ក្រុមហ៊ុនវិនិយោគ Temasek Holdings Pte Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសសិង្ហបុរីគ្រោង នឹងវិនិយោគ $30ពាន់លាន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ នៅតែប្រយ័ត្នប្រយែងក្នុងការដាក់ប្រាក់ រកស៊ីនៅប្រទេសចិន។
លោកស្រី Jane Atherton ប្រមុខក្រុមហ៊ុន Temasek ប្រចាំអាមេរិកខាងជើង បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ពីថ្ងៃច័ន្ទថា៖ “ទ្វីបអាមេរិក នឹងក្លាយជាអ្នកទទួលដើមទុនដ៏ធំបំផុត” ។
ការវិនិយោគរបស់ក្រុមហ៊ុន Temasek នៅអាមេរិកខាងជើង និងអាមេរិកខាងត្បូង បានវ៉ាដាច់ប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជិត១ទសវត្សរ៍ ក្នុងឆ្នាំនេះ។ ការវិនិយោគនៅទ្វីបអាមេរិកពេលនេះ មានចំនួន 22% ឬ $63 ពាន់លាន នៃផលប័ត្ររបស់ខ្លួន។ ការវិនិយោគរបស់ចិន មានចំនួន 19% នៃផលប័ត្រនេះ ហើយការវិនិយោគនៅសិង្ហបុរីផ្ទាល់ មានចំនួន 27%។
ក្រុមហ៊ុនវិនិយោគនេះ បានត្រួតត្រាលើទ្រព្យសម្បត្តិចំនួន $389 ពាន់លានដុល្លារសិង្ហបុរី ($289 ពាន់លាន) គិតត្រឹមខែមីនា កើនឡើងពី $382 ពាន់លានដុល្លារសិង្ហបុរី កាលពីឆ្នាំមុន។
ប្រទេសចិន និង អាមេរិក កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងការផលិតឧបករណ៍សំភារៈពាក់កណ្តាលចម្លងអគ្គិសនី (ឈីប) ដោយសារតែទំនាក់ទំនងរបស់ខ្លួន ទៅនឹងបញ្ញាសិប្បនិម្មិត(AI) និងទិដ្ឋភាពផ្សេងទៀត នៃសេដ្ឋកិច្ចឌីជីថល។ អាមេរិក កំពុងព្យាយាមកំណត់ព្រំដែននៃការកើនឡើងនៃគូប្រជែងនៅអាស៊ីរបស់ខ្លួន ដោយដាក់ពង្រាយការគ្រប់គ្រងការនាំចេញ និងយកពន្ធគយ និងថែមទាំងពិចារណាលើច្បាប់១ ដែលនឹងទប់ស្កាត់ចិន មិនឲ្យចូលប្រើប្រាស់បច្ចេកវិទ្យាឈីបទំនើប។
ជម្លោះរវាងអាមេរិក និងចិននោះ បានធ្វើឱ្យអ្នកវិនិយោគស្វែងរកខ្សែឈ្នួនផ្ទុះភូមិសាស្ត្រនយោបាយ ខណៈដែលពួកគេស្វែងរកការចាប់យកផ្នែកក្តៅបំផុត១ នៅក្នុងទីផ្សារ។ លោកស្រី Atherton បាននិយាយថាមានវិធីក្នុងការរៀបចំរចនាសម្ព័ន្ធការវិនិយោគ នៅជុំវិញការរិតបន្តឹងទាំងនេះ ដូចជាការកាន់កាប់ភាគហ៊ុនសាធារណៈអកម្មនៅក្នុងក្រុមហ៊ុនឈីប ដែលបានចុះបញ្ជីរួច។
នៅចិន ក្រុមហ៊ុន Temasek បានជៀសវាងមិនវិនិយោគនៅក្នុងតំបន់ភូមិសាស្រ្តនយោបាយរសើបទេ ដោយផ្តោតលើក្រុមហ៊ុនក្នុងស្រុកធំៗជំនួសវិញ។ ខ្លួន កំពុងស្វែងរកការវិនិយោគថ្មី នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនជីវបច្ចេកវិទ្យាផងដែរ៕