរ ប៉ុន្តែជាម្តាយទីទៃ ព្រោះលោក គីម ជាឪពុកលោក មានប្រពន្ធរួចម្តងហើយ មុននឹងមកភពប្រសព្វនឹងលោកស្រី សា ជាម្តាយលោកនេះ៖ ។
ក្នុងវ័យកុមារ លោកបានរៀនអក្សរខ្មែរ ក្នុងសំណាក់ព្រះភិក្ខុមួយអង្គ ព្រះនាម អាចារ្យ សាំង ដែលត្រូវជាបងជីដូនមួយ ញាតិខាងម្តាយ គង់នៅវត្តស្វាយដង្គំ ក្នុង សង្កាត់លេខ ៣ ក្រុងភ្នំពេញ ។ កុមារ រីម គីន យកចិត្តទុកដាក់គោរពប្រណិប័តន៍បំរើ ព្រះសង្ឃ ពុំដែលមាន ល្មើសឡើយ ។ មានការបោសច្រាសសំអាតកុដិ សាលា ព្រះ ៖ វិហារ និងដងទឹក ដាំទឹកក្តៅជាដើម ។ កាលនោះកុមារ រីម គីន ជាប់ចិត្តបណ្តុះនិស្ស័យក្នុងអក្សរសាស្ត្រជាតិច្រើនណាស់ ព្រោះលោកធ្លាប់ឮ គេរៀនអានសាស្ត្រារឿង សាស្ត្រច្បាប់ ក្នុងអក្សរសាស្ត្រខ្មែររៀងរាល់ថ្ងៃរហូតដល់បានស្តាប់ បានឃើញ ភិក្ខុ សាមណេររៀនអត្ថបាលី ក្នុងសំណាក់លោកគ្រូអាចារ្យសាំងនោះផង ។ ក្រោយមក កុមារនេះ បានចូលសិក្សានៅសាលាកុមារី ព្រះនរោត្តម រួចមកសាលា ឌូដាក៍-ដឺឡាក្រេ (សព្វថ្ងៃប្តូរឈ្មោះជាសាលាព្រះអង្គអេង) រហូតដល់ប្រឡងជាប់វិញ្ញាបនប័ត្រ បឋម សិក្សាបារាំង-ឥណ្ឌូចិន (Certificat d’ Etude primaire franco Indochinois) ។ ឆ្នាំបន្ទាប់ អ្នកគឺនៅ គ.ស.១៩២៨ លោកបានចូលរៀនក្នុងអនុវិទ្យាល័យព្រះស៊ីសុវត្ថិ (កាល នោះ៖ នៅត្រង់មន្ទីរពេទ្យព្រះកេតុមាលាសព្វថ្ងៃនេះ) ។
ក្រោយដែលលោកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាហើយ ហើយបានចូលបំពេញ វិជ្ជាគរុកោសល្យទៀត លោកចេញទៅធ្វើជាគ្រូបង្រៀនដែលកាលនោះរាជការផ្លាស់ លោកទៅបង្រៀនឯខេត្តបាត់ដំបង ។ នៅពេលនោះហើយដែលអ្នកនិពន្ធ រីម – គីន បានឈានចូលស៊ប់ក្នុងជីវភាព ព្រមជាមួយការដុះដាលឡើងនូវចិត្តស្នេហា ដែលជា ធាតុដើម នាំអោយមានការផ្តួចផ្តើមគំនិតរបស់លោកក្នុងកិច្ចនិពន្ធរឿងរ៉ាវ។ ។
មួយឆ្នាំតមក គឺនៅក្នុង ១៩៣៥ លោកបានផ្លាស់ត្រឡប់មក ក្រុងភ្នំពេញ វិញ ដោយទទួលមុខងារជាអនុរក្ស នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅគ្រានោះ៖ ទៀតដែលលោកបានរៀបអាពាហ៍ពិពាហ៍ ។ ដល់មក គ.ស.១៩៣៩ លោកបានទៅបង្រៀននៅសាលាបឋមសិក្សាចាក់ អង្រែ (សព្វថ្ងៃសាលាចៅពញាហុក) ហើយក្រោយមក លោកបង្រៀននៅសាលា ឧបសម្ព័ន្ធគរុវិជ្ជា (Annexe Normale) ដែលក្រោយនោះលោកបានប្រឡងជាប់ជាគ្រូ បង្រៀន (Instituteur) ពេញយសរាជការ គឺអោយលោកបង្រៀន នៅសាលាមធ្យម សិក្សា គឺនៅសាលាគរុវិជ្ជាតាំងពី គ.ស.១៩៤៧ មកក្នុងឋានៈជាសាស្ត្រាចារ្យ
ខាងភាសាជាតិ រហូតដល់ពេលសាលានេះ៖បានប្រែក្លាយ ជាវិទ្យាស្ថានជាតិគរុកោសល្យ ។
ក្រៅពីការបង្រៀនសាលារាជការ លោករីម-គីន ឆ្លៀតពេលទៅបង្រៀននៅសាលាឯកជនខ្លះទៀត ដើម្បីជួយបំប៉នវិជ្ជាភាសាជាតិអោយជ្រួតជ្រាបដល់យុវសិស្ស ខ្មែរទូទៅ ។ ពេលទំនេរបន្តិចបន្តួចក្រៅពីពេលកែវិញ្ញាសារបស់សិស្ស លោកឆ្លៀត សរសេររឿង ជាពាក្យរាយ សរសេរកាព្យ សរសេរសៀវភៅសម្រាប់សិស្សរៀន និង ប្រែរឿងខ្លះ ដែលល្អៗ ពីភាសាបរទេស ។ ហេតុនេះហើយ បានជាគេស្គាល់លោកច្រើនគ្នាដោយកិត្តិយស ក្នុងការសរសេរ នេះ ត្បិតរឿងខ្លះបោរពុម្ពទៅក៏ទទួលការនិយមសន្ធឹកសន្ធាប់ពីអ្នកអាន និងរឿងខ្លះ ទៀតយកទៅសំដែងជាសិល្បៈក៏ទទួលបានជោគជ័យ ដូចជាជោគជ័យក្នុងការប្រឡង ប្រជែងរាត្រីសិល្បៈ នៅចំពោះព្រះភក្ត្រនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដល់អ្នកនិពន្ធនេះជារឿយៗផង ។
នៅឆ្នាំ១៩៥៥ ត្រាដែលអ្នកនិពន្ធខ្មែរបានរួបរួមគ្នាធ្វើជាសមាគម លោក រីម គីន បានទទួលការទុកចិត្តពីអ្នកនិពន្ធទាំងអស់តែងតាំងលោកធ្វើជាប្រធាននៃសមាគមនេះអស់រយៈពីរឆ្នាំ។លុះមក ដល់ខែតុលា គ.ស.១៩៥៨ មានរោគឈឺក្នុងក្បាលមកញាំញីលោកអស់ ពេលជាង ៣ខែ ជម្ងឺនេះពុំព្រមស្រាកស្រាន្តសោះ ទោះបីគ្រួសារលោកខិតខំថែទាំប្រកប ឱសថយ៉ាងណាក៏ដោយ ។ដល់មកថ្ងៃអង្គារទី ២៧ មករាឆ្នាំ១៩៥៩ មច្ចុរាជក៏ប្រហារផ្តាច់ផ្ដិលយក ជីវិតលោកទៅក្នុងពេលរៀបអធ្រាត្រម៉ោង ១១ បណ្តាលឱ្យមាន ការសោកស្តាយនៃ ក្រុមគ្រួសារ និងសហសេវិកជាអ្នកនិពន្ធទាំងអស់ រួមទាំងបណ្តាជនទូទៅដែលជាអ្នក ស្នេហាអក្សរសាស្ត្រផង ។
ក្រោយដែលអ្នកនិពន្ធ រីម គីន ទទួលមរណភាពទៅ គេពីរកឃើញស្នាដៃ លោក ដែលបានសរសេរហើយស្រេច មានខ្លះក៏បោះពុម្ពចេញផ្សាយ ហើយនិងខ្លះទៀត ពុំទាន់បានបោះនៅឡើយ ទាំងអស់ជិត ២០ រឿងមានរាប់ខាងក្រោមនេះរឿងដែល បានបោះផ្សាយរួចហើយ រួមមាន៖
១-រឿងសូផាត(បោះពុម្ពគ. ស. ១៩៥២)
២-រឿងចិត្តចងចាំ(រឿងល្ខោនបោះពុម្ពហើយ)
៣-រឿងក្លាហាន(បោះពុម្ពហើយពី គ.ស.១៩៤៩)
៤-រឿងស្រ្តីកំព្រា(បោះពុម្ពហើយពី គ. ស. ១៩៥១)
៥-ទឹងមមឹង(បោះពុម្ពហើយពី គ.ស.១៩ ៥៣)
៦- រឿងរតននារី (បោះពុម្ពហើយពី គ.ស.១៩៥៤)
៧-រឿងមើលព្រះចន្ទ្រ(បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
៨-រឿងសមាភារី(បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍) (បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
៩-រឿងពលវង្សា(បោរពុម្ពពី គ.ស.១៩៥៥)
១០-រឿងឈាមរកឈាម(បោះពុម្ពពី គ.ស.១៩៥៥)
១១-រឿងសេនាកំសត់(បែបសិក្សា)
១២-រឿងរៀនមើលពន្យល់(បែបសិក្សា)
១៣-រឿងប្រជុំរឿងព្រេង(ផ្សាយក្នុងទស្សនាវដ្ដីវឌ្ឍនធម៌)
១៤-រឿងសាមណី(ផ្សាយក្នុងទស្សនាវដ្ដីវឌ្ឍនធម៌)
១៥-រឿងជំទាវយូ(ផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលី)
១៦-រឿងថីម៉ៅ(ផ្សាយក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
១៧-រឿងប្រច័ណ្ឌ(ផ្សាយក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
មានរឿងពុំទាន់បានបោះពុម្ពផ្សាយមានចំនួន១៧ផ្សេងទៀត និង រឿងបកប្រែរឿងល្ខោន។ តាមពត៌មាន ថាលោកមានសរសេរច្រើនទៀត តែបាត់បង់ទៅយើងរកពុំបានឃើញ។ កិច្ចការរឿងរ៉ាវទាំងនេះលោកបានសរសេររៀបរាប់ក្នុងសៀវភៅមួយកត់ត្រាពីជីវប្រវត្តិផ្ទាល់ខ្លួនលោកវាក្លាយទៅជាឯកសារប្រចាំគ្រួសារអ្នកនិពន្ធ រីម គីន៕